ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន លើក​លែង​មន្រ្តី​គណបក្ស​ភ្លើង​ទៀន ដែល​រិះគន់​ស៊ីហ្គេម


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធបើកដំណើរការនៃការដ្ឋានសាងសង់ផ្លូវល្បឿនលឿន​ចម្ងាយ ១៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅក្រុងបាវិតនៃខេត្តស្វាយរៀង កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​លើក​លែង​ដល់​លោក ស ឡុងដេត ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​នៅ​រាជធានី​ភ្នំពេញ ក្រោយ​មន្រ្តី​គណបក្ស​ជំទាស់​រូប​នោះ​បាន​សុំ​ទោស​ជា​សាធារណៈ ហើយ​សុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ លោក ហ៊ុន សែន បាន​ព្រមាន​ថា​មាន​ដីកា​ចាប់​ខ្លួន​លោក ស ឡុងដេត ដែល​លោក​ថា​កំពុង​ព្យាយាម​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ច្រក​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ លោក ហ៊ុន សែន ថ្លែង​ថា៖ «ឥឡូវ​សូម​អំពាវ​នាវ​ឱ្យ ​ស ឡុង​ដេត​ មក​វិញ​យប់​មិញ​ចាក​ចេញ​ពី​ភ្នំពេញ​ចាំ​រត់​ធ្វើ​អី។ បើ​គង់​តែ​រត់​ទៅ ខ្ញុំ​ក៏​សុំ​ឱ្យ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ដែរ។ យប់​មិញ​ទៅ​ដល់ថ្ម​ដា[ច្រក​ព្រំដែន​ក្នុង​ខេត្ត​ពោធិ៍សាត់]ថៃ​ គេ​អត់​ឱ្យ​ឆ្លង​ទេ។ ឥឡូវ​កំពុង​តែ​ឆ្ពោះ​ទៅ​ចាំយាម ចៅ​ហ្វាយ​ខេត្ត​ចាំយាម[ច្រក​ព្រំដែន​ក្នុង​ខេត្ត​កោះកុង]។ ដីកា​របស់​តុលាការ​ហាម​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ បើ​ចេញ​ក្រៅ​ប្រទេស​ចាប់​ភ្លាម​នៅ​នឹង​ទល់​ដែន។ ឥឡូវ​ស សាឡុង​ដេត​ បាន​ឮ​ហើយ​ត្រឡប់​មក​វិញ។ ត្រឡប់​មក​ដេក​ផ្ទះ​យ៉ាង​ស្រួល​ហើយ​ ទៅ​ឆ្លើយ​ជា​មួយ​តុលាការ​ទៅ​អារឿង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ស៊ីហ្គេម»។

កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២៣ លោក ស ឡុងដេត បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ ដោយរិះគន់ការ​រៀប​ចំ​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ា​ហ្គេម ដែល​កម្ពុជា​មិន​យក​ថ្លៃ​សំបុត្រ​ មិន​យក​ថ្លៃ​ស្នាក់​នៅ និង​អាហារ ព្រម​ទាំង​មិន​យក​ថ្លៃ​លើ​សិទ្ធិ​ផ្សព្វ​ផ្សាយ។ មន្រ្តី​គណបក្ស​ជំទាស់​រូប​នោះ​បាន​លើក​ឡើង​អំពី​ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​នេះ ខណៈ​រដ្ឋាភិបាលខ្ចី​បុល​ពី​បរទេស។

ការ​ថ្លែង​របស់​លោក ស ឡុងដេត ត្រូវ​បាន​លោក ហ៊ុន សែន ថា​មាន​ផ្ទៃ​ក្នុង​របស់​លោក​ដែល​ចូលរួម​កិច្ច​ប្រជុំ​នោះ​ផ្តល់​ឱ្យ។ មន្រ្តី​បក្ស​ជំទាស់​រូប​នោះ​ត្រូវ​បាន​ប្តឹង​ផ្តល់​ពី​គណៈកម្មការ​ប្រកួត​ស៊ីហ្គេម។ នេះ​បើ​តាម​លោក ហ៊ុន សែន។

លោក ហ៊ុន សែន បញ្ជាក់​ថា​៖ «អ្នក​ឯង[លោក ស ឡុងដេត] និយាយ​ក្នុង​ចំណោម​មនុស្ស​សាម​សិប​នាក់ ចាត់​ទុក​ថា​បរិហារកេរ្តិ៍​ហើយ។ អ៊ីចឹង​មិន​បាច់​ចាំ​រត់​ទេ ស ឡុង​ដេត​អើយ។ លោក​ឯង​ចេញ​ទៅ​ណា ក៏​អត់​រួច​ដែរ។ អញ្ជើញ​មក​វិញ​មក»។

