ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ធ្វើ​សមាជ​នៅ​ថ្ងៃ​អាទិត្យ


លោក សម រង្ស៊ី ​បាន​បញ្ជាក់​ថា ​សមាជ​មហាជន​នេះ​គ្រោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ​ខែមិនា​ខាង​មុខ​នេះ​ ដោយ​គ្រោង​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​៥០០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។​
លោក សម រង្ស៊ី ​បាន​បញ្ជាក់​ថា ​សមាជ​មហាជន​នេះ​គ្រោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ​ខែមិនា​ខាង​មុខ​នេះ​ ដោយ​គ្រោង​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​៥០០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។​
លោកសម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ​នឹង​ដឹក​នាំ​ធ្វើ​សមាជ​មហាជន​សារជាថ្មី​ម្តង​ទៀត​ ដើម្បី​ស្នើ​សុំ​យោបល់​ពី​ប្រជា​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​ការ​កែ​ទម្រង់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។​ ក៏​ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ចរចាជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត។​

លោក​បាន​បញ្ជាក់​ថា ​សមាជ​មហាជន​នេះ​គ្រោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣០ ​ខែមិនា​ខាង​មុខ​នេះ​ ដោយ​គ្រោង​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​៥០០០​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

លោក​បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ពុធ​នេះ ​គណបក្ស​ដាក់​សេចក្តី​ជូន​ដំណឹងទៅ​សាលា​ក្រុង​ភ្នំពេញ​រួច​ហើយ​អំពី​កម្មវិធី​នៃ​ការ​ធ្វើ​សមាជ​មហាជន​នេះ។ លោក​បាន​អះអាង​ថា​ នៅ​ពេល​ព្រឹក​ថ្ងៃទី​៣០​ គណបក្ស​នឹង​ធ្វើ​ពិធី​បុណ្យ​រំឭក​វិញ្ញាណ​ក្ខន្ធ​អ្នក​ដែល​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មិនា​ឆ្នាំ​១៩៩៧​ ​ហើយ​នៅ​ពេល​រសៀល​លោក​នឹង​ដឹក​នាំ​កម្ម​វិធី​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ។​

លោក​និយាយ​ថា៖​ «កុំ​ឲ្យគណបក្ស​ប្រជាជន​ចោទ​យើង​ថា​ អូ!​ យើង​ចង់​ធ្វើ​មហា​បាតុកម្ម។ ​វា​អត់​ទេ។​ យើង​គ្រាន់​តែ​ពិគ្រោះ​យោបល់​ ស្នើ​យោបល់​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​អ្វី​ដែល​យើង​ហៅ​ថា ​សមាជ​ប្រជា​ពលរដ្ឋ»។​

លោកឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍ថា ​លោក​បាន​ទទួល​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយ​ ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ សាលា​ក្រុង​នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​អំពី​គម្រោងសមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ពិធីបុណ្យ​រំឭកវិញ្ញាណ​ក្ខន្ធ​ដល់​អ្នក​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មិនា​ឆ្នាំ​១៩៩៧​នោះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ដឹក​នាំ​ធ្វើ​សមាជ​មហាជន​ម្តង​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៣​ ដោយ​បាន​ធ្វើ​សេចក្តី​សម្រេចចំនួន​១០​ចំណុច។​ ​សមាជ​ពេល​នោះ​បាន​ទុក​ឱសានវាទ​រយៈ​ពេល​៦​ខែ​ប៉ុណ្ណោះ​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដោះ​ស្រាយ គឺ​រយៈពេល៣​ខែ​ដំបូងគណបក្ស​ប្រជាជន​ត្រូវ​បង្កើត​គណៈកម្មការឯករាជ្យ​ស៊ើប​អង្កេត​លទ្ធ​ផល​បោះ​ឆ្នោត ​និង​៣​ខែ​ក្រោយ​ទៀត​ទាមទារ​ឲ្យបោះឆ្នោត​ឡើង​វិញ។​

លោកកឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​មាន​ប្រសាសន៍ថា​ សមាជ​មហាជន​លើក​ក្រោយ​នេះនឹងលើក​យក​១០​ចំណុចយក​មក​ពិនិត្យ​ឡើង​វិញ​ថា​ គណបក្ស​បាន​ធ្វើ​កិច្ច​ការ​ងារ​របស់​ខ្លួន​បាន​អ្វី​ខ្លះ? ហើយ​គណបក្សនឹង​ស្នើ​សុំ​យោបល់​ពី​ប្រជា​ពលរដ្ឋ​ទៀត​ ថា​តើ​ចង់​ឲ្យគណបក្ស​ធ្វើ​កិច្ចការ​អ្វី​បន្ត​ទៀត។​

លោក​បាន​និយាយ​ថា៖​ «ឥឡូវ​៦​ខែ​ហើយ​ស៊ើប​អង្កេត​ក៏​អត់​បាន​ ការ​បោះ​ឆ្នោត​ឡើង​វិញ​ក៏​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ឆ្លើយ​ទៅ​ប្រជា​ពលរដ្ឋ។​ អញ្ចឹង​យើង​យក​រឿង​ហ្នឹង​ទៅ​ដាក់​ជូន​ប្រជា​ពលរដ្ឋ​វិញ​ តើប្រជា​ពលរដ្ឋ​លោក​ចង់​ឲ្យយើង​ធ្វើ​អ្វី​ទៀត?​ បើ​ប្រជា​ពលរដ្ឋ​ថា ​ចង់​ឲ្យយើង​បន្ត​ធ្វើ​អ្វី​ទៀត​ឬ​ក៏​ប្រជា​ពលរដ្ឋ​ថា​ ត្រូវ​ឈប់​ទៅ​ ត្រូវ​តែ​បាតុកម្ម​ មហា​បាតុកម្ម​រាល់​ថ្ងៃ​ អាហ្នឹង​យើង​តាម​ប្រជា​ពលរដ្ឋ»។​

លោក​ជាម យៀប​ សមាជិក​ក្រុម​ការ​ងារ​ចរចាខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍ថា ​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​ ឬ​ក៏​សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​រឿង​នយោបាយ​ មិន​មែន​ជា​ដំណោះ​ស្រាយ​នយោបាយ​ទេ។​

លោក​បញ្ជាក់​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​បើក​ចំហ​ឲ្យមាន​ការ​ចរចារវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ពិភាក្សា​កំណែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​

គណៈ​កម្មការចម្រុះខាង​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ច័ន្ទ ​បាន​ប្រកាស​ផ្អាក​ការ​ចរចាមួយ​រយៈ​ ​ដោយ​សារ​តែ​គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ជជែក​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ ដែល​កន្លង​មក​បាន​ទទួល​រង​នូវ​ការចោទ​ប្រកាន់​ថា​ គ.ជ.ប.មិន​ឯក​រាជ្យ​ និង​លម្អៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។​

លោកសម រង្ស៊ី​មាន​ប្រសាសន៍ថា​ គណបក្ស​របស់​លោក​មិន​បាន​ប្រកាស​ថា​ បញ្ឈប់​ចរចាទេ​ ​គឺ​គ្រាន់​តែ​ផ្អាក ​និង​ព្យួរ​ការ​ចរចាមួយ​រយៈ​តែ​ប៉ុណ្ណោះដើម្បី​រង់​ចាំ​ចម្លើយពី​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​មាន​ប្រសាសន៍ថា​ ការ​ចរចាលើក​ក្រោយ​នឹង​ពង្រីក​ឲ្យមាន​ទ្រង់ទ្រាយ​ធំ​ជាង​មុន​ ដោយ​លោក​បើក​ទូលាយ​ឲ្យមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ​ ប្រជាពលរដ្ឋ​ និង​សហគមន៍​អន្តរជាតិ​អាច​ផ្តល់​យោបល់​ទាក់​ទិន​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​យក​ទៅ​ដាក់​លើ​តុ​ចរចាជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា៕​
XS
SM
MD
LG