លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងថា លោកមិនភ្នាល់លុយច្រើននោះទេក្នុងការប្រកួតប្រដាល់អន្តរជាតិរវាងកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao និងកីឡាករអាមេរិក Floyd Mayweather តែគ្រាន់តែជាការភ្នាល់គ្នាលេងសើចសប្បាយប៉ុណ្ណោះ។
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីសារព័ត៌មានជាតិ និងអន្តរជាតិចំពោះការភ្នាល់ប្រដាល់របស់លោក ដោយលោកមិនបានសងលុយជំពាក់ទៅឲ្យដៃគូភ្នាល់នោះ។
ថ្លែងនៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅក្នុងរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបកស្រាយថា ការភ្នាល់របស់លោកកាលពីដើមខែឧសភានេះគឺមានចំនួនលុយតែ៥ពាន់រៀលលុយខ្មែរតែប៉ុណ្ណោះ មិនមែន៥ពាន់ដុល្លារអាមេរិក ដូចសារព័ត៌មាននានាបានចុះផ្សាយនោះទេ។ ហើយដៃគូភ្នាល់របស់លោកទៀតសោតក៏មិនទទួលប្រាក់ដែលបានឈ្នះនោះដែរ ព្រោះវាគ្រាន់តែជាការលេងសើច។
«ខ្ញុំនិយាយលេងសោះនឹងណា៎។ ភ្នាល់គ្នា៥ពាន់រៀល កាសែតមិនដឹងប៉ុន្មាន រួមទាំងយកទៅចុះថា ខ្ញុំក្រឡាស់សម្តី។ ខ្ញុំឥឡូវសូម្បីតែខ្ញុំប្រគល់លុយ៥ពាន់រៀលទៅឲ្យអ្នកឈ្នះ ក៏វាលែងយកដែរ ព្រោះយូរៗទៅជាមាន់ហើយ Floyd ទៅជាមាន់ទៅហើយ»។
កាលពីដើមខែឧសភានេះ លោក ហ៊ុន សែន បានធ្វើការរិះគន់អាជ្ញាកណ្តាលអាមេរិក ក្រោយពេលដែលកាត់សេចក្តីឲ្យកីឡាករអាមេរិកលោក Floyd Mayweather ឈ្នះការប្រកួតនេះ ហើយលោកបានប្រកាសជាសាធារណៈថា លោកនឹងមិនសងលុយភ្នាល់ចាញ់នោះទេ ព្រោះថាអាជ្ញាកណ្តាលលម្អៀង។
ការលើកឡើងរបស់លោកធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មាននានារួមទាំងកម្មវិធីកំប្លែងរបស់ទូរទស្សន៍អាមេរិកដ៏ល្បីដែលមានឈ្មោះថា Last Week Tonight With John Oliver ក៏បាននិយាយអំពីរូបលោកផងដែរ។
ដោយឡែក អ្នកវិភាគសង្គមគឺលោក កែម ឡី បានរិះគន់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនគួរភ្នាល់ល្បែងនោះទេ ទោះបីជា៥ពាន់រៀលក៏ដោយ ព្រោះវាអាច ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់នាយករដ្ឋមន្ត្រី និងប្រទេសកម្ពុជាផងដែរ។
«ផ្តល់គម្រូមិនល្អសម្រាប់សារធារណជន ទាំងអួតពីរឿងលេងអុក ទាំងអួតពីរឿងលែងកាំបូស៊ិក ភ្នាល់បាល់ពិភពលោក ថ្មីៗភ្នាល់ប្រដាល់វាយបុកទៀតអញ្ចឹងណាគឺផ្តល់គម្រូមិនល្អទេសម្រាប់សាធារណជន សម្រាប់ក្មេងជំនាន់ក្រោយ នេះទីមួយ។ ទីពីរ ៥ពាន់ដុល្លារ ឬ៥ពាន់រៀលក៏ជាល្បែងស៊ីសងដែរ»។
គួរបញ្ជាក់ផងដែរថា ការប្រដាល់រវាងកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao និងកីឡាករអាមេរិក Floyd Mayweather កាលពីដើមខែឧសភានេះ ធ្វើឲ្យមានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនទូទាំងពិភពលោក។ ហើយក៏មានការកើតទុក្ខ មិនសុខចិត្តជាច្រើនពីអ្នកគាំទ្រកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao ដោយចោទថា អាជ្ញាកណ្តាលកាត់សេចក្តីលម្អៀង ព្រោះអីលោក Manny Pacquiao បានដេញវ៉ៃលោក Floyd Mayweather ពេញសង្វៀនប្រដាល់នោះ៕