ក្រោយ​លោក ហ៊ុន សែន ព្រមាន និង​លើក​ឡើង​អំពី​ដីកា​របស់​តុលាការ លោក ស ឡុង​ដេត នៅ​ថ្ងៃ​អង្គារ​នេះ ក៏​បាន​ចេញ​វីដេអូ​សុំទោស​ជា​សាធារណៈ​ទៅ​កាន់​លោក​ ហ៊ុន សែន។

លោក​ថ្លែង​ថា៖ «ខ្ញុំ​បាទ​សូម​អភ័យ​ទោស​ដល់​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​ដែល​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​សមាជិក​សមាជិកា​គណបក្ស​ភ្លើង​ទៀន​ កាល​ពី​ថ្ងៃ​មុន​ស្តី​ពី​បញ្ហា​ស៊ីហ្គេម​ ដែល​ធ្វើ​ឱ្យ​មតិ​ជាតិ​ និង​អន្តរ​ជាតិ​យល់​ច្រឡំ។ ដូច្នេះ​ក្នុង​នាម​ខ្ញុំ សូម​អភ័យ​ទោស​ដល់​សម្តេច​តេជោ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ទាំង​មូល ដែល​ខ្ញុំ​បាន​និយាយ​ជ្រុល​ហួស​ ហើយ​ខ្ញុំ​សូម​អភ័យ​ទោស​នូវ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក»។

នៅ​ក្នុង​វីដេអូ​នោះ លោក ស ឡុងដេត ក៏​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​ភ្លើង​ទៀន និង​សុំ​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា។

ក្រោយ​ការ​សុំទោស លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេ​ក្រាម​របស់​លោក​ថា​៖ «ដោយ​ដឹង​នូវ​កំហុស​លោក ស ឡុង​ដេត បាន​ធ្វើ​ការសុំទោស​ដូច​មាន​ក្នុង​វីដេអូ​នេះ​។ ដោយ​សាម៉ី​ខ្លួន​បាន​ដឹង​កំហុស​ និង​បាន​សុំទោស​ជា​សាធារណៈ ខ្ញុំ​ស្នើសុំ​ដល់​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ជា​មួយ​ដើម​បណ្តឹង និង​តុលាការ​ ដើម្បី​បញ្ចប់​រឿង​ក្តី​នេះ​តាម​វិធី​ដែល​អាច​ ធ្វើ​ទៅ​បាន​ដូច​ជា​ ការដក​ពាក្យ​បណ្តឹង​ឬ​លើក​លែង​ការ​ចោទ​ប្រកាន់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​តុលាការ​រាជធានី​ភ្នំពេញ លោក​ ប្លង់ សុផល បាន​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន​ លោក គីមសួរ ភិរិទ្ធ លើក​ឡើង​ថា​ការ​រិះគន់​នេះ គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​របស់​លោក ស ឡុងដេត​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​បើ​ទោះ​បី​ជា​មាន​ការ​ចាក​ចេញ​របស់​សកម្មជន​ ឬ​អ្នក​គាំទ្រ​ពី​បក្ស​ប្រឆាំង​ទៅ​គណបក្ស​កាន់​អំណាច គណ​បក្សនៅ​តែ​មាន​អ្នក​ដែល​មាន​ឆន្ទៈ​តស៊ូ ដើម្បី​ដើរ​ទៅ​មុខ​ទៀត។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​ថា​ការ​រឹតត្បិត​ការ​បញ្ចេញ​មតិ​រង​ការរិះគន់​ច្រើន​ពី​សំណាក់​សមាគមន៍​អន្តរ​ជាតិ​ ក៏​ដូច​ជា​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា​ជាតិ។

លោក​បញ្ជាក់​ថា​៖ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​ សូម​ឱ្យ​មាន​ការ​ថ្លឹង​ថ្លែង​ដែរ​ថា​អ្វី​ដែល​ជា​បទ​ល្មើស​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ហ្នឹង​ ហើយ​អ្វី​ជា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ ដើម្បី​កុំ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ឬ​ក៏​ការ​យល់​ខុស​គ្នា​ ឬ​ក៏​មាន​ការ​ភាន់​ច្រឡំ​ជា​មួយ​គ្នា»។

លោក អំ សំអាត បន្ថែម​ថា​ការ​បញ្ចេញ​មតិ​មួយ​ចំនួន​របស់​អ្នក​នយោ​បាយ​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ប្តឹង​ផ្តល់ រហូត​មាន​ការ​ចោទ​ប្រកាន់​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​បរិហារ​កេរ្តិ៍​ផង​ដែរ៕

XS
SM
MD
LG