ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន​ សែន ​ថា​ ម៉ាឡេស៊ី​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការ​ប៉ះពាល់​ដល់​កិត្តិយស​កម្ពុជា​រឿង​កូរ៉ូណា​វីរុស


លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទាមទារ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​បកស្រាយ​និង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​«ខាតបង់​កិត្តិយស»ដែល​កើត​ឡើង​ដោយសារ​ប្រទេស​នេះ​បាន​រកឃើ​ញ​ភ្ញៀវ​ទេសចរ​លើនាវា Westerdam ម្នាក់​ដែល​ធ្វើ​ដំណើរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​មាន​ផ្ទុក​វីរុស​កូរ៉ូណា Covid-19។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​រៀបចំ​កិច្ច​ប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​នៅ​វិមាន​សន្តិភាព រាជធានីភ្នំពេញ ជាមួយ​នឹង​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​នៅ​កម្ពុជា​ផ្សេងៗ​ទៀត ទាក់ទិន​នឹង​ស្ថានភាព​ថ្មីៗ​ចុងក្រោយ​ ដែល​មាន​រយៈពេល​ជិត​ប្រាំ​ម៉ោង។

នៅ​ក្នុង​ការ​ថ្លែង​ដែល​មាន​រយៈពេល​វែង​ខុស​ពី​ធម្មតានិង​បាន​ផ្សាយ​ផ្ទាល់​នៅ​គណនី​ហ្វេស​ប៊ុក​របស់​លោកលោក​ ហ៊ុន សែន​ ​បាន​ទាមទារ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ទទួល​ខុស​ត្រូវ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ប្រកាស​ថា​រក​ឃើញ​ថា​ មាន​អ្នក​ជំងឺ​ឆ្លង​វីរុស​Covid-19 វ័យ​៨៣ឆ្នាំ​ម្នាក់​ដែល​ចុះ​ពី​នាវា​កម្សាន្ត Westerdam ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក​បាន​ថ្លែង​ថា​៖ «បញ្ហា​នេះ​បាន​ដាក់​បន្ទុក​ឲ្យ​យើង​នៅការ​ខាត​បង់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិ​របស់​យើង។ អ្នក​ខ្លះ​គិត​ថា​ រឿង​នេះ​ជា​រឿង​ស្រាល​ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​របស់​យើង​មិន​គិត​រឿង​នេះ​ជា​រឿង​ស្រាល​ទេ»។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​នៃ​សុខភាព​ម៉ាឡេស៊ី ស្ត្រី​ជនជាតិ​អាមេរិកាំង​អាយុ​៨៣​ឆ្នាំ​នោះ​ត្រូវ​បាន​ធ្វើតេស្ត​ Covid-19 វិជ្ជមាន​ពីរដង ​តាម​ការ​ស្នើ​ពី​ភាគី​កម្ពុជា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh។ ប៉ុន្តែ​ស្ថានភាព​ស្ត្រី​ជនជាតិ​អាមេរិកាំង​វ័យ​ចំណាស់រូប​នេះ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​៧២​ម៉ោង​ដោយ​បង្ហាញ​លទ្ធផល​តេស្តCovid-19 អវិជ្ជមាន។

រដ្ឋាភិបាល​កម្ពុជា​ថា​ លទ្ធផល​ពិនិត្យ​នោះ​បង្ហាញ​ពី​«ភាព​មិនប្រក្រតី» ហើយ​វា​បាន​បង្ក​ឲ្យ​មាន​ភាព​«ភ័ន្ត​ច្រឡំនិង​ភ័យ​ខ្លាច» និង​«ការ​រើង​អើង» ចំពោះអ្នក​ដំណើរ​នាវា Westerdam ទាំង​អស់ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ក្រសួង​សុខាភិបាល​កម្ពុជា។ ​

