ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden ប្ដេជ្ញា «ចាត់​វិធានការ​សមស្រប» បន្ទាប់ពី​យោធា​ដណ្ដើម​គ្រប់គ្រង​អំណាច​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅបន្ទប់ State Dining ក្នុងសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ពិនិត្យ​មើល​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម ហើយ​នឹង «ចាត់​វិធានការ​សមស្រប» ប្រឆាំង​នឹង​ប្រទេស​មីយ៉ាន់ម៉ា បន្ទាប់ពី​យោធា​បាន​ដណ្ដើម​កាន់កាប់​ប្រទេស​នេះ​មក។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​កន្លង​មក ប្រជាពលរដ្ឋ​ភូមា [មីយ៉ាន់ម៉ា] បាន​ធ្វើ​ការ​ជា​បន្តបន្ទាប់​ដើម្បី​បង្កើត​ការ​បោះឆ្នោត ការ​គ្រប់គ្រង​តាម​បែប​ស៊ីវិល និង​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី»។

សេចក្ដី​ថ្លែងការណ៍​របស់​លោក Biden បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ទណ្ឌកម្ម​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា​ចេញ ក្នុង​អំឡុង​ពេល​នៃ​ដំណាក់កាល​អន្តរកាល​របស់​មីយ៉ាន់ម៉ា​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ដោយ​ជំរុញ​ឲ្យ​ប្រទេស​នានា​ធ្វើ​ដូច​គ្នា​នេះ​ដែរ​ថា៖ «ការ​ធ្វើ​ឲ្យ​ដំណើរ​វិវឌ្ឍ​កន្លង​មក​ត្រឡប់​បញ្ច្រាស​មក​វិញ​ដូច្នេះ នឹង​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​នៃ​ច្បាប់​ដាក់​ទណ្ឌកម្ម​និង​អំណាច​របស់​សហរដ្ឋ​អាមេរិក ដោយ​នឹង​មាន​ការ​ចាត់​វិធានការ​ដ៏​សមស្រប»។

ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​លើ​ស្ថានការណ៍​នេះ។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធសភា បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សភា​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​រួម​សហការ​ជាមួយ​រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ»។

សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក៏​ដូចជា​អង្គការ​សហ​ប្រជាជាតិ​ផងដែរ ដែល​បាន​សម្តែង​នូវ​ក្ដី​ព្រួយ​បារម្ភ​ខ្លាំងក្លា​ទាក់ទិន​នឹង​ការណ៍​ដែល​ពួក​យោធា​ដណ្ដើម​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ជា​បន្ទាន់​នូវ​មេដឹកនាំ​នយោបាយ​មីយ៉ាន់ម៉ា​នានា​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG