ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិកាំង​ប្រតិកម្ម​នឹង​ទំនោរ​ទៅរក​ឯកបក្ស​នៅ​កម្ពុជា


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរ​​កាណាដា​ ធ្វើ​កិច្ចពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ លើក​ទី​២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរ​​កាណាដា​ ធ្វើ​កិច្ចពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ លើក​ទី​២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។

អាជ្ញាធរ​គណបក្ស​កាន់​អំណាច​បាន​ចាប់ខ្លួន​លោក ​កឹម សុខា​ ពី​បទក្បត់​ជាតិ ដោយ​យោង​តាម​ការ​ឃោសនា​របស់​លោក​ក្នុង​វីដេអូឃ្លីប​មួយ​ ដែល​លោក​បាន​និយាយ​ពី​គម្រោង​ការ​យក​ឈ្នះ​គូប្រកួត​របស់​លោក​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ក្រៅពី​ការ​បិទ​អង្គការ ​សារព័ត៌មាន​ឯករាជ្យ​នានា​ក្នុងប្រទេស​កម្ពុជា ​ដោយ​យោង​លើ​ហេតុផល​ថា​បាន​ប្រព្រឹត្ត​ខុសច្បាប់ ​និង​ការ​មិន​បង់ពន្ធ​ជាដើម។

ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បារម្ភ​ថា​ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ផ្តាច់ការ​នៅពេល​អាជ្ញាធរ​គណបក្សកាន់​អំណាច​បានចាប់ខ្លួន​លោក ​កឹម សុខា​ មេដឹកនាំគណបក្ស​ជំទាស់​ហើយ​ ប្រកាស​រំលាយ​គណបក្ស​ជំទាស់​ផងនោះ។​ ក្រុម​ពលរដ្ឋ​ទាំង​នោះ​បាន​និយាយ​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ។​

នៅក្រោយ​ពេល​ដែល​មាន​ការ​ធ្វើទុក្ខបុក​ម្នេញ​ក្រុម​ជំទាស់​ នៅមុន​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ខាង​មុខ ​រាប់ទាំង​ការ​ចោទ​ប្រកាន់ ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ជំទាស់ គឺ​លោក ​កឹម សុខា​ និង​ការ​ប្រកាស​រំលាយ​គណបក្ស​ជំទាស់​ផង​នោះ ក្រុម​តំណាង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន ​ដែល​គិតគូរ​ពី​ប្រទេស​កំណើត បាន​ថ្លែង​ថា​ ទង្វើ​របស់​គណបក្ស​កាន់​អំណាច​កំពុង​ឈាន​ទៅរក​របប​គ្រប់គ្រង​ផ្តាច់ការ ​ឯកបក្ស ​និង​ធ្វើ​ឲ្យ​ប្រទេស​ឯកោ​លើឆាក​អន្តរជាតិ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ​បួរ បូវ៉ាត់សិទ្ធិ ​(Bou Bowat Sithi) ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅក្នុង​ក្រុង Woodinville ​រដ្ឋ Washington State ​ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​អំពី​បញ្ហា​កម្ពុជា​ចំ​ថ្ងៃ​ប្រារព្ធ​ខួបលើក​ទី២៦​ ក្នុង​រដ្ឋវ៉ាស៊ីនតោន ​បាន​អះអាង​ថា ការ​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ​តាម​រយៈ​ការកែ​ប្រែ​ច្បាប់ ​គឺ​ខុស​ច្បាប់​ និង​ស្តង់ដា​ប្រជាធិបតេយ្យ ​ប្រទេស​កម្ពុជា​ត្រូវប្រកាន់​របប​សេរីពហុបក្ស ​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែល​គូភាគី​ខ្មែរ​ទាំងបួន​បាន​ចុះ​ហត្ថលេខា។

«ពេល​ណា​ដែល​រដ្ឋាភិបាល​រំលាយ​គណបក្ស​ដែល​ធំ​ មាន​ន័យ​ថា​ គេ​រំលោភ​ប្រជាធិបតេយ្យ​មែនទែន​ហើយ ​គឺ​វា​កើត​ជា​ប្រទេស​កាន់អំណាច​ផ្តាច់ការ​ ហើយ​ពួក​អំណាច​ផ្តាច់ការ​គេ​ចង់​បង្កើត​គណបក្ស​តូចៗ​ហ្នឹង​ ហើយ​អួត​អន្តរជាតិ​ថា ប្រទេស​ យើង​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ ​ហើយ​អន្តរជាតិ​ក៏គេមិន​ជឿ​ដែរ។ ហើយ​គេ​ជឿថា​ លោក ​ហ៊ុន សែន​ ធ្វើ​គឺ​ធ្វើ​ល្មើស​ច្បាប់​អន្តរជាតិ។​ អន្តរជាតិ​គេ​ក៏​មើល​ដែរ​ថា​ គណបក្ស ​កឹម សុខា​ ជា​គណបក្ស​តូច ឬ​គណបក្សធំ​ ជា​គូប្រឆាំង​គេ​មើល។​ ខ្ញុំជឿថា​ការ​បិទ​គណបក្ស​លោក​ កឹម សុខា ​ហើយនឹង​ការ​ចាប់ខ្លួន​លោក កឹម សុខា​ គឺជា​ការ​រំលោភ​សិទ្ធិមនុស្ស ​ហើយ​ការ​បោះឆ្នោត​នៅ​ស្រុកខ្មែរ​នឹង​មិនអាច​កើត​ជា​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌ទេ‍»។

នៅក្នុង​ទស្សនៈ​របស់​លោក​ បូវ៉ាត់សិទ្ធិ​ បាន​ឲ្យដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​គោរព​លទ្ធិប្រជាធិបតេយ្យ​ និង​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ទេ​ តែ​មាន​ការ​រំលោភ​រហូត។​ លោក​បាន​ទទូច​ឲ្យ​មាន​ការ​ទាមទារ​ដល់​អន្តរជាតិ​ ដើម្បី​ឲ្យ​គេ​ដឹង​រឿង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ ​និង​បញ្ហា​ផ្សេង​ទៀតៗ​ ដែល​លោក​ថា បើ​មិន​ដូច្នោះ​ទេ​ អន្តរជាតិ​ គេ​នឹង​មិនដឹង​ហើយ​នឹង​ចាប់​អារម្មណ៍​ទេ។

«គឺ​រឿង​ហ្នឹង​ហើយ ​ដែល​យើង​ទាមទារ​ថា អ្នក​ឯង​ជួយ​មើល​ខ្ញុំ​ផង​ អ្នកឯង​ផ្តល់​អំណោយ​ទៅ​រដ្ឋាភិបាល​កាន់​អំណាច​តាម​បែប​ប្រជាធិបតេយ្យ​ អ្នកឯង​គួរ​ល្មមឈប់​ហើយ។​ បើសិន​ជា​គេ​មិន​គោរព ​សូម​អ្នក​ឯង​គៀប​ឲ្យ​ខ្លាំង​មែនទែន។​ ហ្នឹង​ជា​ចំណុច​ចុង​ក្រោយ​បំផុត ​ជា​គោល​ចុង​ក្រោយ​បំផុត‍»

អាជ្ញាធរ​គណបក្ស​កាន់​អំណាច​បាន​ចាប់ខ្លួន​លោក ​កឹម សុខា​ ពី​បទក្បត់​ជាតិ ដោយ​យោង​តាម​ការ​ឃោសនា​របស់​លោក​ក្នុង​វីដេអូឃ្លីប​មួយ​ ដែល​លោក​បាន​និយាយ​ពី​គម្រោង​ការ​យក​ឈ្នះ​គូប្រកួត​របស់​លោក​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ក្រៅពី​ការ​បិទ​អង្គការ ​សារព័ត៌មាន​ឯករាជ្យ​នានា​ក្នុងប្រទេស​កម្ពុជា ​ដោយ​យោង​លើ​ហេតុផល​ថា​បាន​ប្រព្រឹត្ត​ខុសច្បាប់ ​និង​ការ​មិន​បង់ពន្ធ​ជាដើម។ តែ​គណបក្ស​ជំទាស់​វិញ​ចាត់ទុក​ថា​ទង្វើ​របស់​រដ្ឋាភិបាល​គណបក្ស​គ្រប់គ្រង​ប្រទេស​ គឺ​ជា​ការ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​ខាង​មុខ។ ទោះជា​មាន​ប្រតិកម្ម​យ៉ាងច្រើន​ពី​អន្តរជាតិ​ក្តី​ រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ មិន​ត្រឹមតែ​មិន​ខ្វល់​នឹង​ការ​ថ្កោលទោស​ជា​អន្តរជាតិ​ទាំងអស់​ទេ​ តែ​ថែម​ទាំង​បង្កើន​វិធានការ​របស់​ខ្លួន​ទៀត​ដោយ​បាន​ធ្វើវិសោធនកម្ម​ច្បាប់​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ដែល​មាន​៥៥អាសនៈ​ក្នុង​រដ្ឋសភា​ ដែល​មាន​សំឡេង​ចំនួន​១២៣​អាសនៈសរុប។

លោក​ រាជ ធីណាត ​(Reach Thinath) ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មក​ពីក្រុង​ Portland នៃ​រដ្ឋ​ Oregon​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បញ្ហា​ខ្មែរក្នុង​ក្រុង​ Auburn រដ្ឋ ​Washington State ​កាលពី​ថ្ងៃទី១៤ ​ខែតុលាឆ្នាំ​២០១៧ ​បាន​ថ្លែង​ថា​ ​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ មុន​ការ​បោះឆ្នោត​នឹង​បើក​បង្ហាញ​ឲ្យ​អន្តរជាតិ​ឃើញ​ថា​កម្ពុជា​មិន​មែន​ជា​ប្រទេស​ប្រកាន់​ប្រជាធិបតេយ្យ​ទេ។​ លោក​ថា​ អន្តរជាតិ​ប្រាកដជា​ខកចិត្ត​ ដោយសារ​គេ​ចំណាយ​លុយ​ជាង​២ពាន់លាន​ដុល្លារ​ ដើម្បី​ធ្វើឲ្យ​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស ​ប្រជាធិបតេយ្យ ​និង​ការ​អភិវឌ្ឍន៍ ​តែបែរ​ជា​មាន​ការចង់​រំលាយ​បក្ស​ជំទាស់ ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ជំទាស់។

«ជា​គំនិត​របស់​ខ្ញុំ​ ខ្ញុំ​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា​មិនគួរ​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ​ទេ ដើម្បី​ទុកមុខ​មាត់​ដល់​ប្រទេសជាតិ​យើង ​ដើម្បី​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា​ប្រទេសជាតិ​យើង​ស្ថិត​ក្នុង​ប្រទេស​មាន​ប្រជាធិបតេយ្យ​ មាន​គណបក្ស​ប្រឆាំង ​និង​គណបក្ស​ដែល​កាន់​អំណាច‍»។

លោកថា ​នៅ​ប្រទេស​កម្ពុជា​ដែល​លោក​មើល​ឃើញ​ គឺ​ការ​រំលោភ​សិទ្ធិមនុស្ស ​បិទ​សិទ្ធិ​សេរីភាព​នានា ​បណ្តេញ​អ្នកស្រុក​ចេញពី​លំនៅដ្ឋាន ​រំលោភ​យក​ដីធ្លី ​ពលរដ្ឋ​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច​ រួមទាំង​ការ​ភ័យខ្លាច​ក្នុងការ​ចូលរួម​ផ្នែក​នយោបាយ ​ហើយនឹង​គ្មានសន្តិភាព​ក្នុងផ្លូវចិត្ត​នោះ​ទេ។

«ពួក​យើង​នៅទីនេះ​ អ្វី​ដែល​យើង​អាច​ធ្វើ​បាន ​គឺជា​ការ​រួបរួម​គ្នា​ផ្ញើញត្តិ​ទៅ​អ.ស.ប ផ្ញើ​ញត្តិ​ទៅ​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ដើម្បី​ឲ្យ​គេ​ដឹង​ឮ​ថា នៅ​ប្រទេស​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ ដែល​មិនប្រក្រតី​សម្រាប់​ការ​បោះឆ្នោត​ អីចឹង​សូមឲ្យ​ប្រទេស​ទាំងអស់​ដែល​ជា​ប្រទេស​ហត្ថលេខី​ និង​អ.ស.ប បាន​ដឹង​ឮ និង​ចូល​ធ្វើ​អន្តរាគមន៍​សម្រាប់​ប្រទេស​កម្ពុជា‍»។

លោក​ សេង សោភ័ណ​ ប្រធាន​អង្គការ​គណ:កម្មាធិការ​ ដើម្បី​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ​និង​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេស​កាណាដា​ បាន​ថ្លែង​ថា ​ស្ថានការណ៍​កម្ពុជា​បច្ចុប្បន្ន​បានវិល​ទៅរក​ការ​ដឹកនាំ​បែប​ទសវត្សរ៍១៩៨០​ ទោះ​ជា​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​២៦ឆ្នាំ​ក្តី។

