ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ការ​ទូត​សិង្ហបុរី៖ អាស៊ាន​គួរ​ពិចារណា​ដក​កម្ពុជា​និង​លាវ​ចេញ


រូបឯកសារ៖ អតីត​អ្នកការទូត​សិង្ហបុរី​លោក Bilahari Kausikan ក្នុង​អំឡុង​ពេល​នៃ​វេទិកា​មួយ នៅ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩។ (រូបថត​ដកស្រង់​ពី​គេហទំព័រ ASEAN)
រូបឯកសារ៖ អតីត​អ្នកការទូត​សិង្ហបុរី​លោក Bilahari Kausikan ក្នុង​អំឡុង​ពេល​នៃ​វេទិកា​មួយ នៅ​លេខាធិការដ្ឋាន​អាស៊ាន ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ២០១៩។ (រូបថត​ដកស្រង់​ពី​គេហទំព័រ ASEAN)

អតីត​មន្ត្រី​ការ​ទូត​ជើង​ចាស់​ម្នាក់​របស់​ប្រទេស​សិង្ហបុរី បាន​លើក​ឡើង​ថា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​អាស៊ាន គួរ​ណាស់​តែ​ពិចារណា​ដក​ចេញ​នូវ​រដ្ឋ​សមាជិក​ចំនួន​ពីរ គឺកម្ពុជា និង​លាវ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក Bilahari Kausikan ដែល​ធ្លាប់​ជា​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​សិង្ហបុរី​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០១៣ អំឡុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​កាល​ពីឆ្នាំ​២០១២ ​ដែល​កាល​នោះ​កម្ពុជា​រង​ការ​ចោទ​ថា​លម្អៀង​ទៅ​រក​ប្រទេស​ចិន។

ក្នុង​សន្និសីទ​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក Bilahari Kausikan បាន​លើក​ឡើង​ថា​ទាំង​លាវ​ទាំង​កម្ពុជា​ សុទ្ធ​តែ​បាន​ត្រាប់​តាម​ម្ដង​ទៀត​នូវ​«កំហុស​នយោបាយ»​ដែល​មាន​មេរៀន​រួច​មក​ហើយ​កាល​ពី​អំឡុង​សង្គ្រាម​វៀតណាម។​

លោក Bilahari Kausikan បាន​ថ្លែង​ថា៖ «កំហុស​នោះ​គឺ​ថា​[កម្ពុជា​និង​លាវ] ទុក​ចិត្ត​បណ្ដែត​បណ្ដោយ​អំណាច​អន្តរាគមន៍​ដែល​ខ្លួន​មាន​ទៅ​ឱ្យ​មហា​អំណាច​ខាង​ក្រៅ​«មួយ» ​ឬ​ពួកគេ​ប្រកាន់​អព្យាក្រឹត​ភាព​តាម​បែប​អកម្ម»។ លោក​ពន្យល់​ថា​ប្រទេស​ទាំង​ពីរ​សម្ងំ​យក​រួច​ខ្លួន​លើ​បញ្ហា​ដែល​កើត​ឡើង​ក្នុង​តំបន់។

VOA​មិនទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​លោក Bilahari Kausikan បាន​នៅ​ឡើយ ដើម្បី​បញ្ជាក់​ថា​លោក​សំដៅ​ទៅ​លើ​ប្រទេស​ណា​មួយ​ដែល​ប្រើ​ពាក្យ​«មហា​អំណាច​ខាង​ក្រៅ​មួយ»​នោះ​ មក​ពន្យល់​បរិបទ​នៃ​ឥទ្ធិពល​រដ្ឋ​បរទេស​មក​លើប្រទេស​លាវ​និង​កម្ពុជា។

អតីត​អ្នក​ការ​ទូត​របស់​រដ្ឋ​ដ៏​តូច​ជាង​គេ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​រូប​នេះ​ បាន​បន្ថែម​ថា កម្ពុជា​និង​លាវ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​អ្វី​ពេក​ទេ​ទៅ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង តែ​ខ្នះ​ខ្នែង​ខ្លាំង​ពី​បញ្ហា​មេគង្គ​ដ្បិត​ប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​សេដ្ឋកិច្ច​របស់​ប្រជាជន​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ប្រទាក់​ក្រឡា​ជាមួយកត្តា​ស្លាប់​រស់​នៃ​របប​ដឹកនាំ​នៅ​ភ្នំពេញ​និង​វៀងចន្ទន៍។

លោក​បញ្ជាក់​ថា៖«យើង​រង់​ចាំ​មើល​ត​ទៅ​ទៀត។ ​[លាវ​និង​កម្ពុជា]​ មាន​ជម្រើស​ដ៏​លំបាក​ដែល​ត្រូវ​សម្រេច​ជ្រើស​យក​ ហើយ​បើ​ប្រទេស​ទាំង​ពីរ​ជ្រើស​ខុស ​ពួក​គេ​នឹង​ត្រូវ​តទល់​នឹង​អាស៊ាន​ទាំង​មូល​ជាមួយ​នឹង​ជម្រើស​លំបាក​ដែរ។ ​យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ធូរ​ចេញ​ប្រទេស​ទាំង​ពីរ ដើម្បី​សង្គ្រោះ​ប្រទេស​ទាំង​ប្រាំ​បី​ផ្សេង​ទៀត​ដែល​នៅ​សេស​សល់»។

រូបឯកសារ៖ បណ្ដា​មេដឹកនាំ​អាស៊ាន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន នៅ​ប្រទេស​ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ បណ្ដា​មេដឹកនាំ​អាស៊ាន​ថតរូប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន នៅ​ប្រទេស​ថៃ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Bilahari Kausikan ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈិមបូព៌ា​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី(NUS) ​បន្ថែម​ថា​អាស៊ាន​គួរ​ទុក​សេណា​រីយោ​នៃ​ការ​យក​កម្ពុជា​និង​លាវ​ចេញ​ជា​ជម្រើស​លើ​តុ។

«នេះ​ផង​ដែរ​ជា​ការ​អនុវត្ត​អន្តរាគមន៍​[របស់​អាស៊ាន]។ ​បើ​សិន​ជា​កើត​ឡើង​មែន ​គេ​គួរ​ណាស់​ទុក​វា​សម្រាប់​ថ្ងៃ​អនាគត។​ តែ​យ៉ាងណា​វា​មាន​គុណ​តម្លៃ​សម្រាប់​យក​ទៅ​ពិចារណា ទោះ​ការ​គិត​នេះ​ស្ថិត​តែ​ក្នុង​កាលៈ​ទេសៈ​អាសន្ន​ក៏​ដោយ»។

ទាំង​ប្រទេស​លាវ ទាំង​កម្ពុជា សុទ្ធ​សឹង​តែ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​ និង​ជា​ទីតាំង​ដែល​ចិន​ពន្លាត​ឥទ្ធិពល​សេដ្ឋកិច្ច​យ៉ាង​ជោគ​ជាំ​តាម​រយៈ​កម្ចី​ឥណ​ទាន ការ​វិនិយោគ និង​លំហូរ​ភ្ញៀវ​ទេសចរ។​

ប្រទេស​លាវ ​ត្រូវ​បាន​ទីភ្នាក់​ងារ​វាយ​តម្លៃ​ឥណ​ទាន​ធំៗ​ដូច​ជា ​Moody’s ​និង​ Fitch Ratings ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​សហរដ្ឋ​អាមេរិក ​ដក​ពិន្ទុ​អំឡុង​ពេល​ថ្មីៗ​នេះ ដោយ​ថា​លទ្ធភាព​របស់​លាវ​ក្នុង​ការ​សង​បំណុល​បរទេស ​មាន​សភាព​កាន់​តែ​លំបាក។

លាវ​ខ្លួនឯង​មាន​ទំហំ​បំណុល​ដែល​ជំពាក់​ចិន​ដល់​ទៅ​អត្រា​៤៥%​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)។​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ​២០១៩​របស់​វិទ្យាស្ថាន Lowy ​ប្រទេស​អូស្ត្រាលី។​

បក​មក​ប្រទេស​កម្ពុជា​វិញ ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ តែង​បរិយាយ​ទំនាក់​ទំនង​ខ្លួន​ជាមួយ​ចិន​ថា​ជា​«មិត្ត​ដែក​ថែប» ​ខណៈ​ចិន​ឈរ​នៅ​លើ​គេ​ផ្នែក​វិនិយោគ ជំនួយ​សេដ្ឋកិច្ច​និង​ជំនួយ​យោធា។​

ខណៈ​ដែល​ប្រទេសចិន​និង​កម្ពុជា​ទើប​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​ ទីក្រុង​ប៉េកាំង​គ្រប់គ្រង​ដល់​ទៅ​ទំហំ​៤៦%​នៃ​បំណុល​សរុប​៧,៩ពាន់​លាន​ដុល្លារ​ដែល​ទីក្រុង​ភ្នំពេញ​ជំពាក់​បរទេស។

VOA ​មិន​ទាន់​អាច​ទាក់​ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ការ​ទូត​សិង្ហបុរីបាន​នៅ​ឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​លើក​ឡើង​ថា​កម្ពុជា​មិន​ដែល​បាន​បណ្ដោយ​បើក​ឱ្យ​ចិន​ប្រើប្រាស់ ​ដើម្បី​ជ្រៀត​ចូល​អាស៊ាន​ឡើយ។ លោក​ថា មតិ​លោក Bilahari Kausikan ជា​ជំហរ​បុគ្គល​មួយ​រូប​ប៉ុណ្ណោះ។​

«គាត់​ក្នុង​នាម​ជា​ជន​បរទេស​ម្នាក់ មិន​អាច​ក្ដាប់​សភាព​ការណ៍​នៅ​កម្ពុជា ក៏​ដូចជា​នៅ​លាវ​បាន​ទាំង​ស្រុង​ទេ។​ អ៊ីចឹង​និយាយ​តាម​ការ​យល់​ឃើញ​របស់​បុគ្គល​ និង​ក៏​ដូច​ជា​ទៅ​តាម​និន្នាការ​នយោ​បាយ​ ឬ​មួយ​ជា​និន្នាការ​មនោគម​វិជ្ជា​ទេ»។

លោក សុខ ឥសាន ​បន្ថែម​ថា៖ «ប្រទេស​ទាំង​១០​ជា​សមាជិក​សមាគម​អាស៊ាន​ហើយ ដូច្នេះ​មិន​មែន​តាម​ចិត្ត​បុគ្គល​ចង់​កាត់​អ្នក​នេះ​ចេញ​ កាត់​អ្នក​នោះ​ចូល​ឱ្យ​អ្នក​ណា​ចូល​នោះ​ទេ​ព្រោះ​គេ​ធ្វើ​សុទ្ធ​តែ​មាន​សន្និសីទ​កំពូល​អាស៊ាន​ មិន​មែន​យក​បុគ្គល​ម្នាក់​យក​ជា​បាន​ការ​ទេ»។

យ៉ាងណា​ក៏​ដោយ អ្នក​វិភាគ​ជាច្រើន​បាន​មើល​ឃើញ​ថា ចិន​បាន​ប្រើប្រាស់​កម្ពុជា​ និង​លាវ​ ជា​«ដាវ»​ដើម្បី​«ពុះ​ចែក»​និង​លូក​លាន់​កិច្ចការ​អាស៊ាន។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​កម្ពុជា។​

«ម្ល៉ោះ​ហើយ​ប្រទេស​ពីរ​ហ្នឹង ប្រហែល​ជា​គេ​ឃើញ​ថា ជា​ឧបករណ៍​របស់​ចិន​ទៅ​វិញ ​មិន​អាច​ធ្វើ​ការ​គិត​គូរ​រក​គំនិត​ធ្វើ​សេចក្ដី​សម្រេច​អី​ក្នុង​ជួរ​អាស៊ាន​ហ្នឹង ក៏​ដូច​ជា​មិន​គិត​ដល់​សាមគ្គីភាព និង​ឯកភាព​ក្នុង​ជួរ​អាស៊ាន»។

អ្នកវិភាគ​រូបនេះ​បន្ថែម​ថា ក្នុង​នាម​លោក Bilahari Kausikan ជា​អតីត​លេខា​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​សិង្ហបុរី​ នាំ​ឱ្យ​សំឡេង​លោក​មាន​ទម្ងន់ ​និង​ឥទ្ធិពល​ទៅ​លើ​សហគមន៍​អ្នក​សិក្សា​ធិការ ​និង​អ្នក​តាក់​តែង​គោល​នយោបាយ​ក្នុង​តំបន់។

