ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ហ៊ុន សែន​បង្ហាញ​មុខ​ប្រកាស​ត្រៀម​ចរចា​ជាមួយ​លោក​សម​រង្ស៊ី

  • ​គង់ ​សុឋានរិទ្ធ

លោកហ៊ុន សែន​ចុះពិនិត្យ​​សំណង់​ស្ពាន​អាកាស​​នៅភ្នំចេញ​ ជាមួយ​លោក​ប៉ា​សុជាតិវង្ស។
«ឥឡួវ​នេះ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ប្រទេស​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី​នៃ​រាជ​រដ្ឋា​ភិបាល​និតិ​កាល​ទី​៤»។​

លោក​ហ៊ុន​ សែន​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​នេះ​ដោយ​បង្ហាញ​ពី​ការ​បក​ស្រាយ​ប្រឆាំង​ទៅ​នឹង​ពាក្យ​ចចាម​អារ៉ាម​ដែល​ថា​លោក​បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ហើយ​បាន​លា​ឈប់​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់​បង់​អាសនៈ​ពី​៩០​មក​ត្រឹម​៦៨ ​វិញ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​ ចំនួន​អាសនៈ​នេះមិន​ទាន់​ផ្លូវការ​នៅ​ឡើយ។​

លោក​ហ៊ុន ​សែន​ព្រមាន​ថា ​គ្មាន​អ្នកណា​អាច​គំរាម​រូប​លោក​ឲ្យ​ចុះ​ចេញ​ពី​ការងារ​ជា​នាយក​រដ្ឋមន្ត្រី​បាន​ទេ​ ទោះ​ជា​កម្លាំង​កងទ័ព​ ឬ​អ្នក​នយោបាយ​ណា​មួយ​ក៏​ដោយ។ ​ហើយ​លោក​ព្រមាន​បន្ថែម​ថា​ ការ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គឺ​ជា​ការ​បោះឆ្នោត​គាំ​ទ្រ​ឲ្យ​រូប​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​

ជា​មួយ​គ្នា​នេះ ​លោក​ហ៊ុន ​សែន​ហាក់​បី​ដូច​ជា​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ដោយ​ប្រយោល។​

លោក​និយាយថា៖​«បញ្ហា​ធ្លាក់​ច្រើន​ ឬ​តិច​វា​ជា​សិទ្ធិ​ដែល​ប្រជាពលរដ្ឋ​ផ្តល់​ឲ្យ។​នេះ​ជា​ការ​សម្រេច​របស់​ប្រជា​ពលរដ្ឋ​ដែល​យើង​ត្រូវ​តែ​គោរព»។​

លោក​ហ៊ុន​ សែន​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ពេល​ដែល​លោក​បាន​ចុះទៅ​ពិនិត្យ​ការ​សាង​សង់​ស្ពាន​អាកាស​នៅក្នុង​ខណ្ឌ​មានជ័យ។ ​ហើយ​នេះ​គឺ​ជា​ការ​បង្ហាញ​មុខ​ជា​សាធារណៈលើក​ទីមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ជា​ច្រើន​ដែល​បាន​លេចឮ​សុះ​សាយ​អំពី​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​របស់​លោក​ និង​អំពី​ការ​ចុះ​ចេញ​ពី​ការងារ​របស់​លោក។​

មាន​គណបក្ស​នយោបាយ​ចំនួន​ប្រាំបី​បាន​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​សំឡេងឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​បួន​ថ្ងៃ​មុន​នេះ។ ​ក៏​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សំឡេងគាំទ្រ​ពី​ម្ចាស់​ឆ្នោត​ នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បន្ត​ជ័យ​ជំនះ​នាំ​មុខ​ បើទោះ​បីជា​បាត់​បង់​ការ​គាំទ្រ​ក៏ដោយ។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សម ​រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្សបាន​កើនពី​២៩​ទៅ​៥៥​អាសនៈ។​

ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ពី​ភាព​មិន​ប្រកក្រតីជា​ច្រើន​ដែល​អាច​នាំឲ្យ​លទ្ធផល​បោះឆ្នោត​មិន​បាន​សុក្រឹត។​

គណបក្ស​ជំទាស់​កំពុង​ព្យាយាម​បង្ហាញ​ថា ​ចំនួន​អាសនៈ​របស់​ខ្លួន​នឹង​មាន​ចំនួ​ន​ច្រើន​ជាង​លទ្ធ​ផល​បឋម​ក្រៅ​ផ្លូវការ​ដែល​បង្ហាញ​ដោយ​គណបក្ស​កាន់​អំណាច​នៅ​ពេល​នេះ។​

ជាមួយគ្នា​នេះ​ លោក​ហ៊ុន ​សែន​បញ្ជាក់​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​កំពុង​ជ្រើស​រើស​យក​យន្តការ​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយមាន​ការ​ចូល​រួម​ពី​គណបក្ស​នយោ​បាយ​ និង​អង្គការ​សង្គម​ស៊ីវិល។​ ហើយ​លោក​គាំទ្រ​ឲ្យ​មាន​យន្តការ​បែប​នេះ​ដោយ​ឈរ​លើ​គោល​ការណ៍​បង្រួប​បង្រួម​ជាតិ។​

​លោក​និយាយថា៖​ «សម្រាប់​រាជ​រដ្ឋាភិបា​ល​ក៏​ដូច​ជា​គណបក្ស​ប្រជាជន ​សូម​ស្វាគមន៍​នូវ​ការ​បើក​ទូលាយ​បែប​នេះ​ដើម្បី​បង្ហាញ​ពី​តម្លាភាព ​និង​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ ​បញ្ហា​សំខាន់​របស់​ជាតិ​យើង​នៅ​ពេល​នេះ​មិន​ថា​ អ្នក​ណា​ឈ្នះ​ អ្នកណា​ចាញ់​ទេ ​គឺ​ត្រូវ​ធ្វើ​ឲ្យ​ជាតិ​ឈ្នះ​ហើយ​បង្រួប​បង្រួម​ជាតិ​ឲ្យ​បាន»។​

នៅ​ពេល​នេះ​ លោក​ហ៊ុន ​សែន​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​ បាន​គូស​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​បាន​ប្រជុំ​គណៈ​កម្មការ​អចិន្ត្រៃ​រួច​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ និង​បាន​សម្រេច​ថា ​នឹង​ត្រៀម​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​រៀបចំ​បង្កើត​រដ្ឋ​សភា​ថ្មី​សម្រាប់​និតិកាល​ទី​៥។​

លោក​ហ៊ុន ​សែន​បញ្ជាក់​បន្ថែម​ថា​ ក្រុម​ចរចា​ក្នុង​បញ្ហា​នេះ​មាន​សមាជិក​ដូចជា​លោក​ស​ ខេង​ បច្ចុ​ប្បន្ន​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​លោក​សុខ​ អាន​ ឧប​នាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រីទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​និង​លោក​សាយ ​ឈុំ ​អគ្គ​លេខាធិការ​គណបក្ស​ប្រជាជន​កម្ពុជា៕​
XS
SM
MD
LG