ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ អ្នក​ជំនាញថា លោក​ហ៊ុន សែន​បង្ក្រាប​ជ្រុល​ដល់​ជនបរទេស​ ទើប​ស្ថានការណ៍​បែកធ្លាយ

  • ម៉ែន គឹមសេង

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ Peter Maguire ​ជា​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ​ និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»​ ពី​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖

កំណត់​និពន្ធ៖ អ្នកជំនាញ​លើកឡើង​ថា​ គំរូ​សម្រាប់​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ល្អ​តាំង​ពី​ពេល​ចេញ​ដំណើរ​ដំបូង​កាលពី​២៦ឆ្នាំមុន​ ក្រោយ​ពី​ភាគី​ជម្លោះ​នានា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការរំលោភ​សិទ្ធិមនុស្ស​ និង​គាបសង្កត់​លើ​គណបក្ស​ប្រឆាំង​មាន​ជា​បន្ត​បន្ទាប់​ដែល​ស្ទើរតែ​ក្លាយ​ជា រឿង​ធម្មតា​ ប៉ុន្តែ​ចំណាត់ការ​ចុងក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ហួស​មក​ប៉ះពាល់​ដល់​ក្រុម​បស្ចិម​ប្រទេស ​ទើប​សភាពការណ៍​បាន​បែក​ធ្លាយ​ខ្លាំងឡើង។ លោក​ម៉ែន គឹមសេង​នៃ​ VOA បាន​សម្ភាស​លោក​ Peter Maguire ​អ្នកឯកទេស​ខាង​ច្បាប់​អន្តរជាតិ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «ប្រឈមមុខ​នឹង​មរណភាព​នៅ​កម្ពុជា‍»​ ពី​ការអនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖

VOA៖ សូម​ជម្រាប​សួរ​លោក​ភីធឺ!

Peter Maguire៖ សូម​ជម្រាប​សួរ!

VOA៖ សូម​អរគុណ​ដែល​យល់​ព្រម​ផ្តល់​បទសម្ភាសន៍​ដល់​ VOA។ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​២៦​ឆ្នាំ​មុន ​ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។ តើ​ក្នុង​ការអនុវត្ត​រយៈពេល​២៦ឆ្នាំ​មក​នេះ​ប្រទេស​កម្ពុជា​សម្រេច​បាន​អ្វី​ជា​សំខាន់​ខ្លះ?​

Peter Maguire៖ ខ្ញុំ​អាច​និយាយ​បាន​ថា​ ក្រោយពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទើបតែ​ចាប់​កំណើត​នៅឡើយ​ទេ។ ចំណុច​សំខាន់​គឺ ​កិច្ចព្រមព្រៀង​នេះ​ស្នើ​ឱ្យ​មាន​ការបោះឆ្នោត​មួយ ​ដែល​មាន​លក្ខណៈ​សេរី ​និង​ត្រឹមត្រូវ ​ប៉ុន្តែ​បែរ​ជា​មានការបោះឆ្នោតមួយ ​ដែល​មាន​បញ្ហា​ទៅវិញ។ អ្នកខ្លះ​និយាយ​ថា ​អ្នក​ចាញ់​មិនព្រម​ទទួល​យក​លទ្ធផល​ ហើយ​ពួកគេ​បាន​បង្កើត​នូវ​រដ្ឋាភិបាល​មួយ​ ដែល​មិន​ល្អ​អត់​ខ្ចោះ។ លើស​ពី​នោះ​គឺ ​អង្គការ​សហប្រជាជាតិ​មិន​ដោះស្រាយ​បញ្ហា​ស្តី​ពី​ការទទួលខុសត្រូវ​ ដូច​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទេ។ មិនមាន​ការ​និយាយ​ដល់​អំពើ​ប្រល័យ​ពូជសាសន៍​ទេ​ ដោយសារ​តែ​ក្រុម​ខ្មែរ​ក្រហម​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ភាគី​នយោបាយ​ស្របច្បាប់​មួយ។ អត់​មាន​អ្នកណា​និយាយ​ពី​បញ្ហា​នេះ ​រហូត​ទាល់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផ្តួល​ក្រុម​ខ្មែរ​ក្រហម​ ដោយ​កម្លាំង​ទ័ព​ និង​ការទូត​ ហើយ​ថែម​ទាំង​ចាប់​បាន​ជនសង្ស័យ​ជា​ ឧក្រិដ្ឋជន​សង្គ្រាម​ ទើបបាន​អង្គការ​សហប្រជាជាតិ​និយាយ​ពី​ការទទួលខុសត្រូវ។ នេះ​គឺ​ជា ​លទ្ធិប្រជាធិបតេយ្យ ​ដែល​មិន​ល្អតាំង​តែ​ពី​ថ្ងៃ​ទី​មួយ​មក​ម្ល៉េះ។ សកម្មជន​សិទ្ធិ​មនុស្ស​បាន​ចំណាយ​ថវិកា​ និង​ឋាមពលជាច្រើនដើម្បីឱ្យផ្នែក​នេះ​ទទួល​បានជោគជ័យ។ គំរូ​នៃ​ការថែ​រក្សា​សន្តិភាព​ត្រូវ​គេ​យក​ទៅ​ប្រើ​នៅប្រទេសយូហ្កោស្លាវី​ ក្រោមការដឹកនាំ​របស់​លោក​អាកាស្ស៊ី​ ដែល​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិ​ការ​នៅ​ប្រទេស​កម្ពុជា​ ហើយ​លទ្ធផល​គឺ ​ដូចគ្នា​ដដែល​គឺ​ មិន​ល្អ​អត់​ខ្ចោះទេ។​

VOA៖លោក​បាន​និយាយ​ពី​ក្រុមខ្មែរ​ក្រហម ​បើ​សិន​ជា​ក្រុម​នេះ​មិន​ចាក​ចេញ​ពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ទេគឺ​ ពួកគេ​នឹង​ក្លាយ​ជា​ក្រុម​មួយ​ ដែល​ស្របច្បាប់​គឺ​ មិនមែន​រង​ការ​កាត់​ទោស​នៅ​តុលាការ​មែនទេ?

Peter Maguire៖ ក្រុមខ្មែរ​ក្រហម​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា ​ភាគី​មួយ​ដែរ។ ​បើ​ផ្អែក​តាម​គំនិត​នៃ​អព្យាក្រិត​ភាព​គឺ វាហាក់ដូចជា​ល្អ​សម្រាប់​អង្គការ​សហ​ប្រជាជាតិ​ ប៉ុន្តែ​ពលរដ្ឋខ្មែរ​ស្ទើរ​តែ​មិន​ជឿ​ថារបប​ប្រល័យ​ពូជសាសន៍​មួយ​ ដែល​បាន​សម្លាប់​ក្រុមគ្រួសារ​របស់​គេ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា ​ភាគី​ស្របច្បាប់​មួយ ​ហើយ​មិន​មាន​ការនិយាយ​ដល់​អំពើ​ឧក្រិដ្ឋ​របស់​ក្រុមនោះ​ទាល់តែ​សោះ​។ ដូច្នេះ​នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​អាក្រក់​នៃ​ការ​អនុវត្តកិច្ច​ព្រមព្រៀង​នេះ។ លោក​ហ៊ុន​ សែន​គ្រប់គ្រង​កម្លាំង​យោធា​តែ​ម្នាក់ឯង​ ហើយ​អង្គការ​សហ​ប្រជាជាតិ​មិន​ទាំង​ហ៊ាន​ប្រើ​កម្លាំង​យោធា​លើ​ក្រុម​ខ្មែរ​ក្រហម​ផង​ចុះ​ទម្រាំ​តែ​លើក្រុម​លោក​ហ៊ុន សែន​ទៀត​នោះ​រឹតតែ​មិន​ហ៊ាន​ហើយ។ ដំណាក់កាល​បន្ទាប់​មក​ទៀត​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ ​ការ​បោក​គ្រាប់បែក​លើ​លោក​សម រង្ស៊ី ហើយ​ប្រទេស​កម្ពុជា​មាន​ប្រវត្តិ​នៃ​ការ​គំរាម​កំហែង​ខាងនយោបាយ។ ដូច្នេះ​ហើយ​ពិបាក​ក្នុង​ការ​និយាយ​ថា ​វា​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ណាស់។

បាតុករ​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស (ហ៊ុល រស្មី/VOA)
បាតុករ​គាំទ្រ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស (ហ៊ុល រស្មី/VOA)

VOA៖ រយៈពេល​២០ឆ្នាំ ​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ឥឡូវនេះ​ស្ថានភាព​គឺ​ មាន​ការ​គំរាម​កំហែង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់ពី​លោក​កឹម សុខា​ប្រធាន​គណបក្ស​រង​ការ​ចោទ​ប្រកាន់​ថា ក្បត់​ជាតិ​ដោយ​ឃុបឃិតជាមួយ​នឹង​សហរដ្ឋ​អាមេរិក។​ តើ​លោកយល់​យ៉ាង​ណា​ដែរ​ពី​ស្ថានភាពនេះ?

Peter Maguire៖ ខ្ញុំ​អត់​ភ្ញាក់​ផ្អើលទេ​។ ខ្ញុំ​គិត​ថា​ ប្រទេស​ចិន​នឹង​គាំទ្រ​លោក​ហ៊ុន សែន​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​សេដ្ឋកិច្ច ​ប៉ុន្តែ​មិន​ភ្ជាប់​លក្ខខណ្ឌ​សិទ្ធិមនុស្ស​ដូច​បស្ចិម​ប្រទេស​ទេ។ រឿង​នេះ​បាន​កើត​មាន​ឡើង​យ៉ាង​លឿន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មក​នេះ​ជាពិសេស​ក្នុងរយៈពេល​២ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ប្រទេស​ចិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា​ ចិន​នឹង​នៅតែ​គាំទ្រ​ដោយ​មិន​គិត​ពី​អ្វី​ដែល​លោក​ហ៊ុន សែនប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​ទេ​។ នេះ​គឺ​ជា ​គោល​ជំហរ​ដដែលៗ​របស់​ចិន។​

VOA៖ នៅ​ពេល​ដែល​ប្រទេស​ម្ចាស់​ជំនួយ​ជាពិសេសបស្ចិម​ប្រទេស​ និង​អង្គការ​សិទ្ធិ​មនុស្សលើកឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​តែងតែ​លើក​ឡើង​ពី​ការ​អភិវឌ្ឍ​។ តើ​ចំណុច​ទាំងពីរ​នេះ​មាន​ចំណុច​ខុសគ្នា​យ៉ាងណា​ដែរ?

Peter Maguire៖ ខ្ញុំ​គិត​ថា ​កម្លាំង​នៃ​ការ​អភិវឌ្ឍ​ពេល​ខ្លះ​មាន​ឥទ្ធិពល​ជាង​។ ពលរដ្ឋ​មើល​ឃើញ​ថា​ជីវភាព​រស់នៅ​របស់​ពួកគេ​បាន​ប្រសើរ​ឡើង​ សេដ្ឋកិច្ច​ក៏​ប្រសើរ​ឡើង ​ហើយ​ស្ថានភាព​សិទ្ធិ​មនុស្ស​តែង​តែ​អាក្រក់​សម្រាប់​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ការណ៍​នេះ​គ្មាន​អ្វី​ថ្មី​ទេ។ ប៉ុន្តែ​នៅ​ពេល​នេះ​ ដោយសារវា​ប៉ះពាល់​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ជនស្បែកស​ ពលរដ្ឋ​ស្បែកស និង​កាសែត​អាមេរិកាំង​ជាដើម ​នេះ​គឺជា​រឿង​ថ្មី។ ការ​បិទ​កាសែត​Cambodia Daily​។ នេះ​គឺ​ជា​រឿង​សំខាន់។ ស្ថានភាព​កំពុងតែ​កើន​ឡើង​កម្តៅ​ ដែល​លោក​ហ៊ុន សែន​ហាក់​ដូច​ជា ​និយាយថាអាមេរិកាំង​ ត្រូវតែ​ចាកចេញ​តាម​ឧទ្ធម្ភាគចក្រ​ ដូច​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពីឆ្នាំ​១៩៧៥។ នេះ​គឺជា​សកម្មភាព​បង្កហេតុ​ ប៉ុន្តែ​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​ជឿ​ជាក់​ពី​សុវត្ថិភាព​ក្នុង​ពេល​អនាគត​របស់​គាត់​ ដែល​មាន​ចិន​ជា​អ្នកឧបត្ថម្ភ​គាំទ្រ។

ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)
ទិដ្ឋភាព​ក្នុង​ការិយាល័យ​កាសែត​ឌឹខេមបូឌាដែលី។ (រូបថត​ដោយ ស៊ីវ ចាន់ណា/The Cambodia Daily)

