ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ប្រតិកម្ម​នឹង​សំណើ​ឱ្យ​ដក​កម្ពុជា​ចេញ​ពី​អាស៊ាន​ថា​ជា​«គំនិត​បង្ក​ហេតុ»


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។

មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា​ដែល​ទទួល​បន្ទុក​កិច្ច​ការ​បរទេស លោក កៅ គឹមហួន បាន​ហៅ​ការ​លើក​ឡើង​របស់​អតីត​មន្ត្រី​ការ​ទូត​ជើង​ចាស់​ម្នាក់​របស់ប្រទេស​សិង្ហបុរី ​លោក Bilahari Kausikan អំពី​ការ​ពិចារណា​ដក​ចេញ​នូវ​រដ្ឋ​សមាជិកចំនួន​ពីរ​ គឺ​កម្ពុជា​និង​លាវ​ ពី​អាស៊ាន​ជា​ «គំនិត​បង្ក​ហេតុ និង​មិន​អាច​ទទួល​យក​បាន»។

នេះ​ជា​ការ​លើក​ឡើង​ដំបូង​របស់​មន្រ្តីជាន់​ខ្ពស់​កម្ពុជា លោក កៅ គឹមហួន ដែល​ជា​មន្ត្រី​ជំនិតផ្ដល់​ប្រឹក្សា​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​កិច្ចការ​បរទេស​និង​អាស៊ាន។ លោក កៅ គឹមហួន ក៏​ជា​បេក្ខភាព​កូតា​កម្ពុជា ដែល​នាយក​រដ្ឋមន្ត្រី​ឧទ្ទេស​នាម​ឱ្យ​ទៅ​កាន់តំណែង ជា​អគ្គលេខាធិការអាស៊ាន​ពី​ឆ្នាំ ​២០២៣ ដល់​ឆ្នាំ​ ២០២៧។​

លោក កៅ គឹមហួន​ បាន​លើក​ឡើង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ​ក្នុង​សំណេរ​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃ​សុក្រ​នេះ ដោយ​ហៅការ​លើក​ឡើង​ឲ្យ​ពិចារណា​ដក​ចេញ​នូវ​រដ្ឋ​សមាជិកចំនួន​ពីរ កម្ពុជា​និង​លាវ​ថា​ជា ​«ការ​ប្រមាថ​» ទៅ​លើ​ប្រទេស​ទាំងពីរ​និង​ស្ថាប័ន​អាស៊ាន​ទាំង​មូល។

លោក​ កៅ គឹមហួន ​បញ្ជាក់​ថា៖ «ដូច្នេះ ​នរណា​ម្នាក់​ក៏​ដោយ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មែន​ទែន​ក្នុង​ការ​លើក​ជា​គំនិត​ដែល​បង្ក​ហេតុ​ និង​មិន​អាចទទួលយក​បាន​បែប​នេះ។ និយាយ​មែន​ទែន​ទៅ នេះ​គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ»។

លោក Bilahari Kausikan អតីត​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការ​បរទេស​សិង្ហបុរី និង​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​នៅសាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី (NUS) បាន​លើក​សំណើ​នេះ​អំឡុង​ពេល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​មួយ​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ លោក​ថា លាវ​និង​កម្ពុជា កំពុង​ដើរ​រក «កំហុស​នយោបាយ» ច្រំ​ដែល។

ក្នុង​ន័យ​នេះ អតីត​អ្នក​ការ​ទូត​សិង្ហបុរី​ដែល​ធ្លាប់​ហៅ​ខ្លួន​ឯង​ថា​ជា​មនុស្ស «ឃើញ​អ្វី​ថា​ហ្នឹង» បរិយាយ​អំពី​ការណ៍​ដែល​រដ្ឋ​សមាជិក​ទាំង​ពីរ​បណ្ដែត​បណ្ដោយ​ឱ្យ «មហា​អំណាច​ខាង​ក្រៅ​មួយ» ដែល​លោក​ទំនង​សំដៅ​ទៅ​លើ​ប្រទេស​ចិន ឱ្យ​ប្រើប្រាស់​នូវ​អំណាច​យន្តការ​តំបន់​ដែល​ខ្លួន​មាន ដូច​យ៉ាង​យន្ត​ការ​អាស៊ាន​ជា​ដើម ដើម្បី​សម្រេច​មហិច្ឆិតា​របស់​ខ្លួន។

មក​ដល់​ចំណុច​នេះ លោក Bilahari Kausikan បាន​ឈាន​ដល់​ការ​លើក​សំណើ​ថា «យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ធូរ​ចេញ​ប្រទេស​ទាំង​ពីរ ដើម្បី​សង្គ្រោះ​ប្រទេស​ទាំង​ប្រាំ​បី​ផ្សេង​ទៀត​ដែល​នៅ​សេស​សល់»។

