ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ដំណើរ​របស់​លោក​ទៅ​មីយ៉ាន់ម៉ា មាន​គោលដៅ​បង្រួបបង្រួម​អាស៊ាន​ឡើងវិញ


រូបឯកសារ៖ លោក ហ៊ុន សែន ថ្លែងបើក​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់មេគង្គ (GMS) លើកទី៧ តាម​អនឡាញ កាលពីថ្ងៃ​ទី៩ ខែកញ្ញា ឆ្នាំ២០២១ ពី​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ចិន ឡាវ វៀតណាម ថៃ និង​ប្រមុខ​របប​សឹក​ភូមា។ (ហ្វេសប៊ុក/Samdech Hun Sen Cambodian PM)

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រុម​អ្នករិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ឲ្យ​រក្សា​ភាពស្ងៀម​ស្ងាត់​ ដោយ​ទុក​ឲ្យលោក​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំក្រោយ​នេះ​ ធ្វើ​ការ​សម្រប​សម្រួល​បង្រួបបង្រួម​អាស៊ាន​ឡើង​វិញ​។​

មេដឹកនាំ​កម្ពុជា​រូបនេះ​ ​បាន​ចំអក​អ្នកការទូត​មួយ​ចំនួន​ក្នុង​ប្រទេសជា​សមាជិក​អាស៊ាន​ថា​ មិន​បាន​យល់​ពី​កិច្ច​ការ​ទូត​ នៅពេល​គ្មានប្រទេស​ណាមួយផ្តាច់​ចំណង​ការទូត​ពី​មីយ៉ាន់ម៉ា​ដែល​ហែក​ហួរ​ដោយ​ជម្លោះ​ក្នុង​ស្រុកនៅ​ឡើយ​។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធអគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាធ្វើ​ឡើ​ង​នៅ​ក្នុងទីក្រុង​ភ្នំពេញនា​ថ្ងៃ​ព្រហស្បតិ៍នេះ លោកហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពីការ​ប្តេជ្ញាចិត្ត​របស់​លោក​ ក្នុង​ការ​នាំ​យកប្រទេស​មីយ៉ាន់​ម៉ា​ ​ចូល​ក្នុង​តុ​ពិភាក្សា​អាស៊ាន​ឡើងវិញ និង​ការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា​តាម​យន្តការ​ ៥​ចំណុច​ ដែល​អាស៊ាន​បាន​កំណត់​ឡើង​។

ការ​ថ្លែង​ដូច្នេះ​ ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ជា​ច្រើន​ដងកន្លង​មកថា​ លោក​នឹងទៅកាន់​ប្រទេស​ភូមា​តាម​ការ​អញ្ជើញរបស់​មេដឹកនាំ​របប​សឹក​ភូមា ​ឬ​មីយ៉ាន់ម៉ា​ លោក Min Aung Hlaing នៅ​ក្នុង​ខែ​មករា ​ឆ្នាំ​២០២២​ ខាង​មុខ ដើម្បី​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​មេដឹកនាំភូមា​អំពី​វិបត្តិភូមា​ដែល​ទំនង​ជា​រួមទាំង​ស្ថានការណ៍​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​ចុងក្រោយ​ដែល​មាន​ការ​រិះគន់​ជា​អន្តរជាតិ និង​ក្នុងតំបន់។


ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ ហ៊ុន សែន ​ក៏​បាន​ច្រានចោល​ការ​រិះគន់​ពី​អ្នករិះគន់​មួយ​ចំនួន​ ដែល​រួម​មាន​ទាំង​ អតីត​រដ្ឋមន្រ្តី​ការបរទេស​ថៃ​មួយ​រូប​ផង​ដែរ ដែល​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​នឹង​បង្ក​ផលអវិជ្ជមាន​ដល់​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​មីយ៉ាន់ម៉ា។

លោក​បាន​ថ្លែង​ថា៖ «ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​ចាប់​ផ្តើម​ពី​ Kasit Piromya អតីត​រដ្ឋមន្រ្តី​ការបរទេស​របស់​ថៃ​ ហើយ​ឥឡូវ​ស្ថិត​នៅ​ក្នុង​ភាគី​ប្រឆាំង​ បន្ទាប់​ទៅ​ឃើញ​ តំណាងរាស្រ្ត​ម្នាក់នៅ​ឯ​ម៉ាឡេស៊ី ហើយ​អ្នកខ្លះ​ទៀត​បង្ហាញ​ពី​កង្វល់​ថា ការ​ធ្វើ​ដំណើរ​របស់​លោក​ ហ៊ុន សែន ​ទៅ​មីយ៉ាន់ម៉ា ហាក់ដូចជា បំផ្លាញ​ការ​ខិតខំ​របស់​គេ ដែល​ជិត​ឈាន​ដល់​គោលដៅ។ អ្វីទៅ​ដែល​ជិត​ឈាន​ដល់​គោលដៅ? ត្រង់​តែ​ថា អ្នក​ឯង​ចង់​ដល់​គោលដៅ​តាមរយៈ​យក​មីយ៉ាន់ម៉ា​ចេញ​ បំបែក​មីយ៉ាន់ម៉ា​ចេញ​ពី​អាស៊ាន? អ្នក​ឯង​ឆ្លើយ​អា​ត្រង់​ហ្នឹង​ឲ្យ​ខ្ញុំ​បន្តិច។​ អ្វី​ទៅ​ជា​គោលដៅ​អ្នក​ឯង?»។ ​

លោក ​Kasit Piromya​ សមាជិក​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ និង​ជា​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ថៃ បាន​រិះគន់ផែន​ការ​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ការ​ធ្វើ​ដំណើរទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ចុះ​កាល​ពី​ដើម​ខែ​ធ្នូ ក្នុង​ន័យ​ដើម​ និង​ត្រូវ​បាន​ប្រែសម្រួល​ថា៖

រូបឯកសារ៖ លោក Kasit Piromya (ស្តាំ) នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ត្រូវបាន​អមដំណើរ​ដោយ​សមភាគី​ឥណ្ឌូណេស៊ី​លោក Marty Natalegawa បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សាកាតា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។
រូបឯកសារ៖ លោក Kasit Piromya (ស្តាំ) នៅពេល​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​ថៃ ត្រូវបាន​អមដំណើរ​ដោយ​សមភាគី​ឥណ្ឌូណេស៊ី​លោក Marty Natalegawa បន្ទាប់ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ទីក្រុង​ហ្សាកាតា កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។

«មិនមាន​ហេតុផល​សមស្រប​ទាល់តែ​សោះ​ថា នាយករដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន ពិភាក្សា​ពី​គម្រោង​ធ្វើ​ផែនការ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ដោយ​ការណ៍​នេះ​ធ្វើឲ្យ​រដ្ឋាភិបាល​យោធា​ទទួល​បាន​ភាព​ស្រប​ច្បាប់ មុន​ពេល​ការ​វិវត្ត​ផ្សេងៗ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ចំណុច​ព្រមព្រៀង​៥ ​ចំណុច​។ នេះ​ជា​ហេតុផល​ដែល​អាស៊ាន​មិនដាក់បញ្ចូល​មេដឹកនាំ​យោធាលោក Min Aung Hlaing នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាល​ពី​ខែ​តុលា»។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​សង្កត់​ធ្ងន់​ផង​ដែរ​ថា បេសកកម្ម​ការទូត​របស់​លោកក្នុង​នាមជាប្រធាន​អាស៊ាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នាដើមឆ្នាំ ​២០២២នោះ គឺ​ជា​កិច្ច​ការទូតធម្មតា ដោយសារ​កម្ពុជា​មាន​ស្ថានទូត​នៅ​មីយ៉ាន់ម៉ា និង​បាន​ចោទសួរ​ទៅ​អ្នករិះគន់​លោក​ថា​តើ​រដ្ឋាភិបាល​ប្រទេស​របស់​ពួកគេ​បាន​ដក​ស្ថានទូត​ចេញ​ពី​មីយ៉ាន់ម៉ា​ឬនៅ ស្រប​ពេល​មក​ទល់​ពេល​នេះ ​មិនទាន់​មាន​ប្រទេស​ណា​មួយ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញ​នៅ​ឡើយ​នោះ​។

កម្ពុជា​ នឹង​ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន​ ចាប់​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០២២។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​បង្ហាញ​ប្រតិកម្ម​តបត​ ដែល​ទំនង​សំដៅ​ទៅ​លោក សម រង្ស៊ី ដែល​បាន​លើកឡើង​ថា លោក​មិនតំណាង​ឲ្យ​អាស៊ាន​នោះ​ទេ​ ពាក់ព័ន្ធ​នឹង​គម្រោង​ជួប​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​យោធា​អ៊ុនតា​មីយ៉ាន់ម៉ា។

លោក​បាន​ថ្លែង​ថា៖ «ហើយ​បែរ​ជា​ ហ៊ុន សែន ​ទៅ​ហ្នឹង​មិនមែន​តំណាង​ឲ្យ​កម្ពុជា។ ចុះ​បើ​មិន​តំណាង​ឲ្យ​កម្ពុជា​ ទៅ​ធ្វើ​ខ្មោច​អី? ទៅ​ធ្វើ​អី​ទៅ​រក​ងាប់​ធ្វើ​អី? ចេះ​និយាយ​ចុះ»។

លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​បន្ថែម​ថា៖ ​«មិន​ថា​ អាប្រឆាំង​ក្នុង​ស្រុក​ អា​ប្រឆាំង​ក្រៅ​ស្រុក​ទេ គឺ​វា​ដូចជា ល្ងង់​ពេក​ ទៅ​ថា លោក​ហ៊ុន​ សែន​បាន​បំផ្លាញ​ការ​ខិតខំ​រយៈពេល​កន្លង​ទៅ ដែល​គេ​បាន​ខិតខំ​។ មាន​ន័យ​ថា កំពុង​តែ​ខិតខំ​បំបែក​អាស៊ាន​មែនទែន។ អ្នកឯង​ឆ្លើយ​ឲ្យ​ខ្ញុំ​មក។ ពី​អាស៊ាន​១០ មក​អាស៊ាន ៩​ គឺ​ជា​ ការ​ខិតខំ​របស់​អ្នក​ឯង​ហ្អេ អ្នក​ឯង​ដឹង​ថា អាហ្នឹង​ជា​ចំណុច​បរាជ័យ​របស់​អាស៊ាន​ទេ?»។

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ថ្លែងក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន AFP នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់​នៅដោយ​និរទេស​ខ្លួន​ឯងក្រៅ​ប្រទេស​ បាន​ថ្កោល​ទោស​គម្រោង​ជួប​គ្នា​ផ្ទាល់​របស់​លោកហ៊ុន សែន ​ជាមួយ​មេដឹក​នាំ​យោធា​មីយ៉ាន់​ម៉ា​លោក Min Aung Hlaing ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ខែ​មករា ​ឆ្នាំ​២០២២​ ខាង​មុខ ដោយ​ចាត់​ទុកថា​លោក ហ៊ុន​ សែន​ ​មិន​តំណាង​ឲ្យ​ភាព​ជា​មេដឹកនាំ​សមាគម​អាស៊ាន​ ឬ​កម្ពុជា​ទេ។

លោក សម រង្ស៊ី ក៏​បាន​លើក​ឡើងផង​ដែរ​ថា គម្រោង​របស់លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​យោធា​មីយ៉ាន់​ម៉ា ផ្តល់​ប្រយោជន៍​ដល់​លោក​ ហ៊ុន សែន​ ដែល​បាន​កាន់​កាប់​អំណាច​នៅ​កម្ពុជា​ជាង​៣៦​ឆ្នាំ​មក​ហើយ​ក្នុង​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ចេញ​ពី​កំណត់​ត្រា​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

លោក​ ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (Asian Vision Institute) បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​លើកឡើង​ពី​សំណាក់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ម៉ឺងម៉ាត់​មួយ​ និង​ការ​ទទួល​ខុសត្រូវ​របស់​កម្ពុជា ​ជា​សមាជិក និង​ប្រធាន​អាស៊ាន​នា​ពេលខាង​មុខ ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ទូលំ​ទូលាយ​ និង​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ចាក់​ស្រេះ​នៅ​មីយ៉ាន់ម៉ា។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី។ (រូបថតផ្តល់ឲ្យ)
លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី។ (រូបថតផ្តល់ឲ្យ)

លោក​បាន​ថ្លែង​ថា៖ «អ៊ីចឹងការ​ជំរុញ​ឲ្យ​មាន​វត្តមាន​របស់​ភូមា​នៅ​ក្នុង​កម្រិត​ណា​មួយ នៅ​ក្នុង​តុ​ចរចា​នៅ​ក្នុង​ក្រមខណ្ឌ​អាស៊ាន​ហ្នឹង​ ជា​ការ​ល្អ​ប្រសើរ​មួយ​ និង​មាន​ប្រសិទ្ធភាព​មួយ​ ពីព្រោះ​ថា ចង់់​មិន​ចង់​ យើង​ត្រូវ​យក​យន្តការ​អាស៊ាន​ហ្នឹង ​ដាក់​សម្ពាធ ឬ​ក៏​បង្ក​ជា​បរិយាកាស​ល្អ​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ»។

លោក ឈាង វណ្ណារិទ្ធ​ ​បាន​សង្គត់​ធ្ងន់​ថា កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ មិនបាន​សំដៅ​រក​ការ​ទទួល​ស្គាល់​របប​សឹក​នៅ​ភូមា​នោះ​ទេ ប៉ុន្តែ​ជាការព្យាយាម​ទម្លុះ​ភាព​ទាល់ច្រក​ តាមរយៈ​ការ​អនុវត្ត​គោលការណ៍​ ៥ ចំណុច​ដែល​ត្រូវ​បាន​កំណត់​ឡើង​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០២១។

លោក​បាន​បន្ត​ថា លទ្ធភាព​នៃ​ការវិវត្ត​ទៅ​មុខ​សម្រាប់​ការចរចា ​និង​ដំណោះស្រាយ ​គឺអាច​ទៅ​រួច​នៅ​ពេល​មាន​ការ​នាំយក​យោធា​មីយ៉ាន់ម៉ា​ដែល​កំពុង​កាន់កាប់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នាពេល​បច្ចុប្បន្ន​មក​តុ​ពិភាក្សា ព្រោះយោធាមីយ៉ាន់ម៉ា​អាច​ធ្វើការ​យល់ស្រប​ ឬ​មិនយល់ស្របឲ្យ​មាន​ការ​ពិភាក្សា​ពី​បញ្ហា​ផ្សេងៗ។

គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​មេសា​មេ​ដឹកនាំ​អាស៊ាន​ដែល​មាន​ទាំង​មេ​ដឹកនាំ​យោធា​ភូមា​ផង​ដែរ​ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ទៅ​លើ​៥​ចំណុច។​ ទី១​ ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ហើយ​គ្រប់​ភាគី​ទាំង​អស់​ ត្រូវ​រក្សា​ការ​អត់​ធ្មត់​ខ្ពស់​បំផុត។ ​ទី​២​ កិច្ច​សន្ទនា​ប្រកប​ដោយ​ការ​ស្ថាបនា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន។​ ទី​៣ ​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​របស់​អាស៊ាន​ដើម្បី​សម្រប​សម្រួល​ដំណើរ​ការ​កិច្ច​សន្ទនា​ដោយ​មាន​ជំនួយ​ពី​អគ្គ​លេខាធិការ​អាស៊ាន។​ ទី​៤ ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​តាម​រយៈ​មជ្ឈមណ្ឌល​អាស៊ាន។​ ទី​៥​ ទស្សន​កិច្ច​របស់​ប្រេសិត​ពិសេស​នៅ​មីយ៉ាន់ម៉ា​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់។

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ បាន​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី​១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី​ អោងសាន ស៊ូជី​ (Aung San Suu Kyi) ​ចេញ​ពី​តំណែង។​ អ្នកស្រី​ អោងសាន ស៊ូជី ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក ​ហើយ​អ្នកស្រី​បាន​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន​១១​ករណី ​បើ​ទោះបីជា​អ្នកស្រី​ បាន​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ក៏​ដោយ។​

កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២១ ​ មេ​ដឹកនាំ​អាស៊ាន​មួយ​ចំនួន ​បាន​សម្រេច​មិន​ឲ្យ​មេ​ដឹកនាំ​យោធា​ភូមា​ចូល​រួម​ក្នុង​ជំនួប​កំពូល ​ដែល​រៀបចំ​ដោយ​ប្រទេស​ព្រុយណេ។​

នា​ពេល​ថ្មីៗ​នេះ ជនជាតិ​ភូមា​ និង​ជនជាតិ​ខ្មែរ​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ប្រមាណ១០​នាក់​បាន​នាំគ្នា​មក​តវ៉ា​នៅ​ស្ថានកុងស៊ុល​កម្ពុជា​ក្នុង​ទីក្រុង Lowell រដ្ឋ Massachusetts ដើម្បី​ប្រឆាំង​នឹង​គម្រោង​ទស្សនកិច្ចរបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នា​ពេលខាង​មុខ​នេះ។

អាស៊ាន​ដែលមាន​ឈ្មោះ​ពេញ​ថា​ សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​ មាន​សមាជិក​សរុបចំនួន​១០​ប្រទេស​ ហើយ​មេដឹកនាំ​ប្រទេស​សមាជិក​នីមួយៗ​ ​ត្រូវ​ប្តូរវេន​ធ្វើ​ជា​ប្រធានសមាគមនេះរៀងរាល់​មួយ​ឆ្នាំ​ម្តង​៕

អត្ថបទ​ទាក់ទង

ពាក្យក្នុងសារព័ត៌មាន៖ outrage
សូម​រង់ចាំ

No media source currently available

0:00 0:01:30 0:00
XS
SM
MD
LG