ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​​១០៥​​នាក់​ទៀត ដែល​​ជា​ចំនួន​ឆ្លង​ខ្ពស់​ជាង​គេ​ក្នុង​១​ថ្ងៃ​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​១៩


ជនជាតិ​ចិន​ដើរ​ចេញ​ពី​មន្ទីរ​ពិសោធន៍​បង្អែក​ជាតិ​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ដែល​ជា​កន្លែង​ធ្វើ​តេស្ដ និង​ចេញ​វិញ្ញាបនបត្រ​សុខភាព​លើ​តេស្ត​ជំងឺ​កូវីដ១៩ សម្រាប់​អ្នក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)
ជនជាតិ​ចិន​ដើរ​ចេញ​ពី​មន្ទីរ​ពិសោធន៍​បង្អែក​ជាតិ​នៃ​វិទ្យាស្ថាន​សុខភាព​សាធារណៈ ដែល​ជា​កន្លែង​ធ្វើ​តេស្ដ និង​ចេញ​វិញ្ញាបនបត្រ​សុខភាព​លើ​តេស្ត​ជំងឺ​កូវីដ១៩ សម្រាប់​អ្នក​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជាបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារនេះ​ថា​មនុស្ស​១០៥​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​ព្រឹត្តិ​ការណ៍​ឆ្លងសហគមន៍ ដែលជាចំនួន​ឆ្លង​ច្រើន​ជាង​គេ​ក្នុង​មួយ​ថ្ងៃ​ ចាប់​តាំង​ពីផ្ទុះឆ្លងសហ​គមន៍​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា​មនុស្ស១០៥​នាក់​បន្ថែម​ទៀត​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ករណី​ឆ្លងសរុប​ក្នុង​ព្រឹត្តិការណ៍​«២០ ​កុម្ភៈ» កើន​ទៅ​ដល់​៩១៥​នាក់។ ក្នុង​ចំណោម​អ្នក​ឆ្លង​នៅ​ថ្ងៃ​នេះ ៦៤​នាក់​នៅ​ក្នុង​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​ខេត្ត​កណ្តាល ២៩​នាក់​នៅ​រាជធានី​ភ្នំពេញ ៨​នាក់​នៅ​ខេត្ត​ព្រះសីហនុ ៣​នាក់​នៅ​កោះកុង និង​១​នាក់​នៅ​ព្រៃ​វែង។ ក្នុង​ចំណោម​អ្នក​ឆ្លង​នោះ មាន​ជនជាតិ​ចិន​ប្រមាណ​៥០​នាក់ និង​ខ្មែរ​ជាង​៣០​នាក់។

ក្រសួង​សុខាភិបាលឲ្យ​ដឹង​ថា​ មនុស្ស​៨៨​នាក់ បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ​១៩​នៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​ក្រសួង​សុខាភិបាល ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​១៤៣០​នាក់ គិត​ចាប់​ពី​ថ្ងៃ​ឆ្លង​ជំងឺ​កូវីដ​១៩​លើក​ដំបូង​ក្នុង​ប្រទេស រហូត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២១​នេះ។

លោក គ្រុយ ម៉ាឡែន នាយក​រដ្ឋ​បាល​ខេត្ត​កណ្តាល មាន​ប្រសាសន៍​ថា​ស្រុក​កោះ​ធំ​ជា​កន្លែង​ដែល​មាន​កាស៊ីណូ​និង​កន្លែង​ស្នាក់​នៅ​របស់​ជន​បរទេស​ច្រើន មាន​ទាំង​ជន​ជាតិ​ចិន និង​ឥណ្ឌូនេស៊ី​ផង​ដែរ។ លោក​បន្ត​ថា​មនុស្ស​ជាង​១ពាន់​នាក់​ស្ថិត​ក្នុង​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ហើយ​ជាង​១០០​នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ​១៩។ លោក​បញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង​អាច​កើន​ឡើង​បន្ត​ទៀត ដោយសារ​អ្នក​ខ្លះ​រង់​ចាំ​លទ្ធផល​ជា​បន្ត​បន្ទាប់។

លោ​ក​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​ថា៖ «ហើយ​អ្នក​ខ្លះ​ពិនិត្យ​លើក​ទី​មួយ មិន​ទាន់​ឃើញ​ទេ។ យើង​ពិនិត្យ​ជា​បន្ត​បន្ទាប់​លើក​ទី​ពីរ​មក បាន​មាន​ចេញ​តួលេខ​ថ្មី។ អញ្ចឹង​នៅ​សល់​សំណាកមួយ​ចំនួន​ទៀត ដែល​មិន​ទាន់​ចេញ​លទ្ធផល យើង​កំពុង​តែ​តាម​ដាននូវ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​អ្នក​ទាំង​អស់​ហ្នឹង»។

បើ​តាម​លោក គ្រុយ ម៉ាឡែន ​អាជ្ញា​ធរ​ខេត្ត​បាន​ស្នើ​សុំ​ការ​បង្កើត​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ស្រុក​កោះ​ធំ​តែ​ម្តង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ដោយ​មិន​បាច់​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ក្នុង​ក្រុង​តា​ខ្មៅ។

លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ ឯក​ឧត្តម​អភិបាល​ខេត្ត​កំពុង​រិះ​រក​មធ្យោបាយ​ក្នុង​ការ​សុំ​គោល​ការណ៍​ថ្នាក់​ដឹកនាំ​ដើម្បី​រៀបចំ​មណ្ឌល​ព្យា​បាល​នៅ​នឹង​កន្លែង​តែ​ម្តង»។

លោក យង់ គិម​អេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មាន​ប្រសាសន៍​ថា​គ្រប់​ភាគី​ទំាង​អស់​ត្រូវ​រួម​គ្នា ហើយ​ទប់​ស្កាត់​ដោយ​អត់​ធ្មត់​រយៈ​ពេល​ខ្លី ដើម្បី​កុំ​ឲ្យ​មាន​ភាព​«ឈឺ​ចាប់​ក្នុង​រយៈ​ពេល​មួយ​ដ៏​វែង»។

លោក​បន្ថែម​ថា​៖ «គួរ​តែ​មាន​វិធាន​ការ​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ហានិភ័យ​នោះ កុំ​ឲ្យ​វា​រីក​សាយ​ភាយ​កាន់​តែ​ធំ»។

លោក​បន្ត​ថា​ការ​ឆ្លង​នេះអាច​ឈាន​ទៅ​រក​ភាព​ធ្ងន់​ធ្ងរ ប្រសិន​បើ​មិន​មាន​ការ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ល្អ​ប្រសើរ។ លោកក៏​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​ធ្វើ​ចត្តាឡីស័ក​មិន​បាន​ត្រឹម​ត្រូវ​ដែល​នាំ​ឲ្យ​មាន​ការ​រាល​ដាល​បន្ថែម​ទៀត។

លោក យង់ គិមអេង ឲ្យ​ដឹង​ទៀត​ថា​លោក​ក៏​ព្រួយ​បារម្ភ​អំពី​ចំនួន​អ្នក​ជំងឺ​កូវីដ​១៩​កាន់​តែ​កើន​ឡើង ដូច្នេះ​អាច​មាន​ការ​ខ្វះ​ខាត​ឧបករណ៍​ដូច​ជា​បំពង់​ជំនួយ​ដង្ហើម​ជាដើម។

កាល​ពី​សប្តាហ៍​មុន អង្គការ​សុខភាព​ពិភព​លោក​(WHO)បាន​ប្រកាស​ឲ្យ​ចាត់​វិធានការ​ទាំង​អស់​គ្នា​ពេល​នេះ​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ក្រោយ​មាន​ករណី​បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​ដែល​ជា​ករណី​ស្លាប់​ដំបូង​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ ​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ឆ្លង​ក្នុង​សហគមន៍២០​កុម្ភៈ ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ហើយ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​ទ្រង់​ទ្រាយ​ធំ​នេះ។

ច្បាប់​ស្ដី​ពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់ កាល​ពី​សប្តាហ៍​មុន។ ច្បាប់​នេះ​ចែង​ពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​និង​ព្រហ្មទណ្ឌ​លើ​«បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល វិធានការ​រដ្ឋបាល ឬ​វិធានការ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​តាម​ច្បាប់​នេះ»។ អ្នក​បំពាន​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ដល់​៣​ឆ្នាំ បើ​សិន​ជា​បាន​ចម្លង​វីរុស​ដល់​អ្នក​ដទៃ​អំឡុង​ការ​បំពាន៕

XS
SM
MD
LG