VOA៖ មជ្ឈដ្ឋាន​ខ្លះ​ស្នើ​សុំ​ឱ្យ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា។ កាលពី​សប្តាហ៍​មុន​ស្ថានទូត​ស៊ុយអែត​បាន​បង្ហាញ​ជំហរ​ខ្លាំង​ថា ​បើ​សិន​ជា​គណបក្ស​ប្រឆាំង​ត្រូវ​គេ​រំលាយ​គឺ​ ប្រទេសស៊ុយអែត​នឹង​ពិចារណា​ពី​ចំណង​ការទូត​ជាមួយ​នឹង​ប្រទេស​កម្ពុជា​។ ប្រទេស​ស៊ុយអែត​គឺ​ជា​ម្ចាស់​ជំនួយធំទី៤​ដល់​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ដៃ​ខ្ញុំ​នេះ​គឺ​ជា ​សេចក្តី​ស្នើ​ច្បាប់​ថវិកា​ឆ្នាំ​២០១៨​របស់​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​ក៏បាន​បញ្ចូល​បញ្ហា​កម្ពុជា​ផង​ដែរ​ដោយ​ស្នើ​ឱ្យ​ចាត់​វិធានការ​ធំៗ​ចំនួន​ពីរ​គឺ​ ការដាក់​លក្ខខណ្ឌ​លើ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា ​និង​ការ​ហាមឃាត់​មន្ត្រី​កម្ពុជា​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ និង​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​មិន​ឱ្យ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ តើ​លោក​គិត​ថា​ វិធានការ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ទេ?

Peter Maguire៖ ចម្លើយ​របស់​ខ្ញុំ​គឺ​ដដែល​ទេ ​ពីព្រោះ​លោកហ៊ុន សែន​គឺ​ជា អ្នកពូកែយក​រួច​ខ្លួន​ណាស់។ ពេល​ដែល​គាត់​ខ្សោយ​បំផុត​គឺ ​ក្រោយពេល​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​នឹង​ព្រះអង្គម្ចាស់​នរោត្តមរណឫទ្ធិ។ នោះ​គឺជា​ពេល​ដែល​សម្ពាធ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​លើ​លោក​ហ៊ុន សែន។ គាត់​មិន​ត្រឹមតែ​អាច​ទប់ទល់​នឹង​ខ្យល់ព្យុះ​ពេល​នោះ​ទេ ​ប៉ុន្តែ​ថែមទាំង​អាច​បង្វិល​សហគមន៍​អន្តរជាតិ​បាន​ផង​ដែរ។ តើ​លោក​នៅ​ចាំបាន​ទេថាគាត់​ធ្វើ​អ្វី? តើ​យុទ្ធសាស្រ្ត​របស់​គាត់​នៅពេល​នោះ គឺ​អ្វី? គឺ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ! គាត់​ថា​សូម​មើល​ចំណុច​នេះ។ បើ​ទោះបី​ជា​យើង​ចូល​ចិត្តគាត់ ឬ​ស្អប់គាត់ ការពិត​គឺ​គាត់​ពូកែ​យក​រួច​ខ្លួន​ណាស់។ ពេលនេះ​ខ្ញុំ​មិន​ឃើញ​មាន​កម្លាំង​គ្រប់​គ្រាន់​នឹង​ទាញ​លោក​ហ៊ុន សែន​ឱ្យ​លត់​ជង្គង់​បាន​ទេ ​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឱ្យ​គាត់​ផ្លាស់​ប្តូរ​គោល​នយោបាយ​ ដែល​គាត់​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ​អស់​រយៈពេល​ជាង​៣០ឆ្នាំទេ។

VOA៖ អីចឹង​តើ​ប្រទេស​កម្ពុជា​នឹង​ទៅ​ជា​យ៉ាងណា? តើ​កម្ពុជា​នឹង​វិល​ទៅ​រក​ស្ថានភាព​មុន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ ​ការ​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​ឬទេ​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ?

Peter Maguire៖ ការ​ប៉ាន់ស្មាន​របស់​ខ្ញុំ​គឺ​ថា​ វា​នឹង​ស្ថិត​ក្រោម​ការគ្រប់គ្រង​គណបក្ស​តែមួយ​ដែល​អាច​នឹង​មាន​គណបក្ស​ប្រឆាំង ​ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​នោះហាក់​ដូច​ជា​ មាន​កម្លាំងខ្លាំងគឺ​នឹង​រង​ការ​បំភិត​បំភ័យ​រហូត​ដល់​មិន​អាច​ធ្វើ​យុទ្ធនាការ​ពេញលេញ​បាន។ កម្ពុជា​នឹង​មាន​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ស្រដៀងគ្នា​នឹង​ប្រទេស​ចិន​ប៉ុន្តែ​មាន​ការគ្រប់គ្រង​ផ្ទៃក្នុង​ផ្តាច់​ការ។ ខ្ញុំ​តែងតែ​ឃើញ​អីចឹង​យូរ​ហើយ។ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​លើកឡើង​ពី​ខាង​ដើម​អីចឹង​គឺ​ថា​ ដោយសារតែ​ឥឡូវ​នេះ​វាមានការ​ប៉ះពាល់​ដល់​ក្រុម​បស្ចិម​ប្រទេស​ ហើយ​ការ​ក្តាប់​យក​របៀប​ផ្តាច់​ការ​នេះ​លើស​ពី​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទើប​យើង​បាន​ឮ​កាន់តែ​ច្រើន។ ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​ថ្មី​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ដែល​ខិតខំ​តវ៉ា​ប្រឆាំង​នឹង​ការ​កាប់​ព្រៃឈើ​ ដោយ​ខុស​ច្បាប់​ ការ​រឹប​អូស​ដីធ្លី ឬក៏​រឿង​អយុត្តិធម៌​ដទៃ​ទៀត​ ដែល​យើង​បាន​ឃើញ​ចាប់​តាំងតែ​ពី​សម័យ​អ៊ុនតាក់​ទេ។

