ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ដាក់​ការ​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ជា​ការ​ភ្នាល់


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមពិធីគម្រប់ខួប៦៨ឆ្នាំនៃការបង្កើតបក្ស នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

ល្បែង​ភ្នាល់​គ្នា​ក្នុង​នយោបាយ​កំពុង​ធ្វើ​ឲ្យ​អ្នក​នយោបាយ​កំពូល​ពីររូប​របស់​​កម្ពុជា​គឺ​លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី ប្រើ​ពាក្យ​សម្តី​​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅមក​មិន​ចេះ​ចប់។​ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ​សង្គ្រាម​ពាក្យ​សម្តី​របស់​អ្នក​នយោបាយ​ទាំង​ពីរ​មិន​បាន​នាំមក​នូវ​ប្រយោជន៍​ជូន​ប្រជាជន​​ទេ។

នៅ​ថ្ងៃ​សុក្រ​នេះ ​អ្នក​ដឹក​នាំ​នយោបាយ​កំពូល​ពីរ​រូប​របស់​ប្រទេស​កម្ពុជា​ដាក់​ល្បែង​ភ្នាល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។​ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា​ ​ការ​ភ្នាល់​គ្នា​នេះ​គឺជា​រឿង​ឥត​បាន​ការ។​

លោកហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រីនិង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ជា​ឯក​បក្ស​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ត្រូវ​សារ​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​ Freshnews ​ស្រង់​សម្តីថា​ លោកភ្នាល់​ជា​មួយ​លោក​សម រង្ស៊ី ថា ​ប្រសិន​បើ​លោក​មិន​ចាប់​ខ្លួន​លោក​សម រង្ស៊ី​ ក្នុង​រយៈពេល​២៤​ម៉ោង ​ក្រោយ​ពី​លោក​សម រង្ស៊ី​ ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា​ទេ ​លោក​សុខចិត្ត​ចុះ​ចេញ​ពី​តំណែង។ ប៉ុន្តែ​បញ្ច្រាស​មកវិញ​ បើ​សិន​ដល់​ថ្ងៃ​កំណត់​នៅថ្ងៃ​ទី​៩​ខែ​វិច្ឆិកា​ លោក​សម រង្ស៊ី​មិន​ហ៊ាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ទេ​តើ ​លោក​សម រង្ស៊ី ហ៊ាន​បញ្ចប់​ជីវិត​នយោបាយ​ និង​រំលាយ​អង្គការ​ចាត់​តាំង​នយោបាយ​របស់​ខ្លួន​ដែរ​ឬ​ទេ។​

ការ​ដាក់​ភ្នាល់​នេះធ្វើ​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក​សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​ ធ្វើ​សេចក្តី​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​អំពីអត្ថបទ​មួយ​របស់​កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ដោយ​ប្រកាសភ្នាល់​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ​លោក​សម រង្ស៊ី​បោះ​សម្តី​ថា ​បើ​លោក​ហ៊ុន សែន​ មិន​ជឿ​ថា​ លោក​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដូច​កាល​កំណត់​នោះ ​តើ​លោក​ហ៊ុន សែន​ ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ភ្លាមៗ​ទេ ​នៅ​ពេល​ដែល​លោក​ឈាន​ជើង​ដល់​ទឹកដី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៩​ខែវិច្ឆិកា ​ពិតមែន​នោះ។

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)

នៅ​ថ្ងៃ​សុក្រ​ដដែល​នេះ​ លោក​សម រង្ស៊ី​ ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​បារាំង​ បាន​ឆ្លើយ​តប​លោកហ៊ុន សែន​ វិញ​ ដោយដាក់​ការ​ភ្នាល់​ថ្មី​មួយ​ទៀត។​ នោះ​គឺថា បើ​សិន​ជា​រូប​លោក​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​មាន​អ្នក​គាំទ្រ​មក​ទទួល​រូប​លោក​តិច​ជាង​មួយ​លាន​នាក់​ដោយ​មិន​មាន​ការ​បំភិត​បំភ័យ​ ឬ​រារាំង ​នោះ​លោក​នឹង​បញ្ចប់​ជីវិត​នយោបាយ​របស់​ខ្លួន​ ហើយ​នឹង​កម្ទេចអង្គការ​ចាត់​តាំង​នយោបាយ​បក្ស​ប្រឆាំង​ទាំង​ស្រុង។ ​ផ្ទុយ​ទៅវិញ​ ​ប្រសិន​បើ​មាន​អ្នក​គាំទ្រ​មក​ទទួល​រួប​លោក​មួយ​លាន​នាក់​ ឬ​ច្រើន​ជាង​នេះ​ តើ​លោក​ហ៊ុន សែន​ ហ៊ាន​ចុះ​ចេញ​ពី​តំណែង​ភ្លាមៗ​ដែរ​ឬ​ទេ។​

