ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សង្ឃឹម​ទំនាក់ទំនង​ជាមួយ​ចិន​នឹង​ត្រូវ​ពង្រីក​បន្ថែម​ក្រោម​ការ​ដឹកនាំ​បន្ត​របស់​លោក​ស៊ី ជិនពីង


រូបឯកសារ៖ នាយករដ្ឋមន្រ្តី​កម្ពុជា​លោក​ហ៊ុន សែន (ខាង​ឆ្វេង) និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​ ចាប់​ដៃ​គ្នា​ អំឡុងពេល​បើកកិច្ច​ប្រជុំ​កំពូល CICA ក្នុង​ក្រុង​សៀងហៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៤។
រូបឯកសារ៖ នាយករដ្ឋមន្រ្តី​កម្ពុជា​លោក​ហ៊ុន សែន (ខាង​ឆ្វេង) និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីងពីង​ ចាប់​ដៃ​គ្នា​ អំឡុងពេល​បើកកិច្ច​ប្រជុំ​កំពូល CICA ក្នុង​ក្រុង​សៀងហៃ កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៤។

លោក​ ស៊ី ជិនពីង ​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ជា​បន្ត​ លោក​ហ៊ុន សែន​បញ្ជូន​លិខិតអបអរ​ ហើយ​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹម​លើ​ទំនាក់​ទំនង​ជាមួយ​ចិន។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ប្រធានាធិបតី​ចិន​គឺ​លោក​ ស៊ី ជីនពីង ​(Xi Jinping) ​ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​ថ្មី​ជា​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន។​

ប្រទេស​ចិន​បាន​ធ្វើ​សមាជ​បក្ស​កុម្មុយនីស្ត​រយៈ​ពេល​៧​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ដោយ​លោក​ ស៊ី​ ត្រូវ​បាន​ជ្រើស​តាំងសារ​ជា​ថ្មី ​ជា​អគ្គ​លេខាធិការបក្ស។ ​នេះ​មាន​ន័យ​ថា ​លោក ​ស៊ី​ នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​ចិន​បន្ត​ទៀត​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

​ក្នុង​លិខិត​ចុះ​ថ្ងៃទី​២៥ ​ខែ​តុលា ​ ​លោក ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​ការ​ជ្រើសតាំង​នេះ​គឺ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ច្បាស់​ថា ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​ និង​ប្រជាជន​ចិន​បាន​បន្ត​នូវ​ទំនុកចិត្ត​ដ៏​មុត​មាំ ​និង​ពេញ​ទំហឹង​ចំពោះ​លោក​ ស៊ី ជិនពីង ​ដើម្បី​ដឹកនាំ​ប្រទេស​ចិន​បន្ត​ទៀត។​

លិខិត​របស់លោក​ ហ៊ុន សែន​ សរសេរ​ថា៖​

«ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​មិត្តភាព ​និង​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​យូរ​លង់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​កុម្មុយនីស្ត​ចិន​នឹង​ត្រូវ​បាន​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត ​ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ជាតិ ​និង​ប្រជាជន​ទាំង​ពីរ»។​

លោក ផៃ ស៊ីផាន ​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោក ​ស៊ី ​ជា​មនុស្ស​មានសារៈ​សំខាន់​សម្រាប់​ប្រជាជាតិ​ចិន។ ​លោក​ក៏​បាន​កោត​សរសើរ​នយោបាយ​ការ​បរទេស​របស់​លោក ​ស៊ី ​ទៅ​លើ​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ។​

អ្នក​នាំពាក្យ​រូប​នោះ​បាន​ថ្លែង​ថា ​លោក​សង្ឃឹម​និងជឿជាក់​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ប្រសើរ​ថែម​ទៀត។​

លោក​បាន​ថ្លែង​ថា៖​

«ហើយ​យើង​ជឿ​ជាក់​ថា​ ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា ​និង​ចិន​ផ្អែក​ទៅ​លើ​សេដ្ឋកិច្ច​នឹង​ច្បាស់​ជា​បន្ត​រីក​បន្ថែម​ទៅ​ទៀត ​ដែល​យើង​ធ្លាប់​ទទួលជា​បទ​ពិសោធន៍​នេះ»។​

រូបឯកសារ៖ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា
រូបឯកសារ៖ លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា

លោក ​ផៃ ស៊ីផាន ​បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​លោក​ ស៊ី ​និង​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​កាល​ពី​កន្លង​ទៅ​ថា៖​

«គ្មាន​អ្នក​ណាម្នាក់​អាច​បំបែក​កម្ពុជា​ចេញ​ពី​ចិន ​ឬ​បំបែក​ចិនពីកម្ពុជា​បានទេ។​ អា​នេះ​សារ​សំខាន់ណាស់ ​ហើយ​ឧបសគ្គ​របស់​កម្ពុជា​គឺ​ជា​ឧបសគ្គ​របស់​ចិន។​ ដូច្នេះ​អា​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ»។​

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​គឺលោក គីម ជុងអ៊ុន ​(Kim Jong Un)​ ក៏​បាន​ផ្ញើ​សារ​អបអរ​សាទរ​ដ៏​កម្រ​មួយ​ទៅ​កាន់​ប្រធានាធិបតី​ចិន ​លោក ​ស៊ី ជិនពីង​ ផង​ដែរ។ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង។​ លោក​បាន​ជូន​ពរ​មេដឹកនាំ​ចិន​ «សម្រេច​បានជោគជ័យ​ធំធេង»​សម្រាប់​កិច្ច​ការ​នា​ពេល​ខាង​មុខ។​

លោក ​ស៊ី ជិន​ពីង ​ក៏​ធ្លាប់​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា ​កាល​ពី​ខែតុលា​ ​ឆ្នាំ​២០១៦​ផង​ដែរ​ ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រមាណ​៣០​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ផ្តល់​កម្ចី​ប្រមាណ ​២៣៧​លាន​ដុល្លារ​អាមេរិក​ និង​ការ​លុប​ចោល​បំណុល​ប្រមាណ​៩០​លាន​ដុល្លារ​ផង​ដែរ។​

ចំណែក​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧​នេះ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ក៏​បាន​សម្ពោធ​ផ្សព្វផ្សាយ​សៀវភៅ​មាន​ចំណង​ជើង​ថា ​«ស៊ី ជីនពីង ​អភិបាល​កិច្ច​ប្រទេស​ចិន»។​ លោក​ក៏​បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ ជា​ពិសេស​យុវជន​អាន​សៀវភៅ​ស្ដីពីការ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ​ស៊ី ជីនពីង ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ចិន ​ដើម្បី​រៀន​សូត្រ​ពី​ចំណុច​សំខាន់ៗ​យក​ទៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​សង្គម​កម្ពុជា។​

​លោក ​យង់ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព ​បាន​ថ្លែង​ថា ​ប្រទេស​ចិន​នឹង​នៅ​តែ​រក្សា​ទំនាក់​ទំនង​ចាស់​ជាមួយ​កម្ពុជា ​ដោយ​គ្មាន​ការ​ប្រែប្រួល​ទេ ​តាំង​ពី​មុន ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ​លោក​បន្ត​ថា ​ប្រទេស​ចិន​មិន​ដែល​ខ្វល់​ខ្វាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ​គឺ​ចិន​តែងតែ​គិត​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ ដូច​ជា​ការ​វិនិយោគ​ និង​ការ​រក​ស៊ី​ផ្សេងៗ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចិន​តែង​តែ​លើក​ឡើង​ថា ​ឆ្មា​គេ​អត់​គិត​ថា ​ឆ្មា​ខ្មៅ​ឬ​ឆ្មា​ស​ទេ​ ឲ្យ​តែ​ចាប់​កណ្តុរ​បាន។ ​អីចឹង​គេ​មិន​ខ្វល់​ទេ។​ គេ​សហការ​ជាមួយ​អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​អាច​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ទៅ​ដល់​គេ​បាន»។​

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព (លឹម សុធី/VOA)
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្ដិភាព (លឹម សុធី/VOA)

លោក​បន្ត​ថា ​រដ្ឋាភិបាល​ចិន​បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ពាន​ ថ្នល់​នៅ​ប្រទេស​កម្ពុជា ​តែ​ក៏​ត្រូវ​បាន​រិះគន់​ដោយ​ពលរដ្ឋ​ខ្មែរថា ការ​ធ្វើ​អាជីវកម្ម​ រ៉ែ ​និង​រក​ស៊ី​ផ្សេងៗ​ប៉ះពាល់​ដល់​ភូមិ​ករ​ និង​ព្រៃ​សហគមន៍​របស់​ជនជាតិ​ដើម​មួយ​ចំនួន។​

លោក​បញ្ជាក់​ថា ​ប្រជា​ពលរដ្ឋ​ខ្មែរនៅ​តែ​គិត​ថា ​ប្រទេស​ចិន​ជា​ប្រទេស​កុម្មុយនីស្ត ​រីឯ​កម្ពុជា​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប្រជា​ពលរដ្ឋ​គេ​នៅ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ចិន​ដែរ​ គឺ​គេ​នៅ​តែ​មើល​ឃើញ​ថា​ ប្រទេស​ចិន​ជា​ប្រទេស​កុម្មុយនីស្ត។​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ អីចឹង ​គេ​ក៏​មិន​ចង់​ឃើញ​ថា ​ប្រទេស​កុម្មុយនីស្ត​មួយ​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ខ្លាំង​ដែរ»។​

ក្នុង​បញ្ហា​អាស៊ាន ​កម្ពុជា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​សំណាក់​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ថា​ ​គាំទ្រ​ចិន ​ដែល​នាំ​ឲ្យ​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមរបស់​អាស៊ាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ​ហើយ​ថា ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​មិន​មែន​ជា​រឿង​អាស៊ាន​នោះ​ទេ​ គឺ​ជា​រឿង​របស់​ចិន​ជាមួយ​ប្រទេស​មួយ​ចំនួន​ជា​សមាជិក​អាស៊ាន។​

បន្ទាប់​ពី​ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា ​និង​ស្រប​ពេល​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មក​នោះ​ ​ ប្រទេស​ចិន​បាន​ប្រកាស​ការ​គាំទ្រ​ចំណាត់​ការ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​គឺ​លោក​ Geng Shuang ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​រដ្ឋាភិបាល​ចិន ​«គាំទ្រ​កិច្ច​ប្រឹងប្រែងរបស់​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ ​និង​ស្ថិរភាព»។​

អ្នកស្រី ​មូរ សុខហួរ ​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​មាន​ប្រសាសន៍​ថា ​ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​ចិន​នា​ពេល​នេះ​ គឺដោយសារ​ប្រទេស​កម្ពុជា​មាន​«គោល​ការណ៍​ប្រហាក់​ប្រហែល​គ្នា​បែប​កុម្មុយនីស្ត» ​ដែល​អ្នកស្រី​សំដៅ​ទៅ​លើ​ការការ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ លទ្ធិ​ប្រជាធិបតេយ្យ ​សារព័ត៌មាន​ឯករាជ្យ ​អង្គការ​សង្គម​ស៊ីវិល ​និង​គណបក្ស​ប្រឆាំង។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ទាំង​នេះ​ យើង​យល់​ឃើញ​ថា ​គឺជា​ការ​រៀន​សូត្រ​មួយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​មកពី​ប្រទេស​ចិន ​ក៏​ដូច​ជា​ពី​ប្រទេស​វៀតណាម​ដែល​មាន​ប្រភព​កុម្មុយនីស្ត​ដូច​គ្នា»។​

លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

អ្នកស្រី​មូរ សុខ​ហួរ​ បន្ត​ថា​ លោក ​ហ៊ុន សែន ​កំពុង​តែ​រៀនការ​ដឹកនាំ​បែប​លោក​ ស៊ី ជីនពីង។ ​អ្នកស្រី​បន្ត​ថា ​ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​ការបោះ​ឆ្នោត​ ​ ​នោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​នឹង​នៅ​តែ​ល្អ​ តែ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

កាល​ពី​ខែ​កញ្ញា​ ​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា​ គឺ​លោក ​ប្រាក់ សុខុន ​បាន​ថ្លែង​ថា​ទំនាក់​ទំនង​ជាមួយ​ចិន ​គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស ​ដែល​លោក​សំដៅ​ទៅ​លើ​ជំនួយ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហើយ​សួរ​ថា ​កម្ពុជា​នៅ​ប៉ូល​ណា?​ រដ្ឋ​ធម្មនុញ្ញ​ឆ្លើយ​ជំនួស​ខ្ញុំ​ហើយ​គឺ​នយោបាយ​អព្យាក្រឹត្យ​ ​ហើយ​អចិន្ត្រៃយ៍​ទៅ​ទៀត។ ​អីចឹង​យើង​អត់​ស្ថិត​ក្នុង​ប៉ូល​ណា​ទេ។​ យើង​មាន​មិត្ត​ភក្តិ​ យើង​មាន​ការ​រាប់​រក ​មាន​គេ​ស្រឡាញ់ ​មាន​គេ​ជួយ»។

ទំនាក់​ទំនង​រវាង​កម្ពុជា ​និង​ចិន​បាន​កើត​ឡើង​យូរ​មក​ហើយ ​ហើយ​ក៏​បាន​បន្សល់​ទុក​តាំង​ពី​អតីត​ព្រះ​មហា​ក្សត្រ​គឺ​ព្រះបាទ​នរោត្តម​សីហនុ ​ដែល​បាន​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​កាល​ពី​ឆ្នាំ​២០១២។

ចិន​ជា​ប្រទេស​ដែល​មាន​ទំហំ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(Foreign Direct Investment)​ ធំ​ជាង​គេ​នៅ​កម្ពុជា។​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ​និង​ចិន​បាន​កើន​ដល់​ទៅ ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦​ ដែល​មាន​ការ​កើន​ឡើង​ប្រមាណ​ ២០០​លាន​ដុល្លារ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៥។​

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ រហូត​មក​ដល់​ពេល​នេះ ​បាន​ផ្ដល់​នូវ​ជំនួយ​ឥត​សំណង ​និង​កម្ចី​ដល់​កម្ពុជា ​ប្រមាណ​៤,២​ពាន់​លាន​ដុល្លារ​អាមេរិក។​ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន ​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៧៕

XS
SM
MD
LG