ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​នានា​សហការ​ជាមួយ​ក្រសួង​អធិការកិច្ច


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​នៅក្នុង​សន្និសីទសារព័ត៌មាន​រួមគ្នាជាមួយ​នាយករដ្ឋមន្ត្រី​ថៃលោក Srettha Thavisin នៅវិមាន​រដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ណែនាំ​ឱ្យ​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​ត្រូវ​សហការ​ជាមួយ​ក្រសួង​អធិការកិច្ច ដើម្បី​ធានា​នូវ​អភិបាល​កិច្ច​ល្អ។

លោក ហ៊ុន ម៉ាណែត ដែល​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្រ្តី​បាន​ជិត ​៦ ​ខែ​មក​ហើយ លើក​ឡើង​ថា ​ក្រសួង​អធិការកិច្ច​គឺ​ជា​«ភ្នែក»និង​ជា«ត្រចៀក»របស់​រដ្ឋាភិបាល។ ហេតុ​នេះ​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ​ទាំង​អស់​មិន​ត្រូវ​មាន​គំនិត​អវិជ្ជមាន​មក​លើ​ក្រសួង​មួយ​នេះ​ឡើយ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​៖ «នៅ​ក្នុង​របាយ​ការណ៍​ឯកឧត្តម ហួត ហាក់ [រដ្ឋមន្រ្តី​ក្រសួង​អធិការ​កិច្ច]​បាន​បញ្ជាក់​ហើយ ​ក៏​ដូចជា​ការ​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ គឺ​ឮ​សូរ​ឱ្យ​តែ​ពាក្យ​អធិការ​កិច្ច គឺ​ថា​ដឹង​តែ​មក​ចាប់​ហើយ គេច​ធ្វើ​ម៉េច​យក​រួច​ខ្លួន​សិន។ ខ្ញុំ​បញ្ជាក់​ថា​ អភិក្រម​យើង​ទាំង ​៥ ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុសក្អែល ព្យាបាល និង​វះ​កាត់ ការងារ​អធិការកិច្ច​នេះ គឺ​ជួយ​អភិក្រម ៤​ ខាង​ដើម [...] ។ អីចឹង​ខ្ញុំ​សុំ​ឱ្យ​អង្គភាព​ស្ថាប័ន​ទាំង​អស់​កុំ​ចាត់​ទុក​ការងារ​អធិការ​កិច្ច​ជា​ការងារ​ចុះ​ចាប់ គឺជា​ការ​ពង្រឹង​អភិក្រម​ ៤ ដើម្បី​ឆ្លុះ​បញ្ចាំង​នូវ​គុណ​សម្បត្តិ គុណវិ​បត្តិជួយ​គ្នា»។

​ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុបការ​ងារ​ឆ្នាំ​ ២០​២៣ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ ២​០២៤ របស់​ក្រសួង​អធិការកិច្ច កាល​ពី​ព្រឹក​ថ្ងៃ​ទី ​១៣​ ខែកុម្ភៈ ឆ្នាំ​ ២០២៤។

បើ​តាម​លោក ហ៊ុន ម៉ាណែត​ កិច្ច​ការ​អធិការ​កិច្ច​គឺ​ជា​ការ​ងារ​ស្មុគ​ស្មាញ​ ចាំបាច់​ និង​មាន​សារៈ​សំខាន់​សម្រាប់​ពង្រឹង​ប្រសិទ្ធភាព​ការងារ​រដ្ឋ។

នៅ​ក្នុង​ពិធី​នោះ លោក ហួត ហាក់ រដ្ឋមន្រ្តី​ក្រសួង​អធិការកិច្ច បាន​ថ្លែង​នៅ​ចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី​ថា ​មេដឹក​នាំ​តាម​ក្រសួងនិង​អង្គភាព​ខ្លះ​បាន​លាក់​បាំង​ការ​ពិត​ចំពោះ​រដ្ឋាភិ​បាល ជា​ពិសេស​ស្វែង​រក​អន្តរាគមន៍​នានា ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដែល​មាន​អំ​ណាច នៅ​ពេល​រង​ការ​ធ្វើ​អធិការ​កិច្ច​ម្ដងៗ។

រដ្ឋមន្ត្រី​រូប​នេះ​បញ្ជាក់​ថា៖ «អង្គភាព​រង​អធិការ​មួយ​ចំនួន​តូច​បាន​ធ្វើ​សកម្មភាព ដើម្បី​បញ្ចៀស​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន មុន​ពេល​ប្រតិភូ​អធិការ​កិច្ច​ចុះ​ទៅ​ត្រួត​ពិ​និត្យ​ក្នុង​នោះ​រួម​មាន៖ ទី ១ អង្គភាព​ខ្លះ​ប្រជុំ​ផ្ទៃ​ក្នុង​ជា​មុន ក្នុង​គោល​បំណង​លា​ក់​បំបាំង​ការ​ពិត ទី ២ អង្គភាព​ខ្លះ ផ្ដល់​ឯកសារ​មិន​គ្រប់គ្រាន់ និង​មិនផ្ដល់​កិច្ច​សហ​ការល្អ ឬ​យក​លេស ដើម្បី​ពន្យារ​ពេល ដូច​ជា​បញ្ចៀស​មុខ​សញ្ញា ដែល​ត្រូវរ​ងអធិ​ការ​កិច្ច ឱ្យ​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​អង្គភាព ខ្លះ​ទៀត​បាន​ណែនាំ ឬឈាន​ទៅ​ដល់​ការ​បំភិត​បំភ័យ​មន្ត្រី​រង​អធិកា​រកិច្ច តាម​រយៈ​ការ​ហៅ​សាក​សួរ ក្នុង​គោល​បំណង​មិ​ន​ធ្វើ​សហ​ការល្អ ជា​មួយ​មន្រ្តី​អធិការ​កិច្ច ខ្លះ​ទៀត ​រកហេតុ​ផល​ផ្ទេរ ឬសម្រួល​ភារកិច្ច​មន្រ្តីដឹង​រឿង​រ៉ាវ​ច្រើន ហើយ​ជា​មុខ​សញ្ញា​អធិការ ដែល​អាច​ផ្ដល់​ព័ត៌មាន​ពិត​មក​ដល់​មន្រ្តីអធិ​ការកិច្ច​ជា​ដើម»។

ប៉ុន្តែ​រដ្ឋមន្រ្តី​រូប​នោះ​មិន​បាន​បញ្ជាក់​ឈ្មោះ​ក្រសួង​ឬ​ស្ថាប័ន​ណា​ឡើយ ដែល​មាន​ភាព​មិន​ប្រក្រតី​ដូច​ការ​ថ្លែង​របស់​លោក។

បើ​តាម​លោក ហួត ហាក់ ការងារ​អធិការ​កិច្ច​របស់​ក្រសួង រយៈ​ពេល​មួយឆ្នាំ​នេះ បាន​ជួយ​កែ​តម្រូវ​និង​ផ្លាស់​ប្តូរ​ឥរិយាបទ​មន្រ្តី​សា​ធារណៈ​មួយ​ចំនួន ​ដែល​ពុំ​ទាន់​អនុវត្ត​តួនាទី និង​ភារកិច្ច​បាន​ល្អ។

នាយក​ប្រតិ​បត្តិ​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​និង​គណនេយ្យភាព​សង្គម ហៅ​កាត់​ថា​CISA លោក ហ៊ឹម យន់​ ប្រាប់វីអូអេ​ថា ​កន្លងមក​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​យន្តការ​ជាច្រើន​ ប៉ុន្តែ​បញ្ហា​ខ្វះ​តម្លាភាព​ អំពើ​ពុក​រលួយ​ និង​បក្ខ​ពួក​នៅក្នុង​ស្ថាប័ន​រដ្ឋនៅ​តែកើតមាន​ជាហូរហែ​។

លោក​ថ្លែង​ថា៖ «យើ​ង​ជា​អង្គការ​សង្គមស៊ីវិល​ យើង​ធ្វើការ​រួមគ្នា​ ជាមួយនឹង​រដ្ឋាភិបាល​ យើង​ចង់​ឃើញ​ភាព​ប្រសើរ​ឡើង​នៃ​ការ​អនុវត្ត​គោល​ការណ៍​អភិបាល​កិច្ច​ល្អ​និង​តម្លាភាព​ហ្នឹង​»។

ក្រ​សួងអធិការកិច្ច​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​តាម​ដាន​ការ​អនុវត្ត​ការងារ និង​ច្បាប់​នានា ជា​ពិសេស​ការ​លុប​បំបាត់​ការ​កិប​កេង​ថវិកា និង​ទ្រព្យ​សម្ប​ត្តិរដ្ឋ រួម​ទាំង​អំ​ពើ​ពុក​រលួយ​ជាដើម។ ក្រសួង​នេះ​ក៏​មាន​តួនាទី​ក្នុង​ការ​អញ្ជើញ​ជន​ពាក់​ព័ន្ធតាម​រយៈ​ប្រធាន​ស្ថាប័ន ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​មក​បំភ្លឺ ផ្តល់​ព័ត៌មាន ផ្តល់​ឯកសារ ឬ​ចូលរួម​សហការ​ក្នុង​សកម្មភាព​អធិការ​កិច្ច​ឬអង្កេត​ស្រាវជ្រាវ។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អធិការ​កិច្ច។ ក្រសួង​អធិការ​កិច្ច​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ពី​ក្រសួង «ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច» ក្រោម​រដ្ឋាភិបាល​ថ្មី ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​បញ្ជាក់​ថា​ ការ​ប្តូរ​ឈ្មោះ​នេះ គឺ​បញ្ជាក់​អំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​សម្រួច​ភារកិច្ច​របស់​ក្រសួង ដើម្បី​ដើរ​តួនាទី​កាន់​តែ​សកម្ម​នៅ​ក្នុង​ការ​ពង្រឹង​កិច្ច​ការ​អភិបាល​កិច្ច​នេះ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​អធិការកិច្ច​ត្រូវ​រៀបចំ​ប្រព័ន្ធ​ទទួល​ពាក្យ​បណ្ដឹង តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទាន់​ពេល និង​ឆាប់​រហ័ស សំដៅ​បង្ខិត​សេវា​នៃ​ការ​ដោះស្រាយ​វិវាទ​ឱ្យ​កៀក​នឹង​ប្រជាពលរដ្ឋ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG