ប្រធានគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោល គឺលោក កឹម សុខា នៅថ្ងៃពុធនេះ បានអំពាវនាវសាជាថ្មីឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក។
លោក កឹម សុខា ត្រូវបានចាប់ខ្លួន នាពេលរាត្រីថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧។ មកទល់ពេលនេះ លោកត្រូវបានដាក់ឲ្យនៅក្រៅឃុំ តែសវនាការលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក នៅតែបន្តអូសបន្លាយ។
នៅថ្ងៃពុធនេះ លោកបានបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុកថា៖ «រហូតមកដល់ថ្ងៃនេះ អស់រយៈពេលបីឆ្នាំហើយ ដែលខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។
លោក កឹម សុខា បន្ថែមថា៖ «កាលៈទេសៈនេះខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយខ្ញុំគួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺជីវភាពប្រជាពលរដ្ឋខ្មែរ ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក»។
សាររបស់លោក កឹម សុខា បន្តទៀតថា ឆ្លងតាមសវនាការនៅតុលាការកន្លងមក លោកមើលឃើញថាមិនមាន «ភស្តុតាងដាក់បន្ទុកជាក់លាក់និងគ្រប់គ្រាន់» ក្នុងការចោទប្រកាន់លើរូបលោកឡើយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិនិងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះនិងទៅអនាគត»។
សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីចុងខែមិថុនា ដោយក្រុមមន្ត្រីលើកឡើងថា ជាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំង និងលើកលែងការឃុំនៅផ្ទះនោះ ត្រូវបានគេឃើញថា បានចេញដំណើរទៅទស្សនកិច្ចនៅតាមខេត្តជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម ទោះបីលោកត្រូវតុលាការព្រមានដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការក្ដី៕