ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ​ថា​ កុំ​​សន្និដ្ឋាន​«ឆាប់​ពេក»​លើ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ នៅវិមានសន្តិភាព ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១។ (AFP)

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ប្រកាស​«កុំ​ឲ្យ​យក​ការ​សន្និដ្ឋាន​ឆាប់​ពេក»​លើ​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០២២​នេះ។​

លោក​ហ៊ុន សែន​មេដឹកនាំ​កម្ពុជា​ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២​នេះ​កំពុង​បង្ហាញ​ការ​ព្យាយាម​សម្រួល​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ដែល​លោក​Min Aung Hlaing​មេដឹក​នាំ​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​មេ​ដឹកនាំ​ប្រជា​ធិបតេយ្យ​កាល​ពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១។​

នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាករ​ដណ្តើម​បាន​មេដាយ​មាស​ពិភព​លោក​លោក​ហ៊ុន សែន​ថ្លែង​ថាសូម​កុំ​ទុក​ចិត្ត​ពេក​លើ​ប្រធាន​អាស៊ាន​ ប៉ុន្តែ​ក៏​កុំ​ទាន់​អាល​បន្ទោស​ដែរ។​លោក​បញ្ជាក់​ថា​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នឹង​មិន​មាន​ការ​ពិភាក្សា​អ្វី​ឃ្លាត​ឆ្ងាយ​ពី​កុងសង់ស៊ីស​៥​ចំណុច​ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​បាន​ឯកភាព​កាល​ពី​ខែ​មេសា​ឆ្នាំ​២០២១​និង​ធម្មនុញ្ញ​អាស៊ាន​ឡើយ។​ លោក​បន្ថែម​ថា​ប្រជា​ពលរដ្ឋ​មីយ៉ាន់ម៉ា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ខិតខំ​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅ​ពេល​ប្រទេស​វិល​ត្រឡប់​ទៅ​កាន់​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​ឡើង​វិញ។​

លោក​ហ៊ុន សែន​ថ្លែង​ថា៖​«អ៊ីចឹង​ទេ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​មីយ៉ាន់ម៉ា​តើ​អ្នក​ចង់​ឲ្យ​ប្រទេស​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ពិត​ប្រាកដឬ​ក៏​ចង់​ដោះ​ស្រាយ?​ការ​ដោះ​ស្រាយ​នេះ​គឺ​តួនាទី​ត្រូវ​បាន​ផ្តល់​មក​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន​ហើយ​អាស៊ាន​បាន​ឯកភាព​គ្នា​រាប់​ទាំង​មីយ៉ាន់ម៉ា​ខ្លួន​ឯង​គឺ​បាន​ព្រម​ព្រៀង​លើ​អា​កុងសង់ស៊ីស​៥​ចំណុច​ហ្នឹង​ហើយតែមិន​ទាន់​បាន​អនុវត្ត»។​

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​ទេ​ការ​ដែល​ខ្ញុំ​ទៅ​នេះ​គោល​បំណង​ខ្ញុំ​គ្មាន​ផល​ប្រយោជន៍​អី​ទេ។​ប្រទេស​កម្ពុជា​តូច​ជាង​មីយ៉ាន់ម៉ា​ច្រើន​ដង​ហើយ​ប្រជាជន​តិច​ជាង​មីយ៉ាន់ម៉ា​ច្រើន​ដង។​តែ​យើង​ចង់​ជួយ​សម្រួល​សភាព​ការណ៍​ទាំង​ឡាយ»។​

លោក​ហ៊ុន សែន​ឲ្យ​ដឹង​ទៀត​ថា​ សភាព​ការណ៍​នៅ​មីយ៉ាន់ម៉ា​«វា​មិន​សាមញ្ញ»​ដូច្នេះ​វា​ត្រូវ​ប្រើ​«វិធាន​ការ​មិន​សាមញ្ញ»​ដែរ។​ទោះ​ជា​យ៉ាងណា​លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​ពន្យល់​បន្ថែម​ឡើយ។​

នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​កាល​ពី​ថ្ងៃ​អង្គារ​ លោក​Joko Widodo ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​Twitter​របស់​លោក​ថា​ ​លោក​បាន​លើក​ឡើង​ជា​ថ្មី​និង​ច្បាស់​លាស់​អំពី​ជំហរ​របស់​ឥណ្ឌូណេស៊ី​ទៅ​លើ​ចំណុច​កុងសង់ស៊ីស​ចំនួន​៥​ដើម្បី​នាំ​មក​នូវ​ប្រជា​ធិបតេយ្យ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​តាម​រយៈ​ការ​ពិភាក្សា​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។​

កាល​ពី​ខែ​តុលា​ឆ្នាំ​២០២១​ មេ​ដឹកនាំ​អាស៊ាន​បាន​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​ចូល​រួម​ក្នុង​ជំនួប​កំពូល​ឡើយ​ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស។​ លោក​ហ៊ុន សែន​បាន​បង្ហាញ​បំណង​របស់​លោក​ចង់​ឲ្យ​អាស៊ាន​ត្រឡប់​ទៅ​កិច្ច​ប្រជុំ​ដែល​មាន​១០​ប្រទេស​វិញ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មេសា​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​ភូមា​ផង​ដែរ​បាន​មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់ហើយ​គ្រប់​ភាគី​ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។​ ទី​២​កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ ទី​៣​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ទី​៥​ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់៕

XS
SM
MD
LG