នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន នៅថ្ងៃពុធនេះ បានប្រកាសដាក់ថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីបង្កើតក្រុមមេធាវីមួយមានសមាជិកប្រមាណ៥០នាក់ ដើម្បីផ្តល់សេវាច្បាប់ដល់ស្ត្រីក្រីក្រនៅក្នុងប្រទេស។
លោក ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះ ក្នុងពេលលោកជួបសំណេះសំណាលជាមួយក្រុមកម្មកររោងចក្រកាត់ដេរនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃពុធនេះ។
លោកបានប្រាប់ក្រុមកម្មករផងដែរថា ស្ត្រីជាមេធាវីនឹងត្រូវបានផ្តល់អាទិភាពឲ្យក្លាយជាសមាជិកក្រុមមេធាវី ដែលលោកហៅថាជា«ក្រុមមេធាវីតេជោសែន» ហើយក្រុមមេធាវីដែលមានចំនួន៥០នាក់នឹងមានប្រធានមួយរូប និងអនុប្រធានបួនរូប។
លោក ហ៊ុន សែន ថ្លែងថា៖
«ខ្ញុំកំពុងតែឲ្យឯកឧត្តម គី តិច ដែលជាប្រធានមេធាវីរបស់រាជរដ្ឋាភិបាល ជួយរៀបចំឲ្យខ្ញុំ។ នេះមិនមែនជាថវិការបស់រដ្ឋាភិបាលទេ ជាថវិការបស់ខ្ញុំ ដែលប្រមូលគ្នីគ្នា ដើម្បីរៀបចំឲ្យមានក្រុមមេធាវីរបស់តេជោសែនមួយសម្រាប់ការពារក្តីឲ្យស្ត្រីក្រីក្រ»។
មេដឹកនាំយូរឆ្នាំរបស់កម្ពុជារូបនេះបានបញ្ជាក់ទៀតថា ក្រុមកម្មករដែលប្រឈមនឹងបញ្ហាច្បាប់ អាចមកទទួលសេវាច្បាប់ពីក្រុមមេធាវី ដោយមិនតម្រូវឲ្យបង់ថ្លៃសេវានោះឡើយ។
លោក ហ៊ុន សែន បន្ថែមទៀតថា ហេតុផលមួយដែលលោកត្រូវជម្នះបង្កើតក្រុមមេធាវីនេះឲ្យបាននោះ ដោយសារមានរបាយការណ៍បញ្ជាក់ថា ស្ត្រីមួយចំនួនកំពុងជាប់ឃុំ ព្រោះខ្វះមេធាវីការពារក្តីពួកគេ។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖
«ឥឡូវនេះ កំពុងនៅ ខ្លះនៅមន្ទីរឃុំឃាំង ខ្វះមេធាវី។ កាត់ក្តីអត់កើត កាត់ក្តីអត់បាន។ អ៊ីចឹងនេះជាគោលនយោបាយចំពោះស្ត្រីរបស់យើង»។
ក្រុមអ្នកធ្វើការផ្នែកលើកស្ទួយសិទ្ធិស្រ្តីនៅកម្ពុជាយល់ថា នេះជាជំហ៊ានវិជ្ជមានមួយរបស់លោក ហ៊ុន សែន ដែលផ្តើមគំនិតបង្កើតក្រុមមេធាវីការពារក្តីស្រ្តីក្រីក្ររងគ្រោះតែពួកគេបារម្ភថា ការអនុវត្តអាចនឹងមិនស្មើភាពគ្នាចំពោះស្ត្រីទាំងនោះ ដោយសារនិន្នាការនយោបាយ។
អ្នកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ប្រាប់ VOA កាលពីពេលថ្មីៗនេះថា អ្នកស្រីសាទរចំពោះការបង្កើតក្រុមមេធាវីការពារស្រ្តីក្រីក្រដែលជាជនរងគ្រោះនោះ តែអ្នកធ្វើការលើកស្ទួយសិទ្ធិស្ត្រីរូបនេះក៏ស្នើឲ្យរដ្ឋាភិបាលពង្រឹងប្រព័ន្ធយុត្តិធម៌ឲ្យបានរឹងមាំផងដែរ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ យល់ឃើញស្រដៀងគ្នានឹងអ្នកស្រី រស់ សុភាព ចំពោះការបង្កើតក្រុមមេធាវីថ្មីនេះ។ តែលោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងរងការរិះគន់ចំពោះការចំណាយថវិកាផ្ទាល់ខ្លួនលោកយ៉ាងច្រើនសន្ធឹកសន្ធាប់នេះទៅលើក្រុមមេធាវី។
អ្នកការពារសិទ្ធិមនុស្សរូបនេះផ្តល់ការកត់សម្គាល់ទៀតថា កំណែទម្រង់ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌គឺជាកិច្ចការអាទិភាពរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានសម្តែងចេតនាចង់ជួយដោះស្រាយវិបត្តិក្ដីក្ដាំរបស់ស្ត្រីក្រីក្រនៅកម្ពុជា។
លោកបានប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយនៅល្ងាចថ្ងៃពុធនេះក្នុងន័យដើមថា៖
«តាមយោបល់របស់ខ្ញុំ រាជរដ្ឋាភិបាលគួរតែពន្លឿនក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធភាព តុលាការឯករាជ្យ ក្នុងការផ្តល់យុត្តិធម៌ក្នុងសង្គម និងមានជំនឿទុកចិត្តពីប្រជាពលរដ្ឋ នោះទើបជានិរន្តរភាពនៃប្រព័ន្ធយុត្តិធម៌ ឬប្រព័ន្ធតុលាការក្នុងការផ្តល់យុត្តិធម៌ក្នុងសង្គម និងប្រជាពលរដ្ឋទូទៅ»។
នៅមុនពេលមានការប្រកាសរបស់លោក ហ៊ុន សែន ថា ត្រូវតែមានក្រុមមេធាវីការពារក្តីស្រ្តីក្រីក្រនោះ ប្រទេសកម្ពុជាត្រូវអ្នកស្រាវជ្រាវច្បាប់អន្តរជាតិរកឃើញថា អំពើពុករលួយ និងឥទ្ធិពលពីស្ថាប័ននីតិប្រតិបត្តិបានគំរាមកំហែងខ្លាំងលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាពិសេសគឺឯករាជ្យរបស់តុលាការ។
កាលពីខែតុលាឆ្នាំ២០១៥ វិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association Human Rights Institute) ចេញផ្សាយរបាយការណ៍មួយដែលបានធ្វើការវិភាគលម្អិតទៅលើកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ក្រោយការប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីបីស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជា ដែលបានចេញពី«សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈ ចៅក្រម និងព្រះរាជអាជ្ញា និងសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ»។
របាយការណ៍នោះបានសរសេរក្នុងន័យដើមថា៖
«រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងមានឆន្ទានុសិទ្ធិ និងឥទ្ធិពលលើផែ្នកស្ទើរតែទាំងអស់របស់ចៅក្រម។ បច្ចុប្បន្ន វិសាលភាពអំណាចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើប្រព័ន្ធតុលាការ ដូចជាឥទ្ធិពលផ្លូវការយ៉ាងច្រើនលើផ្នែកថវិកា ធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើងតំណែង រយៈពេលកាន់តំណែង និងការដកចេញនៅក្នុងប្រព័ន្ធតុលាការ ត្រូវបានចែងក្នុងច្បាប់ថ្មីទាំងបី ដែលគ្មានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិឡើយ»។
អ្នកស្រាវជ្រាវមួយរូបដែលរួមចំណែកសរសេររបាយការណ៍នេះគឺអ្នកស្រី Brenda Lee Edwards បានរកឃើញថា នៅពេលរៀបនឹងចេញទៅបំពេញវិជ្ជាជីវៈរបស់ខ្លួន ចៅក្រមដែលត្រូវការការបណ្តុះបណ្តាល ត្រូវបានសួរ និងប្រាប់ឲ្យសូកសំណូកជាថ្នូរទៅនឹងការទទួលបាននូវការបណ្តុះបណ្តាល។ ក្រុមអ្នកស្រាវជ្រាវផ្សេងទៀតត្រូវបានប្រាប់ថា បុគ្គលដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពច្រើនក្នុងការទទួលបានការតែងតាំង និងការដំឡើងតំណែង នៅពេលណាដែលពួកគេត្រូវបានតែងតាំង។
ទាក់ទិនបញ្ហាច្បាប់ដដែលនេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project)បានរកឃើញថា នៅចន្លោះឆ្នាំ២០១៧ និង២០១៨កន្លងទៅនេះ កម្ពុជាគឺជាប្រទេសដែលមាននីតិរដ្ឋទន់ខ្សោយជាទីបំផុត ពោលគឺស្ថិតនៅបាតតារាងនៃសន្ទស្សន៍នីតិរដ្ឋ។
អង្គការគម្រោងយុត្តិធម៌ពិភពលោកបានឲ្យដឹងថា កម្ពុជាទទួលបានចំណាត់ថ្នាក់១១២ក្នុងចំណោម១១៣ ប្រទេសដែលជាចំណាត់ថ្នាក់មួយគ្មានការប្រែប្រួលអ្វីទាំងអស់ បើធៀបទៅនឹងឆ្នាំ២០១៦។ ប្រទេសវ៉េណេស៊ុយអេឡា ដែលកំពុងជួបកោលាហលខាងនយោបាយនោះ ទទួលបានចំណាត់ថ្នាក់១១៣ក្នុងចំណោមប្រទេសទាំងអស់១១៣ប្រទេស។
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសិង្ហបុរីទទួលបានពិន្ទុល្អជាងគេក្នុងការកសាងនីតិរដ្ឋគឺឈរនៅចំណាត់ថ្នាក់ទី១៣។ ចំណាត់ថ្នាក់នេះធ្វើឲ្យសិង្ហបុរីឈរក្នុងកម្រិតកំពូលមួយនៃប្រទេសមាននីតិរដ្ឋ ក្នុងចំណោម១៥ប្រទេសនៃប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក។ ចំណែកថៃនិងវៀតណាមទទួលបានចំណាត់ថា្នក់ ៧១ និង៧៤ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលគ្របដណ្តប់តំបន់អាស៊ីអាគេ្នយ៍ដដែលនេះ។
តាមការបញ្ជាក់របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក នីតិរដ្ឋដែលមានប្រសិទ្ធភាពគឺជួយកាត់បន្ថយអំពើពុករលួយ ប្រយុទ្ធនឹងភាពក្រីក្រ និងជំងឺ ហើយការពារប្រជាជនពីអយុត្តិធម៌សង្គមទាំងក្នុងទម្រង់ធំ និងតូច។
នីតិរដ្ឋគឺជាគ្រឹះសម្រាប់សន្តិភាពរបស់សហគមន៍ ឱកាស និងសមធម៌ ហើយអាចទ្រទ្រង់ការអភិវឌ្ឍរបស់រដ្ឋាភិបាលដែលមានការទទួលខុសត្រូវ និងគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ នីតិរដ្ឋមិនមែនគ្រាន់តែជាវិធានរបស់មេធាវី និងចៅក្រមទេ តែសមាជិកសង្គមទាំងអស់សុទ្ធតែមានចំណែកពាក់ព័ន្ធ៕