មន្រ្តី​ជាន់ខ្ពស់​កម្ពុជា​លោក កៅ គឹមហួន និយាយ​ថា ​គេ​ចង់​ដឹង​អំពី​គោល​បំណង​ពិត​ប្រាកដនៃការ​លើក​ឡើង​បែប​នេះ។ លោក​បន្ត​ថា ​ការ​ចោទ​ប្រកាន់​ថា​សមាជិក​អាស៊ាន​ណាមួយ​ជា​ «កូនជឹង​» នៃ​មហា​អំណោច​ជា​គំនិត «​ចាស់​គំរឹល​ហើយ​គួរ​ត្រូវ​បាន​ទម្លាក់​ចោល​ពី​ការ​គិត និង​វចនា​នុក្រម​របស់​អាស៊ាន»។ លោក កៅ គឹមហួន ឆ្លៀត​បន្ថែម​ថា «គ្មាន​អ្នក​ណាមួយ ឬ​ប្រទេស​ណាមួយ​ចង់​ធ្វើ​ជា​កូន​ជឹង​របស់​ប្រទេស​ណាមួយ​ឡើយ»។

នៅ​ថ្ងៃ​សុក្រ​នេះ លោក Bilahari Kausikan បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA​ ទាក់​ទង​នឹង​ការ​អត្ថា​ធិប្បាយ​របស់​លោក កៅ គឹមហួន​ថា៖ «ខ្ញុំគិត​ថា​គាត់​មិនបាន​អាន​អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​នោះ​ទេ ហើយ​បើ​ទោះ​ជា​គាត់​បាន​អាន ក៏​ខ្ញុំ​គិត​ថា គាត់​មិន​យល់​អ្វី​ដែល​ខ្ញុំ​សរសេរ​នោះ​ដែរ»។

លោក​បាន​សរសេរ​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា រឿង​គាត់​យល់​ឬ​មិន​យល់ មិន​ថ្វី​នោះ​ទេ ព្រោះ​ថា​ក្នុង​ប្រទេស​កម្ពុជា​នា​បច្ចុប្បន្ន​នេះ គាត់​ត្រូវ​តែ​និយាយ​ដូច្នេះ មិន​សំខាន់​ទាល់​តែ​សោះ​ត្រ​ង់​ថា​តើ​គាត់​យល់​ឬ​មិន​យល់​នោះ​ទេ»។

ប្រទេស​ចិន​គឺ​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា និង​លាវ។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អតីត​មន្ត្រី​ការ​ទូត​សិង្ហបុរីបាន​នៅ​ឡើយ​ទេ។ តែ​លោក​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ​ការ​លើក​ឡើង​របស់​លោក Kausikan មិន​ប៉ះពាល់​អ្វី​ដល់​ទំនាក់​ទំនង​រដ្ឋ​និងរដ្ឋ​រវាង​កម្ពុជា​និង​សិង្ហបុរី​នោះ​ទេ។

ក្រសួង​ការ​បរទេសសិង្ហបុរី​ទៀត​សោត​ក៏បាន​សម្ដែង​ភាព​ស្ងៀមស្ងាត់​ មិនមាន​យោបល់​អ្វីទាំង​អស់​ចំពោះ​ការថ្លែង​ដ៏​ចម្រូង​ចម្រាស​របស់​អតីត​អ្នក​ការ​ទូត​ជាន់​ខ្ពស់​មួយ​រូប​របស់​ខ្លួន។

ការ​ថ្លែង​របស់​លោក កៅ គឹមហួន ជា​ប្រតិកម្ម​តបពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ថ្នាក់​ខ្ពស់​បំផុត​មក​ទល់​ពេល​នេះ ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក Bilahari Kausikan ហើយ​មាន​លក្ខណៈ​ថ្នមសម្ដី​ជាង​ប្រតិកម្ម​នៃ​លិខិត​ចំហ​អនាមិក​មួយ​របស់​ក្រុម​អតីត​អ្នក​ការ​ទូត និងអ្នក​ការទូត​បច្ចុប្បន្ន​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ត្រូវ​បាន​ផ្សាយ​ដោយ​ប្រព័ន្ធ​ឃោសនា​រដ្ឋ។

«អ្នក​ចម្បាំង​ចចក​សិង្ហបុរី​ម្នាក់​កំពុង​បំផ្លាញ​សាមគ្គី​ភាព​និង​មជ្ឈភាព​អាស៊ាន»។

នេះ​ជាខ្លឹមសារ​នៃ​លិខិត​ដែល​ត្រូវ​បាន​ចែកចាយ​កាលពី​ថ្ងៃ​ច័ន្ទ និង​ដែល​បាន​បន្ថែម​ថា កុង​សង់​ស៊ីស​ដែល​អវត្តមាន​លាវ និង​កម្ពុជា ជា ​«កុងសង់​ស៊ីស​ទន់​ជ្រាយ»។

បើ​គ្មាន​អ្វីប្រែប្រួល ការ​ចូល​ទៅ​កាន់តំណែង​ជា​អគ្គ​លេខាធិការ​អាស៊ាន​របស់​លោក កៅ គឹមហួន នឹង​កើត​ឡើង​ក្រោយ​ពី​ការ​ធ្វើ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ នៅ​ឆ្នាំ ២០២២។ លោក​ទំនងជា​នឹង​ក្លាយ​ជា​ជន​ជាតិ​កម្ពុជា​ដំបូង ​ដែល​កាន់​តំណែង​ប្រមុខ​រដ្ឋបាល​នៃ​អង្គការ​ថ្នាក់​តំបន់​នេះ ចាប់តាំង​ពី​កម្ពុជា​ចូល​ជាសមាជិក​កូន​ពៅ​នៃ​សមាគម​អាស៊ាន ​នៅ​ឆ្នាំ​ ១៩៩៩ ​មក៕

XS
SM
MD
LG