សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីព្រឹកថ្ងៃអង្គារនេះ បានអំពាវនាវបន្ថែមឲ្យប្រជាជនទូទៅជួយទិញអង្ករពីកសិករផ្ទាល់ដើម្បីឲ្យកសិករបានទទួលកម្រៃផ្ទាល់ទាំងស្រុងពីការលក់ស្រូវអង្ករ។ នេះបើតាមការថ្លែងដោយលោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី «យុទ្ធនាការទិញស្រូវអង្ករកម្ពុជាជួយកសិករកម្ពុជា» ។
«យុទ្ធនាការនេះគឺដោយសារភាពអាសន្ន គឺភាពបន្ទាន់។ អ្វីដែលយើងចង់បានគឺចង់ជម្រុញម៉ាស៊ីនកិនស្រូវកុំឲ្យចាំ ព្រោះម្នាក់ៗចាំមើលឲ្យតម្លៃធ្លាក់ទៀតគាត់អត់ព្រមទិញទេ។ បើចាំទាំងអស់គ្នាតម្លៃពិតជាធ្លាក់ទៀតហើយ។ អញ្ចឹងបើថាគាត់ចាំ មហាជនគាត់ជួយទិញ ធ្វើម៉េចឲ្យការទិញមានឡើងវិញហើយតម្លៃមានស្ថិរភាព បន្ធូរសម្ពាធកសិករក្នុងដំណាក់កាលនេះ»។
សន្និសីទសារព័ត៌មាន ស្តីអំពី «យុទ្ធនាការទិញស្រូវអង្ករកម្ពុជា ជួយកសិករកម្ពុជា» ធ្វើឡើងក្នុងគោលបំណង បង្កើតយន្តការមួយចំនួនដើម្បីដោះស្រាយបញ្ហាស្រូវអង្ករដែលផលិតដោយកសិករកម្ពុជា ពីកសិករដោយផ្ទាល់ឬតាមរយៈបណ្តាញសហគមន៍កសិករ។
កាលពីខែកញ្ញាកន្លងទៅ ប្រធានបទអំពីបញ្ហាស្រូវអង្ករកម្ពុជាត្រូវបានគេជជែកពិភាក្សាជារឿយៗនៅលើបណ្តាញសារព័ត៌មានក្នុងស្រុក បន្ទាប់ពីប្រជាកសិករខ្មែរជាច្រើនរយនាក់ កាលពីខែមុន បានតវ៉ាបិទកំណាត់ផ្លូវជាតិលេខប្រាំ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ប្រឆាំងនឹងឈ្មួញកណ្ដាល ដែលឲ្យតម្លៃស្រូវរបស់ពួកទាបជាងការកំណត់របស់រដ្ឋាភិបាលនោះ។
ការតវ៉ាបានកើតឡើងបន្ទាប់ពីឈ្មួញបានឲ្យតម្លៃស្រូវអង្ករដែលផលិតដោយកសិករខ្មែរ ក្នុងតម្លៃប្រមាណ ៦០០ រៀល ក្នុងមួយគីឡូក្រាម លើស្រូវលេខ ២ និង ៦៥០ រៀលក្នុងមួយគីឡូក្រាម លើស្រូវលេខ ១។
ក្នុងខែកញ្ញា ដដែល នាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវដល់ពាណិជ្ជករ ដែលធ្វើអាជីវកម្ម ស្រូវអង្ករ ឲ្យបញ្ចេញទុន ដើម្បីជួយទិញស្រូវក្រអូបពីកសិករមិនក្រោម៨៤០៛។
បន្ថែមលើសពីនោះ រាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើអន្តរាគមន៍ដោយប្រកាសបញ្ចេញថវិកាយ៉ាងតិច ២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀត ដើម្បីគាំទ្រលើតម្លៃស្រូវ។ ស្របគ្នានោះដែរ ធនាគារអភិវឌ្ឍន៍ជនបទបានដាក់ទុនបន្ថែមចំនួន ៧លានដុល្លារ។
ក្នុងសន្និសីទ ដដែលនោះ លោក ហ៊ុន ឡាក់ តំណាងក្រុមហ៊ុននាំចេញស្រូវអង្ករ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយទាញបញ្ហាចម្រូងចម្រាសក្នុងទីផ្សារស្រូវអង្ករ ដែលកើតថ្មីៗនេះថា ជាឥទ្ធិពលសេដ្ឋកិច្ចពីប្រទេសជិតខាង។
«វាជាឥទ្ធិពលមកពីខាងក្រៅ ផ្តើមចេញពីប្រទេសដែលគេមានសក្តានុពលដូចកម្ពុជាយើងដែរ មាន៤ គឺភូមា ប៉ាគីស្ថាន វៀតណាម និងថៃ។ គេនាំចេញទីផ្សារក្នុងតម្លៃទាបជាងឆ្នាំមុនៗ។»
លោកបន្ថែមថា កម្ពុជាមានភាពជ្រួលច្របល់លើបញ្ហាស្រូវអង្ករក្នុងឆ្នាំនេះ ដោយសារ កម្ពុជាខ្វះស្ថាប័នមួយដែលតាមដានស្ថានការណ៍ និងទីផ្សារអង្ករ។
«ងាកមកកម្ពុជាយើងវិញ យើងត្រូវធ្វើម៉េច? យើងត្រូវដើរឲ្យទាន់សភាពការណ៍តម្លៃទីផ្សារអង្ករជាសាកល រួមគ្នាបង្កើតទាំងស្ថាប័នរដ្ឋ និងឯកជនបង្កើតមជ្ឈមណ្ឌលមួយដែលមានយន្តការតាមដានសភាពការ តម្លៃទីផ្សារអង្ករ។ បើមិនអញ្ចឹងទេ ពេលមានបញ្ហាខាងក្រៅ យើងខាងក្នុងនេះជ្រួលច្របល់។»
លោក ស៊ឺ រ៉ានី អនុប្រធាន និងតំណាងសហគមន៍កសិករ យល់ស្របលើបញ្ហាកង្វះព័ត៌មាន ដែលធ្វើឲ្យកសិករប្រឈមនឹងការស្វែងរកទីផ្សារសម្រាប់លក់អង្ករចេញ។ លោកបន្ថែមទៀតថា លោកចង់ឲ្យមានកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលផ្តល់ឲ្យនាយទុនកន្លងមក បានមកដល់កសិករផ្ទាល់សម្រាប់ធ្វើជាទុនក្នុងការដោះស្រាយបញ្ហាថ្លៃដើម។
«ការកញ្ចប់ថវិកាហ្នឹង ឥឡូវហ្នឹង គឺដោះស្រាយបន្ទាន់ ដល់តែរោងម៉ាស៊ីនធំៗទេ ឯសហគមន៍អត់មានកញ្ចប់ថវិកាហ្នឹងដល់ទេ។ ធ្វើម៉េចថ្ងៃក្រោយហ្នឹង ខ្ញុំគិតថាកញ្ចប់ថវិកា ចង់ឲ្យបានទៅដល់សហគមន៍ ដើម្បីធ្វើការបែងចែកសម្រាប់ស្តុកស្រូវពេលកំពុងជន់អញ្ចឹង។ ធ្វើម៉េចឲ្យសហគមន៍មានឡសម្ងួត ឃ្លាំងស្តុក ហើយថវិការដ្ឋាភិបាលទម្លាក់ឲ្យហ្នឹងដល់សហគមន៍តែម្តង»។
ភ្លាមៗក្រោយការអំពាវនាវ របស់លោកហ៊ុន សែន កាលខែកញ្ញាដែលប្រកាសឲ្យមានការជួយទិញស្រូវក្រអូបពីក្រុមកសិករខ្មែរផ្ទាល់ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សកាន់អំណាច បានប្រកាសទិញអង្ករពីទាំងនោះជាហូរហែ ក្នុងម្នាក់ៗប្រមាណ១០ ទៅ ២០តោន។
តែទោះជាយ៉ាងណា មកដល់ពេលនេះ គេនៅបារម្ភពីការលក់ចេញស្រូវអង្ករដដែល ហើយយោងតាមសន្និសីទសារព័ត៌មាននេះទៀត ស្រូវអង្ករនៅសល់ប្រមាណជាង ២០ម៉ឺនតោនទៀត មិនទាន់ប្រមូលនៅឡើយ។តំណាងសហគមន៍កសិករ លោក ស៊ឺ រ៉ានី បន្តទៀតថា អ្វីដែលលោកបារម្ភគឺនៅចុងខែវិច្ឆិកា និងដើមខែធ្នូនេះ ជាពេលប្រមូលផលម្តងទៀត។ លោកសំណូមពរឲ្យមហាជនទូទៅបន្តទិញស្រូវអង្ករ ពីកសិករផ្ទាល់តាមរយៈសហគមន៍។
សហព័ន្ធស្រូវអង្ករ កម្ពុជា អនុវត្តយុទ្ធនាការនេះដោយបង្កើតបន្ថែមឲ្យបណ្តាញទទូលព័ត៌មាន ឬ (Call Center) ដែលប្រជាជនទូទៅអាចទូរស័ព្ទទៅទិញស្រូវអង្ករទាំងនោះបាន៕