ក្នុង​ន័យ​នេះ​លោក​សម រង្ស៊ី​ បាន​ស្នើ​ឲ្យ​យក​ប្រទេស​ចិន​ជា​សាក្សី​នៃ​ការ​ភ្នាល់​នេះ។​

​លោក​សម​ រង្ស៊ី ​ដែលបាន​ធ្វើ​ការ​និរទេស​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​អស់​រយៈពេល​ប្រាំ​ឆ្នាំ​មក​ហើយ​នោះ​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃទី​៩​ខែ​វិច្ឆិកា​ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។ ​ក៏​ប៉ុន្តែ​ក្រុម​អាជ្ញា​ធរ​កម្ពុជា​ជា​បន្ត​បន្ទាប់​បាន​ព្រមាន​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ ​នៅ​ពេល​ដែល​លោក​ឈាន​ជើង​មក​ដល់​ប្រទេស​កម្ពុជា។​

ហើយ​ជា​បន្តបន្ទាប់​ក្រោយ​មក​ ​ការនិវត្ត​របស់​លោក​សម រង្ស៊ី ​បាន​ក្លាយ​ទៅជា​ល្បែង​ភ្នាល់​ឆ្លើយ​ឆ្លងគ្នា​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​លោក​សម រង្ស៊ី។ ​លោក​ហ៊ុន សែន​ ដែល​ហ៊ាន​ភ្នាល់​ដាក់​ប្រាក់​មួយ​លាន​ដុល្លារ​ ប្រសិន​បើ​លោក​សម រង្ស៊ី​ ហ៊ានត្រឡប់​ចូល​កម្ពុជា​មែន​នោះ​ លោក​សុខ​ចិត្តប្រគល់​ប្រាក់​មួយ​លាន​ដុល្លារ​អាមេរិក​នេះ​ទៅ​ឲ្យ​លោក​សម រង្ស៊ី។​

លោក​បណ្ឌិត​ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ​ការ​ភ្នាល់​គ្នា​របស់​អ្នក​នយោបាយ​ខ្មែរ​ទាំងពីរ​រូប​មិន​បាន​នាំ​ផល​ចំណេញ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ទេ។​

«ភ្នាល់​គ្នា​នេះ​អត់​មាន​ប្រយោជន៍​ទេ​ ព្រោះ​មើល​ទៅ​អតីត​កាលសម រង្ស៊ី ​ចូល​ស្រុក ​ឬ​មិន​ចូល​ស្រុកអ្នក​ខ្លះ​ថា​ កាត់​ក កោរ​ត្រងោល។ ​តែ​គ្មាន​ឃើញ​កើត​អី​ផង។​ ដូច្នេះ​យើង​ធ្លាប់​ដឹង​ហើយ‍»។​

លោក​សម រង្ស៊ី​ បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​ស្ម័គ្រ​ចិត្ត​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​ម្ល៉េះ ក្រោយ​ពី​លោកទទួល​រង​បណ្តឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍។​បណ្តឹង​នេះធ្វើ​ឲ្យលោក​ចាក​ចេញពី​កម្ពុជា​ដើម្បី​គេច​ពី​ការ​ចាប់​ឃុំ​ខ្លួន។ ​ដៃ​គូ​នយោបាយ​របស់​លោក​គឺ​លោក​កឹម សុខា ​ដែលក្រោយ​មក​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុងជាប់​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​ទោស​ក្បត់​ជាតិ ​ក្រោយ​ពី​គណបក្ស​នេះ​ត្រូវ​រំលាយ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG