រដ្ឋាភិបាលកម្ពុជានឹងបញ្ជូនអ្នកទោសដែលជាជនជាតិឡាវ និងថៃដែលជាប់ពន្ធនាគារនៅកម្ពុជាទៅប្រទេសទាំងពីរវិញ ដែលការរៀបចំនេះនឹងធ្វើឡើងនៅមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីឡាវ ក្នុងទីក្រុងវៀងច័ន្ទន៍ កាលពីថ្ងៃចន្ទ នៅពេលលោកទៅបំពេញទស្សនកិច្ចនៅទីនោះ។
លោក ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា៖ «កម្ពុជានឹងប្រគល់អ្នកទោសជនជាតិឡាវ និងថៃ ដែលជាប់ពន្ធនាគារនៅកម្ពុជាទៅឱ្យប្រទេសទាំងពីរនេះវិញ នៅមុនបុណ្យចូលឆ្នាំថ្មី ខណៈដែលកម្ពុជា ឡាវ និងថៃមានមហាសង្ក្រាន្តក្នុងពេលតែមួយរួមគ្នា»។
លោក ហ៊ុន សែន ក៏បានជំរុញឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសហការជាមួយអាជ្ញាធរនៃប្រទេសថៃ និងឡាវដើម្បីពន្លឿនកិច្ចការនេះឲ្យបានឆាប់។
លោក ហ៊ុន សែន ថ្លែងបែបនេះ នៅពេលលោកធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក សន សៃស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសឡាវក៏មានការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និងទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនដែលរួមមាន៖ នយោបាយ-សន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា នេះគឺជាការផ្ទេរអ្នកទោសទៅប្រទេសរបស់ខ្លួនវិញ ប៉ុន្តែពួកគេនៅបន្តជាប់ឃុំដដែល។ លោកបញ្ជាក់ថា អ្នកទោសជាជនជាតិថៃកំពុងជាប់ពន្ធនាគារនៅកម្ពុជា មានចំនួន១០៩នាក់ ហើយជនជាតិឡាវមានចំនួន៧៥នាក់។
បើតាមលោក នុត សវនា បទល្មើសដែលអ្នកទោសជនជាតិឡាវ និងថៃ បានប្រព្រឹត្តនៅលើទឹកដីកម្ពុជាភាគច្រើនពាក់ព័ន្ធនឹងបញ្ហាជួញដូរគ្រឿងញៀន៕