ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន អំពាវនាវ​កុំ​ឱ្យ​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​លើ​ទឹកដី​អ៊ុយក្រែន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​សុន្ទរកថាក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន បាន​ជំរុញកុំ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ និង​ប្រធានាធិបតី​អ៊ុយ​ក្រែន​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​សង្រ្គាម​អ៊ុយក្រែន ព្រោះ​វា​នឹង​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​ដល់​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ។

នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា​ ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​សរសេរ​សារ​នៅ​បណ្តាញ ​Telegram​ របស់​លោក​ថា ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​មាន​ការ​ផ្សាយ​ព័ត៌មាន​យ៉ាង​ច្រើន​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់គ្រាប់​បែក​ចង្កោម​ទៅឱ្យ​អ៊ុយក្រែន​ ដើម្បី​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​រុស្ស៉ី។

លោក​បញ្ជាក់​ថា​៖ «ប្រសិន​រឿង​នេះ​វាជា​ការ​ពិត​មែន ​វា​នឹង​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​ធំ​បំផុត​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែន​រាប់​សិបឆ្នាំ ឬ​ដល់​រយ​ឆ្នាំ​ទៀតផង​ ប្រសិ​នគ្រាប់​បែក​ចង្កោម​នេះ​យក​ទៅ​ប្រើប្រាស់​ក្នុង​តំបន់​ដែល​រុស្ស៉ី​កាន់​កាប់​ក្នុង​ទឹកដី​អ៊ុយ​ក្រែន»។

លោក ហ៊ុន សែន បន្ថែម​ថា​៖ «ខ្ញុំ​ទទួល​ស្គាល់​ថា​ កម្ពុជា​ប្រទេស​តូច​មួយ​ ប៉ុន្តែ​យើង​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពលរដ្ឋ​អ៊ុយក្រែន​ ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អ៊ុយក្រែន​ជៀស​វាង​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​សង្រ្គាម​នេះ ​ព្រោះ​ជន​រង​គ្រោះ​ពិត​ប្រាកដ ​គឺជា​ពលរដ្ឋអ៊ុយក្រែន​»។

គួរបញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋបាល​របស់​លោ​កប្រធានាធិបតី​ Joe Biden បាន​អះ​អាង​ថា​ខ្លួន​កំពុង​ពិចារណា​បញ្ជូន​គ្រាប់បែក​ចង្កោម​ទៅ​ជួយ​ប្រទេស​អ៊ុយក្រែន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី។ គ្រាប់​បែកប្រភេទ​នេះ​អាច​បាញ់​ចេញ​ពី​កាណុង​កាំភ្លើងធំ​ ​ហើយ​បែក​ចេញទៅ​ជា​គ្រាប់​តូចៗ​ជា​ច្រើន​បន្ត​ទៀត​ ដែល​អាច​គ្របដណ្តប់​លើ​ផ្ទៃ​ដ៏​ធំ​មួយ។ គ្រាប់​ប្រភេទ​នេះ​ ក៏​អាច​ធ្វើ​ឱ្យ​រង​គ្រោះ​ជា​បន្ត​ទៀត នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់។ គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ហាម​ប្រាម​មិន​ឱ្យ​ប្រើ​ប្រាស់ ដោយ​ប្រទេស​ចំនួន​១២៣​នៅ​លើ​ពិភព​លោក ដោយ​សារ​តែ​ឥទ្ធិពល​គ្រោះ​ថ្នាក់​របស់​វាដល់​ជនស៊ីវិល​ ប៉ុន្តែ​សហរដ្ឋអាមេរិក អ៊ុយក្រែន​ និង​រុស្ស៊ី​ មិន​បាន​ហាមប្រាម​លើ​ការ​ប្រើ​ប្រាស់​គ្រាប់​ប្រភេទ​នេះ​ឡើយ៕

XS
SM
MD
LG