គណបក្សសង្រ្គោះជាតិបានរំឭកខួបដល់បាតុករដែលបានស្លាប់ដោយសារការវាយប្រហារគ្រាប់បែកកាលពី២៤ឆ្នាំមុននៅរាជធានីភ្នំពេញដោយបានប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ជូនជនរងគ្រោះតាមរយៈយន្តការអន្តរជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះគណបក្សសង្គ្រោះជាតិបានថ្លែងដោយយោងដល់យុទ្ធនាការ«បញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា»ដែលគណបក្សប្រឆាំងនេះដឹកនាំថានឹងអាចរកយុត្តិធម៌ជូនជនរងគ្រោះនិងនាំយកជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍បានបន្តថា៖ «គណបក្សសង្គ្រោះជាតិនៅតែបន្តប្តេជ្ញាចិត្តក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះជានិច្ច»។
យុទ្ធនាការបញ្ចប់និទណ្ឌភាពនេះបានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន ដោយមានការចុះញត្តិទាមទារតាមអនឡាញ ការចងក្រង«សៀវភៅស»និងការសិក្សាពីលទ្ធភាពឲ្យក្រុមគ្រួសារជនរងគ្រោះដែលបានរត់ភៀសខ្លួនចេញក្រៅប្រទេសដាក់ពាក្យប្តឹងទៅតុលាការក្នុងប្រទេសដែលពួកគេរស់នៅ។
បាតុកម្មដែលដឹកនាំដោយលោកសម រង្ស៊ី កាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ គឺក្នុងគោលបំណងទាមទារឲ្យកែលម្អប្រព័ន្ធតុលាការនិងគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ ប៉ុន្តែត្រូវបានវាយប្រហារដោយគ្រាប់បែកចំនួន៤គ្រាប់និងបានបណ្តាលឲ្យបាតុករស្លាប់ចំនួន១៦នាក់និងរងរបួសយ៉ាងហោចណាស់ជាង១០០នាក់។ នេះបើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សHuman Rights Watch។ អង្គការនេះបានថ្លែងដោយយោងរបាយការណ៍របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធFBIរបស់អាមេរិកាំងដែលសន្និដ្ឋានថាគឺមន្ត្រីរដ្ឋាភិបាលកម្ពុជាជាអ្នករៀបចំការវាយប្រហារនោះ។
គណបក្សសង្គ្រោះជាតិបានចោទថារដ្ឋាភិបាលកម្ពុជាមិនបានស្វែងរកជនដៃដល់និងអ្នកបញ្ជាការវាយប្រហារនោះដើម្បីយកមកផ្តន្ទាទោសទេ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជាបានអះអាងប្រាប់វីអូអេកាលពីសប្តាហ៍មុនថាសំណុំរឿងនានាដែលមាននៅក្នុងដៃតុលាការគឺនៅតែរក្សាទុកដដែលមិនបិទបញ្ចប់ទេដោយគ្រាន់តែរកជនដៃដល់មិនទាន់បានហើយការស៊ើបអង្កេតគឺមិនប្រកាន់និន្នាការនយោបាយឡើយ៕