លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានអះអាងថាយុវជនកម្ពុជាខ្លះត្រូវបានបណ្ដុះបណ្តាលឱ្យធ្វើបដិវត្តន៍ពណ៌ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីមានយុវជនពីររូបឈ្មោះ លោក ជុំ ហួត និងលោក ជុំ ហួរ និងយុវជនមួយចំនួនទៀត ដែលពីដើមឡើយពួកគេធ្លាប់តែធ្វើសកម្មភាពតវ៉ាទាក់ទងនឹងការការពារបរិស្ថាន និងរិះគន់ចំណាត់ការរដ្ឋាភិបាល ប៉ុន្តែនាពេលថ្មីៗនេះ ត្រូវបានតែងតាំងជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបានចូលរូមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់សម្រាប់ក្រុមយុវជននេះនៅពេលដែលគេទៅជួបខ្ញុំ គេបានធ្វើអ្វីខ្លះ។ ខ្លះធ្លាក់ទៅដល់អាមេរិក ត្រូវបានទទួលការបណ្ដុះបណ្តាលបដិវត្តន៍ពណ៌នៅអាមេរិក»។
លោកនាយករដ្ឋមន្ត្រីកម្ពុជា មិនបានបញ្ជាក់លម្អិតថាយុវជនទាំងនោះ ត្រូវបណ្តុះបណ្តាលដោយភាគីណាមួយ ហើយតើយុវជនទាំងនោះ មានបំណងធ្វើបដិវត្តន៍ពណ៌តាមរបៀបណានិងពេលណានោះទេ។ លោកគ្រាន់តែបញ្ជាក់ថាក្រុមយុវជនទាំងនោះ មកពីសមាគម និងអង្គការ ក្រៅរដ្ឋាភិបាល ដែលធ្លាប់ជាអ្នកគាំទ្រគណបក្សប្រឆាំងនិងធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល។
កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យអ្នកនយោបាយ និងអ្នករិះគន់ផ្សេងទៀត ឱ្យគោរពសិទ្ធិបុគ្គល ដោយកុំមានការវាយប្រហារលើយុវជនដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងចំណុចនេះ ខ្ញុំគ្រាន់តែជម្រាបទៅអស់លោកអ្នកដែលតាំងខ្លួនជាមនុស្សប្រជាធិបតេយ្យ ក៏ប៉ុន្តែមិនបានគោរពប្រជាធិបតេយ្យពិតប្រាកដទេ។ អ្នកទាល់តែអ្នកគាំទ្រអ្នកឯង ទើបអ្នកឯងចាត់ទុកថាមនុស្សល្អ។ ប៉ុន្តែឱ្យតែមកគាំទ្ររដ្ឋាភិបាល គឺសុទ្ធតែមនុស្សលក់ឧត្តមគតិ»។
កាលពីពេលថ្មីៗនេះ យុវជនម្នាក់ឈ្មោះ ម៉េង ហេង ដែលបានអះអាងថាជាអតីតចលនាមាតាធម្មជាតិ ដែលជាក្រុមសកម្មលើបញ្ហាបរិស្ថាន ក៏បានសម្រេចចូលរួមជាមួយរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានFresh News ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ យុវជនរូបនោះក៏បានប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីបន្តចូលរួមការពារព្រៃឈើ និងបរិស្ថានក្នុងប្រទេសកម្ពុជា។
លោក សាន់ ម៉ាឡា អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការចោទប្រកាន់លើក្រុមយុវជនថាត្រូវបានបណ្តុះបណ្តាលឱ្យធ្វើបដិវត្តន៍ពណ៌ គួរធ្វើឡើងលើមូលដ្ឋានច្បាស់លាស់ ព្រោះថាយុវជនខ្លះធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍ជាតិតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «យើងមិនអាចផ្សារភ្ជាប់ឬក៏ចាត់ទុកក្រុមដែលមាននិនាការផ្ទុយគ្រាន់តែធ្វើសកម្មភាព ដើម្បីការពារផលប្រយោជន៍ជាតិ ការពារបរិស្ថាន ដោយសាររងគ្រោះពីគម្រោងអភិវឌ្ឍន៍នានាថាជាក្រុមដែលមានសម្ព័ន្ធភាពឬក៏ជាផ្នែកមួយនៃបដិវត្តន៍ពណ៌នោះទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធនេះថាក្រុមយុវជនសព្វថ្ងៃ មានការយល់ដឹងបានច្រើនអំពីអ្វីខុស និងអ្វីត្រូវ។ លោកបន្ថែមថាមកដល់ពេលនេះ គឺមិនទាន់ឃើញមានរូបភាពទាក់ទងនឹងការធ្វើបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ដែលកើតឡើងនៅកម្ពុជាឡើយ។
លោកថ្លែងថា៖ «ប្រសិនជានៅកម្ពុជាយើង យើងឃើញថាបញ្ហានៃបដិវត្តន៍នេះ យើងជាអង្គការសង្គមស៊ីវិល យើងមើលទៅ គឺវាអត់ឃើញមានសញ្ញាណណាមួយ ទាក់ទងទៅនឹងបដិវត្តន៍ពណ៌កើតឡើងទេ។ ទោះបីយើងឃើញថាមាន ការបកស្រាយ និងមានការខ្វែងគំនិតគ្នាក្នុងការទាក់ទងនឹង បដិវត្តន៍យ៉ាងណាក៏ដោយ ក៏យើងមិនទាន់ឃើញមានសញ្ញាណណាមួយដែលអាចមានបដិវត្តន៍ពណ៌កើតឡើងដែរ»។
គួរបញ្ជាក់ថាជាបន្តបន្ទាប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទប្រកាន់អតីតគណបក្សសង្រ្គោះជាតិថាបានធ្វើសកម្មភាពបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក។ គណបក្សប្រឆាំងដ៏ធំត្រូវបានរំលាយដោយតុលាការកំពូល កាលពីឆ្នាំ២០១៧ ដោយសាររងការចោទប្រកាន់មួយនេះ៕