ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ជា​ច្រើន​រយ​នាក់​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​​ឃុំឃាំង​ក្នុង​ផ្ទះ​ បន្ទាប់​ពី​​រដ្ឋ​ប្រហារ​​ដោយ​ក្រុម​យោធា


រូបឯកសារ៖ សមាជិកសភាខាងគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ចូលក្នុងវិមានសភា ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ សមាជិកសភាខាងគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ចូលក្នុងវិមានសភា ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

សមាជិក​សភា​រាប់​រយ​នាក់​ត្រូវ​បាន​ឃុំឃាំង​កាល​ពី​ថ្ងៃ​អង្គារម្សិល​មិញ​ ដោយត្រូវ​ស្ថិត​នៅ​ក្នុង​អគារ​ស្នាក់នៅ​របស់​រដ្ឋ ដែល​មាន​ការ​យាម​កាម​ពី​ក្រុម​យោធា​។

ការ​ឃុំឃាំង​នេះត្រូវ​បាន​ធ្វើ​ឡើង ក្នុង​រយៈពេល​មួយ​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​យោធា​បាន​ដណ្តើម​ក្តោបក្ដាប់​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ បន្ទាប់​ពីមាន​ការចាប់​ឃុំ​ខ្លួនអ្នកនយោបាយ​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ដែល​ក្នុង​នោះ​ក៏​មាន​មេដឹកនាំអ្នក​ស្រី Aung San Suu Kyi ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សមាជិក​សភា​មួយ​រូប​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នោះ បាន​និយាយ​ថា ​រូប​លោក​និងមនុស្ស​ប្រមាណ​ ៤០០​ នាក់​ផ្សេង​ទៀត​ មិន​បានសម្រាន្ត​នោះ​ទេ​ កាល​ពី​យប់​មិញ​ ដោយ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹងអាច​ត្រូវ​នាំ​ខ្លួន​ទៅ​កន្លែង​ផ្សេង​ ប៉ុន្តែ​ពួក​គេ​មិន​ត្រូវ​បាន​គេ​នាំ​ទៅ​ណា​នោះ​ទេ​ ហើយ​ក៏​មិន​មាន​បញ្ហា​អី​នោះ​ដែរ។

​ពួក​គេនៅ​អាច​និយាយរក​គ្នា​ទៅ​វិញ​ទៅ​មក​បាន​នៅ​ក្នុង​បរិវេណ​អគារ​ស្នាក់នៅ​នោះ ​និង​អាច​ធ្វើ​ការ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ទៅ​ខាង​ក្រៅ​ផង​ដែរ​ ប៉ុន្តែ​ពួក​គេ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​បរិវេណអគារ​ដែល​គេ​កំពុង​ស្នាក់​នៅ​ក្នុង​ទីក្រុង​ណៃពិដោ​នោះ​ទេ។ សមាជិក​សភា​រូប​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​អ្នក​ស្រី Aung San Suu Kyi មិន​ត្រូវ​បានឃុំខ្លួននៅ​ក្នុង​កន្លែង​ជាមួយ​ពួកគាត់​នោះឡើយ។

សមាជិក​សភា​រូប​នោះ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​ AP​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ថា​៖ «យើង​ត្រូវ​ភ្ញាក់​រហូត​ហើយ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​»។

លោក​ថា​ ក្រុម​ប៉ូលិសក៏​ស្ថិត​ក្នុង​បរិវេណ​ខាង​ក្នុង​នៃអគារស្នាក់នៅ​ដែល​សមាជិក​របស់​គណបក្ស​អ្នក​ស្រី​ Aung San Suu Kyi និង​សមាជិក​គណបក្ស​តូច​ៗ​ជាច្រើន​ទៀត​ កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​នោះ​ដែរ​ហើយ​ក្រុម​យោធា​នៅ​ឈរ​យាម​នៅ​ខាង​ក្រៅ​អគារ។

រដ្ឋប្រហារ​នោះ​បាន​កើត​មាន​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹមថ្ងៃ​ចន្ទ​ ខណៈ​ពេល​ដែលក្រុម​សមាជិក​សភា​បាន​មក​ជួប​ជុំ​គ្នាក្នុង​រដ្ឋធានី ដើម្បី​បើក​សម័យ​ប្រជុំ​សភាថ្មី។​

ក្រុម​យោធា​បាន​និយាយ​ថា ​ការដណ្តើម​អំណាច​គ្រប់​គ្រង​ដោយ​យោធាជា​ការ​ចាំ​បាច់​ ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​បានអនុវត្ត​ទៅ​តាម​ការ​ទាម​ទារ​របស់​ក្រុម​យោធា​ទេ​ជុំ​វិញ​ការបោះឆ្នោត កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ ​ដែល​មាន​ការ​លួច​បន្លំ​នោះ​ហើយ​ការ​បោះ​ឆ្នោត​នោះ​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​អ្នក​ស្រី​ Aung San Suu Kyi បាន​ឈ្នះ​អាសនៈ​សភា​ភាគ​ច្រើន​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នោះ។

ក្រុម​យោធា​ថា ការ​ដណ្តើម​អំណាច​របស់ក្រុម​ខ្លួន​គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ការ​ដណ្តើម​អំណាច​ដោយ​ក្រុម​យោធា​នោះ​ត្រូវ​បាន​ថ្កោល​ទោសយ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ជា​ច្រើន។

លោក​ Bo Bo Oo សមាជិក​សភា​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​និង​ជា​អតីត​អ្នក​ទោស​នយោបាយ​ផង​នោះ​ បាន​គូស​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​ពុំ​មាន​គម្រោង​ធ្វើ​បាតុកម្មតវ៉ា​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ​ ប៉ុន្តែ​កំពុង​សម្លឹង​រក​មើលជម្រើស​ផ្លូវ​ច្បាប់​ផ្សេងៗ​ ក្នុង​ការ​ប្រឹងប្រែង​ដើម្បី​យក​អំណាចពី​ក្រុម​យោធា​ត្រឡប់​មក​វិញ។

លោក​និយាយ​ថា​៖ «យើង​កំពុង​ធ្វើការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះដោយ​សន្តិវិធី​។​ ពេល​នេះ​យើង​មិន​មាន​គម្រោង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ធំ​ដុំ​អី​នោះ​ទេ»។​ លោក​ថា​ លោក​អាច​នឹង​ត្រូវគេ​ចាប់ខ្លួននៅពេល​ណា​មួយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG