ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត


រូបឯកសារ៖ ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ជជែក​គ្នា ក្នុង​អំឡុងពេលជូន​ដំណើរ​​ព្រះមហាក្សត្រ​ព្រះអង្គ សីហមុនី យាង​ចេញ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន​ដើម្បី​ពិនិត្យ​សុខភាព អាកាសយានដ្ឋាន​ភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​កង​កម្លាំង​ទាំង​អស់ ត្រៀម​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​វាយ​ប្រហារ​ ដែល​លោក​ថា​កើត​ចេញ​ពី​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ» នៅ​ពេល​មាន​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សារ​របស់​នាយក​រដ្ឋមន្រ្តី​ក្នុង​ទិវា​រំឭកខួប​អនុស្សាវរីយ៍ទី​៧៦​នៃ​កំណើត​នគរបាល​ជាតិ​កម្ពុជា ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២១។

នៅ​ក្នុង​សារ​នោះ លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី​ការ​ចូលរួម​របស់​កង​កម្លាំង​នគរបាលកម្ពុជា តាំង​ពី​រំដោះ​កម្ពុជា​ចេញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។ នៅ​ក្នុង​កាលៈ​ទេសៈ​នៃ​ជំងឺ​រាត​ត្បាត​ជា​សាកល​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​ជំងឺ​កូវីដ​១៩​នឹង​នៅ​តែ​បន្ត និង​ពុំ​អាច​កំណត់​ពេល​វេលា​បញ្ចប់​បាន​ច្បាស់​លាស់នៅ​ឆ្នាំ​២០២១​និង​២០២២។

លោក​នាយក​រដ្ឋមន្រ្តី​ ក៏​បាន​ភ្ជាប់​នឹង​ចំណុច​សន្តិសុខ​ក្នុង​ប្រទេស​និង​ការ​បោះ​ឆ្នោតថ្នាក់​មូលដ្ឋាន ដែល​គ្រោង​ធ្វើក្នុង​ខែ​មិថុនា ឆ្នាំ​២០​២២​ខាង​មុខ ដោយ​បញ្ជា​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិត្រៀម​ខ្លួន​ប្រឆាំង​នឹងសកម្មភាព​មួយ​ចំនួន ដែល​លោក​ថា​កើត​ចេញ​ពី​«ការ​ប៉ុនប៉ង​របស់​ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»។ «ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»នេះ ទំនង​សំដៅ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កន្លង​ទៅ​រដ្ឋាភិបាល​បាន​ចោទ​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ និង​ចោទ​មេដឹកនាំ​បក្ស​នេះ គឺ លោក កឹម សុខា ថា​ក្បត់​ជាតិ ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ហើយ​សំណុំ​រឿង​ដែល​អូស​បន្លាយ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «ក្នុង​ខណៈ​ពេល​ដូច​គ្នា​នេះ​ដែរ ព្រះ​រាជា​ណាចក្រ​កម្ពុជា​នឹង​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​រៀប​ចំ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើ​សរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០​២២ ដែល​ជា​គោល​ដៅ​នៃ​ការ​ប៉ុន​ប៉ង​វាយ​ប្រហារ​របស់​ក្រុម​ឧទ្ទាម​ក្បត់​ជាតិ ដើម្បី​បំផ្លាញ​កិច្ច​ដំណើរ​ការ​នៃ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​សំខាន់​នេះ»។

លោក​បន្ថែម​ថា​៖ «ដូច​នេះ ស្ថានការណ៍នា​ពេល​ខាង​មុខ ទោះ​បី​តិច​ឬ​ច្រើន​ ផ្ទាល់​ឬ​ប្រយោល សុទ្ធ​តែ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃ​ក្នុង​យ៉ាង​ពិត​ប្រាកដ ដែល​បញ្ហា​ទាំង​អស់​នេះ តម្រូវ​ឲ្យ​កង​កម្លាំង​នគរ​បាល​ជាតិ​បន្ត​ពង្រឹង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំពេញ​កាតព្វ​កិច្ច​ក្នុង​នាម​ជា​កម្លាំង​ស្នូល រក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សន្តិសុខ ទប់​ស្កាត់​និង​បង្រ្កាប​ឲ្យ​បាន​ទាន់​ពេល​វេលា​នូវ​រាល់​ឧបាយកល​សកម្មភាព​របស់​ក្រុម​ឧទ្ទាម​ក្បត់​ជាតិ និង​បក្ស​ពួក ដោយ​មិន​ឲ្យ​ពួក​គេ​សម្រេច​ផែន​ការ​ទុច្ច​រិត​ទាំង​នេះ​បាន​ជា​ដាច់​ខាត»។

គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលា​ការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថា​ប៉ុន​ប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក ហ៊ុន សែន​ តាម​ផែន​ការ​បដិវត្តន៍​ពណ៌។

រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (ស្ដាំ) ឈរ​ចាប់​ដៃ​គ្នា​នៅ​មុខ​សមាជិក​សភា មុន​ពេល​ពិធី​ស្បថ​ចូល​កាន់​តំណែង​នៅ​ខាង​ក្នុង​ព្រះ​បរម​រាជវាំង រាជធានី​ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤។

ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​និង​មាន​សក្តានុពល​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ នាំ​ឲ្យ​សកម្ម​ជន​បក្ស​ថ្នាក់​ក្រោម ដែល​មាន​តំណែង​ជា​មេឃុំនិង​ក្រុម​ប្រឹក្សា​ជាង​៥​ពាន់​នាក់​បាន​បាត់​បង់​តំណែង​របស់​ពួក​គេ ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​ដាក់​គំនាប​ឲ្យ​ចុះ​ចូល​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​រក្សា​តំណែង​របស់​ពួក​គេ។ សកម្មជន​ថ្នាក់​មូលដ្ឋាន​របស់​គណ​បក្សសង្រ្គោះជាតិ ក៏​ត្រូវ​បាន​តាម​ដាន​ រឹតត្បិត​សិទ្ធិ​សេរីភាព និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយ​សារ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​មន្រ្តី​របស់​បក្ស​ប្រឆាំង។

លោក អេង ឆៃអ៊ាង អតីត​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែលកំពុង​និរទេស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ថា​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន​ពី​សហគមន៍​អន្តរ​ជាតិ កាល​ណា​មាន​ការ​ធានា​បរិយា​កាស​នយោ​បាយ​ល្អ​មួយ ដែល​មិន​មែន​ដូច​សព្វ​ថ្ងៃ​នោះ​ទេ។ ​

លោក​បាន​អះ​អាង​ថា​ការ​បោះ​ឆ្នោត​ដែល​ពុំ​មាន​វត្តមាន​របស់​គណ​បក្សសង្រ្គោះ​ជាតិ​ ជា​ការ​បោះឆ្នោត​មួយ​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរ​ជាតិ។

លោក​ប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖ «លោក ហ៊ុន សែន​ គាត់​ដឹង​ថា​ការ​រៀបចំ​ការ​បោះឆ្នោត​របស់​គាត់​ហ្នឹង វា​អត់​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរ​ជាតិ អញ្ចឹង​គាត់​ត្រូវ​បង្កើត​រឿង​មួយ​ផ្សេង​ទៅ​វិញ​ហ្នឹង»។

មន្រ្តី​បក្ស​ប្រឆាំង​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ នឹង​ក្លាយ​ជា«ការ​បោះឆ្នោត​លេង​សើចនិង​បង្រ្គប់​កិច្ច»តែ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​ទាមទារ​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​យើង​មិន​អាច​ឈរ​ឱប​ដៃ​មើល​ការ​បោះ​ឆ្នោត​បង្រ្គប់​កិច្ច ការ​បោះឆ្នោត​លេង​សើច​ទេ។ យើង​ត្រូវ​តែ​នាំ​គ្នា​ទាមទារ​ ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់ ហើយ​បរិយាកាស​នៃ​ការ​បោះឆ្នោត​ហ្នឹង គឺត្រូវតែ​ឲ្យ​មាន​សេរីភាព មាន​ការ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព»។

