ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សត្វផ្សោតចំនួនពីរក្បាលនៅក្នុងទន្លេមេគង្គត្រូវបានគេប្រទះឃើញស្លាប់ជាបន្តបន្ទាប់ បង្កឲ្យមានការបារម្ភនៃការខ្សត់ធនធានប្រភេទសត្វដែលស្ទើរតែផុតពូជមួយនេះក្នុងតំបន់អាស៊ីភាគអាគ្នេយ៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សសត្វព្រៃ និងធម្មជាតិ ឬហៅកាត់ថា WWF កម្ពុជា។
ក្នុងសេចក្តីប្រកាសដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ អង្គការ WWF កម្ពុជាបានពណ៌នាថា រដ្ឋបាលជលផល និងអង្គការ WWF កម្ពុជា មានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់សត្វផ្សោតមួយក្បាលដែលត្រូវបានគេប្រទះឃើញស្លាប់ក្នុងកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។
អង្គការ WWF កម្ពុជា បានរៀបរាប់លម្អិតអំពីការស្លាប់របស់ផ្សោតញីនោះថា សត្វផ្សោតដែលបានស្លាប់នោះ ជាសត្វផ្សោតញីពេញវ័យប្រវែង ១៩៣ សង់ទីម៉ែត្រ អាយុចម្លោះពី ៧ ទៅ ១០ ឆ្នាំ មានទម្ងន់ប្រហែល ៨៥ គីឡូក្រាម។
សេចក្តីប្រកាសរបស់អង្គការ WWF កម្ពុជាបានលើកឡើងក្នុងន័យដើមថា៖ «បន្ទាប់ពីបានពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតបានស្លាប់ក្រោយពីបានជាប់នឹងមងនេសាទ ដោយសារក្រុមស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃសរសៃមងនៅផ្នែកកន្ទុយរបស់វា»។
បើតាមអង្គការ WWF កម្ពុជា វាជាសត្វទី ១០ ហើយដែលបានស្លាប់ក្នុងឆ្នាំ ២០២២ និងជាសត្វផ្សោតទី ២៨ ដែលបានបាត់បង់ជីវិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ អង្គការការពារសត្វព្រៃនេះឲ្យដឹងទៀតថា ទើបតែកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សត្វផ្សោតឈ្មោលសុខភាពល្អមួយក្បាល ក៏ត្រូវបានប្រទះឃើញស្លាប់ក្នុងទន្លេមេគង្គ ហើយស្ថានភាពបែបនេះ កាន់តែបង្កើនការព្រួយបារម្ភខ្លាំងឡើងចំពោះការរស់រានរបស់សត្វផ្សោត ដែលចាំបាច់ទាមទារឲ្យមានវិធានការដើម្បីការពារជាបន្ទាន់ក្នុងគោលបំណងបញ្ចៀសឲ្យបាននូវការបាត់បង់សត្វផ្សោតទន្លេមេគង្គរបស់កម្ពុជា។
អង្គការ WWF កម្ពុជា បានសង្កត់ធ្ងន់ថា៖ «ការដែលសោកស្តាយខ្លាំងបំផុត គឺនៅពេលសត្វផ្សោតញីពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតញីមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ»។
នាយកអង្គការ WWF កម្ពុជាលោក សេង ទៀក ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃចន្ទនេះថា នៅក្នុងរដូវកាលទឹកស្រកនេះ ក្តីបារម្ភនៅតែមានចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះសត្វផ្សោត ដែលតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសកម្មភាពការងារទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដូចជាការរាយមង ឬការប្រើប្រាស់ឧបករណ៍ឆក់។
លោកថ្លែងថា៖ «រដូវនេះ គឺជារដូវទឹកស្រក ចាប់ពីខែ ១២ រហូតទៅដល់ខែ ៤ ឆ្នាំក្រោយ។ សត្វផ្សោតភាគច្រើន គឺមកផ្តុំគ្នានៅអន្លង់ទឹកជ្រៅមួយចំនួន ដូចជាអន្លង់កាំពី និងអន្លង់កោះផ្តៅ ដែលបញ្ហានេះគឺតម្រូវឲ្យមន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់មេត្តាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នៅតាមអន្លង់ដែលផ្សោតរស់នៅ។ ការអនុវត្តច្បាប់ត្រូវធ្វើ ២៤ ម៉ោងលើ ៧ នៅពេលយប់ និងពេលថ្ងៃ [មួយថ្ងៃ ២៤ ម៉ោង មួយអាទិត្យ ៧ គ្មានថ្ងៃសម្រាកចុងសប្តាហ៍] ដើម្បីកាត់បន្ថយអត្រាស្លាប់របស់ផ្សោតនៅក្នុងតំបន់ទាំងនេះ ជាពិសេសនៅក្នុងរដូវទឹកស្រកនេះ»។