ក្រសួង​ការ​បរទេស​លាវ ​និង​ក្រសួង​ការបរទេស​សិង្ហបុរី មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​សេចក្ដី​អធិប្បាយ​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។

លិខិត​ចំហ​មួយ​ដែល​ផ្សព្វផ្សាយ​លើ​សារ​ព័ត៌មាន​ Freshnews ​របស់​រដ្ឋាភិបាល នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​លើក​ឡើង​ថា ក្រុម​អតីត​អ្នក​ការ​ទូត​ដែល​បាន​ចូល​និវត្តន៍ និង​អ្នក​ការ​ទូត​ដែល​កំពុង​បំពេញ​តួនាទី​បច្ចុប្បន្ន​បាន​ហៅ​លោក​ Bilahari Kausikan ជា​«អ្នក​ចម្បាំង​ចចក​សិង្ហបុរី​ម្នាក់​កំពុង​បំផ្លាញ​សាមគ្គី​ភាព​និង​មជ្ឈភាព​អាស៊ាន»។

លិខិត​ចំហ​នោះ​ឲ្យ​ដឹង​ទៀត​ថា​កុង​សង់​ស៊ីស​ដែល​គ្មាន​ប្រទេស​លាវ និង​កម្ពុជា ជា​«កុងសង់​ស៊ីស​ទន់​ជ្រាយ»។

លិខិត​បញ្ជាក់​ថា៖ «សមាជិក​អាស៊ាន​ទាំង​អស់​កំពុង​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​ប្រជែង​របស់​មហា​អំណាច​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​តំបន់»។

អាស៊ាន​អនុវត្ត​ការងារ​ផ្អែក​លើ​គោលការណ៍​កុង​សង់​ស៊ីស ដែល​ទាល់​តែ​ប្រទេស​ជា​សមាជិក​ទាំង​១០​យល់​ព្រម​ ទើប​អាច​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ឬ​សេចក្ដី​សម្រេច​រួម​បាន។ នេះ​បើ​យោង​តាម​ធម្មនុញ្ញ​អាស៊ាន។

កាល​ពី​ចុង​ឆ្នាំ​២០១៩ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​ថា​កត្តា​សំខាន់​បំផុត​ដែល​នាំ​ឲ្យកម្ពុជា​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​អាស៊ាន​គឺ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​និងស្មារតី​សហគមន៍​ដែល​ធ្វើការងារ​តាម​របៀប​កុង​សុង​ស៊ីស គឺ​សម្រេច​ចិត្ត​ដោយ​ឯកច្ឆន្ទ។ ត្រង់​ន័យ​នេះ លោក ហ៊ុន សែន បញ្ជាក់​ថា«អាស៊ាន​គ្មាន​បង​តូច​បង​ធំ»​នោះ​ទេ។

លោក ហ៊ុន សែន បាន​លើក​ឡើង​នា​គ្រា​នោះ​ថា៖ «សូម​ផ្តាំ​ផ្ញើ​ទៅ​អ្នក​ជំនាន់​ក្រោយ​ បន្ទាប់​ពី​ខ្ញុំ​ទៅ​ដែល​ទៅ​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា បន្ត​ការងារនៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ត្រូវ​រក្សា​ខ្ជាប់​នូវ​គោល​ការណ៍​ធ្វើ​ការ​តាម​កុង​សុង​ស៊ីស ជា​ជាង​ធ្វើ​ការ​តាម​ការ​បោះ​ឆ្នោត​ ដែល​នឹង​ក្លាយ​ទៅ​ជា​ការ​បែក​បាក់​នៅ​ក្នុង​ក្រប​ខណ្ឌ​សហគមន៍​របស់​យើង»។

កម្ពុជា​ត្រូវ​ដល់​វេន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០​២២​ខាង​មុខ​នេះ​ ហើយ​នៅ​គ្រា​នោះ​កម្ពុជា​ក៏​ត្រូវ​បញ្ជូន​បេក្ខភាព​ទៅ​ធ្វើ​ជា​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ។ កម្ពុជា​ជា​រដ្ឋ​សមាជិក​កូនពៅ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​អាស៊ាន​នៅ​ឆ្នាំ​១៩៩៩៕

XS
SM
MD
LG