ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ និង​លោក​សម រង្ស៊ី ​បន្ត​បញ្ចេញ​សារ​យក​ប្រៀប​នយោបាយ​រៀង​ខ្លួន


លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)
លោក សម រង្ស៊ី (ឆ្វេង)​ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ (រូបថត៖ AP/Reuters)

ទោះ​ជា​យ៉ាងណា​ ភាគី​នយោបាយ​ទាំងពីរ​នៅមិន​ទាន់​បាន​សម្រេច​ព្រមគ្នា ​ឬ​ត្រូវ​គ្នា​ថា​ នឹង​ប្រកាន់​យក​ជម្រើស​ណា​មួយ​នៅ​ឡើយ​ទេ​ ក្រៅ​ពី​ការ​បញ្ជាក់​សារ​នយោបាយ​រឿង​ខ្លួន​នេះ។

ភ្លាមៗ​ក្រោយពី​លោក​សម រង្ស៊ី ​មេដឹកនាំ​ក្រុម​ជំទាស់ ​បាន​បញ្ជាក់​ពីការ​ភ្នាល់​ចុងក្រោយ ​ហើយ​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ចុះចេញ​ពីមុខ​តំណែង​បើ​លោក​ហ៊ាន​ចូល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ ​បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈពេល​៤ឆ្នាំ​នោះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បាន​បញ្ជាក់​ជំហរ​ចុងក្រោយ​ឆ្លើយ​នឹង​សំណួរ​VOA ​តាម​រយៈ​សារ​អេឡិចត្រូនិច​តប​ទៅ​នឹង​សារ​ចុង​ក្រោយ​មួយ​របស់​លោក ​សម រង្ស៊ី ថា៖​

«ខ្ញុំ​បាន​ឃើញ​ហើយ​ការលើក​ឡើង​ភ្នាល់​របស់​អ្នក​ឯង ​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច ​និង​បង្ហាញ​ចេតនា​ច្បាស់​ក្រឡែត​ចង់​គេច​ចេញ​ពី​ការ​អនុវត្ត​ច្បាប់​របស់​កម្លាំង​សមត្ថកិច្ច​កម្ពុជា ​និង​ជា​លេស​មួយ​មិន​ត្រឡប់​មក​កម្ពុជា ដូច្នេះខ្ញុំ​សូម​បញ្ជាក់​ច្បាស់ៗ​ឡើង​វិញ​ថា​ កម្លាំង​សមត្ថកិច្ច​នឹង​ចាប់​អ្នកឯង​ញាត់គុក​តាម​ដីកា​តុលាការ​ ក្នុង​រយៈពេល​២៤​ម៉ោង ​បើ​ក្លាហាន​ហ៊ាន​ចូល​ប្រទេស​កម្ពុជា។​ បើ​ចាប់​មិន​បាន​ទេ​ ខ្ញុំ​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង។​ អ្នក​ឯង​គ្រាន់តែ​ឆ្លើយ​ហ៊ាន​ ឬ​មិន​ហ៊ាន?‍»។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា៖​

«ប៉ុន្តែ​ទោះ​បីអ្នក​ឯង​ហ៊ាន ​ឬ​មិន​ហ៊ាន ​មិន​សំខាន់​ទេ​ ​កម្លាំង​សមត្ថកិច្ច​បាន​ត្រៀម​រៀបចំ​ដើម្បី​ចាប់​អ្នក​ឯង​បញ្ចូល​គុក ​ប្រសិន​បើអ្នក​ឯង​ហ៊ាន​ចូល​កម្ពុជា ​ហើយ​មិន​ចាំបាច់​ត្រូវ​ការ​សង​លើ​តម្លៃ​នៃ​ការ​ភ្នាល់​ណា​នោះ​ទេ‍»។​

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជាក់​ភ្លាមៗ​យ៉ាង​ដូច្នេះ​ ក្រោយ​ពេលលោក សម រង្ស៊ី បាន​សរសេរ​សារ​មួយ​មាន​ចំណង​ជើង​ថា «ការ​ភ្នាល់​គ្នា​រវាងហ៊ុន សែន ​និង​សម រង្ស៊ី»។​

