លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃពុធនេះ បានប្រកាសជាសាធារណៈថា លោកនឹងមិនធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិន ទីដែលកូរ៉ូណាវីរុសប្រភេទថ្មីបានសម្លាប់មនុស្សជិត៥០០នាក់នោះទេ ដោយលោកថា ក្រសួងការបរទេសចិនមិនអាចរៀបចំការធ្វើដំណើរនេះបាន។ ក៏ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីចិន Xi Jinping បានឲ្យលោកបានទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងជំនួសវិញ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា «ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរអំពីការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី ៥ កុម្ភៈ នេះគឺជាដំណើរទស្សនកិច្ចការងារដែលខ្ញុំគ្រោងនឹងជួប លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង... និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង...មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ»។
លោក ហ៊ុន សែន ដែលបានបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសកូរ៉េខាងត្បូង បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់លោក ពីមូលហេតុដែលលោកត្រូវផ្លាស់ប្តូរគម្រោងរបស់លោកដែលគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅ ទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដើម្បីទៅសួរសុខទុក្ខនិស្សិតខ្មែរ ២៣នាក់ដែលកំពុងជាប់នៅទីនោះ។
លោកបានសរសេរបន្ថែមថា៖ «...យប់មិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថា មិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំ ទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះ បានប្រកាសភាពអាសន្ន បិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ»។
បន្ទាប់ពីមានការផ្ទុះមេរោគរលាកសួតថ្មីនេះ រដ្ឋាភិបាលចិនបានបិទមិនឲ្យមានការធ្វើដំណើរចេញចូលឬឆ្លងកាត់ទីក្រុងវូហាននេះទេ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមរបស់កូរ៉ូណាវីរុសប្រភេទថ្មី។ ហើយកាលពីចុងខែមករា អង្គការសុខភាពពិភពលោកបានសម្រេចប្រកាសអាសន្នជាសាកលថា ជំងឺរលាកសួតដែលបង្កដោយកូរ៉ូណាវីរុសថ្មី ជា«កង្វល់របស់ពិភពលោក»។
ការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) អនុញ្ញាតឱ្យប្រទេសជាសមាជិករបស់អង្គការអន្តរជាតិនេះចាត់វិធានការដូចជា ការបិទព្រំដែនរបស់ពួកគេ ការបិទជើងហោះហើរ និងចាត់វិធានការត្រួតពិនិត្យនានា ដើម្បីការពារការរីករាលដាលពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជានឹងមិនជម្លៀសនិស្សិតខ្មែរ និងមន្ត្រីអ្នកការទូតចេញពីក្រុងវូហានទេ ហើយក៏គ្មានការបិទជើងហោះហើរពីចិនផងដែរ។
មកដល់ពេលនេះ កូរ៉ូណាវីរុសប្រភេទថ្មី (2019-nCoV) បានសម្លាប់មនុស្សជាង ៤០០នាក់ ហើយអ្នកដែលឆ្លងមេរោគនេះ មានចំនួនជាង ២ម៉ឺននាក់ ខណៈដែលមេរោគនេះបានឆ្លងរាលដាលហួសពីប្រទេសចិន ទៅដល់ជិត៣០ប្រទេស។
នៅមុនការចាកចេញរបស់លោកហ៊ុន សែនទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិន ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដោយបញ្ជាក់ថាគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែនទៅកាន់ទីក្រុងប៉េកាំង គឺ៖ «ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នាលើការរីករាលដាលឆ្លងកូរ៉ូណាវីរុស ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួនដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈប្រជាមានិតចិន»។
ក្នុងដំណើរទៅកាន់ទីក្រុងប៉េកាំងលើកនេះ លោក ហ៊ុន សែននឹងត្រូវអមដំណើរដោយមន្ត្រីជាន់ខ្ពស់កម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយបានប្រាប់VOA នៅពុធនេះថា ប្រមុខរដ្ឋាភិបាលកម្ពុជាមានហេតុផលពីរយ៉ាង នៅពីក្រោយការធ្វើដំណើរទៅប្រទេសចិន។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាចង់បង្ហាញពីចំណងមិត្តភាពរឹងមាំរវាងចិន និងកម្ពុជា ក្នុងពេលចិនកំពុងប្រឈមនឹងមេរោគកូរ៉ូណាថ្មី ហើយនិងបន្សាបការអាក់អន់ចិត្តរបស់សាធារណជនខ្មែរ ចំពោះវិធានការរបស់លោកដែលមិនព្រមយកនិស្សិតខ្មែរចេញពីទីក្រុងវូហាន។
«អ៊ីចឹងក្នុងហ្នឹង វានឹងអាចធើ្វឲ្យប្រមុខរដ្ឋាភិបាលហ្នឹង ហាក់ដូចជាមានការខឹងសម្បារ ហើយចង់យកឈ្នះ គាត់មិនឲ្យនិស្សិតហ្នឹងវិលមកស្រុកខ្មែរវិញទេ ក៏ប៉ុន្តែគាត់នឹងធ្វើដំណើរទៅសួរសុខទុក្ខនិស្សិត ទៅដល់កន្លែងតែម្តងបាទ ខ្ញុំមើលទៅវាមានមូលហេតុពីរហ្នឹងដែលធ្វើឲ្យគាត់សម្រេចចិត្តទៅ»។
អ្នកវិភាគរូបនេះផ្តល់ការពន្យល់ទៀតថា អ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកំពុងធ្វើនោះ គឺជាការរកចំណេញខាងនយោបាយដើម្បីការពារអំណាចរបស់លោកតែប៉ុណ្ណោះ។
«ចឹងឲ្យតែរក្សាអំណាចហ្នឹងបានទៅ មិនសូវជាបានគិតអំពីការខាតបង់អីប៉ុន្មានទេ គឺធ្វើម៉េចឲ្យតែអ្នកដែលធ្លាប់ធ្វើគុណមកលើយើងហ្នឹងគេសប្បាយចិត្ត... គឺចរិតអ្នកដឹកនាំខ្មែរយើង ឃើញមកមិនមែនទើបជំនាន់នេះ តាំងពីជំនាន់ដើមមកបាទ»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅថ្ងៃពុធនេះ៕