ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បញ្ជា​ការ​អង្គរក្ស​លោក ​ហ៊ុន សែន​ ចាត់​ទុក​សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​«ជា​ការ​ចោទ​ទាំង​បំពាន» ​រឿង​បោក​គ្រាប់​បែក​ឆ្នាំ​១៩៩៧


រូបឯកសារ៖ លោក ហ៊ីង ប៊ុនហៀង ជាមេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក ​ហ៊ុន សែន​ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

មេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​របស់​តុលាការ​បារាំង​មក​លើ​រូប​លោក​ ដែល​ចោទ​ពី​បទ​«សម​គំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស»​ ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក​កាល​ពី​ឆ្នាំ​១៩៩៧​នៅ​រាជធានី​ភ្នំពេញ។​

លោក ​ហ៊ីង ប៊ុនហៀង ​មេ​បញ្ជា​ការ​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក ​ហ៊ុន សែន​ និង​លោក ​ហ៊ុយ ​ពិសិដ្ឋ ​ដែល​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​(Cour d'Assises)​របស់​ប្រទេស​បារាំង​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​ ឆ្នាំ​២០២១​ ពី​បទ​«សម​គំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស»​នៅ​ក្នុង​ករណី​រៀបចំ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក ​ក្នុង​បាតុកម្មដោយ​សន្តិវិធី​ក្នុង​ទី​ក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​៣០​ ខែ​មីនា​ ឆ្នាំ​១៩៩៧។​នេះ​បើ​តាម​ដីកា​ដែល​ត្រូវ​បាន​លោក​ សម រង្ស៊ី​ ដែល​ជា​ដើម​បណ្តឹង​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២២។​

ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​បាន​លោក ​ហ៊ីង ប៊ុនហៀង ​ដែល​ជា​នាយក​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី ​ច្រាន​ចោល​ថា​ លោក​មិន​បាន​ប្រព្រឹត្ត ​និង​មិន​បាន​ដឹកនាំ​ការ​វាយ​ប្រហារ​បោក​គ្រាប់​បែក​ ពេល​មាន​បាតុកម្ម​ឆ្នាំ​១៩៩៧​ ដែល​សម្លាប់​មនុស្ស​១៦​នាក់​នោះ​ទេ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖ ​«ដឹក​នាំ​ឯ​ណា​ ​បើ​ពូ​នៅ​តា​ខ្មៅ​នេះ។​ ​ដឹក​នាំ​ខ្មោច​យក៍​អី?»​

លោក ​ហ៊ីង ប៊ុនហៀង ​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ ​ជា​ការ​ចោទ​ទាំង​បំពាន​មក​លើ​រូប​លោក។​

លោក​ថ្លែង​ថា៖ ​«ទាក់​ទិន​ខ្ញុំ​អី!​សួរ​ដូច​ឆោត!​ ខ្ញុំ​សួរ​មើល​កង​ទ័ព​ជា​កងទ័ព​របស់​ប្រជាជន​ការពារ​ប្រជាជន​ ថ្នាក់​ដឹកនាំ​ ហើយ​ដល់​ពេល​មក​ចោទ​អ៊ីចឹង​ វា​ខុស​ក្បួន!​ ​វា​អត់​ត្រូវ​រឿង​ណា៎!»

លោក​បន្ត​ថា៖​ «វា​មិន​ដែល​ម៉ែ​អា​ណា ​ដើរ​ចោទ​គេ​តែ​ពាស​អ៊ីចឹង ​ងាប់​ហើយ​វ៉ី។​វា​អត់​មាន​ដឹង​ហេតុ​ផល​ឯ​ណា ​ចោទ​អី​ណា​ រឿង​អី​ណា​ផ្សេង​ ឡេឡឺ​អស់​ហើយ​ពួក​ហ្នឹង។​ដល់​អ៊ីចឹង​ខ្ញុំ​ឆ្ងល់ !​អង្គុយ​តែ​សើច ​....​ហាហា ហាហា ហាហា​ បារាំង​អី​ណា​មើល​ឃើញ​...​បោក​គ្រាប់​បែប​អី​ណា»។​

វីអូអេ​បាន​ទាក់​ទង​ទៅ​លោក ​ហ៊ុយ ពិសិដ្ឋ ​ រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ​តាម​ទូរស័ព្ទ ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ។​

លោក​ថ្លែង​ថា៖ ​«​ហ៏! ​ហ្អែង​ម៉ោ​ស្អី​ទេ​ហ្ហា!​ រវល់​ហ្ហា!»។​

សារ​ព័ត៌មាន​វីអូឌី​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មករា​ថា​ ប្រភព​នៅ​តុលាការ​បារាំង​បាន​បញ្ជាក់​អំពី​ការ​ចោទ​ប្រកាន់​ជាផ្លូវ​ការ​លើ​បុគ្គល​ទាំង​ពីរ​នាក់​នេះ ​ ប៉ុន្តែ​តុលាការ​មិន​ទាន់​អាច​បញ្ចេញ​សេចក្តី​សម្រេច​ទាំង​នោះ​បាន។​

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ ​នៅ​ពេល​វីអូអេ​ផ្ញើ​សារ​តាម​អ៊ីម៉ែល​សាក​សួរ។​

លោក​ សម​ រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ​និង​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ព្រឹត្តិ​ការណ៍​បោក​គ្រាប់​បែក ​បាន​ចាត់​ទុក​ថា​ ចំណាត់​ការ​របស់​តុលាការ​បារាំង​ គឺ​ជា​«ពន្លឺ​យុត្តិ​ធម៌» ​និង​«ក្តី​សង្ឈឹម»​សម្រាប់​អ្នក​ស្លាប់​១៦​នាក់ ​និង​អ្នក​រង​របួស​ធ្ងន់​ជាង​១០០​នាក់ ​ដែល​រួម​មាន​ទាំង​លោក ​ជា វិជ្ជា ​និង​រូប​លោក​ផ្ទាល់​ដែល​បាន​ចូល​រួម​បាតុ​កម្ម។​

លោក ​សម រង្ស៊ី ​បាន​ឲ្យ​ដឹង​ថា​ រូប​លោក ​និង​ភរិយា​បាន​សម្រេច​ប្តឹង​នៅ​តុលាការ​បារាំង​ ដោយ​សារ​លោក​មាន​សញ្ជាតិ​បារាំង ​និង​មើល​ឃើញ​ថា​ ​តុលា​ការ​កម្ពុជា​មិន​ហ៊ាន​ចាត់​ការ​លើ​ករណី​នេះ។​

លោក​ សម រង្ស៊ី​ បញ្ជាក់​ក្នុង​វីដេអូ​ប្រវែង​ជាង​១៣​នាទី ​ដែល​លោក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃទី​២២ ​ខែ​មករា​ថា៖​«អ៊ីចឹង ​ហើយ​បាន​ខ្ញុំ​ ​ព្រះ​ករុណា​ខ្ញុំ​បាន​ប្តឹង ​នៅ​ចំពោះ​មុខ​តុលាការ​បារាំង​ ក្រោយ​ពី​ការ​គប់​គ្រាប់​បែក​ឆ្នាំ​១៩៩៧។ ​ មួយ​រយៈ​ពេល ​ភរិយា​ខ្ញុំ​ និង​ខ្ញុំ ​ករុណា​បាន​ប្តឹង​ ថា​ យើង​មាន​សញ្ជាតិ​បារាំង​...​ដូច្នេះ​យើង​ត្រូវ​ប្រើ​សញ្ជាតិ​បារាំង​របស់​យើង​នេះ​ដើម្បី​ទៅ​ជួយ​ប្រទេស​កម្ពុជា​ ទៅ​ជួយ​ប្រជារាស្រ្ត​ខ្មែរ»។​

លោក​បន្ថែម​ថា៖​ «ជា​ទី​បញ្ចប់ ​ចុង​ក្រោយ​នេះ​ថ្ងៃ​៣០ ​ខែ​ធ្នូ​ ឆ្នាំ​២០២១​ នេះ​ទើប​កន្លង​ផុត​នេះ​ គឺ​មិន​ដល់​មួយ​ខែ​ផង​ គេ​ចេញ​សេចក្តី​ប្រកាស ​ បារាំង​ហៅ​ថា​ Ordonnace ​ថា​ ឥឡូវ​ច្បាស់​ហើយ​ថា សាក្សី​ ភស្តុតាង​ឯកសារ​ដែល​ប្រមូល​បាន​ទាំង​អស់ ​គឺ​អាច​សន្និដ្ឋាន​មិន​អាច​ប្រកែក​បាន​ ថា ​ជន​ដៃ​ដល់ ​ អ្នក​ដែល​វាយ​ប្រហារ​ដោយ​គ្រាប់​បែក ​ថ្ងៃ​៣០​ ខែ​មីនា​ឆ្នាំ​១៩៩៧ ​នៅ​ទីក្រុង​ភ្នំពេញ​នេះ អ្នក​ដែល​ទទួល​ខុស​ត្រូវ​ផ្ទាល់​ ពីព្រោះ​បាន​ចាត់​ចែង​រៀបចំ​ការ​វាយ​ប្រហារ​នេះ គឺ​លោក ​ហ៊ីង ប៊ុនហៀង ​ជា​មេ​អង្គ​រក្ស​របស់​លោក ​ហ៊ុន​ សែន​ហើយ​ទន្ទឹម​លោក ​ហ៊ីង ប៊ុនហៀង ​គឺ​លោក​ ហ៊ុយ ពិសិដ្ឋ។ ​ លោក ​ហ៊ុយ ពិសិដ្ឋ​ គាត់​មាន​តែ​ឈ្មោះ​ទេ ​ ប៉ុន្តែ​គាត់​មិន​សូវ​ជា​សកម្ម​ចាត់​ការ​ខ្លួន​ឯង​ប៉ុន្មាន​ទេ​ដែល​សកម្ម​ចាត់​ការ​ខ្លួន​ឯង​គឺ​លោក​ ហ៊ីង ប៊ុនហៀង»។​

បើ​តាម​លោក​ សម​ រង្ស៊ី ​ តុលាការ​បារាំង​សម្រេច​ចេញ​ដីកា​ចោទ​ប្រកាន់​នេះ ​គឺ​យោង​ទៅ​តាម​ការ​ស៊ើប​អង្កេត​ទាំង​ឡាយ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​ (FBI)​របស់​សហ​រដ្ឋ​អាមេរិក​ ​អង្គការ​សហ​ប្រជាជាតិ ​ គណៈ​កម្មាធិការ​ទំនាក់​ទំនង​បរទេស​នៃ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ព្រម​ទាំង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)។​

លោក ​សម រង្ស៊ី​ បន្ថែម​ថា​ដីកា​ចោទ​ប្រកាន់​ផ្លូវ​ការ​ពី​តុលាការ​ប្រទេស​បារាំង​ក៏​បាន​បង្គាប់​ឲ្យ​យក​លោក ​ហ៊ុយ ពិសិដ្ឋ​ និង​លោក ​ហ៊ីង ប៊ុនហៀង​ទៅ​កាត់​ទោស​ចំពោះ​មុខ​តុលាការ​ព្រហ្មទណ្ឌ។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ផង​ដែរ ​តាម​ច្បាប់ ​Global Magnitsky​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រោម​ច្បាប់​នេះ ​ សហ​រដ្ឋ​អាមេរិក​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​បុគ្គល​ទាំង​នោះ​ទេ ​ហើយ​អ្នក​រង​ទណ្ឌ​កម្ម​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ចូល​សហ​រដ្ឋ​អាមេរិក​ឡើយ៕​

XS
SM
MD
LG