លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហៅការអំពាវនាវរបស់លោក សម រង្ស៊ីឲ្យប្រជាពលរដ្ឋកម្ពុជាទៅចាក់វ៉ាក់សាំងរបស់ចិន គឺជា «វិធីរុញទូកបណ្តោយទឹក» ដោយចោទថាមេដឹកនាំបក្សប្រឆាំងរូបនោះ មានគោលបំណងមិនល្អ។
ការលើកឡើងរបស់លោក ហ៊ុន សែន ភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានបង្ហោះសារអំពាវនាវតាមប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១១ ខែមេសា ដោយអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងរបស់ចិនដែលកម្ពុជាកំពុងប្រើប្រាស់ ដែលជាជំនួយមនុស្សធម៌ផងនិងទិញពីក្រុមហ៊ុនចិនផង។
ក្នុងសារអំពាវនាវជាវីដេអូមួយជាង ២នាទី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង និងប្រឈមនឹងការជាប់ពន្ធនាគារនៅកម្ពុជា បានថ្លែងថា លោកធ្លាប់លើកឡើងពីកត្តាសុវត្ថិភាពនិងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកបន្តថា ក្នុងកាលៈទេសៈនេះ វ៉ាក់សាំងរបស់ចិនក៏មានប្រសិទ្ធភាពអាចទទួលយកបាន ហើយអាចប្រើប្រាស់បាន ជាជាងការពុំមានវ៉ាក់សាំងចាក់បង្ការជំងឺកូវីដ១៩។
លោកថ្លែងថា៖ «សរុបទៅខ្ញុំយល់ឃើញថាយើងត្រូវតែទទួលយក។ វ៉ាក់សាំងចិននេះ គឺជាវ៉ាក់សាំងដែលយើងអាចទទួលយកបាន ពីព្រោះបើយើងមើលកត្តាសុវត្ថិភាព អត់មានតួលេខអត់មានព័ត៌មានអីដែលបង្ហាញថាវ៉ាក់សាំងនេះបង្ហាញមកនូវគ្រោះថ្នាក់ទេ។ ដូច្នេះសូមកុំឲ្យមានពាក្យចចាមអារ៉ាម ហើយបញ្ចប់ពាក្យចចាមអារ៉ាមថា វ៉ាក់សាំងនេះគ្រោះថ្នាក់ គេប្រើវិធីនេះមកសម្លាប់យើងអី កុំ[និយាយ] កុំនឹកឃើញអញ្ចឹងឲ្យសោះ ពីព្រោះសម័យនេះ ប្រទេសចិន ជាប្រទេសដែលមានកិត្តិយសគេចេះថែរក្សាកិត្តិយសរបស់ខ្លួន មិនអាចយកវ៉ាក់សាំងនេះមកលេងសើច ហើយមកសម្លាប់គេសម្លាប់ឯងទេ»។
លោក សម រង្ស៊ី បន្ថែមថា៖ «អញ្ចឹងក្នុងលក្ខណៈដែលមានប្រសិទ្ធភាពត្រឹមតែវ៉ាក់សាំងចិនឥឡូវ ក៏យើងអាចទទួលយកបានដែរ ពីព្រោះបើយើងមិនទទួលយកអាហ្នឹងគ្រោះថ្នាក់ធំណាស់ អាហ្នឹងអត់ការពារយើងទាំងអស់ ការពារសូន្យ»។
សារអំពាវនាវរបស់លោក សម រង្ស៊ី ដែលធ្លាប់រិះគន់រដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកវ៉ាក់សាំងចិនមកចាក់ប្រជាពលរដ្ឋត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រតិកម្មដោយមិនបញ្ចេញឈ្មោះលោក សម រង្ស៊ី នោះទេ។ នៅក្នុងសារសំឡេងជាង ៦ នាទី ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន លើកឡើងថា ការអំពាវនាវរបស់មេដឹកនាំបក្សប្រឆាំង មិនមានចេតនាល្អនោះទេ។
លោក ហ៊ុន សែន ថ្លែងថា៖ «នេះជាវិធីរុញទូកបណ្តោយទឹក មិនមែនដើម្បីសេចក្តីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែជាគោលបំណងធំបំផុតរបស់គេ គឺជំរុញឲ្យប្រជាជនមកដណ្តើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់»។
លោកបន្ថែមថា៖ «វាបែរជាជំរុញប្រជាជនមិនមែនជាបំណងល្អរបស់វាទេ តែទិសដៅរបស់វាគឺមានចំណុចផ្សេងគឺត្រង់ថា ជំរុញឲ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយដែលជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ»។
លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជារង់ចាំការចាក់វ៉ាក់សាំងតាមក្រុមអាទិភាព ដែលបានកំណត់ ដោយលោកថា រដ្ឋាភិបាលរបស់លោកមានគោលដៅចាក់វ៉ាក់សាំងដល់ពលរដ្ឋយ៉ាងតិច ១០ លាននាក់ នៃប្រជាជនសរុបជាង ១៦ លាននាក់។
កម្ពុជារហូតមកដល់ពេលនេះ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋបានប្រមាណ ១ លាននាក់ ដែលភាគច្រើនបំផុតជាវ៉ាក់សាំងរបស់ចិនគឺស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយរដ្ឋចិន និងវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុនចិននៅទីក្រុងប៉េកាំង។
កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលរបស់លោក ហ៊ុន សែនបានកំណត់ការចាក់វ៉ាក់សាំងគឺជាកាតព្វកិច្ចមួយសម្រាប់មន្រ្តីរាជការសាធារណៈទាំងក្នុងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិនិងស្ថាប័នតុលាការ ព្រមទាំងក្រុមមនុស្សដែលមានអាណត្តិពីការបោះឆ្នោត ដូចជាក្រុមប្រឹក្សាឃុំសង្កាត់ជាដើម។ ការសម្រេចនេះ ក្រោយការថ្លែងរបស់លោក ហ៊ុន សែន ថា មានមន្រ្តីរាជការមួយចំនួនដែលជាក្រុមអាទិភាព មិនទាន់ចាក់វ៉ាក់សាំង។
កាលពីថ្ងៃទី ១០ ខែមេសា លោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ក្រោមចំណងជើងថា«តើគួរបង្ខំឲ្យពលរដ្ឋចាក់វ៉ាក់សាំងចិនទាំងអស់គ្នាឬទេ?»។ លោកលើកឡើងថា មកដល់ថ្ងៃទី ១០ ខែមេសា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន មិនទាន់ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថា មានសុវត្ថិភាពនិងប្រសិទ្ធភាពពេញលេញនៅឡើយទេ។
លោក សម រង្ស៊ី ក៏បានរិះគន់ថា តើហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានរៃអង្គាសប្រាក់រាប់សិបលានដុល្លារ ដោយលោកចោទថា «បោកបញ្ឆោតប្រជារាស្ត្រខ្មែរថាយកទៅទិញវ៉ាក់សាំង [ហើយ]គាត់មិនខិតខំរកទិញវ៉ាក់សាំងល្អៗជាងគេក្នុងពិភពលោក តែបែរមករំពឹងតែលើវ៉ាក់សាំងចិនទៅវិញ?»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ចុងក្រោយនេះ មើលទៅស្របគំនិតគ្នាជាមួយរដ្ឋាភិបាល គឺគោលបំណងឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំង និងមិនមានភាពប្រទាំងប្រទើសគ្នានោះទេ។
លោកបញ្ជាក់ថា៖ «គោលបំណងហ្នឹង វាហាក់ដូចជាស្របគ្នា ហើយវាទៅជាមានគំនិតមិនល្អ យើងអត់យល់ពីការយល់ឃើញរបស់គាត់ ក្នុងភាពស៊ីជម្រៅបែបម៉េច។ អាហ្នឹងយើងអត់មានយោបល់ពីព្រោះជាធម្មតា មនុស្សម្នាក់មានទស្សនៈ មានគំនិតនៃការគិតរបស់ខ្លួនរៀងខ្លួន»។
លោកបន្តថា អាជ្ញាធរកម្ពុជាមិនគួរចាប់ខ្លួនប្រជាពលរដ្ឋដែលមិនទាន់មានការយល់ដឹងស៊ីជម្រៅលើវ៉ាក់សាំងនោះទេ ដោយពួកគេបានបញ្ចេញយោបល់លើប្រព័ន្ធសង្គមហ្វេសប៊ុក។
លោកបញ្ជាក់ថា៖ «សម្រាប់ខ្ញុំខ្ញុំយល់ថាបើសិនជាវ៉ាក់សាំងទាំងឡាយណា ដែលមានគុណភាពឬក៏ប្រសិទ្ធភាពល្អហើយ មិនគួរខ្លាចការលើកឡើងពីសាធារណជន ឬក៏ប្រជាពលរដ្ឋទេ»។
ពាក់ព័ន្ធនឹងទំនុកចិត្តលើវ៉ាក់សាំងនេះ អាជ្ញាធរកម្ពុជាក៏បានចាប់ខ្លួនមនុស្សមួយចំនួនផងដែរ ទាក់ទងនឹងការរិះគន់គុណភាពវ៉ាក់សាំង។ កាលពីខែមីនា ឆ្នាំ ២០២១ ព្រះរាជអាជ្ញាតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់បុរសម្នាក់ដោយប្រើប្រាស់ច្បាប់បង្ការជំងឺកូវីដ១៩ លើកដំបូង ពាក់ព័ន្ធនឹងការអត្ថាធិប្បាយលើបណ្ដាញសង្គមកុំឲ្យកម្មកររោងចក្រចាក់វ៉ាក់សាំងរបស់ចិន។
បុរសដែលត្រូវបានចាប់ខ្លួននោះបានបង្ហោះវីដេអូឃ្លីបនៅលើបណ្ដាញសង្គម TikTok របស់ខ្លួន ដោយលើកឡើងថា កម្មកររោងចក្រទាំងអស់កុំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយចិន ដោយថា វាអាចប៉ះពាល់ដល់ជីវិត។
មាត្រា ១១ នៃច្បាប់ស្តីពីកូវីដដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី ១១ ខែមីនា ចែងថា អំពើរារាំងឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការ ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ។
ចំណែកកាលពីថ្ងៃទី ៩ ខែមេសា បុរសម្នាក់ទៀតរស់នៅក្នុងខេត្តកំពង់ស្ពឺ ដែលថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានចោទបុរសម្នាក់នោះថា ញុះញង់អំពីការចាក់វ៉ាក់សាំងពុំមានគុណភាពនៅកម្ពុជានិងមិនឲ្យមន្ត្រីរាជការទៅចាក់វ៉ាក់សាំងជាដើម។ នេះបើយោងតាមហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