ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​នឹង​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា​ ពេល​លោក​ខាង​លិច​គាប​សង្កត់​កម្ពុជា


រូបឯកសារ៖ គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយនឹង​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩។
រូបឯកសារ៖ គណៈប្រតិភូ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយនឹង​គណៈប្រតិភូ​ចិន ដែល​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចិន លោក Li Keqiang នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩។

ប្រទេសចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា ជា​ផ្នែក​មួយ​នៃការ​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​តែ​ប៉ុន្មាន​សប្តាហ៍​ ក្រោយពី​សហរដ្ឋ​អាមរិក​ដាក់​ទណ្ឌកម្ម​ក្រុម​ហ៊ុន​ចិន​នៅ​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះពន្ធ​នាំ​ផលិត​ផលពីកម្ពុជា ដែល​ឈ្មោះថា គ្រប់​មុខ​ទំនិញ​លើក​លែង​តែសព្វាវុធ​ ឬ Everything But Arms (EBA)​ ​ចំនួន​ ២០ ភាគរយ ​ដោយសារ​តែ​បញ្ហា​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិតេយ្យ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ក្រសួងការ​បរទេស​កម្ពុជា ​ដែល ​VOA ​ទទួល​បាន​កាលពី​ថ្ងៃសុក្រ​ ចិន​និង​កម្ពុជា​គ្រោង​នឹង​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នៅ​ចុង​សប្តាហ៍​នេះ​ និង​ឯកសារ​ចំនួន​ពីរ​ទៀត​ ទាក់ទង​នឹង​ការ​សិក្សា​លើ​គម្រោង​ធ្វើ​ឲ្យប្រសើរ​ឡើង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ និងគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រព័ន្ធលូ​ និង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ នៅ​ខេត្ត​ព្រះសីហនុ​ ដែលជា​តំបន់​ពាណិជ្ជកម្ម​ចិន​ ដែល​រីកដុះដាល​មុន​ពេល​មាន​វិបត្តិ​កូវីដ​១៩។

ការចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​ផ្តល់​ឱកាស​ឲ្យកម្ពុជា​ចាប់ផ្តើម​នាំចេញ​បាន​នូវ​ទំនិញ​របស់​ខ្លួន​បន្ថែម​ទៀត​នេះ ​គឺកើត​ឡើង​ក្នុង​អំឡុង​ពេល​លោក ​វ៉ាង យី (Wang Yi) ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ចំនួន ២​ ថ្ងៃ​ នៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ​គឺចាប់ពី​ថ្ងៃ​ទី​១១ ​ដល់​ថ្ងៃ​ទី​១២ ​ខែតុលា​ ហើយ​គ្រោងនឹង​ជួប​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ផងដែរ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គ្រោង​នឹង​ធ្វើជា​សាក្សី​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា​-ចិន។ នេះ​បើ​យោង​តាម​ក្រសួង​ការបរទេស​កម្ពុជា។

គេ​មិន​ទាន់​ដឹង​ថា​ តើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-ចិន​នេះ​ នឹង​អាច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ផលចំណេញ​ផ្នែក​ពាណិជ្ជកម្ម​ ដូចជា​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ​ផ្តល់​ជូន​កម្ពុជា​ដែល​នាំ​ចេញ​ផលិតផល ​ដែល​មាន​ទឹក​ប្រាក់​ជាច្រើន​ពាន់​លាន​ដុល្លារ ​ក្នុង​មួយឆ្នាំៗ ​សម្រាប់​វិស័យ​កាត់ដេរ ​និង​មុខ​ទំនិញ​ផ្សេងៗ​ទៀត​នោះ​ ឬ​យ៉ាងណា​ទេ។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ បានថ្លែង​ប្រាប់​វីអូអេ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​និង​កម្ពុជា ​គឺជា​ចំណុច​វិជ្ជមាន​ ដោយសារ​ចិន​ដែល​មាន​ពលរដ្ឋ​ជាង ១ ​ពាន់ ​៤ រយ​លាន​នាក់​ ជា​ទីផ្សារ​កសិកម្ម​ធំ​សម្រាប់​កម្ពុជា។

«អីចឹង​វាអាស្រ័យ​ទៅលើ​កម្លាំង​ផលិត​របស់​កម្ពុជា​ ដើម្បី​នឹង​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន។ ទាក់ទិន​នឹង​ការ​វិនិយោគ ​ប្រហែល​ជា​អាច​នឹង​មាន​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន​មក​កម្ពុជា​ ទៅលើ​វិស័យ​មួយ​ចំនួន​ ដូចជា​សេវាកម្ម​ ទេសចរណ៍ ​និង​វិស័យ​ផលិតកម្ម​ផ្សេង​ហ្នឹង ​ក៏ជា​កត្តាលិករ​មួយ​ក្នុងការ​ជំរុញ​វិនិយោគ​ហ្នឹងដែរ»។