កាល​ពី​ខែ​មីនា លោក អេង ឆៃអ៊ាង និង​មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត ត្រូវ​បាន​តុលា​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២២​ឆ្នាំ ពាក់ព័ន្ធ​នឹងការ​ចោទ​ប្រកាន់ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ឬ ឧប​ឃាត​ក្នុង​ផែន​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជារបស់​លោក សម រង្ស៊ី កាល​ពីថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក អេង​ ឆៃអ៊ាង ថ្លែង​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​នឹង​យក​បញ្ហាជំងឺ​កូវីដ​១៩ មក​គាប​សង្កត់​អ្នក​មាន​មតិ​ផ្ទុយ​ ជា​ពិសេស​សកម្មជន​បក្ស​ប្រឆាំង។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវ​បើក​ទូលាយ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​នៅ​ក្នុង​ការ​បោះ​ឆ្នោតហើយដោះ​ស្រាយ​បញ្ហារវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​បញ្ចៀស​គំនាប​អន្តរ​ជាតិ​និង​វិបត្តិ​សេដ្ឋកិច្ច។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រន​យោ​បាយ និង​ជា​អ្នក​តាម​ដាន​សង្គម​មួយ​រូប​ មាន​ប្រសាសន៍​ថា​ការ​ហៅ​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​របស់​លោក ហ៊ុន សែន ដែល​សំដៅ​លើ​គណបក្ស​សង្រ្គោះ​ជាតិ មិន​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​យល់​ស្រប​នោះ​ទេ ដោយ​សារ​អ្នក​នយោបាយ​បក្ស​ប្រឆាំងត្រូវ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស។ លោក​ចាត់​ទុក​សារ​របស់​នាយក​រដ្ឋមន្រ្តី​ គ្រាន់​តែ​ជា​ការ​ដាស់​តឿន​ដល់​មន្រ្តី​ក្នុង​ជួរ​បក្ស​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «អញ្ចឹង​បញ្ហា​ហ្នឹង​ វា​អត់មានអី​ធំដុំ​ ឬ​ដុំ​កំភួន​ទេ​ គ្រាន់​តែ​សារ​នយោបាយ​ ជា​ការ​ដាស់​តឿន​រំឭក​មន្រ្តី​នៅ​ក្នុង​ជួរ​បក្ស​របស់​គេ ជួរ​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច ដើម្បី​ពង្រឹង​ការងារ​ទេ ប៉ុន្តែ​គ្រាន់​ថា​ឲ្យ​មាន​ឥទ្ធិពល​លើ​សហគមន៍​អន្តរ​ជាតិ ដូច​ជា​មិន​មាន​ទេ»។

អ្នក​វិភាគ​រូប​នោះ​បន្ថែម​ថា​កម្លាំង​នយោបាយ​របស់​បក្ស​ប្រឆាំង​នា​ពេល​នេះ មិន​អាច​យក​មក​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​នោះ​ទេ ហើយ​អ្វី​ដែល​ជា​គំនាប​មក​លើ​រដ្ឋាភិបាល គឺមាន​តែការ​អន្តរាគមន៍​ខ្លាំង​ក្លាពី​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ភាគ​ច្រើន​ដែល​មិន​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ មិន​មាន​សិទ្ធិ​ធ្វើ​នយោ​បាយ​ ដូច្នេះ​ពួក​គេ​មិន​អាច​ចូល​រួម​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២​ទេ។

ក្រោយ​ការរំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​នេះ​ចំនួន​១១៨​នាក់ ​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោ​បាយ​រយៈ​ពេល​៥ឆ្នាំ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ រហូត​ដល់ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០​២២ គឺផុត​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួច​ទៅ​ហើយ៕

XS
SM
MD
LG