រូបឯកសារ៖ លោក​ ​កឹម សុខា​ ​ប្រធានគណបក្សសង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​ក្នុងថ្ងៃ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃសៅរ៍ទី​២០ខែ​ឧសភាឆ្នាំ២០១៧។​ (កាន់ វិច្ឆិកា/VOA)​ ​
រូបឯកសារ៖ លោក​ ​កឹម សុខា​ ​ប្រធានគណបក្សសង្គ្រោះជាតិ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​គណបក្ស​ក្នុងថ្ងៃ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ក្នុង​ទីក្រុង​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃសៅរ៍ទី​២០ខែ​ឧសភាឆ្នាំ២០១៧។​ (កាន់ វិច្ឆិកា/VOA)​ ​

VOA៖ ប៉ុន្តែ​ប្រទេស​កម្ពុជា​គឺ ​មាន​ពលរដ្ឋ​វ័យក្មេង​ច្រើន​ដែល​ក្នុង​រយៈពេល​២០ឆ្នាំ​នេះ​បាន​ឃើញពីមនោគមវិជ្ជា​លោក​ខាងលិច ហើយ​ដោយសារតែ​មាន​ការ​រីកចម្រើន​ខាង​ផ្នែក​បច្ចេកវិទ្យាពួកគេ​មាន​សេរីភាព​ខ្លះ។ តើ​ពួកគេ​អាច​ទទួល​យក​យ៉ាង​ម៉េចបាន​ បើ​សិន​ជា​ប្រទេសនេះវិលត្រឡប់ទៅ​ការ​គ្រប់​គ្រង​ឯក​បក្ស​នោះ?

Peter Maguire៖ ខ្ញុំ​គិត​ថា​ប្រសិនបើ​សេដ្ឋកិច្ច​នៅ ​បន្ត​ល្អ​ប្រសើ​រ​ ហើយ​មាន​ការ​រីក​ចម្រើន​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ ដែល​ធ្វើ​ឱ្យ​ជីវភាព​ពួកគេ​កាន់តែ ​ប្រសើរ​ជាង​មុន​ ពួកគេ​ប្រហែល​ជា​នឹង​ទទួល​យក​បាន។ ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ។ នេះ​គ្រាន់តែ​ជា​ការទស្សន៍​ទាយ។ ខ្ញុំ​បាន​ឃើញ​មនុស្ស​ខ្លះ​ដែលធ្លាប់​តែ​គាំទ្រ​បស្ចិម​ប្រទេស​ហើយនិយម​សិទ្ធិមនុស្ស​បែរ​ជា​ងាក​មក​គាំទ្រ​ខាង​រដ្ឋាភិបាលកម្ពុជា​ ហើយ​ប្តូរ​ជំហរ​១៨០​ដឺក្រេ។ មាន​អ្នក​ខ្លះ​ដែល​ធ្លាប់តែ​លើកស្ទួយ​ឱ្យ​មាន​ការ​កាត់ទោស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​សិទ្ធិ​មនុស្ស​ ប៉ុន្តែ​ឥឡូវនេះ​បាន​ងាក​មក​ធ្វើការ​ឱ្យ​លោក​ហ៊ុន សែន។ ដូច្នេះ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ វា​ធំ​ជាង​អ្វី​ទាំងអស់។

VOA៖ សូម​អរគុណ​លោក​ភីធឺ ម៉ាក់ខ្វៃ​ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ។​

Peter Maguire៖ សូមអរគុណ៕

XS
SM
MD
LG