ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន ​ថាលោក​ហួស​អាយុ ​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ចិន​បាន​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ម៉ាស ខណៈលោកចូលរួមទទួលព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ បានប្ដូរ​គម្រោង​មិន​ទាន់​ចាក់​វ៉ាក់សាំង​ចិន​Sinopharm សម្រាប់​ខ្លួន​លោក​នោះ​ទេ ដោយ​លើក​ហេតុ​ផល​ថា​លោក​ហួស​អាយុ។

តាម​ទំព័រ​ហ្វេសប៊ុក​ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា ចិន​ទើបជូន​ដំណឹង​មក​ដល់​ភាគី​កម្ពុជា​ថា វ៉ាក់សាំង Sinopharm ​របស់​ចិន ចាក់​បាន​តែ​សម្រាប់​ជន​អាយុ​ចន្លោះ​ពី ​១៨ ឆ្នាំ​ទៅ​ដល់​ ៥៩ ឆ្នាំ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន​ សរសេរ​ថា៖ «សម្រាប់​ខ្ញុំ​ដែល​មាន​អាយុ​ជាង​ ៦៨ ​ឆ្នាំ​ទៅ​ហើយ​ មិន​ទាន់​អាច​ចាក់​បាន​ទេ។ ដូច​នេះ​គម្រោង​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​ចាក់​ នៅ​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ២០២១ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ នឹង​ត្រូវ​លុប​ចោល អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ភាគច្រើន​មាន​អាយុ​លើស​ពី​ ៦០ ​ឆ្នាំ​ទៅ​ហើយ ​មិន​អាច​ចាក់​បាន​ទេ»។

នៅ​ព្រឹក​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ប្រកាស​ថា​ លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស ទៀ បាញ់ អាយុ​ ៧៥​ ឆ្នាំ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​រួច​ហើយ តែ​មិន​បាន​បញ្ជាក់​ថា​ ប្រើប្រាស់​វ៉ាក់សាំង​ម៉ាក​អ្វី ចាក់​នៅ​ពេល​ណា ចាក់​នៅ​កន្លែង​ណា​និង​បាន​ប៉ុន្មាន​ដូស​ហើយ​នោះ​ទេ។

បើ​គ្មាន​ការ​ប្រែប្រួល វ៉ាក់សាំង​ចិន Sinopharm ជា​ជំនួយ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សរុប​ ៦០ ​ម៉ឺន​ដូស​ដំបូង គ្រោង​នឹង​ត្រូវ​ដឹកជញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​អាទិត្យ ​ទី០៧​ ខែកុម្ភៈ​នេះ។ ចិន​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​សរុប ១ លាន​ដូស។

លោក សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ ដែល​ជា​ដៃគូ​ប្រជែងនឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ពី​ក្រៅ​ប្រទេស បាន​ចំអក​តាមហ្វេសប៊ុក​ដាក់​លោក ហ៊ុន សែន ថា ​«ភ័យ» ព្រោះ «មិន​ទាន់​មាន​ការ​ធានាប្រសិទ្ធ​ភាព និង​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ ឲ្យ​បាន​គ្រប់​គ្រាន់​នៅ​ឡើយ»។

ក្រសួង​សុខាភិបាល​កម្ពុជា​បញ្ជាក់​នៅ​ព្រលប់​ថ្ងៃ​សុក្រ​នេះ​ថា សម្រាប់​អ្នកមាន​អាយុ​ ៦០ ឆ្នាំ​ឡើង​ទៅ អាច​ចាក់​វ៉ាក់សាំង​ Sinopharm នេះ​បាន​ ឬ​មិន​បាន «ត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​សិក្សា​សិន»។

ក្រុម​មន្ត្រី​កម្ពុជា​បាន​ប្រកាស​ថ្មីៗ​នេះ​ថា ប្រទេស​នេះ​ត្រូវការ​វ៉ាក់សាំង​ ២០ ​លាន​ដូស ដើម្បី​ចាក់​បង្ការ​បង្កើត​ភាព​ស៊ាំ​នឹង​ជំងឺ​កូវីដ​១៩ ដែល​ក្នុង​នោះ​មាន​ ១១​ លាន​ដូស​ជា​ជំនួយ​ពី​ប្រទេស​ជា​មិត្ត។

ប្រទេស​ជា​ប្រភព​នៃ​វ៉ាក់សាំង​ដែល​កម្ពុជា​សំឡឹង​ឃើញ រួម​មាន ចិន អង់គ្លេស ឥណ្ឌា និង​រុស្ស៊ី។

វ៉ាក់សាំង​របស់​ចិន Sinopharm ដែល​ស្រាវជ្រាវ​ផលិត​ដោយ​វិទ្យាស្ថាន​ផលិតផល​ជីវសាស្ត្រ​ក្រុង​ប៉េកាំង ត្រូវ​បាន​រដ្ឋ​ចិន​ប្រកាស​ដោយ​មិន​ផ្ដល់​ធាតុ​ផ្សំ​លម្អិត​កាល​ពី​ដំណាច់​ខែ​ធ្នូ​ថា​មានប្រសិទ្ធភាព​៧៩,៣%

លោក Liu Jingzhen ប្រធាន​ក្រុមហ៊ុន​ឱសថ​រដ្ឋ​ Sinopharm​ បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​ចិន​Zhongguo​ Jijian ​Jiancha​ Bao កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ​ថា អាយុ​អ្នក​ទទួល​វ៉ាក់សាំង​នេះ​ត្រូវ​ក្រោម​ ៦០ ឆ្នាំ ដោយ​សារ​តែ​លទ្ធផល​នៃ​ការ​សិក្សា​លើ​អត្រា​ប្រសិទ្ធ​ភាព​ដែល​បាន​បញ្ចប់​សព្វ​គ្រប់ តែ​ក្រុម​អាយុ​ចន្លោះ​ពី​ ១៨​ ដល់​ ៥៩​ ឆ្នាំ​ប៉ុណ្ណោះ

ប្រធាន​ក្រុមហ៊ុន​ឱសថ​រដ្ឋ​រូប​នេះ បន្ថែម​ថា ការ​ចាក់​សាក​ល្បង​សិក្សា​លើ​ក្រុម​មនុស្ស​អាយុ​ក្រោម​ ១៧ ​ឆ្នាំ​និង​លើស​ ៦០ ឆ្នាំ ត្រូវ​រង់​ចាំ ហើយ​រំពឹង​ថា​អាច​ហើយ​បញ្ចប់​សព្វ​គ្រប់ «ក្នុង​ពេល​អនាគត»៕

XS
SM
MD
LG