មន្ត្រីម្នាក់ដែលដឹងច្បាស់អំពីការស៊ើបអង្កេតការបង់ពន្ធរបស់កូនប្រុសលោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតបានប្រាប់សារព័ត៌មាន AP ថាក្រសួងយុត្តិធម៌កំពុងស៊ើបអង្កេតហិរញ្ញវត្ថុរបស់លោក Hunter Biden ដោយការស៊ើបអង្កេតនេះរាប់បញ្ចូលទាំងការពិនិត្យមើលការធ្វើជំនួញជាមួយនឹងចិននិងការផ្ទេរប្រាក់មួយចំនួនទៀត។
ការលាតត្រដាងនេះបាននាំឲ្យមានការចាប់អារម្មណ៍ជាថ្មីចំពោះចម្ងល់អំពីប្រវត្តិហិរញ្ញវត្ថុរបស់លោក Hunter Biden ដែលបានតាមរំខានយុទ្ធនាការប្រធានាធិបតីរបស់ឪពុកលោកដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតប្រធានាធិបតីហើយជាញឹកញាប់លោកជាគោលដៅវាយប្រហាររបស់លោកប្រធានាធិបតី Donald Trump និងសម្ព័ន្ធមិត្តរបស់លោក។
ការលាតត្រដាងក៏បានកើតឡើងក្នុងពេលតានតឹងខាងនយោបាយសម្រាប់ប្រធានាធិបតីជាប់ឆ្នោតដែលកំពុងថ្លឹងថ្លែងជម្រើសរបស់លោកដើម្បីរកអ្នកដឹកនាំក្រសួងដែលកំពុងស៊ើបអង្កេតកូនប្រុសរបស់លោកយ៉ាងសកម្មនេះ។
ការស៊ើបអង្កេតការបង់ពន្ធបានចាប់ផ្តើមក្នុងឆ្នាំ២០១៨ គឺមួយឆ្នាំមុនពេលដែលលោកJoe Biden បានប្រកាសបេក្ខភាពរបស់លោកសម្រាប់តំណែងប្រធានាធិបតី។ លោក Hunter Biden បានបញ្ជាក់អំពីការស៊ើបអង្កេតកាលពីថ្ងៃពុធដោយនិយាយថា គាត់បានដឹងអំពីបញ្ហានេះជាលើកដំបូងកាលពីមួយថ្ងៃមុន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខ្ញុំយកចិត្តទុកដាក់លើបញ្ហានេះយ៉ាងខ្លាំង ប៉ុន្តែខ្ញុំជឿជាក់ថា ការពិនិត្យបញ្ហានេះឡើងវិញប្រកបដោយវិជ្ជាជីវៈនិងមិនលម្អៀងនឹងបង្ហាញថា ខ្ញុំបានធ្វើកិច្ចការរបស់ខ្ញុំស្របច្បាប់និងត្រឹមត្រូវរួមទាំងបានផលប្រយោជន៍ពីទីប្រឹក្សាមានវិជ្ជាជីវៈខាងពន្ធដារ»។ គេមិនទាន់ច្បាស់ទេថា តើអង្គភាពឬជំនួញណាខ្លះដែលអាចជាប់ទាក់ទងនឹងការស៊ើបអង្កេតនេះ។
ទោះបីជាយ៉ាងណាអ្នកដែលបានដឹងអំពីបញ្ហានេះនិយាយថា យ៉ាងហោចណាស់ការស៊ើបអង្កេតខ្លះគឺផ្តោតលើការងារកាលពីអតីតកាលរបស់គាត់នៅក្នុងប្រទេសចិន។ អ្នកស៊ើបអង្កេតសហព័ន្ធបានកោះហៅអ្នកពាក់ព័ន្ធជាច្រើនកាលពីថ្ងៃអង្គារ ដែលរួមមាន លោក Hunter Biden ផងដែរ។ នេះបើយោងតាមមន្ត្រីម្នាក់ទៀតដែលដឹងអំពីការស៊ើបអង្កេត៕