ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ការសម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


រូបឯកសារ៖ នៅក្នុងរូបថតផ្តល់ដោយកងកម្លាំងការពារជាតិ Karenni (KNDF) នេះ ផ្សែងនិងអណ្តាតភ្លើងបានហុយចេញពីយានជំនិះនៅទីក្រុង Hpruso រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ នៅក្នុងរូបថតផ្តល់ដោយកងកម្លាំងការពារជាតិ Karenni (KNDF) នេះ ផ្សែងនិងអណ្តាតភ្លើងបានហុយចេញពីយានជំនិះនៅទីក្រុង Hpruso រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ (AP)

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ បាន​ថ្កោលទោស​ការសម្លាប់​រង្គាល​ជាង​៣០​នាក់​កាលពី​សប្តាហ៍​មុន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ រួម​ទាំង​បុគ្គលិក​២​នាក់​របស់​អង្គការ Save the Children ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​លើ​ពួក​យោធា។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការសម្លាប់​នេះ បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​បុណ្យ​មុនថ្ងៃ​បុណ្យ​ណូអែល Christmas Eve នៅ​ក្នុង​រដ្ឋ Kayah ភាគ​ខាង​កើត​ជា​កន្លែង​ដែល​ពួក​ឧទ្ទាម​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បាន​ប្រយុទ្ធ​ប្រឆាំង​ពួក​យោធា​ដែល​បាន​ដណ្តើម​កាន់កាប់​រដ្ឋាភិបាល​ពី​រដ្ឋបាល​ជាប់ឆ្នោត​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​កាលពី​ខែ​កុម្ភៈ​មក។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ល្ងាច​ថ្ងៃ​ពុធ​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ«បាន​និយាយ​សង្កត់​ធ្ងន់​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​នេះ»។

ពួក​គេ​ក៏​បាន​អំពាវនាវ​ឲ្យ​«បញ្ឈប់​ជាបន្ទាន់»​គ្រប់​អំពើ​ហិង្សា​ទាំង​អស់​ហើយ​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ការ​ធានា​សុវត្ថិភាព​ជន​ស៊ីវិល។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​បញ្ជាក់​ថា​«មនុស្ស​យ៉ាង​តិច​ណាស់​៣៥​នាក់»បាន​ត្រូវ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​ រួម​មាន​កុមារ​៤​នាក់​និង​សមាជិក​២​នាក់​របស់​អង្គការ​សប្បុរសធម៌ Save the Children ផង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ក៏​បាន​«និយាយ​សង្កត់​ធ្ងន់​ពី​តម្រូវការ​ឲ្យ​មាន​សុវត្ថិភាព​និង​ការ​ដឹក​ជំនួយ​មនុស្សធម៌​ដោយ​គ្មាន​ឧបសគ្គ​សម្រាប់​មនុស្ស​ដែល​ត្រូវការ​ជំនួយ​និងការ​ការពារ សុវត្ថិភាព​និង​សន្តិសុខ​របស់​បុគ្គលិក​មនុស្ស​ធម៌​និង​សុខាភិបាល​ទាំង​អស់»។

ពួក​អ្នក​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​យោធា​និយាយ​ថា ពួក​គេ​បាន​ឃើញ​សាកសព​មនុស្ស​ឆេះ​ជាង​៣០​នាក់​រួម​មាន​ស្ត្រី​និង​កូន​ក្មេង​ផង​នៅ​តាម​ផ្លូវ Highway នៅ​ក្នុង​រដ្ឋ Kayah បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ។

បុគ្គលិក​២​នាក់​របស់​អង្គការ Save the Children បាន​បាត់​ខ្លួន​ហើយ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់កាល​ពី​ថ្ងៃ​អង្គារ​ថា​ ពួកគេ​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ។

ប្រទេស​មីយ៉ាន់ម៉ា​មាន​ការ​ច្របូក​ច្របល់​ចាប់តាំង​ពី​មាន​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ​ហើយ​មនុស្ស​ជាង​១​ពាន់​៣​រយ​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​កងកម្លាំង​សន្តិសុខ។នេះ​បើ​តាម​ក្រុម​ឃ្លាំមើល​ក្នុង​ស្រុក៕

XS
SM
MD
LG