«យើង​ឃើញ​ថា ឆ្នាំនេះ​ជាឆ្នាំ​អាក្រក់​បំផុត​ដែល​របប​នៃ​ការ​ដឹកនាំ​របស់​កម្ពុជា​យើង​ត្រឡប់​ទៅរក​ការ​ដឹកនាំ​នៅឆ្នាំ​១៩៨០ ​១៩៩០ ​មុន​កិច្ចព្រម​ព្រៀង​ក្រុងប៉ារីស​ម្តង​ទៀត។​ ដូច្នេះ​វា​ទៅ​ជា​របប​ឯកបក្ស​ ហើយ​ការ​គ្រប់គ្រង​បែប​ផ្តាច់ការ ​ប្រជាពលរដ្ឋ​អត់មាន​សិទ្ធិសេរីភាព​ ហើយអ្នក​ដែល​គ្រោះថ្នាក់​ច្រើន​ជាង​គេ​នោះ​ គឺសមាជិក​គណបក្ស​ទាំងអស់​ មិន​ថា​ឡើយ​គណបក្ស​ប្រជាជន​ មិនថា​ឡើយ​គណបក្សសង្គ្រោះ​ជាតិ ​គឺជា​ជន​រងគ្រោះ​ទាំងអស់​គ្នា ក្រោមការ​ដឹកនាំ​បែប​ផ្តាច់ការ ព្រោះ​តុលាការ​អត់យុត្តិធម៌។​ ដូច្នេះ​ប្រជាពលរដ្ឋ​ទាំងអស់​គឺជា​ចំណាប់ខ្មាំង​របស់អ្នក​ផ្តាច់ការ‍»។​

លោក​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំងក្នុង​និងក្រៅ​ប្រទេស​ ត្រូវតែ​តស៊ូមតិ​រួមគ្នា​ ដើម្បី​ឲ្យ​គេ​ដឹង​ពីការមិន​សុខចិត្ត ​និង​បញ្ហា​របស់​កម្ពុជា។

«តែ​បើ​យើង​នៅស្ងៀម​ស្ងាត់​ គេអត់​ដឹងពី​រឿង​យើង​ទេ។​ អីចឹង​យើងទាំង​អស់គ្នា​ត្រូវតែ​រួម​សាមគ្គីគ្នា​ទាំង​ប្រជាជន​កម្ពុជាក្នុង​ប្រទេស​ ក្រៅ​ប្រទេស​ហ្នឹង​ ជាពិសេស​យុវជន​ជំនាន់ថ្មី​ ដែល​មាន​ដល់​ទៅ​ចំនួន​ដល់​ទៅ៧០ភាគរយ​នៃ​តំណាង​ពលរដ្ឋ​ខ្មែរ​១៥លាន​នាក់ហ្នឹង​ ត្រូវតែ​ក្រោកឈរ​ឡើងទាំង​អស់គ្នា ​ត្រូវតែ​បញ្ចេញ​សំឡេង​ឡើង។ ​ការ​តស៊ូ​អហិង្សា​មិនមែន​មានន័យ​ថា​ យើង​នៅ​ស្ងៀមស្ងាត់​ទេ ការ​តស៊ូ​អហិង្សា​បាន​ន័យ​ថា យើង​តស៊ូ​ជាប់​ជានិច្ច​ ដើម្បី​តវ៉ា​នូវ​អ្វី​ដែល​ជា​អំពើ​អយុត្តិ​ធម៌‍»។

លោក វ៉ាន់ ស ជា​វាគ្មិន​មួយ​រូប ​និង​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​រដ្ឋ​វ៉ាស៊ីនតោនស្តេត​ ដែល​ជា​សកម្មជនអង្គការសង្គម​ស៊ីវិល ​បានលើក​យក​គំរូ​ក្នុង​ប្រទេស​ភូមា​ដែល​កាន់​កាប់​អំណាច​ជាច្រើន​ទសវត្សរ៍ ​តែ​ទីបំផុត​ត្រូវ​បញ្ចប់ ​ហើយ​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​យោធា​ត្រូវ​បញ្ចប់ និង​វិល​ទៅ​រក​រដ្ឋាភិបាល​ស៊ីវិល​វិញ។

«ប្រទេស​ភូមា​រាប់ឆ្នាំ​ដែល​នៅ​ម្នាក់ឯង​ គ្មាន​បរទេស​ណា​ដែល​គេ​សូវ​ទទួល​ស្គាល់​ប៉ុន្មាន ​តែចេះ​តែរស់​នៅ​ដោយ​លំបាក​វេទនា។​ អ្នក​ស្រុក​ជាច្រើន​ និង​លោក​សង្ឃ​រាប់រយ​អង្គ ​ខ្ញុំ​ចាំម្តង​នោះ ​គឺ​ថា​មក​ធ្វើបាតុកម្ម ​ហើយ​ត្រូវ​គេបង្ក្រាប​ខ្លាំង​ជាង​យើង​ទៅ​ទៀត​ ក៏​វា​មាន​អីចឹង ​ក៏ប៉ុន្តែ​អាហ្នឹង​វា​តាម​ពេលវេលា។​ ភូមា​ធ្លាប់​ទ្រាំទ្រ​រឿង​ហ្នឹង​រាប់​ឆ្នាំ​ដែរ ដែល​ពួក​ទាហាន​មក​កាន់​កាប់ហ្នឹង​ តែដល់​ពេលមួយ​ហ្នឹងគឺ​ត្រូវតែ​រំសាយ​ទៅដែរ‍»។

ប្រទេស​កម្ពុជា​ និងភូមា​ធ្លាប់​ទទួល​រងនៅ​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​នយោបាយ​នៅ​ពេល​មាន​ការរំលោភ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​មុនពេល​ត្រូវ​លើកលែង​វិញ។

បន្ថែមពី​លើ​ប្រតិកម្ម​ជុំវិញ​ពិភពលោក​ សហភាព​អន្តរ​សភា​ ដែល​មាន​សមាជិក​ជាង​៨០០រូប ​ហៅថា​ Inter-Parliamentary ​Union (IPU) ​មាន​តំណាង​១៧៣​ប្រទេសរួមទាំង​កម្ពុជា​ផង។ ស្ថាប័ន​ពិភពលោក​មួយ​នេះ​ បាន​បញ្ចេញ​ប្រតិកម្ម​ទាមទារ​ឱ្យ​គណបក្ស​ប្រឆាំង​កម្ពុជា​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី ​និង​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បាន​ដោយ​ពេញ​លេញ។ ​ប្រតិកម្មនេះ​កើត​ឡើង ក្រោយ​ពេល​ដែល​ សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន​បាន​អំពាវនាវ​ជាថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​បញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​ក្រុមជំទាស់​ និង​ហៅ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ថា ជា​ការ​ដក​សិទ្ធិ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះជាតិ។ ​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថ្មី​ទៀត ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ​ ​ដែល​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ។

​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)
​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)

អ្នកស្រី​ Heather Nauert​ ​អ្នកនាំ​ពាក្យក្រសួង​ការ​បរទេសបាន​បញ្ជាក់ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ល្ងាច​ថ្ងៃច័ន្ទ​ថា​ ប្រសិនបើ​ចូល​ជា​ធរមាន​ វិសោធនកម្មច្បាប់​នេះ​រួមគ្នាជាមួយ​នឹង​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​ដក​សិទ្ធិ​ពលរដ្ឋ​រាប់លាន​នាក់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣​ ​និង​២០១៧‍។​ អ្នកស្រី​ ​Heather Nauert​ ​បាន​បន្ថែម​ថា៖

«ការ​ប្រកួត​ដោយ​ត្រឹមត្រូវ​មាន​សារៈ​សំខាន់​សម្រាប់​លទ្ធិ​ប្រជាធិប​តេយ្យ និង​ភាព​ស្រប​ច្បាប់នៃ​ការ​បោះឆ្នោតជាតិ​ឆ្នាំ​២០១៨។​ ប្រវត្តិសាស្រ្ត​បង្ហាញថា​ ​ការ​គាប​សង្កត់សកម្មភាពនយោបាយស្រប​ច្បាប់ ​នឹង​នាំ​ឱ្យ​មាន​អស្ថិរភាព​រយៈពេល​យូរ​ទៀត។​ យើង​ទទូច​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ពិចារណា​ពី​ផល​ប៉ះពាល់​ ដែល​អាច​កើត​មាន​ឡើង​ពី​សកម្មភាព​នា​ពេល​ថ្មីៗ​នេះ‍»។

សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​អាមេរិក​ដូច្នេះ ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា ​ក្រោយពេល​រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​វិសោធនកម្មច្បាប់បោះ​ឆ្នោតនៅ​កម្ពុជា៕

XS
SM
MD
LG