ក្រោយ​ពី​ប្រទេស​ម៉ាឡេស៊ី​បាន​រក​ឃើញ​ថា​ មាន​អ្នក​ដំណើរ​នៃ​នាវា​ Westerdam មាន​ផ្ទុក​វីរុស Covid-19មក​ ប្រទេស​ក្នុង​អាស៊ី​មួយ​ចំនួន​ដូចជា​ថៃ សិង្ហបុរី និង​ម៉ាឡេស៊ី​ ផងនោះ​បាន​មិន​អនុញ្ញាត​ឲ្យអ្នក​ដំណើរ​នៃ​នាវា​ Westerdam ធ្វើ​ការ​ផ្លាស់ប្តូរ​ជើង​ហោះ​ហើរ​នៅ​ក្នុង​ប្រទេស​ខ្លួន​ឡើយ។ ​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន​ថា​ លោក​អាណិត​ភ្ញៀវ​ទេសចរ​នាវា Westerdam ដែល​មិនអាច​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​បាន​ភ្លាមៗ​ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​ប្រទេស​ម៉ាឡេស៊ី​នោះ។

លោក​បាន​ថ្លែង​ថា៖ «ហើយ​ធ្ងន់ធ្ងរ​ជាង​ហ្នឹង​ទៀត​ដោយសារ​តែ​ម៉ាឡេស៊ី​ប្រកាស​ អ្នក​ដែល​នៅ​លើ​កប៉ាល់​ត្រូវ​បន្ត​នៅ ២៤០​នាក់ជាង ដែលគួរ​ឲ្យ​អាណិត គួរ​ឲ្យ​អាណិត ដោយសារ​អី? ដោយសារ​ម៉ាឡេស៊ី​ប្រកាស»។

លោក​បន្ថែម​ថា៖«ម៉ាឡេស៊ី​ត្រូវ​ទទួល​ខុសត្រូវ​នូវ​វិបត្តិមនុស្ស​ធម៌​មួយ​នេះ។ ហើយ​និង​កិត្តិយស​របស់​កម្ពុជា»។

លោក ​ហ៊ុន សែន​ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការ​បរទេស​លោក ​ប្រាក់​ សុខុន ជួប​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​«បំភ្លឺ»លើ​ករណី​នេះ​ផង​ដែរ។ ជាង​នេះ​ទៅទៀត លោក ​ហ៊ុន​ សែន ​បាន​បដិសេធ​នឹង​ការ​រិះគន់​ដែល​ថា ​ការ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា​កម្សាន្ត​ខ្នាត​ធំ​ Westerdam ចូល​ចត​ដើម្បី​ហេតុផល​នយោបាយ​។

លោក ​ហ៊ុន ​សែន​ និយាយ​ថា៖ «ខ្ញុំ​អត់មាន​ត្រូវ​ការ​ប្រើប្រាស់​មធ្យោបាយ​មនុស្ស​ធម៌ ដើម្បី​តម្រូវ​ចិត្ត​ដើម្បីទិញ​ចិត្ត​អ្វី​ម្យ៉ាង​នោះទេ។ ប៉ុន្តែ​បើគេ​មើល​ឃើញ​ថា ​អាហ្នឹង​វា​ល្អ​គេ​ផ្តល់​ការ​គាំទ្រ អាហ្នឹង​ជា​ហេតុ​ផល​សមរម្យរបស់​គេ»។

វីអូអេ​បាន​ទូរស័ព្ទ​និង​ផ្ញើ​សារ​អេឡិចត្រូនិក​ឬ​អ៊ីម៉ែល​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​សុំ​ការ​បកស្រាយប៉ុន្តែ​ មិន​ទាន់​ការ​ឆ្លើយ​តប​នោះទេ។

កម្ពុជា​បាន​បន្ត​ធ្វើ​តេស្ត​ភ្ញៀវ​ទេសចរ​ដែល​នៅ​សេស​សល់​និង​នាវិក​ជាង​១៥០០នាក់​ដោយ​លទ្ធផល​បង្ហាញ​ថា មិនមាន​អ្នក​ណា​ផ្ទុក​មេរោគ​នេះ​ឡើយ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន។ នាវា​កម្សាន្ត​ខ្នាត​ធំ Westerdam បាន​ចាក​ចេញពី​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​កាល​ពី​ចុង​សប្តាហ៍​មុន​ហើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG