ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ថា​គ្មាន​នរណា​ហ៊ាន​ចាប់​ខ្លួន​ឬ​ធ្វើ​ទុក្ខបុកម្នេញ​លោក​នោះ​ទេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃំុសង្កាត់ ក្រោយពេលដែលលោកបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឺទ្ធសភា នៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយទៅកាន់សមាជិកក្រុមប្រឹក្សាឃំុសង្កាត់ ក្រោយពេលដែលលោកបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកព្រឺទ្ធសភា នៅខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ប្រកាស​ថា​ មិន​មាន​ជន​ណា​អាច​ចាប់​ខ្លួន​ ឬ​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក​នោះ​ទេ​ ​ហើយ​លោក​ក៏​នឹង​មិន​ពន្យារ​ការ​បោះ​ឆ្នោតជាតិ​ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ចុង​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នោះ​ដែរ។​

ការ​ប្រកាស​ខ្លាំងៗ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ ធ្វើ​ឡើង​ខណៈ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី​ ​ដែល​ធ្លាប់​ប្រកាស​ជារឿយៗ​សុំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​បោះឆ្នោត​ ​ប្រកាស​អំពាវនាវ​ឱ​ពលរដ្ឋ​ធ្វើ​ពហិការ​ មិន​ចូល​រួម​ការ​បោះឆ្នោត​ ​ប្រសិន​បើ​គ្មាន​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ។

ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​លើក​ឡើង​ថា គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ​ ​និង​ថា​ ​ដំណើរ​ការ​បោះឆ្នោត​នា​ចុង​ខែ​កក្កដា​នេះ​ ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ការ​ពន្យារ​ពេល​នោះ​ដែរ។​

លោក​បន្ថែម​ថា​ ​ការ​ពន្យារ​ពេល​បោះ​ឆ្នោត​បាន​លុះត្រាតែ​មាន​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ ​ហើយ​ថា​ ​ការ​ដែល​លោក​មិន​ព្រម​ពន្យារពេល​បោះ​ឆ្នោត​ ​ក៏​មិន​មាន​នរណា​អាច​ចាប់​ខ្លួន​លោក​បាន​ឡើយ។​

លោក​មាន​ប្រសាសន៍​ថា៖​

​«មាន​អ្នក​ខ្លះ​គេ​ថា​ ​បើ​លោក​ ​ហ៊ុន សែន​ ​មិន​ព្រម​ធ្វើ​ ​មិន​ព្រម​ពន្យារ​ទេ​ ​ច្បាស់​ជា​គេ​ចាប់​លោក​ ​ហ៊ុន សែន។ ខ្ញុំ​សួរ​ថា​ ​អាណា​ក្បាល​ប៉ានដែក​ ​មក​ចាប់​ក្បាល​ ​ហ៊ុន សែន​នោះ។​ ​ប្រាប់​ត្រង់​ទៅ​វិញ​ទៅ គេ​ថា​គេ​ចាប់​ ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ត្រូវ​គេ​ចូល​មក​ចាប់​ខ្លួន​នៅ​ទី​នេះ។ មើល​ ​អញ្ជើញ​មក​ ​ក្រែង​ពិបាក​រក​ខ្មោច​ទៅ​ទៀត​ ​កុំ​ភ្លេច។​ ​ខ្ញុំ​មិន​មែន​ជា​អគ្គ​មេ​បញ្ជាការ​ទ័ព​ទេ តែ​ខ្ញុំ​មាន​សិទ្ធិ​បញ្ជា​វាយ​គ្រប់​ពេល​ទាំង​អស់​ ​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី»។​

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ​បុគ្គល​ដែល​ចូល​រួម​ ​ឬ​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជា​សិទ្ធិ​របស់​ពួក​គេ​ ​ប៉ុន្តែ​លោក​ថា លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ការ​បោះ​ឆ្នោត​នៅ​តែ​ដំណើរ​ការ​ ​ដោយ​មិន​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​បុគ្គល ឬ​ក្រុម​ណាមួយ​នោះ​ទេ។​

នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប)​ ​ចាប់​ផ្ដើម​ទទួល​ចុះ​បញ្ជី​គណ​បក្សនយោបាយ​រយៈ​ពេល​ពីរ​សប្ដាហ៍​ ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលា​ការ​រំលាយ​ ​មិន​ទាន់​រក​ឃើញ​ច្រក​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​នៅ​ឡើយ។​

បន្ទាប់​ពី​ការ​រំលាយ​គណ​បក្សសង្គ្រោះ​ជាតិ​ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស​ កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​គេ​ឃើញ​គណបក្សថ្មីៗ​ជា​ច្រើន​ បាន​និង​កំពុង​បង្កើត​ឡើង​ ដើម្បី​ត្រៀម​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​ខាង​មុខ។

ការ​បង្កើតគណ​បក្សថ្មីៗ​ទាំង​នេះ​ ​ត្រូវ​បាន​មន្ត្រី​គណ​បក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ ​រិះគន់​ជា​បន្ត​បន្ទាប់​ថា ការ​បង្កើត​គណបក្សថ្មីដើម្បី​ចូល​រួម​ការ​បោះឆ្នោត​នោះ​ ​គឺ​ជា​ការ​ចូល​រួម​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ថា​ជា​ឆាក​ល្ខោន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​អាច​បន្ត​កាន់​អំណាច​ប៉ុណ្ណោះ។​

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ដែល​ជា​ចលនា​ត្រូវ​បាន​បង្កើតឡើង​នៅ​ឯ​បរទេស​ ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជា​ថ្មី​ទៀត​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ​កុំ​ទៅ​បោះ​ឆ្នោត​ ​ប្រសិន​បើ​មិន​មាន​វត្ត​មាន​របស់​គណបក្សសង្គ្រោះ​ជាតិ។​

លោក​សរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«មាន​តែ​គណបក្សសង្គ្រោះជាតិ​មួយ​គត់​ ​ដឹក​នាំ​ដាយ​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា​ ​ដែល​ប្រកាន់​ជំហរ​ច្បាស់​លាស់​និង​រឹងមាំ​គួរ​ឲ្យ​ទុក​ចិត្ត​បាន ក្នុង​ការ​ទាមទារ​ការ​ផ្លាស់​ប្តូរ​ជាវិជ្ជ​មាន​តាម​បែប​បទ​ប្រជាធិបតេយ្យ។​ ​គ្មាន​គណបក្ស​ណា​អាច​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។ ទិញ​មិន​លក់ សម្លុត​មិន​ខ្លាច បំបែក​មិន​បែក។​ ​គណបក្សដទៃ​ទៀត​ ​ដែល​មក​ចូល​រួម​ការ​បោះឆ្នោត​ដោយ​ឆ្លៀត​ឱកាស មិន​មាន​វត្ត​មាន​គណបក្សសង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​មក​លម្អ​ឆាក​ល្ខោន​ឲ្យ​របប​ផ្ដាច់​ការ​រៀបចំ​ការ​បោះឆ្នោត​ក្លែង​ក្លាយ ដើម្បី​បន្ត​កាន់​អំណាច​របស់​ខ្លួន​ ​តែ​ប៉ុណ្ណោះ»។​

លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ​ក៏​បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាលពី​ខែ​មករា ​ដោយ​ស្នើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​ពន្យារ​ពេល​ការ​បោះ​ឆ្នោតដើម្បី​បញ្ចៀស​ទាំង​អំពើ​ហិង្សា​ ​និង​បញ្ចៀស​ការ​ដាក់​កម្ពុជា​ឲ្យ​ក្លាយ​ជា​ប្រទេស​ឯកោ។​

លោក​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​បន្ថែម​ថា ការ​លើក​ឡើង​ទាំង​នោះ​សុទ្ធ​តែ​ជា​ការ​ភូត​កុហក​ ​ហើយ​លោក​បាន​ចំអក​ការ​រិះគន់​ទាំង​នោះ​ថា​ជា​ ​«ការ​មិន​បាន​ស៊ី​ខ្លួន​ឯង​ ​ចង់​ធ្វើ​ឲ្យ​គេ​អត់​ទាំង​អស់​គ្នា»។​

លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​វិភាគ​ ​និង​ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​លើក​ឡើង​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្សកាន់​អំណាច​នឹង​រៀបចំ​ការ​បោះ​ឆ្នោត ​ដោយ​មិន​ខ្វល់​ពី​អវត្តមាន​របស់​គណបក្សប្រឆាំង​ ​ដូច​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​យ៉ាង​ដូច្នោះ។​

​លោក​បន្ថែម​ថា​ ​គណបក្សប្រជាជន​កម្ពុជា ​នឹង​នៅ​តែ​កាន់​អំណាច​ដោយ​ភាព​រលូន​ក្រោយ​ការ​បោះ​ឆ្នោត​ ​ប្រសិន​បើ​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ​ ​មិន​មាន​ការ​អើ​ពើ​ពី​អន្តរជាតិ។​

លោក​បញ្ជាក់​ថា៖​

«ប្រសិន​បើ​កម្ពុជា​មិន​រវល់​ទៅ​លើ​ការ​អំពាវនាវ​ ​ហើយ​អន្តរជាតិ​គេ​គិត​ថា​ការ​បោះ​ឆ្នោត​ហ្នឹង​ខ្វះ​ប្រជាធិបតេយ្យ​ ​ពុំ​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​ ​ពុំ​ស្មើ​ភាព​គ្នា ឬ​ក៏​ហៅ​ថា​ពុំ​យុត្តិធម៌​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ប្រជាធិបតេយ្យ​ហ្នឹង ខ្ញុំ​អាច​គិត​ថា ថ្ងៃ​អនាគត​ក្រោយ​ការ​បោះ​ឆ្នោត​ហ្នឹង អាច​ប្រឈម​លើ​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ហ្នឹង​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ឡើង​ពី​ការ​បោះ​ឆ្នោត​ហ្នឹង។​ ​ប៉ុន្តែ​បើ​សិន​ពុំ​មាន​ការជំទាស់ ឬ​ក៏​ការ​ខ្វែង​គំនិត​គ្នា​អី​ទេ ខ្ញុំ​ថា ការ​បង្កើតរដ្ឋាភិបាល​នៅ​តែ​បន្ត​និរន្តរភាព​ទៅ​ធម្មតា»។​

តុលា​ការ​កំពូល​កម្ពុជា ​កាលពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចោទ​ថា​ ​គណបក្សនេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​តុលា​ការ​កំពូល​ ក៏​បាន​សម្រេច​ព្យួរ​សិទ្ធិ​របស់​ក្រុម​មន្ត្រី ​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥ឆ្នាំ។​

មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្សប្រឆាំង​ ​លោក​ ​កឹម សុខា​ ​ដែល​ជា​ប្រធាន​គណបក្ស​នេះ​ ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​ពាក់​ព័ន្ធនឹង​បទ​ក្បត់​ជាតិ។​

ក្រោយ​ហេតុ​ការណ៍​ទាំង​នោះ​កើត​ឡើង​ ​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​ ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថា​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តអាណត្តិទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​ខណៈ​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ចំនួន​នៅ​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ថា​នឹង​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ខាង​មុខ។​

ទោះ​យ៉ាង​ណា​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជិត​៤០​ឆ្នាំ​មក​ហើយ​នោះ​ ​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្សប្រឆាំង​ចូល​រួម​ ​ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

XS
SM
MD
LG