ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្រ្ត​និង​ជា​បង​ប្រុស​នាយករដ្ឋមន្ត្រី ស្លាប់​ដោយ​សារ​គាំង​បេះដូង


លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​ជំងឺ​បេះដូង។ (រូបភាព​ពី​ហ្វេសប៊ុក)
លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​ជំងឺ​បេះដូង។ (រូបភាព​ពី​ហ្វេសប៊ុក)

លោក ហ៊ុន ណេង បង​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្រ្ត​ខេត្ត​កំពង់ចាម​មួយ​រូប បាន​ស្លាប់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៥ ខែ​ឧសភា ឆ្នាំ​២០​២២ ក្នុង​អាយុ​៧២​ឆ្នាំ។ ក្រុម​គ្រួសារ​របស់​លោក ហ៊ុន ណេង បាន​លើក​ឡើង​ថា​លោក​ស្លាប់​ដោយ​សារ​គាំង​បេះ​ដូង។

លោក ហ៊ុន ណេង ជា​អ្នក​នយោបាយ​ជើង​ចាស់​មួយ​រូប ធ្លាប់​កាន់​មុខ​តំណែង​ជា​អភិបាល​ខេត្ត​កំពង់ចាម និ​ង​អភិបាល​ខេត្ត​ស្វាយរៀង។

លោក ហ៊ុន ណេង បាន​ចូល​និវត្តន៍​ក្នុង​ឆ្នាំ២០១៣ ប៉ុន្តែ​លោក​បាន​ឈរ​ឈ្មោះ​ជាប់​ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ត្រូវ​បាន​ជ្រើស​រើស​តាំង​ជា​សមាជិក​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​រដ្ឋសភា និង​ជា​ប្រធាន​គណៈ​កម្មការ​មហា​ផ្ទៃ ការពារ​ជាតិ និង​មុខ​ងារ​សាធារណៈ​នៃ​រដ្ឋ​សភា​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ​ឥសាន បា​ន​រៀប​រាប់​ប្រវត្តិ​លោក ហ៊ុន ណេង ថា​ជា​បុគ្គល​សាមញ្ញ និង​ចូល​ចិត្ត​រាប់​អាន​ជាមួយ​កសិករ កម្មករ និង​អ្នក​ស្រែ​ចម្ការ។ លោក​បាន​ចាត់​ទុក​លោក​ ហ៊ុន ណេង ថា​ជា​«ឥស្សរជន​មានគុណ​សម្បត្តិ​ធំធេង»​សម្រាប់​ប្រទេស​ជាតិ។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «គាត់​ជា​ក្រុម​គ្រួសារ​មេដឹក​នាំ​ថ្នាក់​ប្រទេស​ជាតិ​ អ៊ីចឹង​គាត់​ក៏​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ តាម​លទ្ធភាព សមត្ថភាព​របស់​លោក​ ជា​ពិសេស​លោក​ធ្វើ​ការ​តាំង​ពី​ថ្នាក់​មូលដ្ឋាន​ រហូត​ដល់​ថ្នាក់​កណ្តាល»។

ចំណែក​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​ត្រូវ​ជា​ប្អូន​ប្រុស​របស់​លោក ក៏​បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា៖ «បង​ប្អូន​យើង​បែក​គ្នា​ដោយ​ពុំ​បាន​លា​គ្នា និង​និយាយ​ជាមួយ​គ្នា​សូម្បី​មួយ​ម៉ាត់។ បែក​គ្នា​លើក​នេះ​បែក​ជា​រៀង​រហូត​ហើយ​មិន​អាច​ជួប​គ្នា​វិញ​បាន​ទេ»។

ក្រៅ​ពី​លោក​ ហ៊ុន​ ណេង ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ​មាន​បងប្រុស​នៅ​រស់ គឺ​លោក​ ហ៊ុន សាន ដែល​ជា​ទី​ប្រឹក្សា​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ប្អូន​ស្រី​បី​នាក់​ទៀត គឺ​អ្នកស្រី ហ៊ុន សេងនី អ្នកស្រី ហ៊ុន ស៊ីណាត និង​អ្នកស្រី ហ៊ុន ប៊ុនធឿន។

នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក គេ​ក៏​ឃើញ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​តាម​ក្រសួងស្ថាប័ន​រដ្ឋ បាន​បង្ហោះ​សារ​សោក​ស្តាយ និង​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​លោក​ ហ៊ុន ណេង ​ផង​ដែរ។

លោក កឹម​ សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ក៏​បាន​ផ្ញើ​សារ​ជូន​ទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន ណេង ដោយ​ចូ​ល​រួម​រំលែក​ទុក្ខ​ចំពោះ​មរណ​ភាព​នេះ។ លោក​ ហ៊ុន សែន ក៏​បាន​ផ្ញើ​សារ​ថ្លែង​អំណរគុណ​ដល់​លោក កឹម សុខា វិញ ដែល​សារ​នេះ​ត្រូវ​បាន​សារព័ត៌មាន​ស្និទ្ធ​រដ្ឋាភិបាល​ Freshnews ចេញ​ផ្សាយ

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​កំពង់​ចាម អ្នកស្រី ធីម ណារិន បាន​កត់​សម្គាល់​ថា​លោក ហ៊ុន ណេង មិន​ដែល​មាន​រឿង​អាស្រូវ​ណា​មួយ​ឡើយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម។

អ្នកស្រី​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា​សមាជិក​សមាជិកា តែង​តែ​គោរព និង​ស្រឡាញ់​គាត់។ ហើយ​គាត់​ក៏​ចូល​រួម​កសាង​សមិទ្ធ​ផល​ក្នុង​ខេត្ត​ហ្នឹង​ រៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ខេត្តធ្វើ​ឱ្យ​មាន​សោភណ្ឌភាព​អី​ដែរ សហការ​ជាមួយ​អភិបាល​ខេត្ត​ក្រោយៗ​ទៀត...»។

លោក ហ៊ុន ណេង មាន​កូន​៥នាក់ ប្រុស​៣ ស្រី​២។ កូនៗ​របស់​លោក​ត្រូវ​បាន​សាធារណជន​ស្គាល់ ដែល​ពួកគេ គឺ​អ្នក​ជំនួញ​រកស៊ី​ធំៗ​ក្នុង​ប្រទេស​កម្ពុជា ហើយ​អ្នក​ខ្លះ​បាន​ទិញ​ផ្ទះ​នៅ​ក្រៅ​ប្រទេស និង​មាន​សញ្ជាតិ​ស៊ីប ដែល​ជា​ប្រទេស​មួយ​នៅ​អឺរ៉ុប។ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​សារព័ត៌មាន​បរទេស​កាល​ពី​កន្លង​ទៅ។

កូន​របស់​លោក ហ៊ុន ណេង រួម​មាន លោក ហ៊ុន ស៊ាងហេង អ្នកស្រី ហ៊ុន គឹមឡេង លោក ហ៊ុន តូ អ្នក​ស្រី​ ហ៊ុន ចាន់ធូ អ្នក​ស្រី ហ៊ុន ចាន់​ថា និង​លោក ហ៊ុន តុលា។ លោក​មាន​ភរិយា​នៅ​រស់ គឺ​អ្នក​ស្រី លាង វួចឆេង។

អ្នក​ស្រី ហ៊ុន ​គឹមឡេង និង​ស្វាមី​របស់​អ្នកស្រី គឺ​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រម​ទាំង​កូនៗ ទទួល​បាន​សញ្ជាតិ​ស៊ីប កាល​ពី​ឆ្នាំ​២០១៧។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន ​Reuters កាល​ពី​កន្លង​ទៅ។ ចំណែក​លោក ហ៊ុន តូ ក៏​ជា​អ្នក​ជំនួញ​ម្នាក់ ដ៏​ល្បី​ឈ្មោះ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ថា​សព​របស់​លោក ហ៊ុន ណេង ត្រូវ​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ក្រុង​កំពង់ចាម ហើយ​នឹង​ត្រូវ​បញ្ចុះ​នៅ​វត្ត​សុវណ្ណគិរីរតនៈ ក្នុង​ខេត្ត​កំពង់ចាម ដែល​ជា​ស្រុក​កំណើត​របស់​លោក នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២។ នេះ​បើ​តាម​ក្រុម​គ្រួសារ៕

XS
SM
MD
LG