ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកហ៊ុន សែន បញ្ជាឲ្យមានកិច្ចសហការរវាងអាជ្ញាធរនិងសកម្មជនព្រៃឈើនិងបរិស្ថាន

  • នៅ វណ្ណារិន
  • សុខ ខេមរា

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីគឺធ្វើឡើងក្នុងវេទិកាជាតិមួយស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នា​ព្រឹកថ្ងៃ​ច័ន្ទ​នេះ​ ​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​កម្ពុជា​ ដែល​កំពុង​តែ​ជួប​គ្រោះ​មហន្តរាយ​នោះ។ លោក​នាយក​រដ្ឋ​មន្ត្រី ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ ក៏​បាន​ដាក់​បទ​បញ្ជា​មិនឲ្យ​អាជ្ញាធរ​រារាំង​យុទ្ធនាការ​នានា​របស់​សកម្មជន​បរិស្ថាន​ផង​ដែរ។​

ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​វេទិកា​ជាតិ​មួយ​ស្តីពី​«ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ»​ ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី រាជធានី​ភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។​ វេទិកា​ជាតិ​ដ៏​កម្រ​លើក​ទី១​នេះ​បាន​បើក​ឱកាស​ឲ្យ​មន្ត្រី​ ​ពលរដ្ឋ​ ​តំណាង​អង្គការ​នានា​ សួរ​ដេញ​ដោល​នឹង​លើក​សំណើ​ដោយ​ផ្ទាល់​អំពី​វិធានការការពារ​ធនធាន​ធម្មជាតិ​ និង​ព្រៃ​ឈើ​កម្ពុជា។ ក្នុង​វេទិកា​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ហ៊ុន សែន​ ដ៏​មាន​ឥទ្ធិពល​ក៏​បាន​ទទួល​កំហុស​ចំពោះ​ការ​ចាត់​វិធានការ​យឺតយ៉ាវ​របស់​លោក​ក្នុង​ការ​ការពារ​បរិស្ថាន​និង​ព្រៃ​ឈើ​កម្ពុជា។​

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។

«ខ្ញុំ​ត្រូវ​ការ​ប្រជា​ពល​រដ្ឋ​ចូលរួម​ ​ហើយ​ខ្ញុំត្រូវការ​ស្តាប់​ពាក្យពិត​ ​ហើយ​ខ្ញុំ​ត្រូវ​ការ​នូវ​ការ​ការពារ​អ្វី​ដែល​យើង​ត្រូវ​ការ​ការពារ​កន្លង​ទៅ​នេះ។ ​ពិតមែន​តែ​ព្រះអង្គ​ប៊ុត ប៊ុនតិញ​ ថា​មិនទាន់​ហួស​ពេល​ តែដល់​ពេល។ ​តែ​ខ្ញុំ​ព្រះ​គរុណា​ខ្ញុំ​មាន​វិប្បដិសារី​លើ​បញ្ហា​ហ្នឹង»។​

ក្នុង​វេទិកា​ដ៏​កម្រ​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​អង្គទូត​ក្នុង​ប្រទេស​កម្ពុជា​ ​អ្នក​ការពារ​បរិស្ថាន​ ​សកម្មជន​បរិស្ថាន​ ដូចជា​ ​ព្រះ​តេជ​ព្រះ​គុណ​ប៊ុត ប៊ុនតិញ​ និង​សកម្ម​នយោបាយ​គឺ​នាង​ធី សុវណ្ណ​ថា ​ដែរ។​

ព្រះ​តេជ​ព្រះ​គុណ​ប៊ុត ប៊ុនតិញ​ ដែល​គេស្គាល់​ថា​ ជា​ព្រះ​សង្ឃ​ការពារ​ព្រៃឈើ​និង​បរិស្ថាន​ដ៏​សកម្ម​មួយ​អង្គ​ ​ក៏​បាន​ត្អូញត្អែរ​អំពី​ការ​រារាំង​របស់​អាជ្ញាធរ​មិន​ឲ្យ​ចូល​ព្រៃ​ដើម្បី​ការពារ​ព្រៃឈើ​ ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ​ឈើ​ ការ​រឹបអូស ការ​កាប់​ព្រៃ​ឈើ​នានា​ ​និង​ការ​ដាំ​កូន​ឈើ​ឡើង​វិញ​ផង​ដែរ។​ ការ​រារាំង​សកម្ម​ជន​បរិស្ថាន​បែប​នេះ​បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​អង្គការ​បរិស្ថាន​ផង​ដែរ។​

ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​សង្ឍដីការនៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។
ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​មាន​សង្ឍដីការនៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។

«អ្វី​ដែល​បិណ្ឌបាត​ទៅ​កាន់​ញ៉ូម​នាយក​រដ្ឋមន្ត្រី​ថ្ងៃ​នេះ​ គឺ​តែ​តូចមួយ​ទេ​ ចម្រើន​ពរ​ គឺ​សុំ​ធ្វើ​យ៉ាង​ណា​ឲ្យតែ​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ចូលរួម​សហការ។ មិន​បាច់​ធ្វើ​អី​ទេ។​ មិន​បាច់​ដាក់​អី​ទេ​ មិន​បាច់​ដាក់​អង្ករ​ដាក់​អី​ទេ​ ព្រោះ​ពួក​អាត្មា ​តែ​ទៅ​មាន​ញោម​ប្រគេន​ស្រេច​ហើយ។ ញោម​នេះ​ប្រហុក​មួយ​កញ្ចប់​ ​យាយ​ហ្នឹង​បាយ​មួយ​កញ្ចប់​ទៅ​គឺ​វា​ស្រេច​បាត់​ហើយ អត់​បាច់​អី​ទេ។​ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​បំផុត​គឺ​ការ​សហការ​ល្អ​ ​យើង​អាច​ទៅ​ធ្វើ​កិច្ចការ។​ ​ដ៏​រាបណា​ការ​សហការ​នៅតែ​មាន​កម្រិត​ដូច​ឥឡូវ​នេះ​ ​បេសក​កម្ម​នៃ​ការ​ការពារ​ព្រៃ​របស់​យើង​នៅ​តែ​បរាជ័យ​ដដែល។ ​យើ​អត់ចង់​ឃើញ​ហ្អេ​ ព្រោះ​វា​ដល់​ពេល​ហើយ​ ចម្រើន​ពរ»។​

នៅ​ក្នុង​វេទិកា​ដដែល ​អ្នក​ការពារ​បរិស្ថាន​ផ្សេងៗ​ទៀត ដូច​ជា​លោក​តឹក វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (NGO Forum) ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កែ​ទម្រង់​ចំនួន​១៦ចំណុច ​រួមទាំង​ការ​ការពារ​បរិស្ថាន ​និង​ការ​គ្រប់គ្រង​ព្រៃ​ឈើ​កម្ពុជា​ឲ្យ​បាន​គងវង្ស​ផង​ដែរ។​

លោក​តឹក វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO ​Forum រៀបរាប់​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ទៅកាន់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។
លោក​តឹក វណ្ណារ៉ា​ នាយក​នៃ​អង្គការ ​NGO ​Forum រៀបរាប់​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​ទៅកាន់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦។

ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​នានា​ក្នុង​វេទិកា​នោះ និង​ដោយ​មាន​ការ​បកស្រាយ​បំភ្លឺ​ផង​ដែរ លោក​នាយក​រដ្ឋមន្ត្រី​បាន​យល់ព្រម​ទៅ​នឹង​វិធាន​ការ​ការពារ​ព្រៃ​ឈើ​ ការ​នេសាទ​ខុស​ច្បាប់​ ​ហើយ​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​មួយ​ចំនួន​ ​ក្រៅពី​បញ្ជា​ឲ្យ​អាជ្ញាធរ​សហការ​ជាមួយ​ក្រុម​សង្គម​ស៊ីវិល​និង​សកម្មជន ដែល​ធ្វើ​សកម្ម​ភាព​ការពារ​បរិស្ថាន។​

«បើ​យោង​ទៅ​លើអ្វី​ដែល​ព្រះ​តេជព្រះ​គុណ​បាន​មាន​សង្ឃដីកា​ ​បាន​ន័យ​ថា​មិន​ត្រឹម​តែមិន​សហការ​នោះ​ទេ​ តែ​ថែម​ទាំង​រារាំង​ទៀត​ផង​ ហើយ​រឿង​នេះ​អស់​លោក​តាម​ខេត្ត​ និង​មូលដ្ឋាន​នានា​សូម​ស្តាប់​ឱ្យ​បាន​ ការ​ធ្វើ​សកម្មភាព​នានា​ ​ដែល​មិន​បំផ្លាញ​សន្តិសុខ​ជាតិ។​ ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​វា​បាន​នាំ​មក​នូវ​ការ​រីក​លូត​លាស់​នៃ​ប្រទេស​ជាតិ ​ដែល​គួរ​ត្រូវ​បាន​លើក​ទឹកចិត្ត»។​

លោក​ហ៊ុន សែន​ បន្ថែម​ថា ​លោក​អាច​បំពាក់​អាវុធ​ដល់​អាជ្ញាធរ​នានា​ដើម្បី​ទប់ទល់​នឹង​ជន​ល្មើស​ដែល​មាន​អាវុធ​ បន្ថែម​ពីលើ​ការ​ធ្វើ​គោល​នយោបាយ​ថ្នាក់​ជាតិ​ និង​បែង​ចែក​មុខងារ​ហើយនឹង​ការ​ទទួល​ខុសត្រូវ​ឲ្យ​បាន​ច្បាស់​លាស់​ជាង​មុន។ លោក​នាយក​រដ្ឋម​ន្ត្រី​ក៏​បាន​សន្យា​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ចាត់​វិធាន​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។​

«អ្វី​ដែល​កើត​ឡើង​នាថ្ងៃ​នេះ​គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​សម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​ដែល​ចាំបាច់​ត្រូវ​ចេញ​ស.ជ.ណ.​ដើម្បី​គ្រប់​តួអង្គ​ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់​យក​ទៅ​អនុវត្ត។​ ​នេះ​ជា​ចំណុចដែល​យើង​ត្រូវ​តែ​កំណត់​នូវ​ឋានានុក្រម​នៃ​ក្តី​សម្រេច បើ​មិន​ដូច្នោះ​ទេ​ អ្វី​ដែល​យើង​និយាយ​នៅ​ទីនេះ​ ​វា​គ្រាន់​តែ​ជា​ការ​និយាយ​ឲ្យ​ពិរោះ​ស្តាប់​តែ​ប៉ុណ្ណោះ។​ ​ប៉ុន្តែ​យើង​មិន​បាន​អនុវត្ត​ពិតប្រាកដ​នោះ​ទេ។ នេះ​ជា​កំណែ​ទម្រង់​មួយ​ ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បើក​ឱកាស​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឱ្យ​ចូល​រួម​មតិ»។​

ក្នុង​វេទិកា​នោះ​ទៀត​ ​ក៏​មាន​ការ​ច្រៀង​បទ​សម្រស់​តាតៃ​ដោយ​នាង​ស៊ុន ស្រី​ពេជ្រ ​ផង​ដែរ ដើម្បី​បន្ធូរ​បរិយាកាស​ និង​វេទិកា​រយៈពេល​ជាង​៤ម៉ោង​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យក​រឿងរ៉ាវ​ជាច្រើន​ដើម្បី​ដាក់​ចេញ​ជា​គោល​នយោបាយ​ និង​វិធានការ​មុន​ការ​បោះឆ្នោត​ផង​ដែរ។​

សកម្មជន​បរិស្ថាន​មកពី​បណ្ដា​ខេត្ត​នានាចូលរួមវេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅរាជធានីភ្នំពេញ។
សកម្មជន​បរិស្ថាន​មកពី​បណ្ដា​ខេត្ត​នានាចូលរួមវេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នៅរាជធានីភ្នំពេញ។

យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​អ្នក​ឃ្លាំមើល​ព្រៃឈើ​ ​បាន​និយាយ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​រិចរិល​ព្រៃ​ឈើ​ ​ដែល​គេ​ជឿ​ថា​ ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាស​ធាតុ។​

ថ្លែង​ប្រាប់​ VOA ក្រោយពី​វេទិកា​នោះ ព្រះ​តេជ​ព្រះ​គុណ​ប៊ុត ប៊ុនតិញ​ មាន​សង្ឃ​ដីកា​ថា​ ព្រះអង្គ​នឹង​រង់ចាំ​មើល​ថា​ តើ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​អាច​ធ្វើ​បាន​ប៉ុណ្ណា​ ​ហើយ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ផង​ដែរ។​

«វា​ជា​ពេល​វេលា​ ​យើង​មិនទាន់​និយាយ​ពី​រឿង​ជឿ​ទេ​ ក៏​ប៉ុន្តែ​វាជា​ពេល​វេលា។​ បើ​សិន​ជា​ការ​ដែល​ផ្តល់​ឱកាស​ហើយ​យើង​មិន​បាន​ធ្វើ​ វា​បាត់បង់​ហើយ ​ចម្រើន​ពរ។ គេ​ប្រើ​ភាសា​មួយ​ថា​ ពេល​វេលា​ដ៏​ត្រឹម​ត្រូវ​ ហើយ​ដែល​អាច​រួមគ្នា​ធ្វើការ​ត្រូវ​បាន​ បើសិន​ជា​យើង​គ្រាន់តែ​និយាយ ​ហើយ​ថា​ រូបរួម​គ្នា​គឺ​វា​អត់ន័យ​ទេ។​ ដូច្នេះ​អាត្មា​ដូចជា​មាន​ជំនឿ​ថា​ ​ជា​ពេល​វេលា​សមរម្យ​ ហើយ​អាច​ធ្វើ​បាន​ហើយ។​ បើ​រង់​ចាំ​ពេល​ឲ្យ​ហួស​ពី​នេះ​ទៀត​គឺ​អត់​ធ្វើ​អី​ចេញ​ទេ​ ព្រោះ​វា​យឺត​ពេល។ ដូច​អាត្មា​បាន​លើក​ពីខាង​ដើម​មក​ហើយ​ថា​ វា​មិន​ទាន់​យឺត​ពេល​ពេក​ទេ​ ​តែ​ដល់​ពេល​ ​ហើយ​បើ​ដល់​ពេល​ហើយ​មិន​ធ្វើ​ហួស​ពេល​ ​អាហ្នឹង​កុំយំ»។​

ក៏​ប៉ុន្តែ​លោក​ហ៊ុន សែន​ បាន​អះអាង​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​ព្រម​គ្នា​នឹង​ថែទាំ​អភិរក្ស​ព្រៃ​ឈើ​ឲ្យ​បាន​ស្ថិតស្ថិរ ​និង​ឲ្យ​មាន​កំណើន​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ឡើង​វិញ​ហើយ​នឹង​បញ្ជៀស​ការ​រិះគន់​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ​ទៀត៕

XS
SM
MD
LG