លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការកំពូលកម្ពុជារំលាយ ដែលកំពុងរស់នៅក្រៅប្រទេស បានថ្កោលទោសគម្រោងជួបគ្នាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅប្រទេសមីយ៉ាន់ម៉ាក្នុងខែមករា ឆ្នាំ២០២២ ខាងមុខ ដោយចាត់ទុកថាលោក ហ៊ុន សែន មិនតំណាងឲ្យភាពជាមេដឹកនាំសមាគមអាស៊ាន ឬកម្ពុជាទេ។
ដោយប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក មេដឹកនាំបក្សប្រឆាំងរូបនេះ បានសរសេរថា៖ «ពីព្រោះរបប ហ៊ុន សែន មិនមែនជាតំណាងឲ្យប្រជារាស្ត្រខ្មែរទេ ដោយសារតែការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់នៅកម្ពុជា ហើយទស្សនកិច្ចលោក ហ៊ុន សែន នៅប្រទេសភូមានេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានទាំងមូល»។
ការប្រកាសរបស់មេបក្សប្រឆាំងនៅក្រៅប្រទេសនេះ កើតឡើងមួយថ្ងៃក្រោយពីលោក ហ៊ុន សែន បានប្រកាសបញ្ជាក់ជំហររបស់លោកសារជាថ្មីទៀតកាលពីថ្ងៃពុធថា លោកនឹងនៅតែធ្វើដំណើរទៅជួបជាមួយ លោក Min Aung Hlaing នៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ ទោះបីជាមានការរិះគន់ពីសហគមន៍អន្តរជាតិក៏ដោយ។
ប្រទេសកម្ពុជា នឹងធ្វើជាប្រធានប្តូរវេនសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
លោក សម រង្ស៊ី បានសរសេរថា គម្រោងរបស់លោក ហ៊ុន សែន ទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា ផ្តល់ប្រយោជន៍ដល់លោកនាយករដ្ឋមន្ត្រី ដែលបានកាន់កាប់អំណាចនៅកម្ពុជាជាង៣៦ឆ្នាំមកហើយដោយបង្វែរការចាប់អារម្មណ៍ចេញពីកំណត់ត្រារំលោភសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
ប៉ុន្តែ កាលពីថ្ងៃពុធ លោក ហ៊ុន សែន បាននិយាយការពារខ្លួនទុកជាមុនថា ការទៅជួបលោក Min Aung Hlaing នោះ ដោយស្មាម្ខាង«ពាក់ស័ក្តិកម្ពុជា និងម្ខាងពាក់ស័ក្តិអាស៊ាន» គឺដើម្បីបុព្វហេតុសាមគ្គីភាពអាស៊ានដែលលោកអះអាងថា ត្រូវតែមានសមាជិក១០ប្រទេស ដោយមិនអាចផាត់ប្រទេសណាមួយចេញពីប្លុកនេះបានទេ។
បណ្តាមេដឹកនាំពិភពលោក បាននាំគ្នាថ្កោលទោស និងដាក់ទណ្ឌកម្មលើមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចំពោះការធ្វើរដ្ឋប្រហារទម្លាក់អ្នកស្រី Aung San Suu Kyi ចេញពីមុខតំណែង និងចំពោះអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន។
មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ ត្រូវបានផាត់ចេញពីកិច្ចប្រជុំកំពូលអាស៊ានកាលពីខែតុលា៕