ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​បន្ត​ជំរុញ​រដ្ឋាភិបាល​ឲ្យ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន


រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរសព្ទ​ស្មាតហ្វូន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)
រូបឯកសារ៖ បុរស​ម្នាក់​កំពុង​ប្រើ​ទូរសព្ទ​ស្មាតហ្វូន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨។ (REUTERS/Samrang Pring)

ក្រុមអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មូលដ្ឋានមួយចំនួន នៅថ្ងៃសុក្រនេះ បានចូលរួមពិភាក្សាជាមួយក្រសួងព័ត៌មានពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយពួកគេបន្តជំរុញរដ្ឋាភិបាលឲ្យអនុម័តច្បាប់នេះឲ្យកាន់តែឆាប់។

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ​និង​អ្នក​សារព័ត៌មាន​ក្នុង​ការ​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​របស់​រដ្ឋាភិបាល ហើយ​ស្ថាប័ន​រដ្ឋ​មាន​តួនាទី​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន និង​ទិន្នន័យ​ជា​សាធារណៈ។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ខេមបូចា លោក​ ណុប វី ប្រាប់​វីអូអេ​ថា​ ជំនួប​ពិភាក្សា​ជាមួយ​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ​លោក មាស សុភ័ណ្ឌ ​ផ្តោត​លើដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ពិនិត្យ​មើល​ថា​តើ​មាន​ចំណុច​ឬ​ចន្លោះ​ប្រហោងណា​មួយ​ ដែល​អង្គការ​សង្គម​ស៊ីវិល​អាច​ចូលរួម​ចំណែក​បំពេញបន្ថែម​ឬ​ទេ។

លោក​ ណុប វី បញ្ជាក់ថា​ អង្គការ​សង្គម​ស៊ីវិល​ស្ម័គ្រ​ចិត្តផ្តល់​ការ​ពន្យល់​បន្ថែម​ជុំវិញ​ចំណុច​ដែល​ត្រូវ​បាន​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់ កាល​ពី​ពេល​កន្លង​មក។

លោក​ថ្លែង​ថា៖ «ត្រង់​ចំណុច​នេះ​ ក្រសួង​លើក​ឡើង​អំពី​ថា ​រាល់​យោបល់​ដែល​សង្គម​ស៊ីវិល​យើង​បាន​ដាក់​បញ្ចូល ឬ​ឯកភាព​ពី​មុន​ហ្នឹង​គឺ​មិន​ប្រាកដ​ថា​នៅ​តែ​ត្រូវ​បាន​រក្សា​ដដែល។ អ៊ីចឹង​ចំណុច​នេះ​យើង​ទទូច​ឲ្យ​មានការ​ពិភាក្សា ការ​បង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​ថែម​ទៀត​រវាង​អង្គការ​សង្គមស៊ីវិល និង​ក្រសួង​ ដើម្បី​ឲ្យ​យើង​មាន​លទ្ធភាព​ពន្យល់​ទៅ​ក្រសួង​ពាក់ព័ន្ធ​អំពី​មូលដ្ឋាន​នៃ​ការ​ស្នើ​របស់​យើង​ទៅ​ក្នុង​ខ្លឹម​សារ​នៃ​សេចក្តី​ព្រាង​ដើម​ដែល​ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​និង​ក្រសួង​ព័ត៌មាន»។

បើ​តាម​លោក ណុប វី នៅ​ក្នុង​ជំនួប​នោះ មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មានកំពុង​រង់​ចាំ​ការ​សម្រេច​ពី​ថ្នាក់​ដឹកនាំ​ក្រសួង​ព័ត៌មាន និង​ក្រសួង​យុត្តិធម៌​ ​ក្រោយ​ពី​ដំណាក់​កាល​ត្រួត​ពិនិត្យ​ដោយ​ក្រុម​បច្ចេកទេស​បាន​បញ្ចប់។

លោក​ ណុប វី​ ក៏​បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១២ ខែ​កក្កដា ឆ្នាំ​ ២០២២ អង្គការ​សង្គម​ស៊ីវិល​គ្រោង​ជួប​ជាមួយ​គណៈកម្មាការ​ទី​៥​នៃ​រដ្ឋសភា​ជាតិ ដើម្បីពិភាក្សា​ពីដំណើរការ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ផង​ដែរ។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ យល់​ថា​ ក្រោយ​ពី​ការ​ជជែក​ពិភាក្សា អង្គការ​សង្គម​ស៊ីវិល​យល់​ថា​រដ្ឋាភិបាល​ហាក់​ដូចជា​មិន​បាន​បង្ហាញ​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ទទួល​យក​សំណូម​ពរ​ពី​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

លោក​ថ្លែង​ថា៖ «តែ​គ្រាន់​តែ​អ្វី​ដែល​គាត់​ប្រាប់​មក​យើងវិញ​នោះ​គឺ​ ហាក់​ដូច​ជា ថា​កុំ​រំពឹង​ថា​ធាតុ​ចូល​របស់​យើង​ទាំង​អស់​ហ្នឹង​ ត្រូវ​បាន​ដាក់​ចូល​សេចក្តី​ព្រាង​ច្បាប់​ទាំងអស់​ហ្នឹង។ ចំណុច​មួយ​ទៀត គឺ​ធម្មតា​នៅ​ពេល​ដែល​គាត់​ព្យាយាម​ពន្យល់​អ្វី​ដែល​គាត់​កំពុង​ធ្វើ សម្រាប់​យើង​ ហាក់​ដូចជា​សញ្ញាណ​មួយថា​គាត់​ដូច​ជា​មិន​មាន​បំណង​ក្នុង​ការ​ទទួល​យក​ទៅ​តាម​សំណូម​ពរ​ ឬ​ក៏​ធាតុ​ចូល​ដែល​យើង​ដាក់​ស្នើ​ឲ្យ​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង​ទេ»។

អនុរដ្ឋលេខាធិការ​និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មានលោក មាស សុភ័ណ្ឌ ប្រាប់​វីអូអេ​តាម​ប្រព័ន្ធសារ​តេឡេ​ក្រាម​ថា ​ការ​លើក​ឡើង​ថា​ ក្រសួង​មិន​បាន​បង្ហាញ​បំណង​ឬ​ឆន្ទៈ​ទទួល​យក​សំណើ​ធាតុ​ចូល​ ឬ​មតិ​យោ​បល់​ផ្សេង​ពី​អង្គការ​សង្គមស៊ីវិល​ជា​រឿង «មិន​សម​ស្រប​ទាល់​តែ​សោះ»។

លោក​បន្ត​ថា​ កន្លង​មក​ ក្រសួង​ព័ត៌​មាន​តែងបើក​ទូលាយ​ចំពោះ​ការ​ចូលរួម​ផ្តល់​ធាតុ​ចូល​និង​មតិ​យោបល់​ពី​មជ្ឈដ្ឋាន​សង្គម​ស៊ីវិល​ ហើយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន។

ជុំវិញមតិ​យោបល់​កន្លង​មក​ពី​ក្រុម​អង្គម​ស៊ីវិល លោក​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ចំពោះ​មតិយោបល់​មួយចំនួនតូច​ដែល​នៅសេសសល់​ ក្រសួងព័ត៌មាន​ បាន​ពន្យល់​បកស្រាយ​ពី​ហេតុផល​ជូន​ពួក​គាត់​ជាច្រើន​លើក​ច្រើន​សារ​មកហើយ​ ប៉ុន្តែ​ពួកគាត់​នៅតែមិន​ទទួលយក​ការពន្យល់នោះទេ​ ហើយថែម​ទាំង​ចោទប្រកាន់មក​លើ​ក្រសួងព័ត៌មាន​ថា​ មិនមាន​ចេតនាទទួល​យក​មតិ​យោបល់​របស់​ពួក​គាត់​ទៅវិញ​ ដែល​នេះ​ជា​ចេតនា​មិន​ស្មោះ​ត្រង់​មួយ»។

ជំនួប​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​ព័ត៌មាន​កើត​ឡើង​ក្រោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន​ជាង​ ៣០​ អង្គការ បាន​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​មិថុនា ឆ្នាំ​ ២០២២ ស្នើ​ឲ្យ​ពន្លឿន​បញ្ចប់​ដំណើរការ​នៃ​ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដាក់​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត។

ក្រុម​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ«ហាក់​ដូច​ជា​មិន​ទាន់​មាន​ការ​វិវត្ត​ជា​វិជ្ជមាន​នៅ​ឡើយ ចាប់​តាំង​ពី​បាន​បញ្ចប់​សេចក្តី​ព្រាង​នៅ​ខែ​មករា ឆ្នាំ​ ២០១៨»។

មាត្រា ​៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ​ដែល​វីអូអេ​ទទួល​បាន​ ចែង​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារ​ណៈ ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់។​

សេចក្តី​ព្រាង​ច្បាប់​ដដែល​ឲ្យ​ដឹង​ថា​ ព័ត៌មាន​សម្ងាត់​ដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យ​មាន​ដូច​ជា ​ព័ត៌មាន​បណ្តាល​ឲ្យ​អន្តរាយ ​និង​ប៉ះពាល់​ដល់​វិស័យ​សាធារណៈ​និង​ឯក​ជន ​ឬ​បង្កអន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ ​និង​សន្តិសុខ​ជាតិ ​ដូច​ជា​ការ​នាំ​ចូល​ ការ​ផលិត​ ការ​រក្សា​ទុក ​និង​ការ​ប្រើប្រាស់​គ្រឿង​សព្វា​វុធ​គ្រប់​ប្រភេទ​ជា​ដើម។

ប្រភេទ​ព័ត៌មានដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យក៏​រួម​ទាំង​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស​ឬ​អន្តរជាតិ​ ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ជាតិ ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ការ​អនុវត្ត​ច្បាប់​និង​ការ​សម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​ ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ​និង​ដំណើរ​នៃ​ការ​តែង​តាំង​របស់​ស្ថាប័ន​សាធារណៈ ​និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់។

សេចក្តី​ព្រាង​ច្បាប់​នេះ ក៏​មាន​ចែង​ការ​ដាក់​ទោស​ទណ្ឌ​លើ​មន្ត្រី​ទទួល​បន្ទុកព័ត៌មាន​ ឬ​មន្ត្រី​ស្ថាប័ន​សាធារ​ណៈ ដែល​អាក់​ខាន​ ឬ​ក៏​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​តាម​ខ្លឹម​សារ​នៃ​ច្បាប់​នេះ៕

XS
SM
MD
LG