លោកបន្ថែមថា កម្ពុជាជាប្រទេសដែលមានផ្សោតច្រើនជាងគេក្នុងទន្លេមេគង្គ ធៀបនឹងទន្លេពីរទៀតគឺទន្លេ Mahakam នៅឥណ្ឌូណេស៊ី និងទន្លេ Irrawaddy នៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែស្ថានភាពប្រឈម និងសម្ពាធគឺស្រដៀងគ្នា ពាក់ព័ន្ធនឹងបទល្មើសនេសាទ។
លោកថ្លែងថា៖ «ហ្នឹងគឺជាមោទនភាពរបស់យើងហើយ ដែលយើងមានសត្វផ្សោតទន្លេច្រើនជាងគេនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍យើងនេះ បាទ។ ក៏ប៉ុន្តែពិនិត្យមើលសម្ពាធទៅលើការនេសាទ នៅក្នុងតំបន់ដែលផ្សោតរស់នៅនៃទន្លេទាំងបីហ្នឹង គឺមានសម្ពាធប្រហាក់ប្រហែលគ្នា បញ្ហាប្រឈមស្រដៀងគ្នាតែម្តង។ ការនេសាទខុសច្បាប់ ដោយប្រើមង ដោយប្រើឧបករណ៍ឆក់ និងការបំពុល គឺមាននៅក្នុងតំបន់ផ្សោតរស់នៅនៃទន្លេទាំងបីហ្នឹងតែម្តង»។
លោកបន្ថែមថា៖ «ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត នៅក្នុងតំបន់ដែលផ្សោតរស់នៅ។ ហើយនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទគ្រប់រូប មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅក្នុងតំបន់ដែលផ្សោតរស់នៅ ហើយចូលរួមទាំងអស់គ្នាដើម្បីការពារបេតិភណ្ឌមានជីវិតរបស់យើងក្នុងគោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានសក្តានុពលទៅថ្ងៃអនាគត»។
បើតាមលោក សេង ទៀក សត្វផ្សោតរស់នៅក្នុងទន្លេទាំងបីនៃប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា គឺមានចំនួនតិចជាង ១០០ ក្បាល។ លោកឲ្យដឹងទៀតថា វត្តមានរបស់សត្វផ្សោតក្នុងទន្លេបញ្ជាក់ថា បរិស្ថានជុំវិញទន្លេល្អ ទឹកក៏មានគុណភាពល្អ ហើយសម្បូរទៅដោយត្រីដែលជាអាហារសំខាន់របស់សត្វផ្សោត។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក វិបុល ដោយសារពិបាកក្នុងការទំនាក់ទំនងតាមទូរសព្ទ ខណៈលោកកំពុងស្ថិតនៅកណ្តាលផ្ទៃទន្លេសាបនៅថ្ងៃចន្ទនេះ។
ក្នុងចំណោមចំនួនសត្វផ្សោតនៅសេសសល់ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ សត្វផ្សោតប្រមាណ ៧០ ភាគរយ មានអាយុលើសពី ២០ ឆ្នាំ ដែលជាវ័យមួយផុតកំណត់អាយុដែលមានលទ្ធភាពបង្កាត់ពូជ។ ជាទូទៅសត្វផ្សោតអ៊ីរ៉ាវ៉ាឌី អាចរស់នៅបានដល់អាយុចន្លោះពី ២៧ ឆ្នាំទៅ ៣០ ឆ្នាំ។ នេះបើតាមអង្គការ WWF កម្ពុជា។
អង្គការការពារសត្វព្រៃដដែលឲ្យដឹងទៀតថា អត្រាស្លាប់របស់កូនសត្វផ្សោត មានកម្រិតខ្ពស់ ប្រមាណ ៦២ ភាគរយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលជាមូលហេតុធ្វើឲ្យអត្រារស់រានរបស់កូនសត្វផ្សោតរហូតដល់ពេញវ័យមានកម្រិតទាប។ នេះជាកត្តាដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនមានចំនួនសត្វផ្សោតកើតថ្មីគ្រប់គ្រាន់ដើម្បីបន្តវេនជំនួសផ្សោតចាស់។
ដើម្បីទប់ស្កាត់មិនឲ្យមានការស្លាប់សត្វផ្សោតដោយសារតែសកម្មភាពដាក់មងក្នុងទន្លេមេគង្គនោះ អង្គការ WWF កម្ពុជាបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេតា្តរៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឲ្យសត្វផ្សោតរងគ្រោះថ្នាក់ស្លាប់បន្តទៀត ដោយសារការនេសាទខុសច្បាប់ដោយការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សផ្សោត៕