ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែន៖ វីរុស​កូរ៉ូណា​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​ណាស់​សម្រាប់​កម្ពុជា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងទៅកាន់អ្នកធ្វើដំណើរតាមនាវាកម្សាន្ត Westerdam បន្ទាប់ពីពួកគេបានឡើងដីគោកនៅកំពង់ផែប្រចាំខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ថា លទ្ធភាព​រាតត្បាត​នៃ​វីរុសកូរ៉ូណា​នៅ​កម្ពុជា ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៅ​ឡើយ បើ​ទោះ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ករណី​ឆ្លង​ថ្មីមិន​មាន​នោះ​ទេ។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​វិធានការ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​បច្ចុប្បន្ន​ភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា ដែល​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ទោះ​ចំនួន​ឆ្លង​នៅ​មាន​តិច​នៅ​កម្ពុជា ប៉ុន្តែ​«ហានិភ័យ​នៅ​ខ្ពស់​ណាស់» សម្រាប់​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះហើយ​ យើង​អត់​ត្រូវ​សប្បាយ​ភ្លេច​ខ្លួន ដែល​នាំ​មក​នូវ​ហានិភ័យ​សម្រាប់​ប្រទេស​យើង​នោះ​ទេ។ យើង​ត្រូវ​មាន​វិធាន​ការ​បន្ត»។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ដាក់​នូវ​ «យុទ្ធសាស្រ្ត​នៃ​ការ​តស៊ូ​រយៈ​ពេល​វែង» ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នេះ។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រកាស​ថា​ រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា១​នាក់​ទៀត​ ដែល​ជា​ជន​បរទេស នាំ​ឲ្យ​ករណី​ឆ្លង​ទូទាំង​ប្រទេស​កើន​ឡើង​ទៅ​ដល់​១១៥។ ក្រសួង​បញ្ជាក់​ថា ជន​បរទេសនោះ គឺ​ជា​ស្រ្តី​ទេសចរ​ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មក​ពី​ប្រទេស​វៀតណាម។ ស្រ្តី​ម្នាក់​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

បើ​តាម​ក្រសួង​សុខាភិបាល ស្រ្តី​រូប​នោះ​បាន​ចេញ​ពី​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ទៅ​វៀតណាម​ កាល​ពី​ថ្ងៃ​ទី​២ ខែមីនា ហើយ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​១០ ខែមីនា។ ស្រ្តី​នោះ​មាន​មិត្ត​ប្រុស​ជនជាតិ​ចិន ដែល​បាន​ចេញ​ពី​កម្ពុជា នៅ​ថ្ងៃ​ទី​៣ ខែមេសា។ ក្រសួង​មិន​បាន​បញ្ជាក់​ថា​តើ​បុរសជា​ជនជាតិ​ចិន​នោះ​ ចេញ​ទៅ​ប្រទេស​ណា​នោះ​ទេ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានដដែល មនុស្ស​៥​នាក់​ទៀត​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ។ គិ​ត​ត្រឹម​ថ្ងៃ​អង្គារ​នេះ សរុបអ្នក​ជា​សះ​ស្បើយ​ មាន​ទៅ​ដល់​៥៨នាក់។

រហូត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ខែមីនា កម្ពុជា​បាន​ធ្វើ​តេស្ត​មនុស្ស​ចំនួន​៥៧៦៨​នាក់ ទាំង​ជន​ជាតិ​កម្ពុជា និង​ជន​បរទេស ក្នុង​នោះ​មាន​ជន​បរទេស​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​តាម​នាវា​អន្តរ​ជាតិ ​Westerdam ​ដែល​សុំ​ចត​នៅ​កម្ពុជា។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ លោក លី សូវ៉ាន់ ​ប្រាប់​VOAកាល​ពី​សប្តាហ៍​មុន។​

ការ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា​ក្នុង​តំបន់​អាស៊ី​អាគេ្នយ៍​ ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​ ត្រូវ​បាន​អ្នក​ជំនាញ​សុខាភិបាល​ក្នុង​តំបន់​សង្ស័យ​ថា​ការ​ធ្វើ​តេស្ត​មាន​កម្រិត​ទាប​នេះ​ ប្រហែល​ជា​មិន​អាច​បង្ហាញ​អំពី​អត្រា​ពិត​ប្រាកដ​នៃ​អ្នកឆ្លង​ជំងឺ​កូវីដ​១៩​បាន​ទេ។ ​ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​បើ​សិន​ជា​ការ​បង្ហាញ​ចំនួន​មិន​ពិត​ប្រាកដ​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ បង្ក​ឲ្យ​មាន​ភាពមិន​សូវ​ខ្វាយខ្វល់​នោះ​ នោះ​វា​អាច​ធ្វើ​ឲ្យ​វីរុស​នេះ​កាន់តែ​រីក​រាលដាល។

ក្រោយ​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ការ​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ ដូច​ជា​ការ​ប្រគំ​តន្រ្តី ​កន្លែង​ច្រៀង​កម្សាន្ត​ ខារ៉ាអូខេ​ ក្លឹប​កម្សាន្ត ​បៀរ​ហ្គាឌិន​ និង​កាស៊ីណូ​ជាដើម៕

XS
SM
MD
LG