ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងពល​សំខាន់ៗ​ចំនួន​៥​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​លោក​ហ៊ុន ម៉ាណែត


រូបឯកសារ៖ លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ​​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក​ ចូល​រួម​នៅ​ក្នុង​​លំហាត់​សមយុទ្ធ​«ឆ្មាំ​អង្គរ​២០១៤‍» ជាមួយ​យោធា​សហរដ្ឋ​អាមេរិក នៅ​មេបញ្ជាការដ្ឋាន​រថពាស​ដែក​នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៤។

ខណៈ​ដែល​លោក​ហ៊ុន ម៉ាណែត​ ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កាលពី​សប្តាហ៍​មុន​ ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​ក៏​បាន​សម្រេច​ផ្ទេរ​កងពល​ធំ​ ​និង​កងពល​តូច​ចំនួន​៥ ដាក់​ទៅ​ចំណុះ​បញ្ជាការដ្ឋាន​ដែល​លោក​ហ៊ុន ម៉ាណែត​ ជា​អ្នក​បញ្ជា​ផ្ទាល់។​ ​អ្នក​ឃ្លាំមើល​សង្គម​ ​និង​នយោបាយ​យល់​ថា ​នេះ​ជា​ការ​ផ្ទេរ​អំណាច​ដើម្បី​ត្រៀម​ផ្ទេរ​តំណែង។

លោក​ទៀ បាញ់​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​បាន​សម្រេច​ផ្ទេរ​កងពល​ទ័ព​សំខាន់ៗ​ចំនួន​៥ ឲ្យ​ស្ថិត​ក្រោម​ចំណុះ​ផ្ទាល់​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ ​ដែល​មាន​លោក​ហ៊ុន ម៉ាណែត​ ​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ជា​អ្នក​គ្រប់គ្រង។​ ​នេះបើ​យោង​តាម​ប្រកាស​ដែលត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ។​

សេចក្តី​ប្រកាស​របស់​លោក​ ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ចុះ​នៅ​ថ្ងៃ​ទី៦​ ​ខែ​កញ្ញា ឆ្នាំ​២០១៨​ ស្តីពី​ការ​កែ​សម្រួល​ ផ្ទេរ​ក្របខណ្ឌ​អង្គភាព​កងពល​ធំ​អន្តរាគមន៍​ ​និង​កងពល​តូច​អន្តរាគមន៍​ពី​អគ្គបញ្ជា​ការដ្ឋាន​មក​ចំណុះ​ក្រោម​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​គោក​ផ្ទាល់​នោះ លោក​ទៀ បាញ់ បាន​សម្រេច​ផ្ទេរ​កងពល​ចំនួន​៥ ឲ្យ​ទៅ​ស្ថិត​ក្រោម​ចំណុះ​គ្រប់គ្រង​ផ្ទាល់​របស់​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក។​

កងពល​ទាំង​៥​នោះ​ ​រួម​មាន​កង​ពល​ធំ​អន្តរាគមន៍​លេខ​២​ ​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ ​កង​ពល​តូច​អន្តរាគមន៍​លេខ១​ ​កងពល​តូច​ទ័ព​ពិសេស​ឆ័ត្រ​យោង​៩១១​ ​និង​កង​ពល​តូច​លេខ​៧០។

ការ​សម្រេច​ផ្ទេរ​កង​ពល​ទាំង​នេះ​ធ្វើ​ឡើង​ ក្នុង​ថ្ងៃ​ដែល​លោក​ហ៊ុន ម៉ាណែត​ ​កូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជា​ការ​កងទ័ព​ជើងគោក​ ​មាន​ន័យ​ថា​ ​លោក​ហ៊ុន ម៉ាណែត នឹង​គ្រប់គ្រង​កង​ពល​ទាំង​អស់​នោះ​ដោយ​ផ្ទាល់។

លោក​ឈុំ សុជាតិ​ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​សម្រេចផ្ទេរ​កង​ពល​អន្តរាគមន៍​ទាំង​៥​នោះ​ទៅ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក គឺ​ជា​ការ​កែ​ទម្រង់​ដើម្បី​ឲ្យ​ការ​គ្រប់​គ្រង​កង​ទ័ព​កាន់តែ​មាន​ប្រសិទ្ធភាព។​ ​ទោះយ៉ាង​ណា​ ​លោក​មិន​បញ្ជាក់​ថា​ ​តើ​ក្នុង​កង​ពល​ទាំង​នោះ​មាន​កង​ទ័ព​ចំនួន​ប៉ុន្មាន​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖

«ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​ ​ឬ​ប្រទេស​ជឿនលឿន​ គេ​ធ្វើអីចឹង។​ ​គេ​ឲ្យ​កង​ទ័ព​ជើង​គោក​ហ្នឹង​កាន់​កងទ័ព​ ​ក្តោប​ក្តាប់​កង​ពល​ទាំងអស់​ហ្នឹង​ ធ្វើ​យ៉ាង​ម៉េច​ឲ្យទៅ​តាម​លក្ខណៈ​ប្រព័ន្ធ​នៃ​ការ​ចាត់​តាំង។​ ​ភាគ​ច្រើន​កង​ទ័ព​ក្នុង​ប្រទេស​ភាគ​ច្រើន ​គេ​ធ្វើ​អីចឹង។​ ​យើង​មាន​ឱកាស​ក្នុង​ការ​ធ្វើ​បាន​ពេល​ហ្នឹង​ ព្រោះ​កន្លងមក​យើង​ជាប់​រវល់​ការងារ​ ​ហើយ​ពេល​នេះ​យើង​មាន​លក្ខណៈ​ពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង​បទ​បញ្ជា​ ​យើង​អាច​ផ្លាស់​ប្តូរ​ ​ធ្វើ​តាម​លក្ខណៈ​នៃ​បទ​បញ្ជា​របស់​យើង។ គ្មាន​អី​ប្លែក​ទេ​ រឿង​ហ្នឹង»។​

កាលពី​ថ្ងៃ​ទី៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​ព្រះ​មហាក្សត្រ​កម្ពុជា​ ​ព្រះបាទ​ ​នរោត្តម ​សីហមុនី​ បាន​តែងតាំង​លោក​ហ៊ុន ម៉ាណែត​ ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក​ ជំនួស​នាយ​ឧត្តម​សេនីយ៍​ ​មាស សុភា​ ​ដែល​ត្រូវ​បាន​តែងតាំង​ជា​ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស។

ក្រៅពី​ទើប​ត្រូវ​បាន​តែងតាំង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក​ ​លោក​ហ៊ុន ម៉ាណែត ក៏​ជា​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យុទ្ធពល​ខេមរ​ភូមិន្ទ​ ​និង​ជា​មេ​បញ្ជាការ​កង​អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម​ផង​ដែរ។

លោក​ឯម សុវណ្ណារ៉ា​ ​អ្នកវិភាគ​សង្គម​ ​និង​នយោបាយ​ បាន​លើកឡើង​ថា​ ​ការ​ផ្ទេរ​កង​ពល​ទាំង​៥​ទៅ​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ហ៊ុន ម៉ាណែត គឺ​ជា​ការ​ពង្រីក​អំណាច​ ​និង​ការ​គ្រប់គ្រងដើម្បីទប់ស្កាត់​ការ​ប្រឆាំង​ណាមួយ​ដែល​អាច​កើត​ចេញ​ពីកង​កម្លាំង​ប្រដាប់​អាវុធ។​ ​លោក​បន្ថែម​ថា​ ​ការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី​បែប​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ការ​ផ្ទេរ​តំណែង​ជា​លក្ខណៈ​គ្រួសារ។​

លោក​បញ្ជាក់​ថា៖​

«ជាទូទៅ​អា​នេះ​ គឺនៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ​មួយៗ​ដែល​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ​កូន​ចៅ​ហ្នឹង​ ​គឺ​ថា ​គេ​រៀប​យន្តការ​សម្រាប់​អ្នក​ស្នង​មរតក​ ​ស្នង​អំណាច​ទៅ​ថ្ងៃ​ខាង​មុខ។​ ​អីចឹងយន្តការ​នេះ​ ​បើ​យើង​មើល​ក្របខណ្ឌ​អន្តរជាតិ​ វា​ខុស​ពី​គោល​ការណ៍​រក្សា​តុល្យភាព​អំណាច​នៅ​ក្នុង​សង្គម»។​

លោក​ហ៊ុន ម៉ាណែត​ បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​បណ្ឌិត​សភា​យោធា​ West Point ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩៩​ ​ហើយ​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​ Bristol​ ​របស់​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​២០០៧។

លោកហ៊ុន ម៉ាណែត កូនប្រុស​ច្បង​ដ៏​លេចធ្លោក្នុង​ចំណោម​កូន​ប្រុស​ទាំង​បី​រូប​ក្នុង​គ្រួសារ​របស់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍​រូប​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​បន្ត​តំណែង​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ជា​ឪពុក៕

XS
SM
MD
LG