ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​ថា សារព័ត៌មាន​ឯករាជ្យ​គឺ​ជា​ឆ្អឹង​ខ្នង​សង្គម


រូបឯកសារ៖ ប៉ូលិស​ឃាត់អ្នកសារព័ត៌មានមិនឲ្យចូលទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។
រូបឯកសារ៖ ប៉ូលិស​ឃាត់អ្នកសារព័ត៌មានមិនឲ្យចូលទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។

លោក កៃ គឹមសុង ​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ជាង​២០ឆ្នាំ​មក​ហើយ​ ហើយ​បច្ចុប្បន្ន ជា​ប្រធាន​ប្រតិបត្តិការ​នៃ​កាសែត​ខ្មែរ​ថាមស៍​ ​បានថ្លែងថា សារព័ត៌មាន​សេរី គឺ​ប្រៀប​ដូច​ជា​កញ្ចក់​ សម្រាប់​ឱ្យ​រដ្ឋាភិបាល​ឆ្លុះ​មើល​ ដើម្បី​ការ​អភិវឌ្ឍ​សង្គម។

​អ្នក​សារព័ត៌មាន​និង​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ថា​ រដ្ឋាភិបាល​មិន​គួរ​ចាត់​ទុកថា​អ្នក​សារព័ត៌មាន​ឯករាជ្យ​ជា​សត្រូវ​នោះ​ទេ​ ព្រោះ​ពួកគេ​ថា​សារព័ត៌មាន​ឯករាជ្យ​ គឺ​ជា​សមាសធាតុ​ដ៏​ចាំបាច់​មួយ​ដែល​មិន​អាច​ខ្វះ​បាន ដើម្បី​ធ្វើ​ឱ្យ​សង្គម​កម្ពុជា អាច​រីក​ចម្រើន​ទៅ​មុខ​បាន។

​ថ្លែង​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ​ លោក យាង សុធារិន ហៅ យាង​ សុជាមេត្តា អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«‍រដ្ឋាភិបាល​កុំ​គួរ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ដែល​រិះគន់​ខ្លួន​ហ្នឹង ថា​ជា​សត្រូវ​របស់​ខ្លួន។ គួរ​ចាត់​ទុក​សារព័ត៌មាន​ឯករាជ្យ​ដែល​ហ៊ាន​និយាយ​ត្រង់ ហ៊ាន​ថា​ត្រង់​នូវ​ទង្វើ​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ថា ​ជា​ដៃ​គូរ​របស់​ខ្លួន​ទៅ​វិញ សម្រាប់​ឆ្លុះ​បញ្ចាំង​ពី​ចន្លោះ​ប្រហោង​ដែល​រដ្ឋាភិបាល​មើល​មិន​ឃើញ»។

សារព័ត៌មាន​ឯករាជ្យ ដែល​មាន​តែ​បន្តិចបន្តួច​ក្នុង​ប្រទេស​កម្ពុជា បាន​រង​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១៨​ខែ​ចុងក្រោយ​នេះ ដោយ​រដ្ឋាភិបាល បាន​ចាត់វិធានការ​ដ៏​ចម្រូងចម្រាស​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឱ្យ​ស្ថាប័ន​សារព័ត៌មាន​ខ្លះ ដូច​ជា​កាសែត​ឌឹខេមបូឌាដេលី និង​វិទ្យុ​អាស៊ី​សេរី បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​លែង​ដំណើរ​ការ​ក្នុង​ប្រទេស​តទៅទៀត ហើយ​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ពីរ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ថា​ ពួកគេ​បាន​បញ្ជូន​ព័ត៌មាន​ជាអាទិ៍​ឱ្យ​រដ្ឋ​បរទេស ខណៈ​អតីត​អ្នក​សារព័ត៌មានកាសែត​ឌឹខេមបូឌាដេលី​ពីរ​នាក់​ទៀត​ បាន​បង្ខំ​ចិត្ត​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ជាយថាហេតុ​ណាមួយ។

