ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​គ្រោង​នាំ​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩ ​មក​ដល់​ភ្នំពេញ​​៦០​ម៉ឺន​ដូស​ដំបូង​នៅ​ថ្ងៃ​អាទិត្យ


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថចិន Sinopharm កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនឱសថចិន Sinopharm កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

កញ្ចប់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩​ ដំបូង​ជា​ជំនួយ​របស់​ចិន គ្រោងដឹកមក​ដល់កម្ពុជា​នៅថ្ងៃអាទិត្យ​ចុងសប្ដាហ៍​នេះ​។ នេះ​បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ប្រកាស​ថា លោក​នឹ​ងជា​ជន​ដំបូង​របស់​ប្រទេស​ដែល​នឹង​ចាក់​វ៉ាក់សាំង​ចិន​នៅ​សប្ដាហ៍​ក្រោយ។​

ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក​ Wang Wentian ប្រកាស​ពី​ម្សិលមិញ​ថា​ កញ្ចប់​ដំបូងនៃ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន Sinopharm​ មាន​ ៦០​ ម៉ឺន​ដូស​ នឹង​មក​ដល់​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ​នេះ។​

ក្នុង​សារ​សំឡេង​ផ្ញើ​ជូន​សមាជិក​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​វីអូអេ​ទទួល​បាន​ លោក​ហ៊ុន សែន លើក​ឡើង​ថា​ ក្រុម​សមាជិក​គណៈរដ្ឋមន្ត្រី​និង​សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា អាច​ចុះ​ឈ្មោះចាក់​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​រដ្ឋចិន​នេះ​មុន​គេ។​

«យើង​មិន​ត្រូវ​រង់ចាំ​ទេ ខ្ញុំ​បាន​បញ្ជាក់​ហើយ​ថា នេះ​ជា​ទំនិញ​យុទ្ធសាស្ត្រ​ ហើយ​វា​បាន​ក្លាយ​ជា​បញ្ហា​នយោបាយ​ក្នុងស្រុក​ផង នយោបាយ​ក្រៅ​ប្រទេស​ផង​ អ៊ីចឹង​យើង​ត្រូវ​ប្ដូរ​ផ្ដាច់​ធ្វើ​ការងារ​នេះ​ឱ្យ​បាន​ដោយ​ដណ្ដើម​ពេល​វេលា»។​

លោក ហ៊ុន សែន ថា​ លោក​ផ្ទាល់ លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង លោក ឯក សំអុល​ ទី​ប្រឹក្សា​រដ្ឋាភិបាល លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស ទៀ បាញ់ និង​លោក​រដ្ឋមន្ត្រី​សុខាភិបាល ម៉ម ប៊ុនហេង នឹង​ទៅ​ទទួល​វ៉ាក់សាំង​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត្រ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​កុម្ភៈ ខាង​មុខ។

កាលពី​ពាក់​កណ្ដាល​ខែ​មករា លោក ហ៊ុន សែន បាន​ប្ដូរ​ចិត្ត​ព្រម​ទទួល​យក​វ៉ាក់សាំង​ចិន​ដោយ​ទ្វេ​ភាគី ខុស​ពី​ការ​ថ្លែង​លើក​មុន​ដែល​លោក​ថា​ កម្ពុជា​ត្រូវ​រង់ចាំវ៉ាក់សាំង​ដែល​មាន​ការ​ទទួលស្គាល់​ជាមុនពី​អង្គការ​សុខភាព​ពិភពលោក។​

ក្រុម​មន្ត្រី​រដ្ឋាភិបាលបានពន្យល់​ថា ការ​ប្ដូរចិត្ត​ផ្លោះ​សមត្ថកិច្ច​អង្គការ​សុខភាព​ពិភពលោក​លើ​បញ្ហា​វ៉ាក់សាំង​នេះ​ជា​ការ​ចាំ​បាច់​ក្នុងការ​ដើរ​ឱ្យ​ទាន់​សភាព​ការណ៍​ធានា​ថា ​កម្ពុជា​នឹង​មិន​ដើរ​ក្រោយ​គេ​ក្នុង​ការ​ធ្វើ​បន្ស៊ាំកម្ម​ (Immunisation) ​នឹង​ជំងឺ​កូវីដ១៩​ និង​បើកទូលាយ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​ឆ្នាំ​នេះ។​

លោក​ ទឹម វ​រ៉ា​ នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព ជឿ​ថា ​ការ​ចេញ​មុខ​ទៅ​ចាក់​វ៉ាក់សាំង​ចិន​ដំបូង​គេ​របស់​លោក ហ៊ុន សែន ចង់​បង្កើន​ការ​ទុក​ចិត្ត​ដល់​សាធារណៈ​ជន។​

«ខ្ញុំ​គិត​ថា លោក​ធ្វើ​ដូច្នេះ ជា​ការ​បង្ហាញ​មួយ​ពី ទៅ​ដល់​ប្រជាពលរដ្ឋ​យើង កុំ​ឱ្យ​មាន​ការ​បារម្ភ​ពី​ការ​ចាក់​វ៉ាក់សាំង ដែល​លោក​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ​យើង កុំ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច»។

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​កិច្ចការ​សុខភាព​រូប​នេះ បញ្ជាក់​ថា ​វា​ជា​ប្រការ​សំខាន់ ដែល​អ្នក​ត្រូវ​បាន​ចាក់វ៉ាក់​សាំង​ត្រូវ​ទទួលបានការ​ពិនិត្យ​តាមដានសុខភាព​ និង​ត្រូវ​មាន​ការ​អង្កេតអំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​បាន​ចាក់​រួច។

លោក វរ៉ា បន្ថែម​ទៀត​ថា រដ្ឋ​ត្រូវ​ប្រកាន់​គោល​ការណ៍​តម្លាភាព​រឿង​ទិន្នន័យ និង​ការ​តាមដាន​ទាំង​នោះ​ជូន​សាធារណជន។​

លោក​រដ្ឋ​លេខាធិការ វង្សី វិស្សុត នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ថា កម្ពុជា​ត្រូវ​ការ​វ៉ាក់សាំង​ ២០ ​លាន​ដូស ដើម្បី​ចាក់​បង្ការ​ឆ្លង​ឱ្យ​ផុត​វិបត្តិ​កូវីដ​១៩ ហើយ​ក្នុង​នោះ​មាន​ ១១ ​លាន​ដូស​ ហើយ​ដែល​ជា​ជំនួយ​ពី​ដៃគូ​នានា។​

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏​បាន​ចេញ​បញ្ជា​ផង​ដែរ​ឱ្យ​មាន​ការ​ពង្រាយ​កម្លាំង​តាម​ឃ្លាំមើល​តាម​ព្រំដែន​គោក​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ​១៩ ដែល​កំពុង​ផ្ទុះ​រលក​ថ្មី​ក្នុង​សហគមន៍​នៅ​ប្រទេស​ជិត​ខាង​មួយ​នេះ។

ចាប់​តាំងពីផ្ទុះ​ឆ្លង​កូវីដ១៩​ ដំបូង​នៅ​ឆ្នាំ​ ២០២០ មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ កម្ពុជា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ​នេះ​ចំនួន ៤៦៧​ ករណី ដែល​ក្នុង​នោះ មាន​ ១៦ ​ករណី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG