នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីលោក Viktor Orban បានទៅដល់រដ្ឋធានីមូស្គូដើម្បីចរចាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នេះបើតាមប្រធានព័ត៌មានរបស់លោក Orban ដែលបាននិយាយកាលពីថ្ងៃសុក្រថា នេះជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៊ីដោយមេដឹកនាំអឺរ៉ុបម្នាក់ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនជាង ២ ឆ្នាំកន្លងមកនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ដំណើរទស្សនកិច្ចរបស់លោក Orban កើតមានឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានធ្វើដំណើរមិនប្រកាសឱ្យដឹងជាមុនស្រដៀងគ្នានេះទៅកាន់ប្រទេសអ៊ុយក្រែនជាទីកន្លែង ដែលលោកបានជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy ហើយបានស្នើឱ្យអ៊ុយក្រែនពិចារណាការព្រមព្រៀងឱ្យមានការឈប់បាញ់គ្នាជាបន្ទាន់មួយជាមួយរុស្ស៊ី។
លោកនាយករដ្ឋមន្ត្រីហុងគ្រីដែលបានត្រូវគេមើលឃើញយ៉ាងខ្លាំងថា មានទំនាក់ទំនងដ៏កក់ក្តៅបំផុតជាមួយលោក Vladimir Putin បានរារាំង ពន្យារការខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដើម្បីជួយប្រទេសអ៊ុយក្រែននិងការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលក្រុងមូស្គូចំពោះសង្គ្រាមរបស់ខ្លួន។ លោកបានទាមទារជាយូរយារមកហើយឱ្យមានការបញ្ឈប់អរិភាពនៅក្នុងប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែដោយមិនបានបញ្ជាក់អំពីផលប៉ះពាល់ដល់បូរណភាពដែនដី ឬសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន។
កាយវិការនេះបានធ្វើឱ្យរកាំចិត្តដល់សម្ព័ន្ធមិត្តសហភាពអឺរ៉ុបនិងអូតង់របស់ហុងគ្រី ដែលបានចាត់ទុកជាទូទៅថា ការឈ្លានពានរបស់រុស្ស៊ីជាការរំលោភច្បាប់អន្តរជាតិហើយនឹងគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសនានានៅក្នុងតំបន់អឺរ៉ុបខាងកើត។
នៅក្នុងសារតាមអ៊ីមែលកាលពីថ្ងៃសុក្រ លោក Bertalan Havasi ប្រធានព័ត៌មានរបស់លោក Orbanបាននិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំហុងគ្រីជា «ផ្នែកមួយនៃបេសកកម្មសន្តិភាពរបស់លោក» ដែលឆ្លុះបញ្ចាំងពីរូបភាពជាអ្នកបង្កើតសន្តិភាពដែលមេដឹកនាំប្រជានិយមនេះបានបង្កើតឡើងចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានដ៏ធំបំផុតរបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ ២០២២ មក។ រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Péter Szijjartó ក៏បានចូលរួមដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីមូស្គូនេះដែរ។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក៕
វេទិកាបញ្ចេញមតិ