ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​ការ​បរទេស​របប​ភូមា​ចូល​ប្រជុំ​ឧត្ដម​មន្ត្រី​អាស៊ាន​តែ​នឹង​មិន​ចូល​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​


មន្ត្រី​ការទូត​នៃ​ក្រសួង​ការ​បរទេស​របប​សឹក​ភូមា​បាន​ចូល​រួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រី​ការបរទេស​អាស៊ាន​តាម​វីដេអូ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដែល​កម្ពុជា​រៀបចំ​តែ​នឹង​មិន​ចូល​រួម​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ឡើយ។ ​នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា។​

ក្រុម​ឧត្ដម​មន្ត្រី​ក្រសួង​ការ​បរទេស​នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​បាន​ជួប​ជុំ​គ្នា​នៅ​សណ្ឋាគារ​សូហ្វីតែល​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ដើម្បី​ត្រៀម​រៀបចំ​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។​

លោក ​ជុំ សុន្ទរី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ប្រាប់​វីអូអេ​ថា៖ ​«ឧត្ដម​មន្ត្រី​មីយ៉ាន់ម៉ា​បាន​ចូល​រួម​កិច្ច​ប្រជុំ​ឧត្ដម​មន្ត្រី​[អាស៊ាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ]​តាម​ប្រព័ន្ធ​អន​ឡាញ​តែ​មិន​ចូល​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ឡើយ»។​

ក្រោយ​ពី​មាន​ភាព​ចម្រូងចម្រាស​អាស៊ាន​បាន​បន្ត​ហាម​ប្រាម​មិន​ឱ្យ​មេ​ដឹកនាំ​និង​ប្រមុខ​ការ​ទូត​របប​សឹក​ភូមា​ចូលរួម​ប្រជុំ​កម្រិត​នយោបាយ​ទេ​ ក្រោម​ហេតុ​ផល​កង្វះ​វឌ្ឍន​ភាព​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​រវាង​អាស៊ាន​និង​របប​សឹក​នេះ។​

អាស៊ាន​ដែល​មាន​កម្ពុជា​ជា​ប្រធាន​បាន​អនុលោម​តាម​បណ្ដា​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​ជុំវិញ​សមាសភាព​ចូលរួម​នៃ​របប​សឹក​ភូមា​ត្រឹម​កម្រិត​«តំណាង​មិន​មែន​នយោបាយ»។​

របប​សឹក​ភូមា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ មន្ត្រី​កម្រិត​មិន​មែន​នយោបាយ​នៅ​ក្រសួង​ការ​បរទេស​របស់​ខ្លួន​នឹង​មិន​ចូល​រួម​ប្រជុំ​កម្រិត​រដ្ឋមន្ត្រី​នោះ​ទេ។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ​ក៏​បាន​អះអាង​ថា​ វិធី​សាស្រ្ត​រឹង​ពេក​នឹង​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឡើយ​បើ​ទោះ​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅ​១០​ឆ្នាំ​ទៀត​ក៏​ដោយ។​

របប​សឹក​ភូមា​បាន​ចូល​កាន់​អំណាច​ក្រោយ​រដ្ឋ​ប្រហារ​នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២១​ហើយ​អំពើ​ហិង្សា​ក្រោយ​រដ្ឋ​ប្រហារ​នោះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​១.៥៥៣​នាក់​ស្លាប់​និង​ជាង​១​ម៉ឺន​នាក់​ត្រូវ​បាន​របប​សឹក​ចាប់​ឃុំ​ខ្លួន។​ នេះ​បើ​តាម​អ្នក​ឃ្លាំ​មើល៕

XS
SM
MD
LG