ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃពុធនេះថាមនុស្ស៧៥នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ដែលឲ្យករណីឆ្លងសរុបចាប់តាំងពីផ្ទុះឆ្លងសហគមន៍ កាលពីថ្ងៃទី២០ ខែកុម្ភៈ មានចំនួនជិត១ពាន់នាក់ហើយគិតត្រឹមថ្ងៃពុធនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថាមនុស្ស៧៥នាក់នោះ ដែលភាគច្រើនជាជនជាតិខ្មែរ បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍«២០ កុម្ភៈ» កើនទៅដល់៩៩០នាក់។ ក្នុងចំណោមអ្នកឆ្លងនៅថ្ងៃនេះ មាន៥០នាក់នៅរាជធានីភ្នំពេញ ២២នាក់ក្នុងខេត្តកណ្តាល ២នាក់នៅខត្តព្រៃវែងនិងម្នាក់នៅខេត្តតាកែវ។ ក្រសួងឲ្យដឹងថាមនុស្ស២២នាក់ បានជាសះស្បើយពីជំងឺកូវីដ១៩នៅថ្ងៃពុធនេះ។
កាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលបានរាយការណ៍ថាមនុស្ស១០៥នាក់បានឆ្លងជំងឺកូវីដ១៩ ដែលភាគច្រើនជាអ្នកធ្វើការនៅក្នុងកាស៊ីណូ និងសណ្ឋាគារស្នាក់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនវៀតណាម។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងសរុបក្នុងប្រទេសកម្ពុជា មានចំនួន១.៥០៥នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ៕