អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ថ្លែងថាលោកបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីជួបជជែកជាមួយអ្នកស្រី អោងសាន ស៊ូជី(Aung San Suu Kyi) តាមវីដេអូអនឡាញ។
លោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង(Min Aung Hlaing ) មេដឹកនាំយោធាមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូកាលពីព្រឹកថ្ងៃអង្គារ។
លោក ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកនាថ្ងៃអង្គារនេះថា៖«ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានស្នើជាថ្មីម្តងទៀតឱ្យឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាងសម្តេចតេជោ និងលោកជំទាវ អោងសាន ស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារសម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន»។
លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុច ហើយរំពឹងថាការរីកចម្រើននៃកិច្ចព្រមព្រៀងនេះ«នឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់»។ នេះបើតាមសារបង្ហោះលើហ្វេសប៊ុករបស់លោក។
បន្ថែមពីនេះ លោក ហ៊ុន សែន ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសនៃសមាជិកអាស៊ាន កាលពីខែមករានិងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួនមកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ និងមានតម្លាភាព»។
គួរបញ្ជាក់ថាភាពចលាចល និងអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើតឡើងក្រោយមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី អោងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ ២០២១។
កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។ ទី ១ បញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់ ហើយគ្រប់ភាគីត្រូវរក្សាភាពអត់ធ្មត់ខ្ពស់បំផុត។ ទី ២ កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធ ដើម្បីផលប្រយោជន៍របស់ប្រជាជន។ ទី ៣ ចាត់តាំងប្រេសិតពិសេសរបស់អាស៊ាន ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ ទី ៤ ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន។ ទី ៥ ទស្សនកិច្ចរបស់ប្រេសិតពិសេសនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ប៉ុន្តែរាល់ការខិតខំប្រឹងប្រែងរបស់ប្លុក ១០ ប្រទេសនេះហាក់មិនមានការរីកចម្រើនអ្វីបន្តិចនោះឡើយ ហើយរបបសឹកភូមារងការចោទប្រកាន់ថាមិនគោរពទៅតាមកិច្ចព្រមព្រៀងដែលខ្លួនបានសន្យាជាមួយមេដឹកនាំអាស៊ាន។
កាលពីដើមឆ្នាំ២០២២ លោក ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា និងបានជួបមេដឹកនាំយោធាភូមា ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោកត្រូវបានមើលឃើញថាមិនសម្រេចលទ្ធផលអ្វីឡើយ។ កាលនោះ លោក ហ៊ុន សែន បានលើកឡើងថាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាអាចនឹងបន្តយ៉ាងតិចរយៈពេល៥ ឆ្នាំទៀត៕
វេទិកាបញ្ចេញមតិ