ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ នឹង​ផ្តើមការចរចា​នៅ​មីយ៉ាន់ម៉ា​ដោយ​ផ្តោត​លើ​ការឈប់បាញ់​គ្នា


រូបឯកសារ៖ លោក Wunna Maung Lwin រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដែល​តែងតាំង​ដោយ​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជួប​ជាមួយ​លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ លោក Wunna Maung Lwin រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដែល​តែងតាំង​ដោយ​យោធា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ជួប​ជាមួយ​លោក​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (Reuters)

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​ផ្តល់​តម្រុយ​ពី​ចំណុច​សំខាន់ៗ​នៅ​ក្នុង​ការចរចា​ជាមួយ​នឹង​មេដឹកនាំ​យោធា​ប្រទេស​មីយ៉ាន់ម៉ា​ ដោយ​លោក​ថា​នឹង​ផ្តោត​លើ​ការឈប់​បាញ់​គ្នា​រវាង​ភាគី​នានា​ ជាដំបូង​មុន​ពេល​វាក្លាយ​ជា​សង្គ្រាម​ស៊ីវិល​ពេញ​បន្ទុក។​

លោក​ហ៊ុន សែន​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃ​ពុធថា៖

«ខ្ញុំ​ថា​ចរចា​ត្រូវ​គ្នា​ឬ​មិនត្រូវ​គ្នា​ខ្ញុំ​បបួល​ឈប់បាញ់​សិន​ព្រោះ​វា​ដើម្បី​ចំណេញ​សាច់ឈាម​កុំ​ឲ្យ​មនុស្ស​ស្លាប់​កុំ​ឲ្យ​មនុស្ស​របួស។ ជំនួយ​មនុស្ស​ធម៌​បាន​ដឹក​ទៅដល់​មីយ៉ាន់ម៉ា​ប៉ុន្តែ​អត់ទាន់​បាន​ចែក។ អ៊ីចឹង​ត្រូវ​រក​វិធី​ចែក​ជំនួយ​ឲ្យ​បាន​ដល់​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង»។

លោកហ៊ុន សែន​ស្នើ​ឲ្យភាគី​នានា​នៅ​មីយ៉ាន់ម៉ា​គោរព​តាម​ធម្មនុញ្ញ​អាស៊ាន​និង​គោលការណ៍​កុងសង់ស៊ីស​៥​ចំណុច​របស់​អាស៊ាន​ដែល​បាន​ព្រមព្រៀង​ជាមួយ​នឹង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​កាលពី​ខែមេសា​ឆ្នាំ​២០២១​ នៅ​ទីក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី។ កុងសង់ស៊ីស​ទាំង៥​ចំណុច​នោះ​មាន​ការបញ្ឈប់​ហិង្សា​ជាបន្ទាន់​ការសន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​ការសម្របសម្រួល​ដោយ​ប្រធាន​អាស៊ាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​និង​ទស្សនកិច្ច​ដោយ​បេសកជន​ពិសេស​មួយ​រូប។

លោក ហ៊ុន សែន ​បាន​បន្ថែម​ថា៖​

«សភាពការណ៍​នៅ​មីយ៉ាន់ម៉ា​វា​មិន​សាមញ្ញ​ដូច្នេះ​យើង​ក៏​ត្រូវ​ប្រើ​វិធានការ​មិន​សាមញ្ញ​ដែរ»។

លោកហ៊ុន សែន​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃសុក្រ​ទី​៧​ ខែមករា​ ហើយ​គ្រោង​ស្នាក់នៅ​ទីនោះ​ចំនួន​១ថ្ងៃ។ លោក​អះអាង​ពី​ការប្តេជ្ញា​ចរចា​រហូតដល់​សម្រេច​កិច្ចការធំដុំ​មុន​ពេល​ចាក​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​មក​វិញ​បើទោះបីជា​ត្រូវ​ពន្យារ​ពេល​បន្ថែម​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃទៀត​ក៏ដោយ។ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​លោក​ក៏​បាន​ស្នើ​កុំ​ឲ្យ​ធ្វើការ​សន្និដ្ឋាន​ណាមួយ​មុន​នឹង​ដំណើរ​ទស្សនកិច្ច​នោះ​ឬ​រំពឹង​ហួសហេតុ​ពេក។