លោក​បាន​បន្ថែម​ថា ​កម្ពុជា​ក៏​អាច​ក្លាយជា​កន្លែង​ផលិត​វត្ថុ​ធាតុ​ដើម ​ឬ​ផលិតផល​ពាក់​កណ្តាល​សម្រេច​ផ្សេងៗ​ទៅកាន់​រោងចក្រ​សហគ្រាស​ចិន​ដែរ ​ទៅ​ថ្ងៃខាង​មុខ។ ​ជាមួយគ្នា​នេះ លោក​បន្ត​ថា ​កម្ពុជាមិន​ពឹង​តែ​ចិន​មួយ​ទេ​ តែ​ក៏​កំពុង​ពង្រីក​ទីផ្សារ​ក្នុងតំបន់​ជាច្រើន​ទៀត​ដែរ។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថត​រូបរួមគ្នានៅវិមានរដ្ឋាភិបាល Diaoyutai ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថត​រូបរួមគ្នានៅវិមានរដ្ឋាភិបាល Diaoyutai ប្រចាំទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ទស្សនកិច្ច​របស់​លោក ​វ៉ាង យី រ​ដ្ឋមន្ត្រី​ការបរទេស​ចិនមកប្រទេស​កម្ពុជា ​គឺក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប ​បាន​ប្រកាស​ដក​ការ​អនុគ្រោះ​ពន្ធរបស់​សហភាព​អឺរ៉ុប​លើ​មុខ​ទំនិញ​ប្រមាណ​ ២០% ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ​ក្រោម​ក្របខណ្ឌ​ «គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​អាវុធ» ឬ​Everything But Arms (EBA)​ ដោយ​សារ​តែ​ «ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ មុន​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨។

ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​ដដែល​ទៅ​កាន់​ប្រទេស​កម្ពុជា​នេះ​ ក៏កើត​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បង្ហាញ​ការខកចិត្ត​លើ​ការ​វាយ​កម្ទេច​ចោល​អគារ ​ដែល​មាន​អាយុ​ទើប​តែ​បាន ​៧ ​ឆ្នាំ​ហើយ​ ដែល​ជា​និមិត្ត​សញ្ញា​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ក្រោយ​ពេល​ដែល​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ក្រុមហ៊ុន​ចិន​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​សារតែការ​រឹបអូស​ដី​ធ្លី​ និង​ការ​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង​ ដើម្បី​អភិវឌ្ឍ​គម្រោង​មណ្ឌល​កម្សាន្ត​ និង​កន្លែង​លេង​ល្បែង​ដ៏​ប្រណិត ​ក្នុង​ទឹកប្រាក់​ចំនួន​ ៣,៨ ពាន់​លាន​ដុល្លារ។​

មណ្ឌល​កម្សាន្ត​ទេសចរណ៍​តារាសាគរ ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ យូញៀន ឌីវេឡុបមេន គ្រុប ​ឬ Union Development Group (UDG) ​របស់​ចិន​ នៅ​ក្នុង​ខេត្ត​កោះកុង រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ ​និង​ផែ​សម្រាប់​កប៉ាល់​ទេសចរណ៍​ដែល ​«របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត»​បាន​លើក​ឡើង​ថា ​អាច​ជា​ទីតាំង​ប្រើប្រាស់​បាន​ដោយ​យោធា​ចិន​ តែទាំង​ក្រុមហ៊ុន ​និងមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​បដិសេធ​ពីការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធាចិន។

ទោះជាចិន​កំពុង​វ៉ា​យ៉ាង​លឿន ​ដើម្បី​ច្បាម​យក​ឥទ្ធិពល​ក្នុងតំបន់​អាស៊ី​ លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ បាន​បញ្ជាក់​ថា ​តួនាទី​របស់​សហរដ្ឋ​អាមេរិក​នៅតែ​សំខាន់​ក្នុងតំបន់​។ តែតួនាទី​សេដ្ឋកិច្ច​ទាំងបរិមាណ​និងល្បឿន​ នៅមិន​អាច​ប្រៀប​នឹង​ចិនបាន​នៅឡើយទេ ​ជាពិសេស​នៅពេលសហរដ្ឋ​អាមេរិក​មាន​បញ្ហា​នយោបាយ​ផ្ទែក្នុង ​និង​ការបែក​បាក់។​

តែយ៉ាងណា​ លោកថា ​គេគួរ​រង់ចាំ​មើលក្រោយ​ការ​បោះឆ្នោត​អាមរិក​ និង​រដ្ឋាភិបាល​ថ្មី​នៅឆ្នាំ​ ២០២១។

លោក ​វ៉ាង យី​ ជាទី​ប្រឹក្សារដ្ឋ​និង​រដ្ឋមន្ត្រីកា​បរទេស​ចិន​ ក៏បាន​ដាក់​គម្រោង​ការ​បំពេញ​ទស្សនកិច្ចក្នុង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​ទៀតដែរ ​ដូចជា ​ថៃ​ ឡាវ ​ម៉ាឡេស៊ី​ ហើយនិង​ឆ្លងកាត់ប្រទេស​សិង្ហបុរី​ ក្រៅពី​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​ ដល់ថ្ងៃ​ច័ន្ទដើម​សប្តាហ៍​ខាង​មុខ៕

XS
SM
MD
LG