លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះឲ្យដឹងថា«មានលទ្ធភាពជាច្រើន»ដែលលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានិងជជែកជាមួយលោក Min Aung Hlaing មេដឹកនាំយោធាដែលធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រជាធិបតេយ្យកាលពីដើមខែកុម្ភៈឆ្នាំ២០២១។
នៅក្នុងពិធីសម្ពោធសមិទ្ធផលផ្លូវដែលជាជំនួយរបស់ចិនក្នុងខេត្តព្រៃវែងលោក ហ៊ុន សែន ថ្លែងថាលោកនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ានៅថ្ងៃអង្គារទី៧ខែធ្នូនៅរាជធានីភ្នំពេញដែលលោកថាលោកចង់ស្តាប់ដោយផ្ទាល់ពីរដ្ឋមន្រ្តីការបរទេសរូបនោះ។ លោកបន្ថែមថាមានតែធ្វើការជាមួយមេដឹកនាំមីយ៉ាន់ម៉ាទេទើបអាចរកដំណោះស្រាយបាន។
លោក ហ៊ុន សែន ថ្លែងថា៖ «បើមិនធ្វើការជាមួយមេដឹកនាំមីយ៉ាន់ម៉ាតើទៅធ្វើជាមួយអ្នកណា? អ៊ីចឹងមិនចាំបាច់អ្នកណាមកតិទៀនកម្ពុជាទេ។ កម្ពុជាចេះធ្វើកិច្ចការខ្លួនឯង»។
លោក ហ៊ុន សែន ដែលនឹងធ្វើជាប្រធានអាស៊ាននៅដើមឆ្នាំ២០២២បន្តថាកម្ពុជាមិនទៅណាឆ្ងាយហួសពីគោលការណ៍រួមនិងធម្មនុញ្ញអាស៊ានឡើយក្នុងនោះមាន«ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»បើទោះព្យាយាមធ្វើការជាមួយអ្នកកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា។លោកបន្ថែមថាពេលនេះជាពេលត្រូវ«ពង្រឹងអាស៊ានឡើងវិញ»ខណៈមេដឹកនាំមីយ៉ាន់ម៉ាមិនបានប្រកាសផ្តាច់ខ្លួនចេញពីអាស៊ានបើទោះមិនបានចូលរួមកិច្ចប្រជុំអាស៊ានក៏ដោយ។
កាលពីខែតុលាឆ្នាំ២០២១មេដឹកនាំអាស៊ានបានសម្រេចមិនឲ្យមេដឹកនាំយោធាភូមាចូលរួមក្នុងជំនួបកំពូល។ចំណែកកាលពីខែមេសាមេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាភូមាផងដែរបានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ៥ចំណុច។ ទី១ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត។ ទី២កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី៣ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី៤ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី៥ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
គួរបញ្ជាក់ថាមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពីតំណែង៕