នៅ​ក្នុង​សារ​នោះ​ លោកសម រង្ស៊ី ​បាន​ថ្លែង​ទាំង​ស្រុង​ថា៖

«លោក​ហ៊ុន សែន​ បង្ហាញ​ចរិត​ក្រឡេច​ក្រឡុច​ ក្នុង​ការ​ចូល​រួម​ភ្នាល់​គ្នា​ ទាក់ទង​សកម្ម​ភាព​របស់​ខ្ញុំ ​សម រង្ស៊ី ​ទៅ​ថ្ងៃមុខ។ ​កាលពី​ថ្ងៃទី​២៣​ ខែសីហាកន្លង​ទៅ​នេះ​ ​គាត់​បាន​យល់​ព្រម​ធ្វើជា​សាក្សីក្នុងការ​ភ្នាល់គ្នា​មួយ ​ស្នើ​ដោយ​កូន​ចៅ​គាត់​ម្នាក់​ ដែល​បបួល​ដាក់​លុយ​មួយ​លាន​ដុល្លារ​អាមេរិក។ ​ស្រាប់​តែថ្ងៃ៣០សីហា​នេះ​ គាត់​បបួល​ខ្ញុំ​ឲ្យ​ភ្នាល់​គ្នា​ជាមួយ​គាត់ ​ដោយ​ប្តូរ​លក្ខខណ្ឌ​ទាំង​ស្រុងក្នុង​ការ​ភ្នាល់គ្នា​ថ្មី​នេះ។ ​តែ​ក្នុង​ចន្លោះ​ពេលពី​ថ្ងៃ​២៣ដល់​ថ្ងៃ៣០ ​សីហា​នេះ ​ខ្ញុំ​បាន​ដាក់​សំណើ​ឲ្យ​គាត់​មួយ​ ដែល​គាត់​មិនទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ។ ​ក្នុង​សំណើ​នោះ ​ខ្ញុំបាន​សួរ​ទៅ​លោក ​ហ៊ុន សែន ​ដែល​អះអាង​ថា​ គាត់​មិន​ជឿ​ពី​មាតុ​ភូមិនិវត្តន៍​របស់​ខ្ញុំ ​នៅថ្ងៃ ​៩​ វិច្ឆិកា ២០១៩​ ថា​ ​នៅ​ពេល​ដែល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា​មែន​ ក្នុង​ថ្ងៃ៩​ វិច្ឆិកាខាង​មុខនេះ ​តើគាត់​យល់​ព្រម​ចុះ​ចេញ​ពី​តំណែង​ភ្លាម​មួយ​រំពេច​ឬ​ទេ? ​ពីព្រោះអ្វី​ដែល​គាត់​ថា​មិន​ជឿ​នោះ ​បាន​ក្លាយ​ទៅ​ជា​ការណ៍​ពិត​ទៅ​ហើយ»។​

លោក ​សម រង្ស៊ី ​បាន​បន្ត​ក្នុង​សារ​ដដែល​នោះ​ថា៖​

«លោក ​ហ៊ុន សែន​ ពូកែ​តែ​ដើរ​សម្លុត​គេឯង ​ហើយ​ប្រើប្រាស់​កម្លាំង​អាវុធ ​ក្នុង​ការ​តទល់​គូ​បដិបក្ខ​នយោបាយ​របស់​គាត់។​ ដោយសារ​តែគាត់​ជា​ជន​ផ្តាច់ការ ​គាត់​មិន​អាច​រំពឹង​លើ​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​បាន​ទេ ​ទោះ​ជា​គាត់​ដឹង​ថា ​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​នេះគឺជា​កត្តា​ដ៏​សំខាន់​ជាង​គេ​បំផុត ​តាមអ្វី​ដែល​ហៅ​ថា​លទ្ធិប្រជាធិប​តេយ្យ‍»។​

លោក​សម រង្ស៊ី ​បាន​បញ្ជាក់​បន្ថែម​ថា ​លោក​សូម​ដាក់​សំណើ​ចុង​ក្រោយ​មួយ​នេះ​ទៅ​លោកហ៊ុន សែន ដូច​ត​ទៅ៖​

«នៅ​ថ្ងៃ​៩​ វិច្ឆិកា ២០១៩ខាង​មុខ​នេះ ​បើ​ចំនួន​ប្រជា​ពលរដ្ឋ ​ដែល​នឹង​មក​ស្វាគមន៍​ខ្ញុំ​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា -​- ដោយ​មិន​មាន​ការ​រារាំង ​ឬ​បំភិត​បំភ័យ​អ្វី​ឡើយ -- ​មាន​តិច​ជាង​មួយ​លាន​នាក់ ​ខ្ញុំនឹង​យល់​ព្រមឲ្យ​កម្លាំង​លោក ​ហ៊ុន សែន ចាប់រូប​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​យល់​ព្រម​បញ្ចប់​ជីវិត​នយោបាយ​របស់ខ្ញុំ ​នៅពេល​ជាមួយ​គ្នា​នោះ​ដែរ‍»។​

លោក​សម រង្ស៊ី ក៏​បាន​បន្ថែម​ទៀត​ថា៖

«តែបើ​ចំនួន​ប្រជា​ពលរដ្ឋ​ដែលគាំទ្រ​ខ្ញុំ​កើន​ដល់​ទៅ​មួយ​លាន​នាក់ ​ឬ​លើស​ចំនួន​នេះ​ទៅ​ទៀត​ (មាន​ន័យ​ថា​ប្រមាណ ​៣​ដង​ច្រើន​ជាង​ នៅថ្ងៃ ​១៩​កក្កដា ២០១៣ ​គឺ​ថ្ងៃ​មាតុ​ភូមិនិវត្តន៍​របស់​ខ្ញុំ​ចុង​ក្រោយ បន្ទាប់ពី​ការ​និរទេស​ខ្លួន​៤​ឆ្នាំ) តើពេល​នោះ​លោក​ហ៊ុន សែនយល់​ព្រម​ចុះចេញ​ពីតំណែង​ភ្លាម​មួយ​រំពេច​ឬ​ទេ ​ដោយ​បង្ហាញ​ការ​គោរព​ឆន្ទៈ​ប្រជារាស្ត្រ ​ដែល​ទាមទារ​ឲ្យ​គាត់ចុះ​ចេញ? ​យើង​នឹង​សុំឲ្យ​អង្គការ​សហ​ប្រជាជាតិ​និង​សារព័ត៌មាន​អន្តរជាតិធ្វើជា​សាក្សី​នៃ​ការ​ភ្នាល់​គ្នា ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ​នេះ‍»។​

ទោះ​ជា​យ៉ាងណា​ ភាគី​នយោបាយ​ទាំងពីរ​នៅមិន​ទាន់​បាន​សម្រេច​ព្រមគ្នា ​ឬ​ត្រូវ​គ្នា​ថា​ នឹង​ប្រកាន់​យក​ជម្រើស​ណា​មួយ​នៅ​ឡើយ​ទេ​ ក្រៅ​ពី​ការ​បញ្ជាក់​សារ​នយោបាយ​រឿង​ខ្លួន​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG