ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនប្រកាសចង់ឈប់កាន់អំណាច តែថាមិនមានអ្នកអាចកាន់តំណែងជំនួសលោក


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។ ​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅព្រឹកនេះប្រកាសថា លោកនឹងចុះចេញពីអំណាច ប្រសិនជាមានអ្នកជំនួសតំណែងរបស់លោកហើយថា លោកបន្តកាន់អំណាចគឺដើម្បីសន្តិភាពរបស់កម្ពុជា។

លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ នៅ​ព្រឹក​នេះ​ប្រកាស​ថា ​លោក​នឹង​ចុះ​ចេញ​ពី​អំណាច​ ប្រសិន​ជា​មាន​អ្នក​ជំនួស​តំណែង​របស់​លោក​ហើយ​ថា​ ​លោក​បន្តកាន់​អំណាច​គឺ​ដើម្បី​សន្តិភាព​របស់​កម្ពុជា។​

នៅព្រឹក​ថ្ងៃច័ន្ទ​នេះ ​លោក​ហ៊ុន សែន ​បាន​រៀបចំ​វេទិកា​ស្តីពី​ការ​ការពារ​បរិស្ថាន​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ ដោយ​លោក​បាន​អញ្ជើញ​មន្រ្តី​ទូត ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ សកម្មជន​ការពារ​បរិស្ថាន​រាប់​រយ​នាក់ ​ក្នុង​នោះ​មាន​ទាំង​សកម្មជន​សង្ឃ​ព្រះអង្គ​ប៊ុត ប៊ុនតិញ​ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន ​និង​កញ្ញា​ធី សុវណ្ណថា ​ដែល​ធ្លាប់​រិះ​គន់​លោកហ៊ុន សែន ​មិន​សំចៃ​មាត់។​

លោក​ហ៊ុន សែន ​លើកឡើង​ថា ​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ភ្លាម ​ប្រសិន​ជា​ការ​ចុះ​ចេញ​របស់​លោកអាច​នាំ​សន្តិភាព​ដល់​ប្រទេស។ ​លោក​បន្ថែម​ថា ​លោក​នឹង​នៅ​បន្ត​កាន់​អំណាច​ដើម្បី​សុខ​សន្តិភាព​របស់​ប្រទេស ​ដោយ​មិន​បោះបង់​ចោល​អំណាច​ដែល​គេ​តែង​រិះគន់​ថា​ លោក​កាន់​អំណាច​យូរ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ករុណា​ខ្ញុំ​ចង់​ចេញ​ស្អែក​ក៏​បាន​ដែរ​ អត់​បញ្ហា ​មិន​បាច់​ថា​ ដូរ ​មិន​ដូរ​ទេ។ ​ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​អី ​After Hun Sen ​(បន្ទាប់​ពី​ហ៊ុន សែន)។ ​ក្រោយ​ហ៊ុន សែន ​ជា​អ្នក​ណា?​ នេះ​ជា​បញ្ហា​ដែល​ត្រូវ​គិត។​ បើសិន​ជា​ក្រោយ​ហ៊ុន សែន​ វា​ស្រួល​ អត់​ទេ ​មួយ​អាទិត្យ​វាយ​កូន​ហ្គោល​៥​ដង​ ក៏​គ្មាន​អ្នកណា​ទៅ​ឈឺ​ក្បាល។ ​ប៉ុន្តែ​ត្រូវ​គិត​ឲ្យ​ច្បាស់»។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ​រាជធានីភ្នំពេញ។
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ ​រាជធានីភ្នំពេញ។

លោក​បន្ថែម​ថា៖​

«ការ​រក្សា​អំណាច​ដើម្បី​សុវត្ថិភាព​របស់​នគរ​ គឺជា​រឿង​មួយ​ តែ​ដណ្តើម​អំណាច​គឺ​វា​ជា​រឿង​មួយ​ទៀត។​ អ្នក​ធ្វើ​គណបក្ស​នយោបាយ​ធ្វើ​ដើម្បី​អី? ​និយាយ​ឲ្យ​ត្រង់ៗ​តែ​ម្តង​ទៅ!​ ធ្វើ​ដើម្បី​សន្លឹក​ឆ្នោត ​ហើយ​ពេល​ខ្ញុំ​ករុណា​ចុះទៅ​ដើរ​សួរ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​ គេ​ថា​ ខ្ញុំ​ចុះ​ទៅ​រក​សន្លឹក​ឆ្នោត។ ​សូម​ប្រកាស​ថា​ ខ្ញុំទៅ​រក​សន្លឹក​ឆ្នោត​និយាយ​ឲ្យ​ច្បាស់​អញ្ចឹង​តែម្តង​ទៅ!»​

លោក​ហ៊ុន សែន ​និយាយ​ថា​ លោក​ធ្វើ​ជា​រដ្ឋមន្រ្តី​ការ​បរទេស​នៅ​អាយុ​២៧​ឆ្នាំ ​និង​ជា​នាយករដ្ឋ​មន្រ្តី​នៅ​អាយុ​៣២​ឆ្នាំ។​ លោក​ថា ​លោក​ក៏​ជា​ឧត្តម​សេនីយ៍​ផ្កាយមាស​៥​ផង​ដែរ។​ លោក​ចាត់​ទុក​ថា​ ការ​កាន់កាប់​អំណាច​របស់​លោក​គឺ​ជា​ឯតទគ្គកម្ម​មួយ​ដែល​មិនមាន​អ្នកណា​អាច​បំបែក​បាន។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​យឹម សុវណ្ណ​ មាន​ប្រសាសន៍​ថា ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ជឿន​លឿន ​និង​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ ​លោក​ហ៊ុន សែន​ត្រូវ​មាន​ការ​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដ​ទៃ​ដឹកនាំ​ប្រទេស​ជំនួស។ ​លោក​ថា ​លោក​សង្ឃឹម​ទៅ​លើ​ប្រជា​ពលរដ្ឋ​តាម​រយៈ​ការ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​យុត្តិធម៌។​

រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ទៅកាន់​អ្នក​សារព័ត៌មាន នៅក្រៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)

លោក​បញ្ជាក់​ថា៖​

«បើសិន​ជា​យើង​គិត​ថា​ ផ្តោត​អារម្មណ៍​ទៅ​លើ​តែ​មនុស្ស​ម្នាក់ ​អាហ្នឹង​គឺ​ធ្វើ​ឲ្យ​យើង​មានការ​បារម្ភ​ទៅ​វិញ​ទេ។ ​ចំពោះ​ខ្ញុំ ​ខ្ញុំ​យល់​ឃើញ​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ថ្នាក់​ដឹកនាំ​ទាំង​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ ​គណបក្ស​នានា​ផ្សេង​ទៀត​ គណបក្ស​សង្គ្រោះ​ជាតិ​គឺ​យើង​អាចទៅ​ចូល​រួម​ចំណែក​ក្នុង​ការ​ចូល​ជួយ​ដឹកនាំ​ប្រទេស​បាន​ សំខាន់​គឺ​ឆន្ទៈរបស់​ប្រជារាស្រ្ត។ ​កាល​ណា​ប្រជា​រាស្រ្ត​ប្រគល់​ក្តី​សង្ឃឹម​ ប្រគល់​ជំនឿ​ទុក​ចិត្តបាន​ អាហ្នឹង​គឺ​យើង​អាច​ធ្វើ​ដំណើរ​ទៅ​បាន​ហើយ»។​

ចំណែក​លោក​មាស នី ​ អ្នក​វិភាគ​អំពី​ការ​អភិវឌ្ឍ​សង្គម ​យល់​ថា ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី ​គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច ​ដែល​មិនមាន​ធនធាន​មនុស្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស។​ លោក​បន្ថែម​ថា ​នៅ​កម្ពុជា​មាន​មនុស្ស​វ័យ​ក្មេង​ជាច្រើន​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​បាន​ប្រសើរ​ជាង​លោក​ហ៊ុន សែន។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​បាន​ខំ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​រហូត​ដល់​រាប់​លាននាក់ ​ឬ​ក៏​រាប់​សែន​នាក់​ ដែល​អាច​ស្នង ​ឬ​ក៏​បំពេញ​តួនាទី​ជា​នាយក​រដ្ឋមន្រ្តី​បាន។​ ខ្ញុំ​គិត​ថា​ ប្រទេស​ខ្មែរដែល​ដឹកនាំ​តាំងពី​ក្នុង​ប្រវត្តិ​សាស្រ្ត​មក​ដល់​នេះ ​ក៏​មិនមែន​ពឹង​តែ​លើ​មនុស្សម្នាក់ ​ហើយ​មនុស្ស​ម្នាក់​ហ្នឹង​ក៏​មិន​មាន​អាយុ​១០០​ ឬ​២០០​ឆ្នាំ​ដែរ​ តែង​តែមាន​ការ​ផ្លាស់​ប្តូរ​បាទ។​ ហើយ​មក​ដល់​សម័យ​នេះ​ ខ្ញុំ​គិត​ថា​ ក៏មាន​អ្នក​ដឹកនាំ​វ័យ​ក្មេងៗ​ជា​ច្រើន​ទៀត ដែល​នឹង​ដឹក​នាំ​ប្រទេស​ខ្មែរ​យើង​ឲ្យ​ជឿន​លឿន​ជាង​នេះ​ទៅ​ទៀត»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch) ​កាល​ពី​ខែ​មករា ​ឆ្នាំ​២០១៥​ បាន​ចេញ​របាយ​ការណ៍​មួយ​កម្រាស់​ជាង​៧០​ទំព័រ​ដែល​និយាយ​ពី​ការដឹកនាំ​របស់​លោក​ហ៊ុន សែន ​ដោយ​បាន​ចាត់​ទុក​ការ​ដឹកនាំ​៣០​ឆ្នាំ​របស់​លោកហ៊ុន សែន​ពោរពេញ​ទៅ​ដោយ​ហិង្សា ការ​គាប​សង្កត់ ​និង​អំពើ​ពុក​រលួយ។

របាយ​ការណ៍​ដដែល​បន្ថែម​ថា​ លោក​នាយក​រដ្ឋមន្រ្តី​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ការ​ធ្វើ​ទារុណ​កម្ម ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​គាប​សង្កត់ ​និង​ការ​បំបិទ​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ​ការ​បញ្ចេញ​មតិ ​និង​ការ​ប្រើ​កម្លាំង​ដើម្បី​គំរាម​កំហែង​ជាដើម។​

រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)
រូបភាព​គម្រប​របាយការណ៍​«ការ​ក្តោបក្តាប់​តាម​បែប​ប្រទូសរ៉ាយ»​ ឬ​និយាយ​ជា​ភាសា​អង់គ្លេស​ថា​ Hostile Takeover​ របស់​អង្គការ​ Global Witness (screenshot from Global Witness)

កាលពី​ដើម​ខែ​កក្កដា​ អង្គការ​ Global Witness បាន​ចេញ​របាយ​ការណ៍​មួយ​ហៅថា​«ការ​ក្ដោបក្ដាប់​តាម​បែប​ប្រទូសរ៉ាយ»។​ របាយ​ការណ៍​នោះ​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។ ​របាយ​ការណ៍​នោះក៏​បាន​រក​ឃើញ​ថា ​ក្រុម​គ្រួសារ​របស់​លោក​ហ៊ុន សែន ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ចំនួន​១១៤ ​នៅ​ក្នុង​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ចាប់​ពី​វិស័យ​ជីក​រ៉ែ ​វិស័យ​កសិកម្ម ​អគ្គិសនី​រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយនឹង​វិស័យ​កាត់ដេរ​ ព្រៃឈើ ​ព្រមទាំង​វិស័យ​ដឹក​ជញ្ជូន​ជាដើម។​

លោក​ហ៊ុន សែន​ ដែល​ត្រូវ​បាន​សារព័ត៌មាន​បរទេស​ហៅ​ថា​ ជា​បុរស​ខ្លាំង​ ត្រូវបាន​ចោទ​ប្រកាន់​ថា​ កាន់​អំណាច​បាន​ដោយ​សារ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ តែ​លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ៕​

XS
SM
MD
LG