ក្រុមយោធា​មីយ៉ាន់ម៉ា​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី​ អោង សានស៊ូជី​កាលពី​ដើម​ខែកុម្ភៈ​ឆ្នាំ​២០២១។ អ្នកគាំទ្រ​នៃ​ចលនា​ប្រជាធិបតេយ្យ​បាន​ធ្វើបាតុកម្ម​តវ៉ា​ជាច្រើន​ប៉ុន្តែ​បាន​រង​ការបង្ក្រាប​យ៉ាងឃោរឃៅ​ពី​ក្រុមសន្តិសុខ។ សមាគម​ជំនួយ​សម្រាប់​អ្នកទោស​នយោបាយ​(Assistance Association for Political Prisoners)​របស់​ក្រុមពលរដ្ឋ​មីយ៉ាន់ម៉ា​នៅ​ក្រៅ​ប្រទេសរាយការណ៍​ថា​រហូត​មកដល់​ថ្ងៃពុធ​នេះ​មាន​ពលរដ្ឋ​ភូមា​ចំនួន​ជាង​១៤០០​នាក់​ត្រូវបាន​សម្លាប់​ក្នុងនោះ​មាន​កុមារ​យ៉ាង​ហោចណាស់​១០០​នាក់​និងចំនួន​ជាង​១១ ៣០០នាក់​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​និង​ចោទប្រកាន់​។ អ្នកប្រឆាំង​មួយ​ចំនួន​បាន​រត់ចោល​ផ្ទះសម្បែង​និង​អ្នកខ្លះ​សម្រេច​ចាប់កាន់អាវុធ​ដើម្បី​តស៊ូ​ប្រដាប់​អាវុធ។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជាមាន​គ្រាប់បែក​ចំនួន​ពីរគ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរស្ថានទូត​ខ្មែរ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា​ថា​គ្រាប់​បែក​នោះ​បាន​ផ្ទុះ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ដែល​មាន​ចម្ងាយ​១០០និង​១៥០​ម៉ែត្រ​ក្បែរ​ស្ថានទូត​កម្ពុជា។

លោកហ៊ុន សែន​បាន​បញ្ជាក់​ថា៖

«ឥឡូវ​ហិង្សា​វាមិនមែន​កើត​តែ​ពីខាង​រដ្ឋាភិបាល​ទេ​។ វាកើត​ពីខាង​អ្នកព្រៃ​ដើរ​ដាក់​គ្រាប់បែក​ព្រម​ទាំង​ដាក់​គ្រាប់បែក​ក្បែរ​ស្ថានទូត​យើង​ទៅទៀត។ ពីមុន​ដាក់​នៅ​ស្ថានទូត​បណ្តោយ​ប៉ុន្តែ​រកឃើញ​ដោះទាន់​រួច​ហើយ​មាន​ផ្ទុះ​គ្រាប់​បែក​ពីរគ្រាប់»។

លោក​ហ៊ុន សែន​បាន​បន្ថែម​ទៀតថា៖ «អ៊ីចឹង​ទេ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​ហិង្សា។

មានការតវ៉ា​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ ទាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​និង​នៅ​ក្រៅ​ប្រទេស​ដោយ​ក្រុមបាតុករ​ដែល​យល់​ថា​ជា​ការផ្តល់​ភាពស្របច្បាប់​ដល់​របប​យោធា។ បាតុករ​បាន​ស្នើ​ឲ្យ​ដកឋានៈ​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ចេញ​ពី​កម្ពុជា។ និស្សិត​មួយ​ចំនួន​បាន​ដុត​រូបថត​លោកហ៊ុន សែន។

រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (Facebook/Samdech Hun Sen, Cambodian PM)
រូបឯកសារ៖ នាយករដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ បាន​ទទួល​ញញួរ​ប្រធាន​ប្តូរវេន​ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ (អាស៊ាន)​ ជា​លើក​ទី​៣ បន្ត​ពី​ប្រទេស​ព្រុយណេ​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួននៅ​ឆ្នាំ​២០២១​នេះ។ (Facebook/Samdech Hun Sen, Cambodian PM)

បណ្តុំ​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា​និង​មីយ៉ាន់ម៉ាទាំងនៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ចំនួន​១៩៥​បាន​ថ្កោលទោសដំណើរ​ទស្សនកិច្ច​របស់​លោកហ៊ុន សែន។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពីថ្ងៃអង្គារ​ពួកគេ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​មាន​ការចូលរួម​ពហុភាគី​ពី​អន្តរជាតិ​គឺ​មិនមែន​ដោយ​មនុស្ស​តែ​ម្នាក់​ដូច​លោកហ៊ុន សែន​ទេ។

លោក​Aung Moe Winស្ថាបនិក​នៃក្រុមគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​នៅ​ភូមា (Support the Democracy Movement in Burma) ដែល​បាន​ចុះ​ហត្ថលេខា​លើសេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ខេមភាសា​នៅ​ថ្ងៃពុធ​នេះ​ថា៖​

«មាន​ការប្រឆាំង​យ៉ាង​ទូលំទូលាយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គាត់​ហើយ​ដូច្នេះ​ប្រជាជន​មិនត្រឹមតែ​ប្រយុទ្ធ​ជាមួយ​មេទ័ព​ទេ​ហើយ​ពួកគេ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជនផ្តាច់ការ​ទាំងអស់​និង​អំពើ​ខុសឆ្គង​ទាំងអស់​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ម្យ៉ាង​ទៀត​គេ​ក៏​មិន​ចង់​ឲ្យ​ជន​ផ្តាច់ការ​ដូច​ហ៊ុន សែន មក​គាំទ្រ​គ្នា​នៅ​ស្រុក​យើង​ដែរ»។​

លោក​ Aung Moe Win ​បាន​ហៅ​ជំហរ​របស់​លោក ហ៊ុន សែន​ដែល​បន្ទោស​ក្រុមអ្នកតស៊ូ​ថា​ធ្វើឡើង​ដោយ​ផ្អែក​លើ​ព័ត៌មាន​លម្អៀង​ទៅ​ខាង​ក្រុមយោធា៖ «ខ្ញុំ​មិន​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​គាត់​ទេ។ គាត់​បន្ទោស​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ដែល​កំពុង​ព្យាយាម​យក​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​មក​វិញ។ ជនល្មើសគឺ​មកពី​ពួកយោធា​ហើយ​ប្រជាជន​មីយ៉ាន់ម៉ា​តស៊ូ​ដោយ​សន្តិវិធី​ដោយអហិង្សា​ហើយ​យោធា​ជាអ្នកចាប់ផ្តើម​អំពើ​ហិង្សា​ជិះជាន់​លើ​ប្រជាជន​ហើយ​ប្រជាជន​ត្រូវ​ទប់ទល់​ដោយ​ការកាន់អាវុធ​ប្រឆាំង​នឹង​យោធា​ដើម្បី​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ»។

អ្នកស្រី ​Khin Ohmar ប្រធាន​ក្រុមប្រឹក្សា​នៃ​អង្គការ​ Progressive Voice ដែល​ជា​អង្គការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​មីយ៉ាន់ម៉ា​បាន​ប្រាប់​វីអូអេ​ខេមភាសា​ថា​ពលរដ្ឋមិនជឿលើ​ជំហរ​របស់​លោក​ហ៊ុន សែន​ទេ​ហើយ​ថា​លោក​បាន​លម្អៀង​ទៅ​លើ​ក្រុមយោធា​ដែល​ឆក់ប្លន់​អំណាច​ដោយ​ខុសច្បាប់។

អ្នកស្រី​ Khin Ohmar យល់ថា​ទង្វើ​របស់​លោក​ហ៊ុន​សែន​គឺ​បង្ហាញ​ពី​កង្វះ​ការយល់ដឹង​ពី​ស្ថានការណ៍​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​ដែល​ប្រើ​វិធី​ការទូត«បែបខូវប៊យ»​ដោយ​ធ្វើការ​ម្នាក់​ឯង។

អ្នកស្រី​បាន​បន្ថែម​ថា៖ «សម្រាប់​យើង​ជា​ប្រជាជន​មីយ៉ាន់ម៉ា​ប្រសិនបើ​គាត់​ប្រកាន់​យក​វិធី​បែប​នេះ​ហើយ​ប្រសិនបើ​គាត់​កំពុង​ប្រមាថ​ប្រជាជន​ដែល​កំពុង​តស៊ូ​យ៉ាងលំបាក​ក្នុង​កណ្តាប់ដៃ​របស់​របប​យោធា​ដ៏​សាហាវ​ឃោរឃៅ​នេះ​គឺ​គាត់​មិន​មក​ជួយ​ទេ។ គាត់​កំពុង​ធ្វើ​បាប​ប្រជាជន​ច្រើន​ជាង។ គាត់​កំពុង​ធ្វើឲ្យ​ពួកយោធា​កាន់តែ​ព្រហើន។ តាមពិត​គាត់​បានផ្តល់​ភាពស្របច្បាប់​ដល់​របបយោធា​ដោយ​ថែម​ទាំងហៅ​របបយោធា​ថា​ជា​រដ្ឋាភិបាល។ ដូច្នេះ​គាត់​ពិតជា​មាន​ន័យ​ថា គាត់​នឹង​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​របស់​យោធា​លើ​ប្រជាជន​មី​យ៉ាន់​ម៉ា ហើយ​គាត់​ត្រូវ​ប្រយ័ត្ន​ប្រយែង»​។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អំពាវនាវ​ជាមុន​ដល់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដោយ​សួរ​ថា​តើ​ពួកគេ​ចង់​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​ឬ​យ៉ាងណា។

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា៖

«អីចឹង​ទេ​ការណ៍​ដែល​ខ្ញុំ​ទៅ​នេះ​គោល​បំណង​ខ្ញុំ​គឺ​គ្មាន​ផលប្រយោជន៍​អ្វី​ទេ។ ប្រទេស​កម្ពុជា​តូចជាង​ប្រទេស​មីយ៉ាន់ម៉ា​ច្រើន​ដង​ហើយ​ប្រជាជន​តិចជាង​មីយ៉ាន់ម៉ា​ច្រើន​ដង​ប៉ុន្តែ​យើង​ចង់​ជួយ​សម្រួល​សភាពការណ៍​ទាំងឡាយ»៕

XS
SM
MD
LG