​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក ត្រូវ​បាន​រដ្ឋាភិបាល​បង្គាប់​មិន​ឱ្យ​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​សារព័ត៌មាន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល រួម​ទាំង​វីអូអេ​និង​វិទ្យុ​អាស៊ី​សេរី​ផង​ដែរ។

លោក ណុប វី នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​ Hello VOAកាល​ពី​ថ្ងៃ​ច័ន្ទ ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ដែរ​ បាន​មាន​ប្រសាសន៍ថា៖

«‍បើ​សិន​ជា​កង្វះ​សារព័ត៌មាន​ឯករាជ្យ វា​មាន​ន័យ​ស្មើ​នឹង​មាន​តែ​មន្ត្រី​អែបអប​ដែល​ផ្ដល់​ព័ត៌មាន​ជូន​ទៅ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។ ដូច្នេះ សង្គម​យើង គឺ​អត់​អាច​មាន​ការ​រីកចម្រើន អត់​មាន​តម្លាភាព​ ហើយ​សំឡេង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ហ្នឹង នឹង​មិន​ត្រូវ​បាន​ឮ​និង​មិន​ត្រូវ​បាន​ទទួល​ការ​ដោះស្រាយ​ទេ​បាទ»។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ក្នុង​ប្រទេស​ នៅ​មុន​ការ​បោះឆ្នោត​សកល​កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៨​នេះ។​ នេះ​បើ​យោង​តាម​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ដែល​បាន​ទម្លាក់​ចំណាត់​ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​រហូត​ដល់លំដាប់​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០ទូទាំង​ពិភពលោក គឺ​បាន​ធ្លាក់​ចុះ​១០​កម្រិតថែម​ទៀត បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​កាល​ពី​ឆ្នាំ​២០១៧។

អ្នកសារព័ត៌មាន​ដែល​នៅ​មាន​ជំហរ​ឯករាជ្យ​ ត្រូវ​ធ្វើ​ការ​ក្នុង​បរិយាកាស​រង​ការ​គំរាមកំហែង​និង​រង​គំនាប​ផ្សេងៗ។ នេះ​បើ​ផ្អែក​តាម​អ្នក​ជំនាញ​ខាង​សារព័ត៌មាន។

​លោក កៃ គឹមសុង ​ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ជាង​២០ឆ្នាំ​មក​ហើយ​ ហើយ​បច្ចុប្បន្ន ជា​ប្រធាន​ប្រតិបត្តិការ​នៃ​កាសែត​ខ្មែរ​ថាមស៍​ ក៏​បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ថា សារព័ត៌មាន​សេរី គឺ​ប្រៀប​ដូច​ជា​កញ្ចក់​ សម្រាប់​ឱ្យ​រដ្ឋាភិបាល​ឆ្លុះ​មើល​ ដើម្បី​ការ​អភិវឌ្ឍ​សង្គម។

«‍នៅ​ប្រទេស​កម្ពុជា រឹត​តែ​ចាំបាច់​ទៅ​ទៀត​ព័ត៌មាន​សេរី​នេះ ពីព្រោះ​ពី​មុន​មក មុន​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មិន​ដែល​មាន​សារព័ត៌មាន​សេរី​ទេ។សារ​ព័ត៌មាន​សេរី​នេះ គឺ​ជា​ឆ្អឹង​ខ្នង​សង្គម»។

តែ​ទោះជា​យ៉ាង​នេះ​ក្តី លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ថា រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា រាល់​ស្ថាប័ន​សារព័ត៌មាន សុទ្ធតែ​មាន​និន្នាការ​បែប​ណា​មួយ ដោយ​គ្មាន​សារព័ត៌មាន​ឯករាជ្យ​នោះ​ទេ។

«‍សារ​ព័ត៌មាន​ឯករាជ្យ ​គឺ​គ្រាន់តែ​ជា​ពាក្យ​ដែល​គេ​លើក គ្រាន់តែ​ជា​ព័ត៌មាន​ធ្វើ​វិទ្ធង្សនា​ទេ មិន​មែន​ជា​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ទេ»៕

XS
SM
MD
LG